អាជ្ញាធរ​ចាប់​ខ្លួន​យុវជន​ម្នាក់​រឿង​អំពាវនាវ​កុំ​ឱ្យ​កម្មករ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ របស់​ចិន​​​​

ដោយ ហេង រស្មី
2021-03-24
Share
អាជ្ញាធរ​ចាប់​ខ្លួន​យុវជន​ម្នាក់​រឿង​អំពាវនាវ​កុំ​ឱ្យ​កម្មករ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ របស់​ចិន​​​​ យុវជន ​​​តោ ចន្នី ត្រូវបាននគរបាល​រាជធានី​ភ្នំពេញ ​និង​នគរបាល​ខេត្តកំពង់ឆ្នាំង​សហការ​ឃាត់ខ្លួន ដោយ​ចោទ​ពីបទផ្សាយ​ព័ត៌មាន​មិន​ពិត​លើបណ្តាញសង្គម Tik Tok ពាក់ព័ន្ធការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ចិន ឈ្មោះ​ស៊ីណូហ្វាម។
រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ និង​គេហទំព័រ AKP ​ក្រសួងព័ត៌មាន

អាជ្ញាធរ​បាន​​​​ចាប់​ខ្លួន​យុវជន​ម្នាក់ឈ្មោះ តោ ចន្នី បញ្ជូន​ទៅ​សាកសួរ​នៅ​​ស្នងការដ្ឋាន​នគរបាល​រាជធានី​​ភ្នំពេញ នៅ​​ថ្ងៃ​ទី​២៤ ខែ​មីនា ដោយ​ចោទ​ថា រូបគេ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញលោក សាន សុខ​សីហា​ ប្រាប់​អាស៊ីសេរីថា ​ការ​ចាប់​ខ្លួន​លោក តោ ចន្នី ​នេះ គឺ​ដោយសារ​​តែ​លោក​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ទិកតុក​ (Tik Tok) ដោយ​​​​មាន​លក្ខណៈ​​​ញុះញង់​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ពី​ការ​ពិតទាក់ទង​នឹងរឿងវ៉ាក់សាំងប្រឆាំង​កូវីដ-១៩ របស់​ចិន​។ លោក​បញ្ជាក់ថា ​ប៉ូលិស​គ្រោង​បញ្ជូន​យុវជន​រូប​នេះ​ទៅ​​សាលាដំបូង​រាជធានីភ្នំពេញ​​​ក្នុង​ពេល​ឆាប់ៗនេះ៖ «ពី​មុន​មក​ក៏​យើង​បាន​ធ្វើ​ការ​ណែនាំ​ច្រើន​លើក​ច្រើន​សារ​ដែរ ទាក់​ទង​បញ្ហា​អស់ហ្នឹង​។ រហូត​​មក​ដល់​ពេល​នេះ ទាក់ទង​ហ្នឹង​ច្បាប់​ ក៏​យើង​បាន​ចេញ​មក​ដែរ។ អ៊ីចឹង​យើង​ត្រូវ​តែ​អនុវត្ត​ដើម្បី​ពង្រឹង​ការងារ​ហ្នឹង​ ដើម្បី​ឱ្យ​មាន​ស្ថានភាព​មួយ​ស្ងប់ស្ងាត់​ក្នុង​ការ​គ្រប់គ្រង។ ព្រោះ​រដ្ឋាភិបាល​​ គឺ​គាត់​ផ្ដោត​សំខាន់​ណាស់​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ស្ថានភាព​ហ្នឹង​ស្រួល ពីព្រោះ​ប្រទេស​ជាតិ​កំពុង​តែ​​ជួប​បញ្ហា​ប្រឈម​ការ​ដោះស្រាយ​ជា​មួយ​កូវីដ»​​​

​យុវជន ​​​តោ ចន្នី អាយុ​២៨​ឆ្នាំ ​​​រស់​នៅ​រាជធានី​ភ្នំពេញ។​ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ពេល​​កំពុង​បើក​ឡាន​ដឹក​ទំនិញ​នៅ​ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង ​នៅ​ព្រឹក​ថ្ងៃ​​ទី២៤ ខែមីនា។​​​​ ​ការ​ចាប់​ខ្លួន​នេះ​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​​វីដេអូ​ឃ្លិប​នៅ​លើ​បណ្ដាញ​សង្គម​ទិកតុក​ TikTok ​របស់​ខ្លួន​ថា​ កម្មករ​ធ្វើ​ការ​រោង​ចក្រ​ទាំង​អស់​កុំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​​ របស់​ចិន​​ ព្រោះ​អាច​ប៉ះពាល់​ដល់​ជីវិតក្នុងពេល​ប៉ុន្មាន​ឆ្នាំទៀត។

