សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញរាប់រយនាក់ បានដាក់ពង្រាយកម្លាំងបង្ក្រាបដោយហិង្សាលើក្រុមស្ត្រីកូដករណាហ្គាវើលដ៍ (NagaWorld) កាន់តែខ្លាំងពេលដែលពួកគាត់បន្តចេញស្រែកដង្ហោយរកយុត្តិធម៌ និងទាមទារសិទ្ធសេរីភាពការងារពីថៅកែ។ អាជ្ញាធររដ្ឋាភិបាលឯកបក្សបានចាប់ទាញក្រុមកូដកររុញច្រាន បោកខ្ទប់ អូសនឹងថ្នល់ និងស្រែកសម្លុតបំបាក់ស្មារតី ឱ្យក្រុមកូដករបញ្ឈប់ការប្រមូលផ្តុំគ្នាទាមទារសេរីភាពការងារតទៅទៀត។ មន្ត្រីរដ្ឋាភិបាលថា ការបង្ក្រាបក្រុមកូដករនេះជាវិធានអប់រំតែប៉ុណ្ណោះ។
ក្រុមសមត្ថកិច្ចចម្រុះក្រុងភ្នំពេញរាប់រយនាក់ បានពង្រាយកម្លាំងដាក់រនាំងបិទផ្លូវ និងបង្កើនការប្រើអំពើហិង្សា វាយដំ រុញច្រាន ទាត់ ធាក់ លើក្រុមកូដករ ១៥០នាក់ ដែលភាគច្រើនស្ត្រីទាំងកណ្ដាលទីក្រុង នៅថ្ងៃទី២៧ មិថុនា។ ក្រុមកូដករហៅការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចថា ជាក្រុមលក់ខ្លួនស៊ីឈ្នួលឱ្យក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ ដើម្បីដាក់សម្ពាធមកលើពលរដ្ឋខ្លួនឯង ឱ្យបញ្ឈប់ការទាមទារសេរីភាពការងារតទៀត៖ « វាយគ្នាយើងហើយ ! អាជ្ញាធរអាក្រក់ម្ល៉េះ » ។
កូដករក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ម្នាក់ដែលរងអំពើហិង្សាពីកម្លាំងសមត្ថកិច្ច កញ្ញា ផាត ចាន់ណា ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចបង្កើនការប្រើអំពើហិង្សាកាន់តែខ្លាំង និងសាហាវឃោរឃៅជាងមុន ដោយសារតែក្រុមកូដករបដិសេធមិនព្រមឡើងរថយន្ត។ កញ្ញាបន្តថា មូលហេតុដែលកូដករមិនព្រមឡើងរថយន្តនេះ គឺដោយសារតែក្រុមកូដករទាំងអស់ចង់រកដំណោះស្រាយ និងឈរទាមទារ តវ៉ា លើកបដា នៅក្បែរអគារក្រុមហ៊ុន ដែលស្របតាមច្បាប់ធ្វើកូដកម្ម។
កញ្ញាថាសមត្ថកិច្ចបានស្ទុះមករុញច្រានក្រុមកូដករទាំងកម្រោល និងចាប់អូសទាញកញ្ញាខ្លួនឯងផ្ទាល់បោកខ្ទប់រថយន្ត ព្រមទាំងលើកជើងទាត់ធាក់កញ្ញាដូចសត្វធាតុ។ កញ្ញា ឱ្យដឹងទៀតថា ក្នុងអំឡុងពេលក្រុមសមត្ថកិច្ចចាប់ក្រៀកកញ្ញាទាំងកម្រោលនោះ កញ្ញាបានសន្លប់ ប៉ុន្តែអាជ្ញាធរមិនបន្ធូរដៃក្នុងការបង្ក្រាបនោះទេ ព្រមទាំងលើកជើងទាត់ធាក់កញ្ញា និងក្រុមកូដករផ្សេងទៀតដោយមិនញញើតច្បាប់៖ « ដូចខ្ញុំផ្ទាល់ ខ្ញុំអ្នកជួបហើយ គាត់ [ អាជ្ញាធរ ] វាយខ្ញុំឡើងសន្លប់ ខ្ញុំរន្ធត់ចិត្តពេក ព្រោះពេលដែលគាត់ [ អាជ្ញាធរ ] វាយហ្នឹង គាត់វាយអត់មានគិតថា យើងស្រីអីទេ អូសយកមកវាយដូចសត្វឆ្កែអ៊ីចឹងហ៎ា។ ឈឺចាប់ណាស់ យើងជួបរឿងអយុត្តិធម៌ ច្រើនមកហើយ តែនេះយើងគ្រាន់តែទាមទារសិទ្ធសេរីភាពការងារ សោះ វាយយើងដូចសត្វធាតុ។ អាជ្ញាធរ អូសយើង យកមកទាត់ធាក់ ហើយស្បែងជើងគាត់ សុទ្ធតែស្បែកពួកប៉េអឹម ទាត់វាយៗ គ្មានញញើតអីតិចទេ។ និយាយទៅ គ្មានសតិសម្បជញ្ញៈ ជាកូនខ្មែរទេ ដែលគាត់ពាក់ឯកសណ្ឋានជាអាជ្ញាធរ តែវាយយើងអត់ញញើតដៃតិចទេ » ។
កញ្ញា ផាត ចាន់ណា ចាត់ទុកទង្វើរបស់អាជ្ញាធរបែបនេះថា ជាអំពើឃោរឃៅ និងជាការរំលោភបំពានសិទ្ធជាមូលដ្ឋានរបស់ពលរដ្ឋ។ កញ្ញារិះគន់ថា ទំនងក្រុមសមត្ថកិច្ចទាំងនោះទទួលបានផលប្រយោជន៍ច្រើនសម្បើមពីក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ទើបពួកគេក្បត់វិជ្ជាជីវៈរបស់ខ្លួន ហើយមកបង្ក្រាបពលរដ្ឋដែលគ្រាន់ប្រើសិទ្ធស្របច្បាប់ទាមទារសិទ្ធសេរីភាពការងារ៖ « បងឯងធ្វើបាបបានតែប្រជាពលរដ្ឋស្លូតត្រង់មែន ? ពិតជាសាហាវណាស់ អូសទាញកូដករ មើលតែអ្នកទោសមកពីណា។ ចាប់អូសដាក់ឡានតែម្ដង។ យកអាយគោម (Icom) វាយក្បាលទៀត។ បងប្អូន ! ពិតជាសាហាវណាស់។ ជាប្រុសៗទេ តែលើកដៃ វាយកូដករស្រី » ។
កូដករម្នាក់ទៀត កញ្ញា ច័ន្ទ ស្រីរ័ត្ន ឱ្យដឹងថា សមត្ថកិច្ចចម្រុះបានដកវិទ្យុទាក់ទង ឬអាយកូម (Icom) វាយក្បាលកញ្ញា និងស្រែកជេរប្រមាថកញ្ញាជាសាធារណៈ ទោះបីជាមានក្រុមកូដករដទៃទៀតបានប្រឹងប្រែងឃាត់អង្វរ និងលើកហេតុផលថា ពួកគាត់ចេញតវ៉ានេះ គ្រាន់តែចង់បានសេរីភាពការងារតែប៉ុណ្ណោះ។ ចំណែកឯ ក្រុមកូដករជាបុរសមួយចំនួនវិញ កញ្ញា ច័ន្ទ ស្រីរ័ត្ន បញ្ជាក់ថា កម្លាំងអាជ្ញាធរបានចាប់អូសទាំងកម្រោល បោចសក់វាយពួកគាត់បោកខ្ទប់នឹងរថយន្តតែម្ដង និងស្រែកគំរាមកំហែងពួកគាត់ និងកូដករស្ត្រីដទៃទៀតឱ្យបញ្ឈប់ការចេញតវ៉ា តទៅទៀត៖ « វាអត់ស័ក្ដិសម វាអត់ត្រូវទេ ជាតួនាទីការពារជាតិ ការពាររាស្រ្ត។ ប៉ុន្តែ គាត់ [ អាជ្ញាធរ ] ប្រើហិង្សា ពួកខ្ញុំជាស្ត្រីពេញកណ្ដាលទីក្រុងបែបនេះ ខ្ញុំសោកស្ដាយខ្លាំងណាស់។ យើងលើកដៃអង្វរ គាត់ [ អាជ្ញាធរ ] តែគេអត់ព្រម គេ [ អាជ្ញាធរ ] តែវាយយើងធ្វើម៉េច ឱ្យយើងបំបែកគ្នាឱ្យបាន។ ពេលដែល ពួកខ្ញុំប្រឹងស្រាក់ដៃគ្នា គាត់ [ អាជ្ញាធរ ] ប្រឹងផ្ដាច់ អូសពួកខ្ញុំទៅម្នាក់ម្តងៗ យកទៅវាយ ទាំងព្រៃផ្សៃ។ [ អាជ្ញាធរ ] បានយក អាយកូម (Icom) មកវាយក្បាលខ្ញុំ ប៉ុន្តែ ត្រូវមុខខ្ញុំ ហើយលួចធាក់ពួកខ្ញុំពីក្រោយខ្ញុំមធ្យមទេ ងំគាត់ [ អាជ្ញាធរ ] ប្រើពាក្យសម្ដីមិនត្រឹមត្រូវ។ គាត់ [ អាជ្ញាធរ ] ជេរខ្ញុំ ជេរប្រមាថ ឪពុកម្ដាយខ្ញុំទៀត » ។
