អាជ្ញាធរ​បញ្ជូន​ក្មេង​ស្រី​ខ្មែរ​រង​គ្រោះ​ពី​ការ​ជួញដូរ​នៅ​ប្រទេស​ចិន​មក​ដល់​កម្ពុជា​វិញ

0:00 / 0:00

អាជ្ញាធរ​បាន​បញ្ជូន​ក្មេង​ស្រី​ខ្មែរ​ម្នាក់​រង​គ្រោះ​ពី​ការ​ជួញដូរ​នៅ​ប្រទេស​ចិន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ។ ក្រសួង​ការបរទេស​អះអាង​ថា​ អាជ្ញាធរ​បាន​បញ្ជូន​ក្មេង​ស្រី​រងគ្រោះ​ទៅ​អង្គការ​ដៃគូ​ដើម្បី​ពិនិត្យ​អត្តសញ្ញាណ និង​សម្ភាសន៍​ស្វែង​រក​បណ្ដាញ​មេខ្យល់​មុន​បញ្ជូន​នាង​ទៅ​​ផ្ទះ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ការ​គាំពារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​ជនរងគ្រោះ រួម​ទាំង​បង្កើត​ការងារ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន ដើម្បី​ទប់ស្កាត់​ពលរដ្ឋ ជាពិសេស ស្ត្រី​ខ្មែរ​ចំណាក​ស្រុក​ទាំង​ប្រថុយប្រថាន។

ក្មេង​ស្រី​ខ្មែរ​ម្នាក់​ដែល​មេខ្យល់​បោក​បញ្ឆោត​យក​ទៅ​លក់​នៅ​ប្រទេស​ចិន​បាន​ធ្វើដំណើរ​តាម​ជើង​យន្តហោះ​ចាកចេញ​ពី​ប្រទេស​នេះ​វិល​មក​ដល់​ប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី១៩ ខែមីនា។

ក្មេង​ស្រី​រងគ្រោះ​បាន​បង្ហោះ​វីដេអូ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ឈ្មោះ លីណា និយាយ​នៅ​​​អាកាស​​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា​នាង​បាន​ធ្វើដំណើរ​ទៅ​ដល់​ស្រុក​ខ្មែរ​វិញ​ដោយ​សុវត្ថិភាព​ហើយ។ វីដេអូ​ជិត​១នាទី​នោះ​នាង​បង្ហាញ​ពី​ទឹកចិត្ត​សប្បាយរីករាយ និង​អរគុណ​ចំពោះ​អាជ្ញាធរ​កម្ពុជា​និង​ចិន​ដែល​បាន​ជួយ​សង្គ្រោះ​រូប​នាង​ឱ្យ​ជួប​ជុំ​គ្រួសារ មិត្តភ័ក្ដិ បងប្អូន​វិញ។

លីណា៖ «អរគុណ​ដល់​សម្ដេច ហ៊ុន ម៉ាណែត និង​អគ្គ​កុងស៊ុល និង​ប្រទេស​ចិន​ដែល​បាន​ជួយ​សម្រួល​ដល់​នាង​ខ្ញុំ​បាន​វិល​ត្រឡប់​មក​ខ្មែរ​វិញ»។

ម្ដាយ​ជនរងគ្រោះ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កូន​របស់​លោកស្រី​បាន​បង្ខំចិត្ត​ឈប់​រៀន​នៅ​ដើម​ឆ្នាំ២០២៣ ដើម្បី​ធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ​រក​ប្រាក់​ជួយ​ដោះ​ស្រាយ​ជីវភាព​គ្រួសារ ហើយ​អ្នកស្រី​បាយ​មិន​បាន​សម្រាន្ត​មិន​លក់​រាល់ថ្ងៃ​នៅ​ពេល​បាត់​ដំណឹង​កូន​អស់​រយៈ​ពេល​ជាង ៦ខែ។ បច្ចុប្បន្ន​ប្រកបរបរ​ជា​អ្នក​ស៊ីឈ្នួល​ធ្វើ​ចម្ការ​ឱ្យ​អ្នកភូមិ និង​រើស​អេតចាយ​ទទួល​បាន​ប្រាក់​បន្តិចបន្តួច ស្ត្រី​វ័យ ៤៤ឆ្នាំ​រូប​នេះ​សប្បាយ​ចិត្ត​ពេល​ទទួល​ដំណឹង​ថា អាជ្ញាធរ​ជួយ​សង្គ្រោះ​កូន​ឱ្យ​រួច​ផុត​ពី​ការ​ជួញដូរ​នៅ​ប្រទេស​ចិន និង​បញ្ជូន​មក​ដល់​ស្រុក​ខ្មែរ​វិញ។ លោកស្រី​ផ្ដាំ​ដល់​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ប្រុង​ប្រយ័ត្ន និង​ពិចារណា​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ឱ្យ​កូន​ចំណាក​ស្រុក​ដើម្បី​ជៀសវាង​នាំឲ្យ​មាន​ផលវិបាក​ដូច​គ្រួសារ​របស់​លោកស្រី។

ម្ដាយ​ជនរងគ្រោះ៖ «តាំង​ពី​កូន​ខ្ញុំ​ទៅ​ហ្នឹង ខ្ញុំ​ឡើង​វង្វេង​អស់​ហើយ ខ្ញុំ​ពិបាក​ចិត្ត​មិនដែល​បាន​ហូប​បាយ​ទឹក​ទេ គេ​ហៅ​ទៅ​ធ្វើការ​ទៅ និង​រើស​អេតចាយ​ទៅ ដល់ពេល​ទទួល​ដំណឹង​កូន​មក​វិញ។ អ៊ីចឹង​ទៅ​ខ្ញុំ​អរ​ណាស់ ខ្ញុំ​លែង​ឱ្យ​កូន​ដើរ​ទៅ​ណា​ហើយ​ដោយ​ឱ្យ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ហើយ»។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក ជុំ សុន្ទរី ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​ក្មេង​ស្រី​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​អង្គការ​ហាហ្គា (HAGAR) ដែល​ជា​ដៃ​គូ​សហការ​របស់​ក្រសួង​សង្គមកិច្ច​ដើម្បី​ធ្វើ​ការកំណត់​អត្តសញ្ញាណ ហើយ​បន្ទាប់​មក​ក្រសួង​សង្គមកិច្ច​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដើម្បី​សម្ភាសន៍​បន្ត​ក្នុង​គោលដៅ​ស្វែងរក​បណ្ដាញ​មេខ្យល់ រួច​ក្រុមការងារ​នឹង​ជូន​នាង​ទៅ​ដល់​ផ្ទះ​តែម្តង។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី១០ ខែមីនា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ជួយ​សង្គ្រោះ​នារី​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ រុំ ភិផា ចេញ​ពី​ផ្ទះ​មួយ​នៅ​ក្រុង​រួយអាន ខេត្តជឺជាំង​(Zhejiang)។ នាង​បង្ហោះ​វីឌីអូ​ស្វែងរក​ការ​ជួយ​សង្គ្រោះ​ពី​អាជ្ញាធរ​កម្ពុជា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក បន្ទាប់ពី​គ្រួសារ​ជនជាតិ​ចិន​ដែល​នាង​រស់​នៅ​ជាមួយ​បាន​ធ្វើបាប​ដោយ​ចាក់សោ​ឱ្យ​នាង​នៅតែ​ក្នុង​បន្ទប់ វាយដំ ជេរ​ប្រមាថ និង​តែងតែ​បង្ខំ​ឱ្យ​នាង​ដេក​ជាមួយ​ដើម្បី​ពរ​ពោះ​បង្កើត​កូន​ជាដើម។

នាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កត្តា​ជីវភាព​គ្រួសារ​ក្រីក្រ ភាព​នៅ​ក្មេង​ខ្ចី ចំណេះ​ដឹង​តិចតួច ធ្វើ​ឱ្យ​នាង​និង​មិត្តភ័ក្ដិ​បី​នាក់​ទៀត​គិត​ខ្លី​ដោយ​ត្រូវ​មេខ្យល់​ជនជាតិ​ខ្មែរ និង​ចិន​បោក​បញ្ឆោត​យក​ទៅ​លក់​នៅ​ប្រទេស​ចិន​ កាលពី​ខែសីហា ឆ្នាំ២០២៣ ដោយ​សន្យា​ឱ្យ​ធ្វើការ​តាម​ហាង​ទទួល​បាន​ប្រាក់​ឈ្នួល​៧រយ​ដុល្លារ​ក្នុង​មួយ​ខែ។ នាង​និយាយ​ថា​រឿង​ដែល​នាង​នៅ​ចងចាំ​គឺ​ពេល​ទៅ​ដល់​ប្រទេស​ចិន​ភ្លាម​មេខ្យល់​បាន​ដាក់​ពួក​នាង​នៅ​ក្នុង​បន្ទប់​លក់​ដូរ​ដូច​ទំនិញ​នៅ​លើ​ទីផ្សារ ហើយ​បន្ទាប់​មក បុរស​ម្នាក់​បាន​យក​រូប​នាង​ទៅ​រស់នៅ​ជាមួយ​សម្រាប់​ពរ​ពោះ​បង្កើត​កូន​ឱ្យ​គេ ខណៈ​មិត្ត​របស់​នាង និង​ស្ត្រី​ជនជាតិ​វៀតណាម​មួយ​ចំនួន ត្រូវ​បាន​គេ​លក់​បន្ត​ទៀត។

