កម្ពុជា​ឆ្លើយតប​នឹង អ.ស.ប ថា ការ​តាំង​ទី​លំនៅឋាន​ថ្មី​របស់​ពលរដ្ឋ​នៅ​តំបន់​អង្គរ ​គឺ​ជា​ការ​ស្ម័គ្រចិត្ត

0:00 / 0:00

តំណាង​រដ្ឋាភិបាល​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធ​បញ្ហា​បណ្ដេញ​ពលរដ្ឋ​នៅ​តំបន់​អង្គរ​ប្រមាណ​៤ម៉ឺននាក់ (៤០.០០០) ចេញ​ទាំង​បង្ខំ​ ដោយ​អះអាង​ថា ជា​ការ​បំភ្លៃ​ព័ត៌មាន និង​គ្មាន​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​អង្គរ​ឡើយ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ទទួលយក​ចំណុច​ខ្វះខាត ដើម្បី​កែលំអ​ប្រសើរ​ជាង​ឆ្លើយតប​បដិសេធ​ទាំង​គ្មាន​ភស្តុតាង​ច្បាស់លាស់។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​ការិយាល័យ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ចាត់​ទុក​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស អ.ស.ប ដែល​ជំរុញ​ឱ្យ​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​នៅ​តំបន់​អង្គរ​តាម​អំពើ​ចិត្ត ថា​គឺជា​ការ​បំភ័ន្ត ប្រាសចាក​ពី​ការ​ពិត និង​គ្មាន​ការ​ទទួល​ខុសត្រូវ។

តំណាង​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ បាន​ចេញ​ សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃទី១៩ ខែធ្នូច្រាន​ចោល​ទាំងស្រុង​ជុំវិញ​ការ​លើកឡើង​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស អ.ស.ប កាល​ពី​ពេល​ថ្មីៗ នេះ ដោយ​ការពារ​រដ្ឋាភិបាល​កម្ពុជា​ថា ការ​ផ្លាស់ប្ដូរ​ទី​លំនៅឋាន​ថ្មី​របស់​ពលរដ្ឋ នៅ​តំបន់​អង្គរ​ទៅ​តំបន់​រុនតាឯក និង​តំបន់​ពាក់ស្នែង​ជា​ការ​ស្ម័គ្រ​ចិត្ត​ដើម្បី​ជីវភាព​រស់នៅ​សមរម្យ ពុំ​មាន​ការ​បង្ខិតបង្ខំ ការ​យាយី ឬ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ឡើយ។ លើស​ពី​នេះ តំណាង​កម្ពុជា​ប្រចាំ អ.ស.ប បាន​បដិសេធ​ថា នៅ​តំបន់​អង្គរ​គ្មាន​ជនជាតិ​ដើម​ភាគតិច​នោះ​ទេ ហើយ​រដ្ឋាភិបាល​បាន​ផ្ដល់​សំណង​សមរម្យ និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ពលរដ្ឋ ដែល​តាំង​ទី​លំនៅ​ឋាន​ថ្មី​ផង​ដែរ។

ការ​ឆ្លើយតប​របស់​តំណាង​កម្ពុជា​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស អ.ស.ប ៥រូប ក្នុង​នោះ​រួមមាន​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​លំនៅឋាន​សមរម្យ បាន​ចេញ​ សេចក្ដី​ថ្លែង​ការណ៍ កាល​ពី​ថ្ងៃ​ទី១៣ ខែធ្នូ បារម្ភ​អំពី​ការ​តាំង​លំនៅ​ថ្មី​របស់​ពលរដ្ឋ​ប្រមាណ ៤ម៉ឺន​នាក់ (៤០.០០០) រួម​ទាំង​ជនជាតិ​ដើម​ភាគ​តិច នៅ​តំបន់​អង្គរ ដោយសារ​រដ្ឋាភិបាល​បណ្ដេញ​ពួក​គាត់​ចេញពី​ផ្ទះសម្បែង និង​ដីធ្លី​ទាំង​បង្ខំ​ឱ្យ​ទៅ​រស់នៅ​តំបន់​ដាច់​ស្រយាល។ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស អ.ស.ប ទាំង​នោះ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​តាម​អំពើ​ចិត្ត និង​បាន​ជំរុញ​ឱ្យ​ប្រទេស​ជា​សមាជិក ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា។

ទាក់ទង​រឿង​នេះ ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គរ ដែល​ទៅ​តាំងទី​លំនៅ​ថ្មី​ក្នុង​តំបន់​រុន​តាឯក​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២០ ខែធ្នូ ថា ការ​លើក​ឡើង​របស់​តំណាង​រដ្ឋាភិបាល​ដោយ​អះអាង​ថា គិតគូរ​ពី​ជីវភាព​របស់​ពលរដ្ឋ គឺ​ជា​រឿង​មិន​ពិត ពីព្រោះ​រដ្ឋាភិបាល​តែង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​ពលរដ្ឋ និង​មិន​បាន​ផ្ដល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ​ឡើយ។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​បង្ខំ​ឱ្យ​ពលរដ្ឋ​មក​រស់នៅ​ទីតាំង​ថ្មី​មក រដ្ឋាភិបាល​បាន​ផ្ដល់​លុយ​ឱ្យ​ពលរដ្ឋ​ជាង ២លាន​រៀល​តែ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ប្រឈម​នឹង​ជីវភាព​ខ្វះខាត និង​ខ្លះ​ទៀត​ចំណាក​ស្រុក​ដើម្បី​រក​លុយ​ចិញ្ចឹម​ក្រពះ។

