ប្រវត្តិ​ឧត្តមសេនីយ៍ ជឿន សុវណ្ណថា ដែល​អង្គការ HRW រក​ឃើញ​ថា ជា​បុគ្គល​មាន​បាត​ដៃ​កខ្វក់

0:00 / 0:00

ឧត្តមសេនីយ៍​ឯក​ផ្កាយ​មាស ៣ ជឿន​ សុវណ្ណថា ជាប់​ឈ្មោះ​ជា​ឧត្តមសេនីយ៍ «បាតដៃកខ្វក់» ម្នាក់ នៅ​ក្នុង​របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។ អង្គការ​នេះ បាន​លាត​ត្រដាង​ថា លោក ជឿន សុវណ្ណថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដែល​លោក​បាន​ប្រព្រឹត្តិ ជា​ផ្នែក​មួយ​ធ្វើ​ជា​ខ្នង​បង្អែក​ឲ្យ​របប​លោក ហ៊ុន សែន បន្ត​កាន់កាប់​អំណាច​តាម​បែប​ផ្តាច់ការ​យោធា​និយម។

តើ​ឧត្តមសេនីយ៍​ឯក​ផ្កាយ​មាស ៣ ជឿន សុវណ្ណថា មាន​ប្រវត្តិ​យ៉ាង​ដូច​ម្តេច ហើយ​ថា តើ​លោក​បាន​ប្រព្រឹត្តិ​ទង្វើ​អ្វី​ខ្លះ ទើប​បាន​ជា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នេះ ដាក់​រហស្សនាម​ឲ្យ​លោក​ថា ជា​ឧត្តមសេនីយ៍​មាន​បាត​ដៃ​កខ្វក់?

បាទ! ជា​បន្ត​ទៅ​ទៀត​នេះ សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​សេចក្តីរាយការណ៍​របស់​លោក មាន ឫទ្ធិ ជុំវិញ​ជីវ​ប្រវត្តិ​ឧត្តមសេនីយ៍​ឯក​ផ្កាយ​មាស ៣ ជឿន សុវណ្ណថា នេះ ដូច​តទៅ៖

ឧត្តមសេនីយ៍ឯកផ្កាយមាស៣ ជឿន សុវណ្ណថា បច្ចុប្បន្ន​ជា​មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី២ គ្រប់គ្រង​ខេត្ត​ចំនួន ៥ ក្នុង​នោះ​មាន​ខេត្ត​ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ស្វាយរៀង។ លោក​ក៏​គ្រប់គ្រង​លើ​កងពលតូច​លេខ ២១ និង​តំបន់​ប្រតិបត្តិការ​សឹក​រង​យោធា​សម្រាប់​ខេត្ត​នីមួយៗ រហូត​ដល់​ថ្នាក់​ស្រុក បូករួម​ទាំង​កង​វរៈសេនាតូច​ការពារ​ព្រំដែន​ផង​ដែរ។

លោក​គឺ​ជា​អតីត​អង្គរក្ស​ជំនិត​ម្នាក់​របស់​លោក ហ៊ុន សែន នៅ​ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ១៩៧៨ នៅ​ពេល​លោក ហ៊ុន សែន រត់​ទៅ​ពឹង​វៀតណាម​ឲ្យ​ចូល​មក​ឈ្លានពាន​កម្ពុជា ដើម្បី​ផ្តួល​រំលំ​របប​ខ្មែរក្រហម។ លោក ជឿន សុវណ្ណថា កើត​នៅ​ថ្ងៃ​ទី១៣ ខែ​កញ្ញា ឆ្នាំ១៩៥៧ ហើយ​លោក​បាន​ក្លាយ​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី២ នៅ​ឆ្នាំ១៩៩៥។

អាស៊ីសេរី មិនអាចទាក់ទង​លោក ជឿន សុវណ្ណថា ដើម្បី​សុំ​សម្ភាស​លោក​ផ្ទាល់​ជុំវិញ​ប្រវត្តិ​លម្អិ​របស់​លោក នៅ​មុន​ពេល​ដែល​លោក ត្រូវ​បាន​តម្លើង​តំណែង​ឲ្យ​ក្លាយ​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី២ នៅ​ឆ្នាំ១៩៩៥ បាន​ទេ។ យ៉ាង​ណា​ក៏​ដោយ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ និង​ជា​ចៅហ្វាយ​នាយ​របស់​លោក ជឿន សុវណ្ណថា បាន​ថ្លែង​ប្រាប់​អាស៊ីសេរី​ថា លោក ជឿន សុវណ្ណថា ជា​មនុស្ស​មាន​ស្នាដៃ​ជួយ​សង្គម​ជាតិ៖ «ទាំង សុវណ្ណថា ទាំង​អ្នក​ផ្សេង​ក៏​ដូច​តែ​គ្នា​ហ្នឹង គឺ​វា​តែ​មួយ​ទេ គឺ​អ្នក​ទាំង​នោះ ជា​មនុស្ស​តែ​មួយ​ដូចៗ តែ​គ្នា​ហ្នឹង​ឯង។ គឺ​គ្នា​ក៏​បាន​ធ្វើ​ការងារ​មក ឈាន​ទៅ​ដល់​កាន់​មេបញ្ជាការ​ភូមិភាគ​ហ្នឹង គឺ​មិន​មែន​ជា​មនុស្ស ដែល​មិន​មាន​ការ​ឆ្លង​កាត់ ហើយ​មិន​មាន​ស្នាដៃ ហើយ​មិន​មាន​បទ​ពិសោធន៍​អី​ទេ។ គេ​ក៏​ហាក់​ដូច​ជា​គ្រប់គ្រង​មនុស្ស​រាប់រយ រាប់ពាន់​ដែរ។ ហើយ​ពោរពេញ​ទៅ​ដោយ​គ្រឿង​សព្វាវុធ ដែល​នៅ​ក្នុង​ដៃ ដែល​គេ​មាន​ទំនុក​ទុក​ចិត្ត។ ចំពោះ​ប្រទេស​ជាតិ​នេះ គេ​ទុក​ចិត្ត​ដែរ ហេតុ​នេះ​បាន​ជា​គេ​ប្រគល់​ភារកិច្ច​ហ្នឹង​ឲ្យ។»

ផ្ទុយ​ពី​ការ​លើក​ឡើង​ពី​គុណ​សម្បត្តិ​របស់​លោក ជឿន សុវណ្ណថា របស់​លោក ទៀ បាញ់ នេះ​របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ឲ្យ​ដឹង​ថា យោធភូមិភាគ​ទី២ យោធភូមិភាគ​ទី ៤ និង​យោធភូមិភាគ​ទី៥ គឺ​ជា​យោធភូមិភាគ​ចំនួន​បី ក្នុង​ចំណោម​យោធភូមិភាគ​សរុប​ចំនួន ៦ នៃ​កង​យោធពល​ខេមរភូមិន្ទ ដែល​ទាហាន​នៅ​ទី​នោះ​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស ប្រឆាំង​នឹង​ក្រុម​អ្នក​នយោបាយ និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ពេល​កន្លង​ទៅ។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្ដីពី « បុគ្គល​នាយ​ឧត្ដមសេនីយ៍​មាន​បាត​ដៃ​កខ្វក់​១២រូប​របស់​កម្ពុជា៖ ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​យូរ​អង្វែង​នៃ​នាយ​ឧត្ដមសេនីយ៍​របស់​លោក ហ៊ុន សែន» សរសេរ​លាត​ត្រដាង​ថា ក្នុង​ឆ្នាំ១៩៩៦ ខណៈ​ដែល​លោក ហ៊ុន សែន ចាប់​ផ្តើម​រៀបចំ​ផែនការ​បោស​សម្អាត​ផ្ទៃ​ក្នុង​យោធា ប្រឆាំង​នឹង​គណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុង​គោលដៅ​កម្ទេច​ក្បាល​ម៉ាស៊ីន​យោធា​របស់​គណបក្ស​នេះ លោក ជឿន សុវណថា គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​គណបក្ស ប្រជាជន​កម្ពុជា ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ ដែល​លោក ហ៊ុន សែន ពឹង​ផ្អែក​ខ្លាំង​សម្រាប់​ការ​គាំទ្រ​ឥត​ងាក​រេ​របស់​គាត់។