ទាក់ទង​នឹង​ករណីនេះ រដ្ឋលេខាធិការក្រសួង​យុត្តិធម៌លោក គឹម សន្តិភាព បាន​បង្ហោះសារលើហ្វេសប៊ុកថា ការ​ផ្តល់​វ៉ាក់សាំងជូន​ពលរដ្ឋ​ខ្មែរ ជា​វិធានការមួយ​នៃ​វិធាន​ការ​សុខាភិបាល​ ដែល​បាន​ដាក់​ចេញ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។ លោក​ថា ការ​រារាំងមិន​ឱ្យ​ពលរដ្ឋ​ទៅចាក់​វ៉ាក់សាំងនោះ គឺ​ជាអំពើ​ល្មើស​ច្បាប់។ ​ច្បាប់​ដែលកុង្សីយ៍​ក្រសួង​យុត្តិធម៌​រូបនេះលើក​មកនិយាយ​នោះ គឺច្បាប់​គ្រប់គ្រង​ជំងឺកូវីដ-១៩ ដែល​របបភ្នំពេញ​ធ្វើ​ឡើង​ដោយតក់​ក្រហល់ កាល​ពីពេល​ថ្មីៗ នេះ។ ក្រោម​ច្បាប់នេះ យុវជន​ តោ ចន្នី ដែល​ជា​អ្នក​បើក​ឡាន​ដឹកទំនិញនោះ អាច​ប្រឈម​នឹង​​ទោស​ជាប់​ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ និង​រងពិន័យ​រហូត​ដល់​ ១០លាន​រៀល​ គឺ​ប្រហែល ២.៥០០ដុល្លារ​អាមេរិក។

អ្នក​លេង​ហ្វេសប៊ុកមួយ​ចំនួន​បាន​រិះគន់​​​​​ការ​ចាប់​ខ្លួន​នេះ​ថា ​ជា​ការបោស​សំអាត​​សំឡេង​​​រិះគន់​របស់​ប្រជាពលរដ្ឋ​។ ពួក​គេ​ថា អាជ្ញាធរ​គួរ​ហៅ​យុវជន​នោះ​មក​អប់រំណែនាំ មិន​មែន​ចាប់​ខ្លួន​រូបគេ​ដាក់​ពន្ធនាគារ​បែប​នេះ​ឡើយ។ ​មន្ត្រី​សិទ្ធិមនុស្ស​ក៏​យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ។

​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc) លោក នី សុខា យល់​ថា ​​​រឿង​នេះ​អាជ្ញាធរ​គួរតែ​អប់រំ​ណែនាំ​​ដល់​យុវជន​ តោ ចន្នី ​​រួច​ដោះលែង​​គេ​​ឱ្យ​មាន​សេរីភាព​វិញ​ ដោយ​មិន​ត្រូវ​​បញ្ជូន​ទៅ​តុលាការ​នោះ​ទេ​។​ ​លោក​បញ្ជាក់​ថា ​​ការ​បង្ហោះ​សារ​​លើ​បណ្ដាញ​សង្គម​នេះ​ ទំនង​ដោយសារ​​​យុវជន​រូប​នេះ​​ព្រួយបារម្ភ​​អំពី​សុវត្ថិភាព​ នៅ​ពេល​​ពួកគេ​ចាក់​វ៉ាក់សាំង​​​របស់​ចិន​ទៅ​​អាច​បង្ក​​​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​៖ «ខ្ញុំ​គិត​ថា​ នេះ​ជា​ការ​ប្រសើរ​ជាង​ការ​ចាប់​ខ្លួន​គាត់​យក​ទៅ​ដាក់​ឃុំ​ខ្លួន​ ឬ​ដាក់​ពន្ធនាគារ ខ្ញុំ​គិត​ថា មិន​មែន​ជា​ការ​ប្រសើរ​ទេ​។ ព្រោះ​កម្រិត​នៃ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ និង​មហាជន​យើង​អាច​ខុស​ៗ គ្នា ហើយ​វា​រួម​ផ្សំ ពី​មុន​មក​ប្រមុខ​រដ្ឋាភិបាល​លោក ហាក់​បី​មិន​មាន​ភាព​ច្បាស់​លាស់​នៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ហ្នឹង​ទៅ​ទៀត​។ ម្ល៉ោះ​ហើយ​វា​ឃើញ​ធ្វើ​ឱ្យ​មហាជន​យល់​ច្រឡំ​ទៅ​លើ​បញ្ហា​ហ្នឹង​។ អីចឹង​យើង​មិន​គួរណា​ទៅ​ចាប់​ទោស​អូសដំណើរ​នៅ​ក្នុង​រឿង​ហ្នឹង​ទេ»

ចាប់​តាំង​ពី​​របប​ក្រុង​ភ្នំពេញ​ទទួល​បាន​ជំនួយ​​​វ៉ាក់សាំង​ការពារ​ជំងី​កូវីដ​របស់​ចិន​ស៊ីណូ​ហ្វាម ​(Sinopharm)​ មក​ចាក់​ជូន​ដល់​ពលរដ្ឋ​ខ្មែរក្នុង​​រយៈ​ពេល​ជិត​ ២ខែ​នេះ​ អាជ្ញាធរ​​បាន​ខ្លួន​ពលរដ្ឋ​ចំនួន​ ៣នាក់​ ហើយដែល​រិះគន់​អំពី​គុណភាព​វ៉ាក់សាំង​ចិន​នេះ​។​​

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​​ តុលាការ​រាជធានី​ភ្នំពេញ បានឃុំខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​​ ២​រូប គឺលោក ធន ចន្ទ័ថា និងលោកស្រី ម៉ី សុផន នៅ​ក្នុង​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​រឿង​បង្ហោះ​សារ​​លើ​ហ្វេសប៊ុក ​រិះគន់​រដ្ឋាភិបាល​អំពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ចិន​ស៊ីណូ​ហ្វាម ​(Sinopharm) ដែល​ពុំ​មាន​ការ​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​អង្គការ​សុខភាព​ពិភពលោក​ (WHO)។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ​បាន​​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​​សម្ដែង​មតិ​របស់​ពលរដ្ឋ​ ហើយ​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​​ពលរដ្ឋ​ទាំងនោះ​​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​អាច​ចៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល