អ្នក​បឹងកក់​ចោទ​រដ្ឋាភិបាល​ថា​មិន​ដែល​បញ្ចេញ​ព័ត៌មាន​អំពី​ការ​បង្ក្រាប

សហគមន៍​បឹងកក់ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ដែល​កាន់​កាប់​ដោយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ថា​បិទ​ព័ត៌មាន​ជាប់​ទាក់ទិន​នឹង​ការ​បង្ក្រាប​ឈូស​ឆាយ​លំនៅឋាន និង​ការ​បណ្ដេញ​ចេញ​ជាដើម។ ព្រឹត្តិការណ៍​ទាំង​នេះ ពួក​គេ​ពុំ​ដែល​ឃើញ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហ៊ាន​បញ្ចេញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​របស់​លោក​ចុះ​ផ្សាយ​អំពី​ពលរដ្ឋ​ដែល​រង​ការ​បណ្ដេញ​ទាំង​នេះ​ម្ដង​ណា​ឡើយ។

0:00 / 0:00

«សំឡេង​ស្រែក​របស់​អ្នក​ភូមិ​បឹងកក់»

ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា និង​សហគមន៍​ថ្ម​គោល​ក្បែរ​ពោធិចិនតុង បាន​ថ្កោលទោស​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ព្យាយាម​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា រួម​មាន​វិទ្យុ ទូរទស្សន៍ ទាំង​រដ្ឋ និង​ឯកជន ឲ្យ​មាន​ភាព​ស្ងៀមស្ងាត់​ចំពោះ​ទុក្ខ​លំបាក​របស់​ពួក​គេ ប៉ុន្តែ​នៅ​ពេល​ក្រុម​អ្នក​បឹងកក់ ដែល​គាំទ្រ​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​វិញ បែរ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ ព្យាយាម​បន្ទរ​យ៉ាង​កង​រំពង។

អ្នកស្រី ទេព វន្នី តំណាង​សហគមន៍​បឹងកក់ ថ្លែង​នៅ​ខាង​មុខ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី១១ កក្កដា ថា ពលរដ្ឋ​ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​នៅ​តំបន់​បឹងកក់ សហគមន៍​បុរីកីឡា និង​សហគមន៍​ផ្សេង​ទៀត ពុំ​បាន​ទទួល​យុត្តិធម៌​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មាន​ទំនោរ​ទៅ​រក​រដ្ឋាភិបាល​នោះ​ម្ដង​ណា​ទេ។ អ្នកស្រី ទេព វន្នី មាន​ជំនឿ​ថា តុលាការ​កំពូល​នឹង​អាច​ផ្ដល់​យុត្តិធម៌​ដល់​អ្នកស្រី យ៉ោម បុប្ផា បាន។

រូប​ថត​ឱប​កូន​ប្រុស​របស់ អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ត្រូវ​បាន​អ្នក​ចូលរួម​តវ៉ា​នៅ​ខាង​មុខ​តុលាការ​កំពូល អ្នក​ខ្លះ​ពាក់​នៅ​នឹង​ក្បាល និង​ខ្លះ​ទៀត​ចង​ខ្សែ​តម្រៀប​ជួរ​នៅ​មុខ​ខ្លោងទ្វារ​ផ្លូវ​ចូល​តុលាការ​កំពូល​ថែម​ទៀត​ផង។ ចំណែក​ក្រុម​អ្នក​ចូលរួម​តវ៉ា​ប្រមាណ ៤០​នាក់ បាន​ស្រែក​ទាមទារ​ដូចៗ​គ្នា​ថា តុលាការ​កំពូល​ត្រូវ​តែ​ពន្លឿន​សវនាការ​ឲ្យ​បាន​ឆាប់ និង​បំពេញ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់ អ្នកស្រី យ៉ោម បុប្ផា ដ៏​ពិត​ប្រាកដ​មួយ។

លោក លួស សាខន ប្ដី​របស់ អ្នកស្រី យ៉ោម បុប្ផា និយាយ​ថា ជីវិត​គ្រួសារ​របស់​លោក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​ជួប​ឧបសគ្គ​ជា​ដរាប។ ហើយ​ជា​ពិសេស ការ​សិក្សា​កូន​របស់​លោក​ត្រូវ​ចុះ​ខ្សោយ​ហួស​ពី​ការ​រំពឹង​ទុក ជាង​ក្រុម​គ្រួសារ​ធ្លាប់​ជួបជុំ​គ្នា។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​លើ​បញ្ហា​នេះ ពី​មន្ត្រី​តុលាការ​កំពូល នៅ​ថ្ងៃ​ទី១១ កក្កដា។ ក៏ប៉ុន្តែ លិខិត​របស់​អ្នក​ភូមិ​បឹងកក់ ដែល​ទាមទារ​ឲ្យ​តុលាការ​កំពូល​ពន្លឿន​ការ​កាត់​សេចក្ដី​របស់ អ្នកស្រី យ៉ោម បុប្ផា ឲ្យ​បាន​ឆាប់ ត្រូវ​បាន​តុលាការ​ជាន់​ខ្ពស់​នេះ​ទទួល​យក​រួច​ហើយ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ថា អតីត​អ្នក​ភូមិ​បឹងកក់ មួយ​ចំនួន​ផ្ដាច់​ខ្លួន ព្រោះ​ហេតុផល​នយោបាយ​នោះ​មិន​ពិត​ឡើយ។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ លោក តាំង ស៊ុនឡាយ កាល​ពី​ថ្ងៃ​ទី១៤ មិថុនា កន្លង​ទៅ​បាន​ប្រកាស​សាល​ដីកា​ឲ្យ អ្នកស្រី យ៉ោម បុប្ផា ជាប់​ទោស​ចំនួន ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០​លាន​រៀល។ ការ​បន្ធូរបន្ថយ​ទោស​មក ២​ឆ្នាំ នៅ​ពេល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១២ ផ្ដន្ទាទោស អ្នកស្រី យ៉ោម បុប្ផា ដាក់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ និង​ពិន័យ​ប្រាក់ ៦០​លាន​រៀល​ទៀត។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី យល់​ឃើញ​ថា តុលាការ​គួរ​ពិចារណា​តាម​សំណើ​របស់​ពលរដ្ឋ​សហគមន៍​បឹងកក់ ព្រោះ​ករណី​របស់ អ្នកស្រី យ៉ោម បុប្ផា កើត​ចេញ​ពី​ជម្លោះ​ដីធ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។