ប៉ូលិស​ខេត្ត​បាត់ដំបង រង​ការ​ចោទ​ប្រកាន់​ថា ធ្វើ​ទារុណកម្ម​ជនសង្ស័យ​ម្នាក់​រហូត​ដល់​ស្លាប់

ដោយអ្នកស្រី សុ ជីវី
2021.04.05
ប៉ូលិស​ខេត្ត​បាត់ដំបង រង​ការ​ចោទ​ប្រកាន់​ថា ធ្វើ​ទារុណកម្ម​ជនសង្ស័យ​ម្នាក់​រហូត​ដល់​ស្លាប់ សាកសព​របស់បុរស​ម្នាក់​មាន​ស្នាម​ជាំ​ពេញ​ដងខ្លួន បន្ទាប់ពី​ប៉ូលិស​ចាប់ខ្លួន​យ​កទៅ​សួរចម្លើយ​ និង​បាន​ស្លាប់​បន្ទាប់​ពី​សួរ​ចម្លើយ កាល​ពី​ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​២០២១។
រូប​ពី​ហ្វេសប៊ុក

មន្ត្រី​ប៉ូលិស​នៅ​ខេត្តបាត់ដំបង រង​ការ​ចោទប្រកាន់​ថា បាន​ធ្វើ​ទារុណកម្ម​ជនសង្ស័យ​ម្នាក់​រហូតដល់​ស្លាប់ កាលពី​ថ្ងៃទី​៣ ខែមេសា។ ប៉ុន្តែ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង អះអាង​ថា ជនសង្ស័យ​រូប​នោះ គាំងបេះដូង​ស្លាប់​ខ្លួនឯង​ដោយសារ​ប្រើ​គ្រឿងញៀន​។ ទោះជា​យ៉ាងណា សាច់ញាតិ​របស់​បុរស​ដែល​ស្លាប់​នោះ មិន​ជឿ​លើ​ការ​អះអាង​របស់​ប៉ូលិស​នេះ​ទេ ព្រោះ​សាកសព​មាន​ស្នាម​ជាំ​ច្រើន​កន្លែង។

សាច់ញាតិ​របស់​បុរស​ដែល​ស្លាប់​នោះ ទាមទារ​ឲ្យ​សមត្ថកិច្ច បើក​ការស៊ើបអង្កេត​ឡើងវិញ ព្រោះ​ពួកគាត់ ជឿ​ថា ការ​ស្លាប់​នេះ ដោយសារ​ការ​ធ្វើ​ទារុណកម្ម មិនមែន​ស្លាប់​ដោយសារ​គាំងបេះដូង​នោះ​ទេ។

