ពលរដ្ឋនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី អះអាងថា អាជ្ញាធរមូលដ្ឋានបានគំរាមកំហែង និងហាមឃាត់ពួកគាត់មិនឲ្យធ្វើពិធីសែនព្រេន និងសម្ដែងមតិដោយសន្តិវិធី ពាក់ព័ន្ធការសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម៣។ ប៉ុន្តែ ប៉ូលិសប៉ុស្តិ៍នគរបាលឃុំណងឃីលិក បដិសេធថា មិនបានកោះហៅ និងគំរាមកំហែងពលរដ្ឋឡើយ។
ក្រោយអាជ្ញាធរថ្នាក់ខេត្តចុះបង្ខំពលរដ្ឋឲ្យទទួលយកសំណង ពីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម៣ អាជ្ញាធរមូលដ្ឋានបន្តគំរាមកំហែង និងហាមឃាត់ ពលរដ្ឋដែលរងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីឲ្យឈប់ប្រមូលផ្ដុំគ្នា ធ្វើពិធីសែនព្រេន និងសម្ដែងមតិ ជុំវិញរឿងមិនព្រមចាកចេញពីភូមិកំណើត និងមិនទទួលយកសំណងពីក្រុមហ៊ុន។
តំណាងប្រជាពលរដ្ឋម្នាក់នៅឃុំណងឃីលិក លោក សែវ រ៉ាឈួន អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែកុម្ភៈថា ក្រោយពលរដ្ឋត្រឡប់មកពីចូលរួម ធ្វើពិធីសែនព្រេនម្ចាស់ទឹកម្ចាស់ដី និងសម្ដែងមតិដោយសន្តិវិធីនៅឃុំរយ៉វិញ ប៉ូលិសប៉ុស្តិ៍នគរបាលឃុំណងឃីលិក បានកោះហៅប្រជាពលរដ្ឋម្នាក់ឲ្យទៅបំភ្លឺជុំវិញការធ្វើពិធីសែនព្រេន ហើយថែមទាំងចោទពលរដ្ឋថា បម្រុងប្រមូលផ្ដុំគ្នាបះបោរ។ លោកចាត់ទុកទង្វើរបស់អាជ្ញាធរ គឺជាការគំរាមកំហែង បំបាក់ស្មារតី និងដើរផ្ទុយពីច្បាប់ស្ដីអំពីសិទ្ធិមនុស្ស។ លោកបន្ថែមថា ពលរដ្ឋជួបជុំគ្នាសម្ដែងមតិ ដោយសារតែមានក្រុមហ៊ុនបានមកយាយីការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក សែវ រ៉ាឈួន៖ «សុំឲ្យប្រជាពលរដ្ឋខ្ញុំផង ពីព្រោះប្រជាពលរដ្ឋយើង គាត់គ្មានកំហុសអ្វីទេ គាត់ទាមទារតែគាត់ទាមទារសេរីភាពចង់រស់នៅកន្លែងចាស់ ទាមទារសំណងឲ្យបានសមរម្យរបស់ពួកគាត់ទេ មិនមែនទាមទារចង់បះបោរអ្វីនោះទេ បើមានបញ្ហាមានអង្គការសិទ្ធិមនុស្ស ជួយតាមដានប្រជាពលរដ្ឋយើងផង»។
ប្រជាពលរដ្ឋម្នាក់ម្នាក់ទៀត គឺលោក យ៉ង់ រ៉ាត ឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ប៉ូលិសប៉ុស្តិ៍ឃុំណងឃីលិក បានហៅលោកទៅសួរនាំ ពាក់ព័ន្ធទៅចូលរួមពិធីសែនព្រេននៅឃុំរយ៉ និងគំរាមថា ដីធ្លីពលរដ្ឋកំពុងរស់នៅ តំបន់នោះមិនទាន់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ឡើយ ហើយបានបង្ខំឲ្យលោកទៅរស់នៅកន្លែងថ្មីដែលក្រុមហ៊ុនផ្ដល់ឲ្យ គឺមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។ លោកថា ប៉ូលិសប៉ុស្តិ៍នគរបាលឃុំណងឃីលិក ទាមទារយកក្រដាសដែលពលរដ្ឋបានផ្ដិតស្នាមមេដៃស្នើសុំឲ្យរដ្ឋាភិបាលពិចារណាលុបគម្រោង ទំនប់វារីអគ្គិសនីស្រែពកក្រោម៣ពីលោក តែលោកបដិសេធមិនប្រគល់ឲ្យ។
លោក យ៉ង់ រ៉ាត៖ «គេថាធ្វើកម្មវិធីកុំឲ្យមូលផ្ដុំ គេថាខ្លាចទៅថ្ងៃមុខ តែខ្ញុំថាទោះបីមានទៅថ្ងៃមុខ បើគេហៅគឺខ្ញុំទៅ ប៉ុន្តែខ្ញុំទៅនោះមិនមែនទៅកកូរកកាយទេ សុំតែឲ្យរដ្ឋាភិបាលដោះស្រាយ ទប់ស្កាត់រឿងក្រុមហ៊ុនវារីអគ្គិសនី ខ្ញុំថាតែប៉ុណ្ណឹង គ្មានអ្វីលើសពីនេះទេ»។
