អាមេរិក​សន្យា​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អនឡាញ

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថ្មី មាន​គោលនយោបាយ​ដោះស្រាយ​វិបត្តិ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា ក្នុង​ពេល​អាមេរិក​សន្យា​ថា នឹង​បន្ត​ជួយ​ពង្រឹង​ផ្នែក​បច្ចេកទេស ដើម្បី​ទប់ស្កាត់​បទឧក្រិដ្ឋ​កម្ម​ឆ្លងដែន​មួយ​នេះ។ សង្គម​ស៊ីវិល​ថា នេះ វា​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា ដែល​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស និង​សេដ្ឋកិច្ច​ជាតិ។

បញ្ហា​ការ​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​អនឡាញ ជា​បញ្ហា​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពិភពលោក​បាន​ដឹងឮ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ហើយ​សហរដ្ឋអាមេរិក​បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជីខ្មៅ​ក្នុង​កម្រិត​ទី​៣​មក​ទល់​ពេល​នេះ។ កាលពី​ថ្ងៃទី​១៣ កញ្ញា កន្លង​ទៅ ឯកអគ្គរាជទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បាន​ផ្តល់​បទសម្ភាសន៍​ដល់​កាសែត ខ្មែរ​ថែមស៍ (Khmer Times) ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល មាន​ប្រសាសន៍​ថា សហរដ្ឋអាមេរិក​នៅ​បន្ត​ជួយ​ដោះស្រាយ​បញ្ហា​នេះ តែ​កម្ពុជា​ត្រូវ​មាន​ឆន្ទៈ​នយោបាយ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា​កម្ពុជា​ត្រូវ​ពង្រឹង​ច្បាប់ ដោយ​អាជ្ញាធរ​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់ ហើយ​ចាប់ផ្តើម​សហការ​ជាមួយ​ប្រទេសជិតខាង ឬ​ប្រទេស​ដែល​បាន​ប្តឹង​ម​កម្ពុជា ថា​មាន​ប្រជាជន​របស់​គេ​ត្រូវ​បាន​ចាប់ជំរិត​ហើយ​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចាញ់បោក​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អនឡាញ។ លោក​បន្ត​ថា រឿង​អំពើពុករលួយ​ក៏​ជា​កត្តា​សំខាន់​ដែល​កម្ពុជា​ត្រូវ​លប់​បំបាត់។ «»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ឃើញ​ថា នេះ​ជា​សញ្ញា​វិជ្ជមាន ដែល​អាមេរិក​ប្ដេជ្ញា​បន្ត​ជួយ​កម្ពុជា​ក្នុង​រឿង​មួយ​នេះ ព្រោះ​គេ​យល់​ឃើញ​ថា ជា​វិបត្តិ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​មុខមាត់​កម្ពុជា និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ទៀត​ផង​។ លោក វ៉ន ចាន់ បន្ត​ថា អាមេរិក​ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​គោរព​នីតិរដ្ឋ​ច្បាស់លាស់ ហើយ​គេ​តែង​រក​ដំណោះស្រាយ​បញ្ហា​ចម្បង​ជូន​ពលរដ្ឋ​គេ ហើយ​រឿង​នេះ​ក៏​មាន​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​អាមេរិក ដែល​បាន​លង់ខ្លួន​ចាញ់​ការ​ឆបោក​អនឡាញ​ដែរ។ លោក​បន្ថែម​ថា កម្ពុជា​ក្នុង​អាណត្តិ​រដ្ឋាភិបាល​មុនៗ បាន​ចំហ​ព្រំដែន​ជើងមេឃ អ្នកណា​ក៏​អាច​ចូល​កម្ពុជា​បាន​ដោយ​ងាយ រួមមាន​ទាំង​បណ្ដាញ​ឧក្រិដ្ឋកម្ម​អនឡាញ​របស់​ជនជាតិ​ផង​។ នេះ​ស​បញ្ជាក់​ថា កម្ពុជា​ពុំបាន​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ទេ។ «»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​ពុំ​អាច​សុំ​ការ​ឆ្លើយ​តម​ពី​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃទី១៥ កញ្ញា។

ក្នុង​ឆ្នាំ​២០២២ និង​២០២៣ នេះ សហរដ្ឋអាមេរិក​បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជីខ្មៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​តាម​ប្រព័ន្ធ​អនឡាញ និង​ឆ្លងដែន។ អាមេរិក​មាន​គោលការណ៍ បន្ត​ជួយ​កម្ពុជា​ក្នុង​ការ​ពង្រឹង​ច្បាប់ និង​ការ​ហ្វឹកហាត់​ផ្នែក​បច្ចេកទេស​ដល់​ក្រសួង​ពាក់ព័ន្ធ ដើម្បី​បន្ត​សហប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ខុសច្បាប់​ទាំងនេះ​។ អាមេរិក​ថា គោលការណ៍​ទាំងនេះ​គឺ​ដើម្បី​ជួយ​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ជា​ខ្មែរ​ជា​ចម្បង ហើយ​ទីបំផុត​អាមេរិក​នឹង​ដក​កម្ពុជា​ចេញ​ពី​បញ្ជីខ្មៅ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។