បងស្រី​បង្កើត​របស់​ជនរងគ្រោះ គឺ​លោកស្រី ពេជ្រ លីណា ប្រាប់​អាស៊ីសេរី​ថា លោកស្រី ខ្លោចចិត្ត​នៅ​ពេល​ឃើញ​សាកសព​របស់​ប្អូន​មាន​ស្នាម​ជាំ​ពេញ​ដងខ្លួន បន្ទាប់ពី​ប៉ូលិស​ចាប់ខ្លួន​យ​កទៅ​សួរចម្លើយ​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា គាត់​រាយ​ខ្សែភ្លើង​អគ្គិសនី​ដើម្បី​ឆក​សម្លាប់​ប្រពន្ធ​នៅក្នុង​ផ្ទះ​ដោយសារ​ភ្លើង​ប្រច័ណ្ឌ។ លោកស្រី​រៀបរាប់​ថា រឿងហេតុ​ដំបូង​ឡើយ គឺ​ប្រពន្ធ​របស់​ប្អូនប្រុស​លោកស្រី បាន​ស្លាប់​ដោយសារ​ឆក​ខ្សែភ្លើង​អគ្គិសនី​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ស្ថិតនៅ​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃទី​៣ ខែមេសា ប៉ុន្តែ​ក្នុង​ពេល​កើតហេតុ​នោះ ប្អូនប្រុស​លោកស្រី មិន​បាន​នៅ​ផ្ទះ​ឡើយ​។ លុះ​ក្រោយ​មក ទើប​ប្អូនប្រុស​លោកស្រី មក​ដល់​ផ្ទះ​ហើយ​គេ​ប្រាប់​ថា ប្រពន្ធ​របស់​គាត់​បាន​ស្លាប់ ហើយ​គាត់​បាន​ស្ទុះ​រត់​ទៅ​យំ​ឱប​សាកសព​របស់​ប្រពន្ធ ប៉ុន្តែ​ភ្លាមៗ​នោះ ម្តាយក្មេក ចោទ​ថា ប្តី​គឺជា​អ្នក​រាយ​ខ្សែភ្លើង​អគ្គិសនី ដើម្បី​ឆក​សម្លាប់​ប្រពន្ធ និង​បាន​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន​ភ្លាមៗ​តែម្តង៖ «ប៉ូលិស​បាន​ដាក់​ខ្នោះ​និង​វាយ​នៅ​កន្លែង​កើត​ហេតុ​នោះ​ម្តង​ហើយ តែ​តិច​តូច​ទេ តែ​គេ​យក​ប្អូន​ខ្ញុំ​ទៅ​តាំងពី​រសៀល​ម៉ោង​៤​រហូតដល់ ម៉ោង​៨​យប់ ទើប​គេ​ផ្តល់​ដំណឹង​ថា ប្អូនប្រុស​ខ្ញុំ​ស្លាប់​ដែរ​ហើយ ដោយសារ​គាំងបេះដូង​។ ខ្ញុំ​សូម​បញ្ជាក់​ថា ប្អូន​ខ្ញុំ​នៅ​ក្មេង មិន​ធ្លាប់​មាន​ជំងឺ​គាំងបេះដូង​ពី​ដើម​មក​ទេ»

លោកស្រី​បន្ត​ថា ការ​ចោទប្រកាន់​របស់​ប៉ូលិស​ថា ប្អូន​លោកស្រី គឺ​ឃាតក​សម្លាប់​ប្រពន្ធ​ខ្លួនឯង និង​អះអាង​ថា ស្លាប់​ដោយសារ​គាំងបេះដូង ដោយសារ​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត គឺជា​រឿង​អយុត្តិធម៌ មិន​អាច​ទទួល​យក​បាន​ឡើយ​។ លោកស្រី មិន​ធ្លាប់​ដឹង​ថា ប្អូនប្រុស​មាន​ប្រវត្តិ​ប្រើប្រាស់​គ្រឿងញៀន​ពី​មុន​មក​នោះ​ទេ​។ បងស្រី​របស់​ជនរងគ្រោះ​រូប​នេះ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​ករណីនេះ​ឡើងវិញ និង​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​៖ «គាំងបេះដូង​អី បើ​វាយ​គ្នា​ឈាម​តាម​ត្រចៀក ក្បាល​ឡើង​បោង​អស់ហើយ ដៃ​ជើង កាំ​ភ្លៅ​អី​ខ្ទេចខ្ទី​អស់​ហ្មង វាយ​គ្មាន​សល់​សាច់ ហើយ​កន្លែង​ភ្នែក​គោ​នៅ​ជើង​ទាំងសងខាង មាន​ស្នាម​ឆក់​ខ្សែភ្លើង​ទៀត។ ធ្វើ​ទារុណកម្ម​ដូច​សត្វ ហើយ​និយាយ​រួម​ទៅ ខ្ញុំ​មិន​ដឹង​ថា បើកដៃ​ឲ្យ​បងប្អូន​ខាង​ស្រី​វាយ ធ្វើ​បាប​ប្អូន​ខ្ញុំ ឬ​ប៉ូលិស​យក​ទៅ​ធ្វើបាប​ផ្ទាល់​ទេ ។ ខ្ញុំ​សង្ស័យ និង​មិន​អស់ចិត្ត​កន្លែង​ហ្នឹង​។ ច្បាប់​នៅ​ណា ធ្វើបាប​ប្អូន​ខ្ញុំ​ដល់​ថ្នាក់​ដឹកនាំ បើ​ប្អូន​ខ្ញុំ​ជា​ឃាតក​មែន ដាក់គុក វា​ទៅ ២០ ឆ្នាំ ៣០ ឆ្នាំ ឬមួយ​ជីវិត​ទៅ។ អ្នកឯង​គ្មាន​សិទ្ធិ​មក​យក​ប្អូន​ខ្ញុំ​ទៅ​វាយ​ធ្វើ​បាយ​រហូតដល់​គ្នា​អស់​ជីវិត​អ៊ីចឹង​ទេ​។ ឃាតក​សម្លាប់​មនុស្ស​មាន​ទោស ហើយ​អ្នក​ឯង​សម្លាប់​ប្អូន​ខ្ញុំ ក៏​មានទោស​សម្លាប់​មនុស្ស​ដូចគ្នា​ដែរ»

បុរស​ដែល​ស្លាប់​នេះ មាន​ឈ្មោះថា ពេជ្រ ធារ៉េត ហៅ​ស្នា អាយុ​៣១ ឆ្នាំ​។ រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​ហ្វេសប៊ុក (Facebook) បង្ហាញ​ថា សាកសព របស់​បុរស​រូប​នេះ មាន​ស្នាមរបួស​និង​ជាំ​ជាច្រើន​កន្លែង ចាប់តាំងពី​ចុងជើង​រហូតដល់​ក្បាល និង​មាន​ហូរឈាម​តាម​ច្រមុះ​និង​ត្រចៀក​ផង​ដែរ​។ ក្រៅពី​សាច់ញាតិ​នេះ អ្នកប្រើប្រាស់​បណ្ដាញ​ហ្វេសប៊ុក​មួយចំនួន ក៏បាន​បង្ហោះ​សារ​ព្រោងព្រាត ទាមទារ​ឲ្យ​សមត្ថកិច្ច​បំភ្លឺ​ករណីនេះ​ឲ្យ​បាន​ច្បាស់ ព្រោះ​ពួកគេ​សង្ស័យ​ថា បុរស​រូប​នេះ ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ដើម្បី​សួរចម្លើយ។

ក្រោយ​មានការ​រិះគន់​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​ចេញ​សេចក្តី​បំភ្លឺ​នៅ​ថ្ងៃ ទី​៤ មេសា​ថា កាល​ពី​ថ្ងៃទី​៣ ខែមេសា វេលា​ម៉ោង​២​រសៀល មាន​ករណី​ប្តី​រាយ​ខ្សែ​អគ្គិសនី​នៅក្នុង​ផ្ទះ​ធ្វើ​ឱ្យ​ឆក់​ស្លាប់​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០​ឆ្នាំ។