ជុំវិញរឿងនេះ មេប៉ុស្តិ៍នគរបាលឃុំណងឃីលិក លោក ឡាំ សុទិន បានបដិសេធថា លោកមិនបានកោះហៅប្រជាពលរដ្ឋមកសួរនាំពាក់ព័ន្ធការជួបជុំសម្ដែងមតិ និងពិធីសែនព្រេនឡើយ។
លោក ឡាំ សុទិន៖ «ដូចជាអត់ដែរមានកោះហៅពួកគាត់ផង មិនដែលកោះហៅពួកគាត់មកផង ខ្ញុំនៅទីនេះជាមេប៉ុស្តិ៍មិនដែលកោះហៅគាត់ផង បងបានព័ត៌មានមកពីណា»។
ប៉ុន្តែពលរដ្ឋ ប៉ូលិសប៉ុស្តិ៍ឃុំណងឃីលិកគេចវេះមិនទទួលខុសត្រូវ និងចង់ឲ្យប៉ូលិសប៉ុស្តិ៍ឃុំណងឃីលិក ស្បង់ដាក់ជីវិតប្រសិនបើមិនបាន កោះហៅពលរដ្ឋទៅសួរនាំ។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម៣ ដែលគ្រោងសាងសង់ដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបរបស់ លោកអ្នកឧកញ៉ា គិត ម៉េង និងសហការជាមួយក្រុមហ៊ុន ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (Khmer Foundation Appraisal )អាចផលិតថាមពលជាង ៣០០មេហ្កាវ៉ាត់ មានទីតាំងស្ថិតនៅស្រុកលំផាត់ ខេត្តរតនគីរី ។ គម្រោងសាងសង់ទំនប់វារីអគ្គិសនីមួយនេះ នឹងធ្វើឲ្យប៉ះពាល់បរិស្ថាន និងផ្ទះសម្បែង ដីស្រែចម្ការ និងផលដំណាំ របស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅតំបន់នោះ ហើយបានបង្ខំឲ្យពលរដ្ឋទទួលយកសំណង ប៉ុន្តែពលរដ្ឋបដិសេធ និងស្នើឲ្យលុបចោលគម្រោងមួយនេះវិញ។
ទាក់ទិននឹងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តមណ្ឌលគីរី លោក ប៊ី វ៉ាន់នី យល់ឃើញថា អាជ្ញាធរគួរតែស្ដាប់អំពីទុកកង្វល់ និងសំណើរបស់ប្រជាពលរដ្ឋ ដើម្បីយកទៅស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ប្រសើរជាងគំរាមកំហែងទៅលើប្រជាពលរដ្ឋបែបនេះ។ លោកថា ការដែលអាជ្ញាធរគំរាមកំហែងទៅលើពលរដ្ឋ មិនឲ្យមានការជួបជុំសម្ដែងមតិដោយសន្តិវិធីណាមួយ គឺជាទង្វើខុសច្បាប់។
លោក ប៊ី វ៉ាន់នី៖ «គួរតែយកសំណើនិងកង្វល់របស់ពួកគាត់ទៅដោះស្រាយ ហើយក៏ត្រូវជួបរកដំណោះស្រាយឲ្យពួកគាត់ ប្រសើរជាងយើងទៅគាប់សង្កត់ រឹតត្បិតសួរនាំចោទប្រកាន់ពីនេះពីនោះ ដែលធ្វើឲ្យប្រជាពលរដ្ឋគាត់បាត់បង់ជំនឿចិត្តទៅលើរដ្ឋាភិបាល»។
សមាគមការពារសិទ្ធិមនុស្សអាដហុក នៅថ្ងៃទី១០ ខែកុម្ភៈ បានចេញរបាយការណ៍មួយ ដោយរកឃើញថា នៅក្នុងឆ្នាំ២០២៤អាជ្ញាធរមូលដ្ឋានចំនួន២២ ខេត្តទូទាំងប្រទេស បានរឹតត្បិតសិទ្ធិសេរីភាព ការជួបជុំសម្ដែងមតិដោយសន្តិវិធីរបស់ប្រជាពលរដ្ឋ ដែលជាការរំលោភបំពានច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងដើរផ្ទុយពីសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃនៅឆ្នាំ២០០៦ថែមទៀត។ ខេត្តទាំង២២នោះ រួមមានខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ កំពង់ធំ រតនគិរី និងខេត្តមណ្ឌលគិរី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