របាយការណ៍សរសេរបន្តថា លោក ជឿន សុវណថា មាន​បាត​ដៃ​ប្រឡាក់​ឈាម ដោយ​បាន​ធ្វើ​ឲ្យ​ទាហាន ហ៊្វុនស៊ិនប៉ិច មិន​តិច​នាក់​ស្លាប់ និង​រង​របួស នៅ​ក្នុង​សម័យ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន ថ្ងៃ​ទី​៥-ទី៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។ នៅ​រយៈ​ពេល​បី​ថ្ងៃ មុន​ថ្ងៃ​រដ្ឋប្រហារ គឺ​នៅ​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ១៩៩៧ លោក ជឿន សុវណ្ណថា បាន​បញ្ជា​ឲ្យ​កម្លាំង​កងយោធភូមិភាគ​ទី២ របស់លោក បើកការវាយប្រហារ មកលើប៉ុស្តិ៍យាមកាមគណបក្សហ្វុនស៊ិនប៉ិច ក្នុងខេត្តកំពង់ចាម បណ្តាល​ឲ្យ​ទាហាន ហ៊្វុនស៊ិនប៉ិច ម្នាក់​ស្លាប់ និង ៣​នាក់​ទៀត​រង​របួស។ ព្រឹត្តិការណ៍​នេះ កើត​ឡើង​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ នៃ​ការ​ចាប់​ខ្លួន​សមាជិក-សមាជិការ​គណបក្ស ហ៊្វុនស៊ិនប៉ិច នៅ​តាម​ភូមិ​នានា ក្នុង​ខេត្ត​កំពង់ចាម។

របាយការណ៍បន្តថា នៅ​ល្ងាច​ថ្ងៃ​ទី៤ កក្កដា ព្រហាម​ថ្ងៃ​ទី៥ កក្កដា ឆ្នាំ១៩៩៧ មន្ត្រី​គណបក្ស ហ៊្វុនស៊ិនប៉ិច ៤​រូប ដែល​កាន់​មុខ​តំណែង​សំខាន់ ក្នុង​យោធភូមិភាគ​ទី២ នេះ បាន​បាត់​ខ្លួន បន្ទាប់​ពី​បាន​ចូលរួម​កិច្ច​ប្រជុំ​មួយ​នៅ​ខេត្ត​កំពង់ចាម ដែល​ដឹក​នាំ​ដោយ​ថ្នាក់​លើ​ជា​មន្ត្រី​មក​ពី​គណបក្ស ប្រជាជន​កម្ពុជា។ អ្នក​ទាំង​បួន​នោះ រួមមាន លោក​អនុសេនីយ៍ឯក ប៊ូ សុផល ហៅ ម៉ាក់ យូគ្លីន មេ​បញ្ជាការ​រង​កង​ពល​នៃ​បញ្ជាការដ្ឋាន​កង​យោធពលភូមិភាគ អង្គរក្ស​របស់​លោក ប៊ូ សុផល ជា​ពលទោ​ឈ្មោះ យុទ្ធ យឿង, វរសេនីយត្រី ជួប ឯម មេបញ្ជាការ​រង​នៃ​តំបន់ ឆ-២ (កិច្ចការ​សម្ងាត់) និង​វរសេនីយត្រី លុច តុន មេបញ្ជាការ​រង​នៃ​តំបន់ ឆ-៣ (ប្រតិបត្តិការ​សឹក)។ ក្រោយ​ថ្ងៃ​ទី៦ កក្កដា ឬ​ព្រឹក​ថ្ងៃ​ទី៧ កក្កដា អ្នក​ទាំង ៤ ត្រូវ​បាន​គេ​ឃើញ​ដឹក​ជញ្ជូន​តាម​រថយន្ត​យោធា ក្នុង​ទិសដៅ​ឆ្ពោះ​ទៅ​ចម្ការ​កៅស៊ូ ចាន់ទួន ក្នុង​ឃុំ​ល្ងៀង ស្រុក​ត្បូងឃ្មុំ ជា​តំបន់​មួយ ដែល​គ្រប់គ្រង​ដោយ​កងវរសេនាតូច​កិច្ចការ​សម្ងាត់​របស់​គណបក្ស ប្រជាជន​កម្ពុជា នៃ​យោធភូមិភាគ​ទី២។ ក្នុង​ខែ​កញ្ញា ឆ្នាំ១៩៩៨ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ធ្វើ​ការ​គាស់​កាយ​រក​ឃើញ​សាកសព​មនុស្ស​ប្រុស​ពីរ​នាក់ ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ទី​នោះ។ សាកសព​មួយ ត្រូវ​បាន​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ កំណត់​អត្តសញ្ញាណ​ថា គឺ​ជា​សាកសព​របស់​លោក​អនុសេនីយ៍ឯក ប៊ូ សុផល និង​ម្នាក់​ទៀត ប្រហែល​ជា​សាកសព​របស់​ឈ្មោះ ជួប ឯម។

របាយការណ៍​សរសេរ​ថា ទាហាន​មក​ពី​យោធភូមិភាគ​ទី២ នៃ​កង​យោធពលខេមរភូមិន្ទ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ពេល​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ​ទី៥-៦ កក្កដា។​ ទាហាន​ខ្លះ​បាន​ចូលរួម​សហការ​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ទីស្នាក់ការ​គណបក្ស ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង និង​ជុំវិញ​ទីក្រុង​ភ្នំពេញ ខណៈ​ទាហាន​ខ្លះ​ទៀត ចូល​មក​ពង្រឹង​ទ័ព​ពី​ខាង​ក្រោយ។ នៅ​ថ្ងៃ​ទី៦ កក្កដា ទាហាន​ទាំង​នោះ បាន​កាន់កាប់​ច្រក​ចូល​សំខាន់ៗ មក​កាន់​ទីក្រុង​ភ្នំពេញ ហើយ​បន្ទាប់​មក បើក​ការ​វាយ​ប្រហារ​មក​លើ​ទីស្នាក់ការ​គណបក្ស ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​តែ​ម្តង។

ក្នុងអំឡុង​ពេល​រដ្ឋប្រហារ ទាហាន​នៃ​យោធភូមិភាគ​ទី២ នេះ ក៏​បាន​បើក​ប្រតិបត្តិការ​ទូទៅ ដើម្បី​ដក​ហូត​អាវុធ​ពី​កង​កម្លាំង​គណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុង​ខេត្ត​កំពង់ចាម ហើយ​ក្រោយ​មក ពួក​គេ បាន​ចូល​លួច​សម្ភារ​នៅ​ការិយាល័យ​គណបក្ស ហ៊្វុនស៊ិនប៉ិច ក្នុង​ខេត្ត​នេះ។ ក្នុង​ប្រតិបត្តិការ​នេះ មាន​មន្ត្រី​គណបក្ស ហ៊្វុនស៊ិនប៉ិច ជា​ច្រើន​រូប ត្រូវ​បាន​ចាប់​ខ្លួន។ នៅ​ខេត្ត​ព្រៃវែង មន្ត្រី​គណបក្ស ហ៊្វុនស៊ិនប៉ិច ជា​ច្រើន​រូប ក៏​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​យោធភូមិភាគ​ទី២ នេះ​ដែរ តែ​ក្រោយ​ពួក​គេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។

ពីរសប្តាហ៍កន្លះ ក្រោយ​រដ្ឋប្រហារ ដោយសារ​ស្នាដៃ​ដែល​លោក​បាន​ជួយ​ក្នុង​ពេល​ធ្វើ​រដ្ឋប្រហារ​នេះ លោក ជឿន សុវណ្ណថា ត្រូវបានលោក ហ៊ុន សែន តែង​តាំង​ឲ្យ​ក្លាយ​ជា​ទីប្រឹក្សា​របស់​លោក ដែល​មាន​តំណែង​ស្មើ​នឹង​អនុរដ្ឋលេខាធិការ​ក្នុង​ជួរ​រដ្ឋាភិបាល។

យោធានៃយោធភូមិភាគទី២ ក៏​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហឹង្សា​ផ្នែក​នយោបាយ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់ ខែ​កុម្ភៈ ឆ្នាំ២០០២ ដែល​ក្រុម​យោធា មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​ចំនួន ៤​នាក់។ ក្រៅ​ពី​នោះ ពួក​គេ ក៏​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​មិន​មែន​នយោបាយ រួមមាន ករណី​ឃាតកម្ម និង​បទ​ឧក្រិដ្ឋ​ដទៃ​ទៀត​ផង។

នៅថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ២០០៨ លោក ជឿន សុវណ្ណថា បាន​ទទួល​តំណែង​ស្មើ​នឹង​រដ្ឋលេខាធិការ។ របាយការណ៍​លើក​ឡើង​ថា ចាប់​តាំង​ពី​ឆ្នាំ២០០០ មក កម្លាំង​យោធា​នៃ​យោធភូមិភាគ​ទី២ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​មិន​មែន​នយោបាយ និង​អំពើ​រំលោភ​បំពាន​ដទៃ​ទៀត​ជា​ច្រើន​រាប់​មិន​អស់ រួម​មាន អំពើ​ប្លន់​ប្រដាប់​អាវុធ ឃាតកម្ម ឃាតកម្ម​គិត​ទុក្ខ​ជា​មុន ការ​វាយ​ប្រហារ ការ​គំរាម​សម្លាប់ អំពើ​ជួញ​ដូរ​មនុស្ស ករណី​ចាប់​រំលោភ ជម្រិត​ទារ​ប្រាក់ ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​ករណី​បាត់​ខ្លួន រួម​ទាំង​ការ​ច្បាម​យក​ដី ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ប្រព្រឹត្តិ​ទៅ​លើ​ក្រុម​ជន​ជាតិ​ភាគ​តិច​ជា​ដើម។

កម្លាំង​យោធា​មក​ពី​យោធភូមិភាគ​ទី២ ក្រោម​បញ្ជា​របស់​លោក ជឿន សុវណ្ណថា ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ គំរាម​កំហែង​មក​លើ​គណបក្ស សង្គ្រោះ​ជាតិ នៅ​អំឡុង​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ២០១៣ ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១៧ និង​ការ​រម្លាយ​គណបក្ស សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ២០១៧។ ជា​ឧទាហរណ៍ លោក​បាន​ដាក់​កម្លាំង​រារាំង មិន​ឲ្យ​លោក កឹម សុខា ទៅ​ប្រជុំ​ជា​មួយ​មហាជន ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ​លោក​នៅ​ខេត្ត​កំពង់ចាម ព្រមទាំង​បាន​បញ្ចេញ​កម្លាំង​កងពលតូច​លេខ​២១ ប្រដាប់​ដោយ​អាវុធ​ធន់​ធ្ងន់​គ្រប់​ដៃ ដើម្បី​រារាំង​ក្បួន​ដង្ហែ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ខេត្ត​កំពង់ចាម កាល​ពី​អំឡុង​ពាក់​កណ្តាល​ឆ្នាំ២០១៤។

បន្ថែម​ទៅ​លើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ការ​ប្រមូល​ផ្តុំ ជួប​ប្រជុំ​របស់​គណបក្ស សង្គ្រោះ​ជាតិ កម្លាំង​យោធភូមិភាគ​ទី២ របស់​លោក ក៏​បាន​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ថ្នាក់​មូលដ្ឋាន​ដទៃ​ទៀត រួម​មាន អំពើ​ច្បាម​យក​ដី​ធ្លី និង​រារាំង​មិន​ឲ្យ​ក្រុម​កម្មករ​និយោជិត​ធ្វើ​កូដកម្ម​ជា​ដើម។

នៅ​ក្រោយ​ការ​រម្លាយ​គណបក្ស សង្គ្រោះ​ជាតិ លោក ជឿន សុវណ្ណថា ក្នុង​តំណែង​ជា​មេបញ្ជាការ រួម​ទាំង​កងទ័ព​យោធភូមិភាគ​ទី២ ក្រោម​ការ​គ្រប់គ្រង​របស់​លោក បាន​ចេញ​មុខ​ប្រកាស​ជា​ចំហ​ថា នឹង​បន្ត​ការ​គាំទ្រ និង​ស្ម័គ្រ​ស្លាប់​ជាមួយ​លោក ហ៊ុន សែន។ លោក​ថែម​ទាំង​បញ្ជាក់​ជំហរ​យ៉ាង​ដាច់​ណាត់​របស់​លោក​ថា កងទ័ព​ក្រោម​បញ្ជា​របស់​លោក នឹង​គ្មាន​ថ្ងៃ​បែរ​ចុង​កាណុង​ដាក់​របប​លោក ហ៊ុន សែន​ នោះ​ឡើយ តែ​មាន​តែ​បែរ​ចុង​កាណុង​ដាក់​លោក កឹម សុខា និង​លោក សម រង្សី និង​បក្ខ​ពួក​របស់​គណបក្ស សង្គ្រោះ​ជាតិ ទៅ​វិញ​ទេ។ ការ​ប្រកាស​ជា​ចំហ​របស់​លោក ជឿន សុវណ្ណថា នេះ ធ្វើ​ឡើង​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពលខេមរភូមិន្ទ ឆ្នាំ​១៩៩៧ ដែល​ចែង​ថា យោធិន​ត្រូវ​មាន​អព្យាក្រឹតភាព​ក្នុង​មុខ​នាទី ក្នុង​សកម្មភាព​ការងារ និង​ហាម​ឃាត់​ការ​ប្រើ​មុខងារ និង​ប្រើប្រាស់​សម្ភារៈ​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​ណា​មួយ​នោះ។

មិនតែប៉ុណ្ណោះ លោក ជឿន សុវណ្ណថា ក៏​ធ្លាប់​មាន​រឿង​អាស្រូវ​ខាង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ លក់​ដី​រដ្ឋ បន្ទាយ​ទាហ៊ាន នៅ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង ក្នុង​តម្លៃ​រាប់​ម៉ឺនដុល្លារ តាម​រយៈ​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ។ លោក ត្រូវបាន សារព័ត៌មានក្នុងស្រុក បកអាក្រាតថា បានយកបន្ទាយទាហ៊ានវរៈ ២០ ក្នុង​ខេត្ត​ក្រចេះ កាង​បទ​ល្មើស​ព្រៃ​ឈើ​ឲ្យ​មេ​ឈ្មួញ ឈ្មោះ គង់ ក្រឹង ដែល​ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់​នៅ​ភូមិភាគ​ឦសាន​ប្រទេស។

បន្ថែម​ពី​លើ​នេះ កាសែត​កងទ័ព​ប្រជាជន ដែល​ជា​ស្ថាប័ន​របស់​គណៈកម្មាធិការ​បក្ស​យោធា​មជ្ឈិម​ និង​ក្រសួង​ការ​បរទេស​វៀតណាម ធ្លាប់​ចុះ​ផ្សាយ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ថា នៅ​ក្នុង​កិច្ចប្រជុំ​មួយ ស្តីពី​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​ក្នុង​ឆ្នាំ២០១៧-២០១៨ រវាង​យោធភូមិភាគ​ទី១ និង​ទី២ នៃ​កង​យោធពលខេមរភូមិន្ទ ជាមួយ​យោធភូមិភាគ​ទី៧ នៃ​កងទ័ព​ប្រជាជន​វៀតណាម កាល​ពី​ថ្ងៃ​ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី២ ក្រោម​ការ​គ្រប់គ្រង​របស់​លោក លោក ជឿន សុវណ្ណថា បាន​យល់​ព្រម​ជាមួយ​ភាគី​វៀតណាម ថា​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល ឲ្យ​អាណិកជន​វៀតណាម បាន​រស់​នៅ​ស្រប​ច្បាប់​នៅ​ក្នុង​តំបន់​ដែល​លោក​គ្រប់គ្រង​ផង​ដែរ។

លោក ទៀ បាញ់ បដិសេធ​មិន​បើក​ការ​ស៊ើប​អង្កេត​ណា​មួយ​ឡើយ​ជុំវិញ​ការ​លាត​ត្រដាង និង​ការ​រក​ឃើញ​របស់​របាយការណ៍​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លោក ជឿន សុវណ្ណថា នេះ។ លោក​បាន​ហៅ​របាយការណ៍​របស់​អង្គការ ​យូមែន រ៉យវច្ឆ ថា​មាន​បង្កប់​នូវ​មហិច្ចតា​នយោបាយ​ទុច្ចរិត ដែល​តែងតែ​រក​វិធី​ចោទ​ប្រកាន់​មក​លើ​មន្ត្រី​របស់​លោក ដែល​លោក​ថា សុទ្ធសឹង​ជា​អ្នក​បម្រើ​ជាតិ​មាតុភូមិ​កម្ពុជា​ពិត​ប្រាកដ៖ «មិន​ដឹង​ជា​ស៊ើប​អង្កេត​យ៉ាង​ណា​ទេ ! ព្រោះ​អ្នក​ទាំង​នោះ​សុទ្ធសឹង​តែ​ជា​អ្នក​មាន​រួម​ចំណែក បង្កើត​បាន​នូវ​ស្នាដៃ​ចំពោះ​ជាតិ​មាតុភូមិ​យ៉ាង​សន្ធោសន្ធៅ​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ។ ដូច្នេះ គឺ​ស៊ើប​អង្កេត​អី​ទៀត ? ស៊ើប​អង្កេត​ឯណា បើ​អស់​លោក​ដែល​ចោទ​ប្រកាន់​ទាំង​នោះ គឺ​គេ​មាន​គំនិត​ដ៏​ជាក់លាក់​របស់​គេ​ទៅ​ហើយ ? ... ហើយ​អារឿង​ចោទ​ប្រកាន់​ហ្នឹង គឺ​ថា​វា​ជា​សិទ្ធិ​របស់​អ្នក​ចោទ​ប្រកាន់ ហើយ​ជា​អ្នក​ដដែលៗ ទេ។ អ្នក​ដែល​ហៅ​ថា ជន​អគតិ ដែល​មាន​ទុច្ចរិត​ខាង​នយោបាយ។ ឥឡូវ​ហ្នឹង គឺ​គេ​ចេញ​ជា​បន្តបន្ទាប់ ឲ្យ​តែ​អ្នក​ណា ដែល​មាន​គុណូបការៈ​ចំពោះ​ប្រទេស​នេះ គឺ​គេ​សុទ្ធសឹង​តែ​ថា រំលោភ​សិទ្ធិមនុស្ស អីៗ ហូរហែ​រហូត​មក​តែ​អ៊ីចឹង ធម្មតា​រហូត​មក។ ព្រោះ​អី​ទុច្ចរិត​នយោបាយ​របស់​អ្នក​ខ្លះ​គឺ​អ៊ីចឹង ដើម្បី​គេ​បាន​ផល​ប្រយោជន៍ ដើម្បី​គេ​ទាក់ទាញ​ជំនឿ​ទុក​ចិត្ត ... ឲ្យ​អំពើ​ទុច្ចរិត​របស់​គេ​ហ្នឹង​ក្លាយ​ជា​ការ​ពិត។ ឥឡូវ​នេះ ថ្មីៗ នេះ គេ​ចោទ ១២​នាក់។ មុន​នឹង​គេ​ចោទ​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ... បន្តិច​ទៀត គេ​នឹង​ចោទ​បន្តបន្ទាប់​ទៀត។ ធម្មតា​របស់​គេ​ហើយ គឺ​គេ​ចោទ​រហូត​បន្ត​មក !»។

លោក ទៀ បាញ់ មិនមែន​ជា​មនុស្ស​ម្នាក់​ក្នុង​ជួរ​របប​លោក ហ៊ុន សែន ដែល​តែងតែ​ចេញ​មុខ​បដិសេធ និង​មក​កាង​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន មិន​ឲ្យ​មាន​ការ​បើក​ការ​ស៊ើប​អង្កេត​ណា​មួយ​នោះ​ឡើយ។ ចៅហ្វាយ​នាយ​របស់​លោក គឺ​លោក ហ៊ុន សែន ធ្លាប់​មាន​ប្រតិកម្ម​ឌឺដង​មិន​តិច​ដង​ទេ​ទៅ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​បញ្ជាក់​ថា កម្ពុជា​នឹង​មិន​ខ្ចី​បើក​ការ​ស៊ើប​អង្កេត​ណា​មួយ​ទៅ​លើ​ឧត្តមសេនីយ៍​ទាំង​នោះ​ទេ ព្រោះ​កម្ពុជា​ជា​រដ្ឋអធិបតេយ្យ ដែល​មិន​ត្រូវ​ធ្វើ​តាម​ការ​ចង្អុល​បង្ហាញ​របស់​បរទេស​នោះ​ឡើយ៖ «អ៊ីចឹង​អ្នក​ឯង​ដាក់​ត្រឹម ១២​នាក់ វា​មិន​គ្រប់​នោះ​ទេ ... ។ ដាក់​ឲ្យ​វា​លើស​ពី​ហ្នឹង ! កែវ ពង្ស អី​ក៏​មិន​រួច​ខ្លួន ស៊ូ គឹមស៊ុន អី​ក៏​មិន​រួច​ខ្លួន​ដែរ ... ព្រោះ​អ្នក​ឯង​ការពារ​រដ្ឋាភិបាល​អី​ដែរ​តើ ...! អ៊ីចឹង​សូម​ផ្តាំ​ទៅ ហើយ​សូម​កុំ​ភ្លេច​ណា ប្រទេស​កម្ពុជា មិន​នៅ​ក្រោម​ឥទ្ធិពល​ច្បាប់​របស់​អ្នក​ឯង​ទាំង​អស់។ មាន​អា​ជើង​ខ្លាំង​ណា​មួយ ចេញ​មក​វិភាគ​ថា ឲ្យ​អគ្គ​រដ្ឋអាជ្ញា ព្រះរាជ​អាជ្ញា​ធ្វើ​ការ​ស៊ើបអង្កេត ... ។ គ្មាន​ធ្វើ​ការ​ស៊ើប​អង្កេត​អី​ទេ អ្នក​ឯង​ចោទ​ពី​ខាង​ក្រៅ អត់​មាន​ធ្វើ​ការ​ស៊ើប​អង្កេត​អី​ទេ ... បើ​ប្រជាជន​កម្ពុជា​ប្តឹង​ទៅ​លើ​បុគ្គល​ណា​ម្នាក់ អា​ហ្នឹង​យើង​ពិត​ជា​ហ្នឹង​ឆ្លង​កាត់​ផ្លូវ​តុលាការ ឲ្យ​កាត់​ក្តី​ទៅ​តាម​ផ្លូវ​តុលាការ។ ប៉ុន្តែ​អ្នក​ឯង​ជា​ជន​បរទេស មក​ចង្អុល​ជន​ជាតិ​របស់​ខ្ញុំ ខុស​អ៊ីចេះ ខុស​អ៊ីចុះ ទៅ​អ្នក​ឯង​ចង្អុល​ប្រធានាធិបតី​អ្នក​ឯង​ទៅ ... កុំ​មក​ចង្អុល​អ្នក​ដឹក​នាំ​ខ្មែរ។ រឿង​មេទ័ព​ខ្មែរ មេ​ប៉ូលិស​ខ្មែរ មេ​ប៉េអឹម​ខ្មែរ កុំ​មក​ចង្អុល។ គ្មាន​សិទ្ធិ​ទេ !»។