ក្នុង​ពេល​កើតហេតុ​ភ្លាមៗ ប្តី​ដែល​ជា​ជនសង្ស័យ​ក្នុង​ករណី​នេះ​បាន​មក​ដល់ទី​កន្លែង​កើត​ហេតុ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឃាត់ខ្លួន ហើយ​បន្ទាប់មក​បាន​នាំ​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ។ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ បំភ្លឺ​ទៀត​ថា ក្នុង​ពេល​សាកសួរ​នេះ ជនសង្ស័យ បាន​សារភាព​ថា គាត់​ពិតជា​បាន​រាយ​ខ្សែ​អគ្គិសនី​ក្នុង​បំណង​ឱ្យ​ឆក់​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ដោយសារតែ​រឿង​ប្រច័ណ្ឌ។ គាត់​ក៏​បាន​សារភាព​ថា រូប​គាត់​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ជាប់​ប្រចាំ​ផង​ដែរ ជាក់ស្តែង​ក្នុង​ថ្ងៃ​កើត​ហេតុ​រូប​គាត់​បាន​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ម៉ា​ទឹកកក​(ICE)​ចំនួន ២​លើក ក្នុង​ចន្លោះ​ពេល​តែ​ជាង​មួយ​ម៉ោង​ប៉ុណ្ណោះ។ ប៉ូលិស អះអាង​ថា ក្រោយ​ការ​សារ​សួរ​រួច​សមត្ថកិច្ច​នគរបាល​បាន​នាំ​រូប​គាត់​ទៅកាន់​បន្ទប់​ឃាត់ខ្លួន ហើយ​ក្នុងពេលនោះ​រូប​​គាត់​បាន ស្រែក​ឡូឡា ដោយ​ស្មារតី​មិន​ប្រក្រតី និង​បន្តិច​ក្រោយមក​ក៏​ស្ងាត់​សម្លេង​ឡូឡា​របស់​គាត់ ដូច្នេះ​នគរបាល​បាន​ដើរទៅ​មើល​ក៏​ឃើញ​រូបគា​ត់​លែង​និយាយ​ស្តី ក៏បាន​យក​រថយន្ត​នាំ​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​រូប​គាត់​បាន​ស្លាប់​នៅ​តាម​ផ្លូវ​បាត់​ទៅ​ហើយ​។ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បញ្ជាក់​ថា តាម​ការ​ធ្វើ​កោសល្យ​វិច័យ​ចំពោះ​សាកសព បង្ហាញ​ថា បុរស​ឈ្មោះ ពេជ្រ ធារ៉េត ពិតជា​ស្លាប់​ដោយ​គាំងបេះដូង ដោយសារ​ប្រើប្រាស់​សារធាតុ​ញៀន​ហួស​កម្រិត​។ ទោះជា​យ៉ាងណា ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង មិន​បាន​បំភ្លឺ​អំពី​មូលហេតុ ដែល​មាន​ស្នាមរបួស និង​ស្នាម​ជាំ​នៅ​លើ​សាកសព​នោះ​ទេ។

អាស៊ីសេរី មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក សាត គឹមសាន បាន​ទេ ដោយ​លោក​ប្រាប់​ជាប់​រវល់​ប្រជុំ និង​បង្វិល​ឲ្យ​សួរ​ខាង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​នគរបាល​វិញ។

មន្ត្រី​ប្រតិកម្ម​រហ័ស​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ដែល​ប្រាប់​ថា ឈ្មោះ កុសល ថ្លែង​ថា គ្រួសារ​សព អាច​ប្តឹង​ទៅ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​រក​យុត្តិធម៌ ប្រសិនបើ​កើតទុក្ខ​មិន​សុខចិត្ត​។ ប៉ុន្តែ លោក​សុំ​មិន​អត្ថាធិប្បាយ​អំពី​ស្លាកស្នាម​ជាំ​នៅ​លើ​សាកសព​ឡើយ៖ «ខ្ញុំ​ជូន​យោបល់​ថា បើ​ក្រុម​គ្រួសារ​គាត់​មិន​សុខចិត្ត ឬ​ក៏​គាត់​មាន​បំណង​ក្នុង​រឿង​ហ្នឹង​យ៉ាងម៉េច គឺ​គ្រួសារ​គាត់​មាន​សិទ្ធិ​ស្នើ​ទៅ​អង្គភាព មាន​តុលាការ ជាដើម ដើម្បី​ទាមទារ​រក​យុត្តិធម៌ ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ដោយ​ខ្លី​ថា មិន​មាន​ការ​វាយដំ ឬ​ការ​ធ្វើ​ទារុណកម្ម​អី​ណាមួយ​ទៅលើ​គាត់​ទេ»

