ស្នងការនគរបាលខេត្តបាត់ដំបងនៅមិនទាន់រកឃើញជនល្មើសដែលវាយដំអ្នកគាំទ្រគណបក្សប្រឆាំង និងជាអ្នកបញ្ចេញមតិលើបណ្ដាញសង្គមដ៏សកម្មម្នាក់គឺលោក សាន ប៊ុនឆាយ នៅឡើយទេ គិតត្រឹមថ្ងៃទី២៦ ខែមេសា។ មន្ត្រីសង្គមស៊ីវិលថា សមត្ថកិច្ចគួរតែអាចចាប់ជនល្មើស បើទោះជាទទួលព័ត៌មានតិចតួចពីជនរងគ្រោះក្ដី។
ស្នងការនគរបាលខេត្តបាត់ដំបង លោក សាត គឹមសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែមេសា ថា សមត្ថកិច្ចជំនាញក្រុងបាត់ដំបងនៅតែបន្តស្រាវជ្រាវ ហើយលោកក៏មិនទាន់អាចកំណត់ពេលជាក់លាក់ដើម្បីចាប់ជនល្មើសបាននោះដែរ។ លោក សាត គឹមសាន ស្នើឱ្យម្ចាស់បណ្ដឹង ឬជនរងគ្រោះសហការ និងផ្ដល់ព័ត៌មានបន្ថែមដល់សមត្ថកិច្ច។
លោក សាត គឹមសាន៖ «ខាងជនរងគ្រោះហ្នឹង សមត្ថកិច្ចខ្ញុំទាក់ទងទៅសមត្ថកិច្ចអត់ឆ្លើយតបវិញ សូម្បីតែការស្នើសុំកោសលវិច័យរបស់គាត់ក៏គាត់អត់ឱ្យ កោសលវិច័យរបស់ពេទ្យគាត់អត់ឱ្យ»។
ទោះជាយ៉ាងណា លោក សាន ប៊ុនឆាយ បានបង្ហោះនៅលើគណនីហ្វេសប៊ុក (Facebook) ខ្លួន កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅថាអស់រយៈពេលជិតកន្លះខែហើយ ដែលមានជនមួយក្រុមបានប៉ុនប៉ងវាយសម្លាប់លោកនៅកណ្ដាលទីក្រុង ហើយអាជ្ញាធរនៅតែមិនអាចចាប់ខ្លួនជនបង្កបាន។
លោក សាន ប៊ុនឆាយ បន្តថា លោកនៅតែសោកស្ដាយដែលជឿជាក់លើពាក្យ«អរគុណសន្តិភាព» រហូតលោកដាច់ចិត្តនាំប្រពន្ធកូនមកលេងស្រុកកំណើត តែជាអកុសលលោកបែរជួបរឿងរ៉ាវស្ទើរតែបាត់បង់ជីវិតនៅមុខប្រពន្ធកូនថែមទៀត។ លោកថា រដ្ឋាភិបាលនឹងស្អុយឈ្មោះអាក្រក់ ប្រសិនបើមិនអាចផ្ដល់យុត្តិធម៌ដល់លោកបាន។
ពលរដ្ឋខ្មែរ-អូស្ត្រាលី លោក សាន ប៊ុនឆាយ ត្រូវបានជនមិនស្គាល់មុខមួយក្រុមបានព្រួតគ្នាប្រើអំពើហិង្សាលើរូបលោកទាំងកម្រោលនៅកណ្ដាលក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលឱ្យលោកមានស្នាមរបួសស្ទើរពេញដងខ្លួន និងស្នាមរបួសក្បាលដេរ ៨ថ្នេរ កាលពីថ្ងៃទី១០ ខែមេសា ក្នុងពេលលោកកំពុងដើរចេញពីធនាគារABA នៅជិតសាលាខេត្តបាត់ដំបង និងប៉ុស្តិ៍នគរបាលស្វាយប៉ោ។
លោក សាន ប៊ុនឆាយ គឺជាអតីតសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងអ្នកគាំទ្រគណបក្សប្រឆាំង ជាពិសេសលោក សម រង្ស៊ី។ លោក ក៏សកម្មក្នុងការសរសេរបញ្ចេញមតិតាមបណ្ដាញសង្គមក្នុងបំណងរិះគន់ស្ថាបនាទៅលើការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ផងដែរ។ លើសពីនេះ អំពើហិង្សាលើ លោក សាន ប៊ុនឆាយ នេះ កើតឡើងក្រោយពេលគ្រួសាររបស់លោក