លោក ប៊្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រាប់​អាស៊ីសេរី កាល​ពី​ពេល​ថ្មីៗ នេះ​ថា ដោយសារ​តែ​ការ​ជាប់​ជំពាក់​​របស់​ឧត្ដមសេនីយ៍​ទាំង​ ១២រូប​នោះ​ទៅ​នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​​នេះ របាយការណ៍​នេះ នឹង​ក្លាយ​ជា​កំណត់​ត្រា និង​ឯកសារ​ដាក់​បន្ទុក​បន្ថែម​ទៀត​ចំពោះ​អ្នក​ទាំង​នោះ ដែល​អាច​ធ្វើ​ឲ្យ​សំណុំ​រឿង​បទ​ឧក្រិដ្ឋ​របស់​ពួក​គេ ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ យក​ទៅ​ពិចារណា​កាត់​ទោស​នៅ​ថ្ងៃ​ណា​មួយ​នា​ពេល​អនាគត​ជាក់​ជា​មិន​ខាន។

លោក ប្រ៊ែដ អាដាម សង្កត់​ធ្ងន់ៗ ថា៖ « ប្រសិន​បើ​គេ​ពិនិត្យ​មើល​លក្ខន្តិកៈ​ ទី​ក្រុង​រ៉ូម ដែល​ជា​ច្បាប់​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ រាល់​បទឧក្រិដ្ឋ​នានា​ដែល​ក្រុម​នាយ​ឧត្ដមសេនីយ៍​ទាំង​នោះ​បាន​ប្រព្រឹត្ត គឺ​ពិត​ជា​មាន​ចែង​នៅ​ក្នុង​នោះ។ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ខកខាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​មិន​កាត់​ទោស​ក្រុម​បុគ្គល​ទាំង​នោះ ឲ្យ​មក​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់ ក៏​រាប់បញ្ចូល​ជា​បទ​ល្មើស​​នោះ​ដែរ ពី​ព្រោះ​ថា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​កោះ​ហៅ​រដ្ឋាភិបាល​ទាំង​ឡាយ​ណា ដែល​មាន​ចេតនា ឬ​មិន​មាន​បំណង​យក​អ្នក​ដែល​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ទាំង​នោះ មក​ទទួល​ខុស​ត្រូវ »

លោក ប្រ៊ែដ អាដាម ថា របប​លោក ហ៊ុន សែន បាន​សម្ដែង​ឲ្យ​គេ​ឯង​ឃើញ​យ៉ាង​ច្បាស់​ថា ខ្លួន​មិន​អាច ហើយ​មិន​មាន​បំណង​បើក​ការ​ស៊ើប​អង្កេត​ណា​មួយ​នោះ​ឡើយ។ លោក​ថា គេ​អាច​មើល​ឃើញ​ថា គ្មាន​មន្ត្រី​ណា​ម្នាក់​​នៃ​ក្រុម​នាយ​ឧត្ដមសេនីយ៍​ទាំង​នោះ ត្រូវ​បាន​គេ​កោះ​ហៅ​ឲ្យ​ចេញ​មក​ទទួល​ខុស​ត្រូវ​ឡើយ បើ​ទោះ​បី​ជា​ភស្តុតាង​បាន​បង្ហាញ​យ៉ាង​ច្បាស់ ១០០​ភាគ​រយ​ក៏​ដោយ។ ជាក់​ស្ដែង ដូច​ករណី​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ​ជា​ដើម។ លោក​បន្ត​អះអាង​ថា បើ​ទោះ​បី​ជា​លោក​មិន​គិត​ថា ពួក​គេ​នឹង​ត្រូវ​តុលាការ​នេះ​កោះ​ហៅ​នា​ពេល​ឆាប់ៗ ​ខាង​មុខ​ក៏​ដោយ ក៏​ប៉ុន្តែ​លោក​រំពឹង​ថា ថ្ងៃ​ណា​មួយ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នឹង​មក​គោះ​ទ្វារ​ផ្ទះ​លោក ហ៊ុន សែន និង​មន្ត្រី​បរិវារ​របស់​លោក​ទាំង​នោះ ដើម្បី​យក​អ្នក​ទាំង​នោះ​ទៅ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។