ក្រៅពីការបង្ក្រាបកាន់តែខ្លាំងមកលើក្រុមកូដករដែលកំពុងទាមទារសិទ្ធិសេរីភាពការងារនេះ សមត្ថកិច្ចក៏បានដាក់កម្លាំងកាន់តែតឹងរ៉ឹងជាងមុន និងបានបិទផ្លូវគ្រប់ច្រកល្ហក ព្រមទាំងរឹតត្បិតមន្ត្រីសង្គមស៊ីវិល និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) មិនឱ្យចូលតាមដានដំណើរការទាមទារដំណោះស្រាយការងាររបស់ក្រុមកូដករឡើយ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនស្ថាប័នទៀត បានរងការគំរាមកំហែងពីការដកហូតម៉ាស៊ីនថតរូប (Camera) និងទូរស័ព្ទ ដោយអាជ្ញាធរបានបង្ខំឱ្យពួកគេលុបរូបភាព និងព័ត៌មានផ្សេងៗ ស្ដីពីការបង្ក្រាបដោយហិង្សាលើក្រុមកូដករនៅថ្ងៃទី២៧ មិថុនា។ ទោះជាយ៉ាងណា ក្រុមកូដករមិនត្រូវបានអាជ្ញាធរដឹកទៅទម្លាក់ចោលនៅតំបន់សួនសត្វសាហ្វារី ក្នុងខណ្ឌព្រែកព្នៅដូចសព្វដងនោះទេ នៅថ្ងៃដដែលនេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ដើម្បីឆ្លើយបំភ្លឺជុំវិញការបង្ក្រាបលើក្រុមកូដករនេះបានទេ ថ្ងៃទី២៧ ខែមិថុនា។
ប៉ុន្តែ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ចោទថា ការប្រមូលជួបជុំរបស់ក្រុមកូដករនេះគឺជាការ ធ្វើបាតុកម្មខុសច្បាប់ដែលបានបង្កផលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ លោក និយាយថាអ្វីដែលសមត្ថកិច្ចធ្វើមកលើក្រុមកូដករនេះ មិនមែនជាការបង្ក្រាបឡើយ ប៉ុន្តែគឺគ្រាន់តែជាវិធានការអប់រំលើក្រុមកូដករតែប៉ុណ្ណោះ៖ « ការប្រមូលផ្តុំគ្នាជាសាធារណៈ ការលើកបដា ការតវ៉ា វាបាតុកម្មទៅហើយ។ ការប្រទូស្តសារាយ ការប្រើអំពើហិង្សាផ្សេងៗ ការបិទផ្លូវសាធារណៈ ឬមួយក៏អាចឈានដល់ការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈឯកជនផ្សេងៗ គឺជាអំពើខុសច្បាប់។ អ៊ីចឹង ហើយ ក្នុងអំពើខុសច្បាប់ហ្នឹងហើយ ដែលអាជ្ញាធរគេមានសិទ្ធ ក្នុងការប្រើវិធានការទប់ស្កាត់ បំបែក ឬបង្ក្រាប។ ប៉ុន្តែ រហូតដល់ពេលនេះ អាជ្ញាធរទីក្រុងភ្នំពេញ មិនបានប្រើវិធានការបង្ក្រាបណាមួយទេ។ អ្វីដែរ អាជ្ញាធរកំពុងធ្វើ គឺជាការអប់រំបងប្អូនប្រជាពលរដ្ឋ ហ្នឹងឱ្យចាកចេញពីកន្លែងហាមឃាត់ ទៅកាន់ទីលានប្រជាធិបតេយ្យ » ។