ទាក់ទង​ករណី​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា លោក​ក៏​បាន​តាម​ករណី​នេះ​ដែ​រ និង​ឃើញ​រូបភាព​សាកសព​របស់​បុរស​រូប​នោះ​ពិត​ជា​មាន​ស្នាមរបួសនិង​ជាំ​ជាច្រើន​កន្លែង​ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​សង្ស័យ​ថា ពាក់​ព័ទ្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​។ លោក​បន្ត​ថា ប្រសិនបើ​ពិតជា​មាន​ករណី​ធ្វើ​ទារុណកម្ម​មែន គឺជា​រឿង​ខុសច្បាប់​ធ្ងន់ធ្ងរ ព្រោះថា ទោះបីជា​បុរស​នោះ​ជា​ជនល្មើស ឬ​ជនសង្ស័យ​ក៏ដោយ ក៏​សមត្ថកិច្ច​គ្មាន​សិទ្ធិ​ប្រើ​ហិង្សា ឬ​ធ្វើ​ទារុណកម្ម​បាន​ដែរ​។ លោក បារម្ភ​ថា សំណុំ​រឿង​នេះ ពិបាក​ស្វែងរក​យុត្តិធម៌ ព្រោះ​សាកសព​ត្រូវ​បាន​បូជា​រួចរាល់ និង​ថែមទាំង​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​នគរបាល​ថែម​ទៀត៖ «បញ្ហា​ធ្វើ​ទារុណកម្ម ឬ​ស្លាកស្នាម​នេះ វា​ច្រើនតែ​កើត​លើ​ជនជាប់សង្ស័យ​ហើយ​គេ​ធ្វើ​អាហ្នឹង គោលបំណង​ចង់​បាន​ចម្លើយ​។ ច្បាប់​ព្រហ្មទណ្ឌ​របស់​យើង ក៏​និយាយ​អំពី​ការ​ធ្វើ​ទារុណកម្ម ហើយ​ជា​បទឧក្រិដ្ឋ​ទៀត ។ កម្ពុជា​យើង ក៏​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ស្ដីពី​ការ​ប្រឆាំង​ការ​ធ្វើ ទារុណកម្ម អំពើ​ឃោរឃៅ​អមនុស្សធម៌ ដូច្នេះ​បើសិន​មានការ​ចោទប្រកាន់​នេះ បទ​នេះ​ជា​បទឧក្រិដ្ឋ អ៊ីចឹង​មន្ត្រី​ត្រូវតែ​មានទោស​ធ្ងន់ធ្ងរ​ណាស់ ម្ល៉ោះ​ហើយ យើង​មើល​ឃើញ​ថា កម្រ​ណាស់។ កាល​ពី​មួយឆ្នាំ​ពីរ​ឆ្នាំមុន​យើង​ឃើញ​មាន​ការ​ចោទប្រកាន់​ទៅ​លើ​កងរាជអាវុធហត្ថ​បន្ទាយមានជ័យ​ដោយសារតែ​ពេលនោះ​មាន​ជនរងគ្រោះ​ដែរ​នៅ​រស់ ហើយ​ឥឡូវ​ករណីនេះ មានការ​លំបាក​ណាស់​។ យើង​សុំ​ឲ្យ​គណៈកម្មការ​នីមួយៗ ធ្វើការ​ដោយ​ឯករាជ្យ និង​សូម​ឲ្យ​ស្នងការ​បំភ្លឺ​ឡើង វិញ អំពី​ស្លាកស្នាម​ទាំង​ប៉ុន្មាន ព្រោះ​គាំងបេះដូង​អត់​មាន​ស្លាកស្នាម​ទេ»

ករណី​មន្ត្រី​នគរបាល វាយ​ធ្វើបាប ឬ​ធ្វើ​ទារុណកម្ម​លើ​ជនសង្ស័យ​ក្នុង​ពេល​ចាប់ខ្លួន ឬ​ពេល​សួរចម្លើយ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ និង​ស្លាប់​នេះ តែង​កើតមាន​ជា​ហូរហែ ប៉ុន្តែ​គ្រួសារ​ជនរងគ្រោះ កម្រ​ទទួល​បាន​យុត្តិធម៌​ណាស់ ប្រសិនបើ​គ្មាន​ការ​ស្រែក​បញ្ជា​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ​នោះ។

មាត្រា ២១០ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា ទារុណកម្ម ឬ​អំពើ​ឃោរឃៅ ដែល​ប្រព្រឹត្ត​ទៅលើ​បុគ្គល​ណាមួយ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ដល់ ១៥​ឆ្នាំ​។ លើស​ពី​នេះ កាលបើ​បទឧក្រិដ្ឋ​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ នៅ​ក្នុង​ក្របខណ្ឌ​នៃ​មុខងារ ឬ​នៅ​ក្នុង​ឱកាស​នៃ​ការ​បំពេញ​ការងារ​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ពី ១០​ឆ្នាំ ទៅ ២០​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។