ពលរដ្ឋ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ៖«អត់​មាន​មួយ​ខ្នង​ផ្ទះ​ក៏​អត់​មាន​អ្វីៗ គឺ​ត្រូវ​រាប់​រង​ខ្លួន​ឯង​ទាំង​អស់​ថា សប្បុរសជន​ណា​គាត់​ចិត្ត​គាត់​ចុះ​ជួយ​ទៅ ក៏​បាន​ទៅ។ ប៉ុន្តែ អ្នក​ខ្លះ​អត់ ក៏​ត្រូវ​បាំង​តង់ ក៏​បាំង​តង់​ទៅ​អ្នក​ខ្លះ​មាន​ផ្ទះ​ចាស់ ដែល​អាច​យក​មក​ធ្វើ​បាន ក៏​ឈើ​នៅ​សេស​ប៉ុណ្ណឹង ក៏​ធ្វើ​ប៉ុណ្ណឹង​ទៅ»។

កាល​ពី​ថ្ងៃ​ទី១៦ ខែធ្នូ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ឆ្លើយ​តប​នឹង​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស អ.ស.ប ម្ដង​រួច​មក​ហើយ​ដោយ​អះអាង​ថា អាជ្ញាធរ​ជាតិ​អប្សរ តែង​បំពេញ​កិច្ច​ការងារ​លើក​កម្ពស់ និង​គោរព​សិទ្ធិ​មនុស្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រស់នៅ​របស់​ពលរដ្ឋ​ចំនួន ១១២ភូមិ ដែល​បាន​មក​តាំង​លំនៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។

ជុំវិញ​រឿង​នេះ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc)លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា ចំពោះ​ក្ដី​បារម្ភ​របស់​អង្គការ​អន្តរជាតិ ពីព្រោះ​ការ​ឆ្លើយតប​ដោយ​គ្មាន​មូលដ្ឋាន គឺ​មិន​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​ពលរដ្ឋ​ឡើយ។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​ស៊ើបអង្កេត​ករណី​បណ្ដេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ​នេះ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឱ្យ​បាន​សមរម្យ។

លោក យិន ម៉េងលី៖«ធ្វើ​ការ​ចុះ​អធិការកិច្ច១​ទៅ​ជួប​ប្រជាពលរដ្ឋ​តែ​ធ្វើ​ម៉េច​ឱ្យ​ឯករាជ្យ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​រក​មើល​ថា ពិត​ឬ​មិន​ពិត។ ប្រសិនបើ​បញ្ហា​កើត​ឡើង​ហើយ​យើង​មិន​ដោះ​ស្រាយ​បញ្ហា​នេះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ឆ្នាំ២០២៥ ឆ្នាំ២០២៦ វា​នៅ​តែ​ជា​បញ្ហា​ដដែល។ អ៊ីចឹង ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ចុះ​ធ្វើ​អធិការកិច្ច​គាត់​ចុះ​ធ្វើ​ការ​ស្ទាបស្ទង់​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ»។

ការ​ឆ្លើយតប​រុញ​ដាក់​គ្នា និង​ដោះសា​យក​រួច​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ពីព្រោះ​កាល​ពី​ឆ្នាំ២០២២ កន្លងទៅ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​បណ្ដេញ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អប្សរា​ប្រមាណ ៦ពាន់​គ្រួសារ ដោយ​បង្ខំ​ឱ្យ​ទៅ​រស់នៅ​តំបន់​រុន​តាឯក ក្រោម​លេស​ថា ដើម្បី​បញ្ចៀស​កុំ​ឱ្យ​អង្គការ​យូណេស្កូ (UNESCO) ដក​តំបន់​អង្គរ​ចេញពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ផ្ទុយ​ពី​ការ​អះអាង​នេះ អង្គការ​យូណេស្កូ ធ្លាប់​បាន​ពន្យល់​យ៉ាង​ច្បាស់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា តំបន់​អង្គរ​មិន​មែន​គ្រាន់តែ​ជា​តំបន់​បេតិកភណ្ឌ​ប៉ុណ្ណោះ​ទេ តែ​ជា​តំបន់​ដែល​មាន​ជីវិត​រស់​រវើក។ អង្គការ​នេះ គូស​បញ្ជាក់​ថា វត្តមាន​របស់​ម្ចាស់​អង្គរ​នៅ​ទីនោះ​ស្រាប់ គឺ​ជា​ហេតុផល​ដ៏​ចម្បង​មួយ ដែល​នាំ​ឱ្យ​ខ្លួន​សម្រេច​ចិត្ត​ដាក់​បញ្ចូល​តំបន់​អង្គរ​ទាំងមូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ កាល​ពី​ឆ្នាំ១៩៩២។

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ជីវភាព​របស់​ពលរដ្ឋ​រស់នៅ​តំបន់​រុន​តាឯក និង​តំបន់​ពាក់​ស្នែង ដោយសារតែ​ការ​ដោះដូរ​ឱ្យ​ពួកគាត់​ទៅ​រស់នៅ​ទីតាំង​ថ្មី គឺ​មិន​បាន​ធ្វើ​ឱ្យ​ពួក​គាត់​រស់នៅ​ស្ថានភាព​ល្អ​ប្រសើរ​ឡើយ ពោល​គឺ​នៅ​តំបន់​រុនតាឯក គឺជា​ដាច់​ស្រយាល ហើយ​ប្រព័ន្ធ​រំដោះ​ទឹក អគ្គិសនី ផ្លូវថ្នល់ ក៏​មិន​ទាន់​មាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។