បានចូលរួមបាតុកម្មប្រឆាំងវត្តមាន លោក ហ៊ុន ម៉ាណែត នៅទីក្រុងម៉ែលប៊ន កាលពីខែមីនា កន្លងទៅ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការផ្ដល់ព័ត៌មានពីជនរងគ្រោះទៅកាន់សមត្ថកិច្ចគឺជាផ្នែកមួយនៃការស៊ើបអង្កេត ប៉ុន្តែលោកថា សមត្ថកិច្ចនៅតែអាចចាប់ជនល្មើសបាន បើទោះជាទទួលបានព័ត៌មានតិចតួចក្ដី។ លោក នី សុខា ថាប្រសិនបើអាជ្ញាធរមិនអាចផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះលើករណីនេះទេ ពលរដ្ឋខ្មែរនឹងបន្តអស់ជំនឿចិត្តលើអាជ្ញាធរ និងចាត់ទុកករណីនេះថាជារឿងនយោបាយ ខណៈដែលកន្លងមកអាជ្ញាធរកម្រចាប់ជនល្មើសដែលបានវាយទៅលើសកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្សណាស់។
លោក នី សុខា៖ «កន្លងមកនេះមិនមែនមានតែករណីការវាយដំមួយហ្នឹងទេ គឺថាមានករណីវាយដំជាច្រើនហើយប៉ុន្មានឆ្នាំកន្លងមកនេះ ប្រហែលជា ៥០ ៦០ ករណីដែលយើងឃើញការវាយដំនៅតាមទីសាធារណៈទៅលើសកម្មជនជាពិសេសសកម្មជននយោបាយនេះ គិតថាសមត្ថកិច្ចមិនដែលវែកមុខរកឃើញជនប្រព្រឹត្ត ឬជនដៃដល់ហ្នឹងមកផ្ដន្ទាទោសតាមច្បាប់ទេ»។
ទោះជាយ៉ាងណា ករណីហិង្សាលើសកម្មជននយោបាយ និងអ្នករិះគន់ជាង៥០នាក់កន្លងមក ក៏សមត្ថកិច្ចស្គាល់ស្លាកលេខម៉ូតូជនល្មើសដែរ ប៉ុន្តែមកទល់ពេលនេះ សមត្ថកិច្ច មិនទាន់ចាប់បានជនដៃដល់ណាម្នាក់ មកផ្ដន្ទាទោសតាមច្បាប់ឡើយ។ ផ្ទុយទៅវិញ ជនរងគ្រោះខ្លះ មិនត្រឹមតែមិនទទួលបានយុត្តិធម៌ទេ ថែមទាំងត្រូវបានគេវាយដំផ្ទួនៗគ្នា និងថែមទាំងត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារថែមទៀត ដូចករណីអ្នករិះគន់លើបណ្ដាញសង្គម លោក នី ណាក់ ជាដើម។ ករណីពលរដ្ឋខ្មែរមានសញ្ជាតិអូស្ត្រាលី លោក សាន ប៊ុន ឆាយ នេះ ក៏ទំនងជានឹងមានលទ្ធផលមិនខុសពីករណីមុនៗឡើយ ដោយបានត្រឹមតែរង់ចាំយុត្តិធម៌ពីមួយឆ្នាំទៅមួយឆ្នាំដោយគ្មានពេលកំណត់។
កន្លងមក នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) វាយតម្លៃថា អំពើហិង្សាលើសកម្មជននយោបាយ និងអ្នករិះគន់ទាំងនេះ គឺជារឿងនយោបាយ ដែលមានលោក ហ៊ុន សែន គឺជាមេគំនិត។ លោក ហ្វីល រ៉ូបឺតសុន ថា គោលដៅនៃអំពើហិង្សាផ្នែកនយោបាយទាំងនេះ គឺដើម្បីបំបិទសំឡេងប្រឆាំង និងសំឡេងរិះគន់រដ្ឋាភិបាល។ អ្នកការពារសិទ្ធិមនុស្សអន្តរជាតិរូបនេះ ក៏បានស្នើដល់រដ្ឋាភិបាលបរទេសឱ្យចេញមុខទាមទារជាសាធារណៈទៅកាន់រដ្ឋាភិបាលកម្ពុជា ឱ្យទទួលខុសត្រូវចំពោះទង្វើរំលោភបំពានទាំងនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