ទោះយ៉ាងណា ក្រុមកូដករចាត់ទុកការលើកឡើង របស់មន្ត្រីរដ្ឋាភិបាលរូបនេះថា ខ្វះទំនួលខុសត្រូវ និងបន្តចោទពួកគេទាំងគ្មានមូលដ្ឋានដែលធ្វើឱ្យក្រុមកូដករកាន់តែទទួលរងនូវភាពអយុត្តិធម៌។ ក្រៅពីនេះ មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ថ្កោលទោសអាជ្ញាធររបបលោក ហ៊ុន សែន ថាកំពុងដាក់ចំណាត់ការបង្ក្រាបលើក្រុមកូដករជាប្រព័ន្ធ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍ថា វិវាទការងារនេះ កំពុងប្រែក្លាយជាបញ្ហាកាន់តែធំឡើង ដោយសារតែក្រុមកូដករបានទទួលរងនូវការបង្ក្រាប និងលាបពណ៌ចោទប្រកាន់ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរ។ ក្រៅពីនេះ លោកមើលឃើញថា នីតិវិធីក្នុងការដោះស្រាយវិវាទការងារហាក់ដើរថយក្រោយ ប៉ុន្តែការបង្ក្រាបមកលើក្រុមកូដករបែបជាទទួលនូវអំពើហិង្សាកាន់តែខ្លាំង។ លោកបន្តថា ការដាក់ចេញចំណាត់ការបង្ក្រាបលើក្រុមកូដករជាបន្តបន្ទាប់មកនេះ បានធ្វើប៉ះពាល់ដល់វិស័យសិទ្ធិមនុស្សកម្ពុជាកាន់តែខ្លាំង ហើយនឹងបានជះផលអាក្រក់រដ្ឋាភិបាលបន្ថែមទៀត៖ « អ៊ីចឹង យើងអត់ចង់ឃើញទិដ្ឋភាពទាំងអស់ហ្នឹងកើតឡើងទេ ហើយក៏មិនចង់ឃើញទិដ្ឋភាពពីជម្លោះ ឬក៏វិវាទការងារ រវាងក្រុមហ៊ុនណាហ្គាវើល ជាមួយបុគ្គលណាហ្គាវើលដ៍ បែរជាមកជាជម្លោះឬក៏ភាពចម្រូងចម្រាស ប្រទូស្តសារាយគ្នា រវាងអាជ្ញាធរ និងក្រុមកូដករ។ អ្វីដែរយើងចង់ឃើញគឺ ការដោះស្រាយគ្នា ដោយសន្តិវិធី ដើម្បីបញ្ចប់ទៅ។ ការផ្ទុះនូវអំពើហិង្សា អត់មានអីចំណេញទេ » ។
លោក អំ សំអាត យល់ថា ប្រសិន អាជ្ញាធរ និងក្រសួងការងារ ព្រមទាំងស្ថាប័នរដ្ឋពាក់ព័ន្ធទាំងឈរលើភាពអព្យាក្រឹត្យ និងបញ្ឈប់នូវការលាបពណ៌ចោទប្រកាន់ចងគំនុំមកលើក្រុមកូដករ ហើយងាកមកដោះស្រាយវិវាទដោយផ្អែកតាមច្បាប់ជាតិ និងអនុញ្ញាតអង្គការពលកម្មអន្តរជាតិ (ILO) វិវាទការងារនេះនឹងអាចដោះស្រាយបានដោយទទួលបានលទ្ធផលប្រសើរ។
ទោះជាយ៉ាងណា ការចេញធ្វើកូដកម្មរបស់កូដករជាងកន្លះឆ្នាំ និងការស្វះស្វែងរកកិច្ចអន្តរាគមន៍លោក ហ៊ុន សែន កន្លងមកនេះ ពួកគាត់មិនត្រឹមត្រូវគ្មានដំណោះស្រាយនោះទេ ប៉ុន្តែបែរជារងការបង្ក្រាបដោយហិង្សាកាន់តែខ្លាំងពីសំណាក់ក្រុមសមត្ថកិច្ច។ ក្រុមអង្គការសង្គមស៊ីវិល និងតំណាងប្រទេសប្រជាធិបតេយ្យមួយចំនួន ព្រមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិតែងអំពាវនាវជាបន្តបន្ទាប់ដល់រដ្ឋាភិបាលកម្ពុជា ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើក្រុមកូដករ និងងាកមកជួយរកដំណោះស្រាយបញ្ចប់វិវាទនេះ ស្របតាមច្បាប់ស្ដីពីការងារវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។