ចំណែក​ស្ត្រី​ដទៃ​ដែល​កំពុង​នៅ​ចិន​ដូច​ជន​រងគ្រោះ​រូប​នោះ​លោក ជុំ សុន្ទរី ឱ្យ​ដឹង​ថា ក្រសួង​ការ​បរទេស​នឹង​ឱ្យ​ស្ថាន​តំណាង​កម្ពុជា​សហការ​ជាមួយ​អាជ្ញាធរ​ចិន ដើម្បី​ស្វែងរក និង​សាកសួរ​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​មាន​ការរំលោភ​បំពាន ឬ​ទេ ហើយ​សាមី​ខ្លួន​មាន​បំណង​មក​វិញ​ឬ​ទេ។ ទន្ទឹម​នឹង​នេះ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​លើក​ទឹកចិត្ត​ឱ្យ​ស្ត្រី​ខ្មែរ​យក​អាពាហ៍ពិពាហ៍​ឆ្លងដែន​ធ្វើ​ជា​មធ្យោបាយ ដើម្បី​ផ្លាស់ប្ដូរ​ជីវភាព​គ្រួសារ​ខ្លួន​ទេ ព្រោះ​ជា​ការសម្រេច​ចិត្ត​ដ៏​ប្រថុយប្រថាន ងាយ​នឹង​ចាញ់​បោក​ការ​អូសទាញ​របស់​មេខ្យល់។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (Central) លោក មឿន តុលា មើល​ឃើញ​ថា សកម្មភាព​របស់​ជន​ខិលខូច​ដើរ​បោក​បញ្ឆោត​ស្ត្រី​ពី​កម្ពុជា​យក​ទៅ​ជួញដូរ​កម្លាំង​ពលកម្ម និង​ទៅ​រៀបការ​ជាមួយ​បុរស​ចិន កំពុង​កើត​ឡើង​ដោយ​មិន​ថយ​ចុះ​ទេ ហើយ​ករណី​អាជ្ញាធរ​ជួយ​សង្គ្រោះ​បាន​ភាគច្រើន​កើត​ចេញ​ពី​ស្ត្រី​រងគ្រោះ​បង្ខំ​ចិត្ត​រត់គេច​ខ្លួន​ពី​កន្លែង​ធ្វើ​បាប និង​ទម្លាយ​សារ​អំពាវនាវ​សុំ​អន្តរាគមន៍​តាម​រយៈ​បណ្ដាញ​សង្គម​ជា​ដើម។ ចំណែក​ករណី​ក្មេង​ស្រី​ខ្មែរ ដែល​ជា​ជន​រងគ្រោះ​វិញ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​បង្កើន​ការ​ផ្ដល់​សេវា​គាំពារ​ដល់​ក្មេង​ស្រី​រង​គ្រោះ និង​វាយតម្លៃ​ផល​ប៉ះពាល់​ផ្នែក​ស្មារតី និង​សុខភាព​ដើម្បី​បញ្ជូន​នាង​ទៅ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​​ឱ្យ​ទាន់​ពេល រួម​ទាំង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​ផ្ដល់​ការងារ​ធ្វើ​ផង​ដែរ។

លោក មឿន តុលា៖ «គេ​ត្រូវ​សម្លឹង​មើល​ថា​តើ​ក្មេង​ហ្នឹង​គួរ​មាន​ជំនាញ​អ្វី​ផ្ដល់​ឱ្យ​គាត់ បើ​សិន​គ្មាន​ការ​ផ្ដល់​ជំនាញ​ឱ្យ​គាត់​ទេ គឺ​រយៈពេល​មិន​យូរ​ទេ ១សប្តាហ៍ ឬ ២សប្តាហ៍​អី​ហ្នឹង គាត់​អាច​ធ្វើ​ចំណាក​ស្រុក​ទៅ​ណា​ទៀត​ហើយ ពីព្រោះ​មនុស្ស​ទាក់ទង​រឿង​ក្រពះ កាលណា​គាត់​នៅ​ផ្ទះ​បើ​ក្រពះ​ឃ្លាន​វា​នៅ​អត់​កើត​ទេ​គឺ​ត្រូវ​ចេញ​ពី​ផ្ទះ ហើយ​បើ​ចេញ​ពី​ផ្ទះ​អាច​មក​ធ្វើ​ការងារ​នៅ​ក្រុង​ក្នុង​ប្រទេស​យើង ឬ​អាច​ទៅ​ថៃ​អ៊ីចឹង​ទៅ»។

លោក មឿន តុលា ព្រួយ​បារម្ភ​ចំពោះ​ស្ត្រី​ខ្មែរ​ផ្សេងទៀត​អាច​ចាញ់​បោក​មេខ្យល់​យក​ទៅ​លក់​នៅ​ប្រទេស​ចិន បើ​រដ្ឋាភិបាល​ចាត់​វិធានការ​ត្រឹម​ការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ហើយ គ្មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ គ្មាន​ការ​ស្វែងរក​ជនល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​យក​ទៅ​ផ្ដន្ទាទោស និង​មិន​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​ការងារ​ក្នុង​ស្រុក​នោះ​ទេ ប្រជាពលរដ្ឋ ជាពិសេស​ស្ត្រី ឬ​ក្មេង​ស្រី​ខ្មែរ​នៅតែ​ប្រឈម​រងគ្រោះ​ពី​ការ​ជួញដូរ​តាម​រយៈ​មេខ្យល់​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។