អាជ្ញាធរខ្មែរថា រដ្ឋាភិបាលកម្ពុជា និងស្ថានទូតឥណ្ឌាបានធ្វើការជាមួយគ្នាដិតដល់ ដើម្បីជួយសង្គ្រោះជនជាតិឥណ្ឌាដែលរងគ្រោះពីការឆបោកតាមអនឡាញ។ ទោះជាយ៉ាងណាមន្ត្រីសិទ្ធិមនុស្សថា អាជ្ញាធរត្រូវតែពន្លឿនក្នុងការជួយសង្គ្រោះ ព្រមទាំងចាត់វិធានការច្បាប់ម៉ឺងម៉ាត់ ដើម្បីបង្ក្រាបទៅលើមេក្លោង និងទីតាំងទីតាំងប្រើប្រាស់សម្រាប់ការឆបោកផងដែរ។
អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែឧសភាថា កន្លងមកឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អ្នកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានជួបគ្នាជាច្រើនដង ដើម្បីធ្វើការរួមគ្នាក្នុងការជួយសង្គ្រោះជនជាតិឥណ្ឌា ដែលត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមអនឡាញនៅកម្ពុជា។ លោក ទូច សុឃៈ ថា ការចេញសេចក្ដីថ្លែងការណ៍របស់ស្ថានទូតឥណ្ឌាឱ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នក្នុងការស្វែងរកការងារនៅប្រទេសកម្ពុជានោះ គឺជារឿងធម្មតាក្នុងនាមជារដ្ឋាភិបាលនៃប្រទេសមួយ ដើម្បីជួយពលរដ្ឋរបស់ខ្លួន។
ទោះជាយ៉ាងណាក្ដី លោកថា កម្ពុជាក៏ជាប្រទេសរងគ្រោះមួយនៅក្នុងតំបន់ដោយសារបទល្មើសបច្ចេកវិទ្យា។
លោក ទូច សុឃៈ៖«យើងអាចនិយាយបានថា កម្ពុជាគឺជាប្រទេសមួយរងគ្រោះ ហើយយើងមានឆន្ទៈនៅក្នុងការបោសសំអាត គ្រាន់តែថា ការបោសសំអាតរបស់យើង យើងត្រូវការស៊ើបអង្កេតឱ្យបានដិតដល់ដើម្បីកំណត់សញ្ញាណ គោលដៅ ឬក៏ទីតាំងរបស់ក្រុមជនល្មើស ព្រោះក្រុមជនល្មើសចង់មិនចង់គេលបលួចបើកមិនឱ្យសមត្ថកិច្ចបានដឹង មានន័យថាគេព្យាយាមមិនឱ្យសមត្ថកិច្ចស៊ើបអង្កេត»។
ស្ថានទូតឥណ្ឌានៅប្រទេសកម្ពុជាបានចេញសេចក្ដីជូនដំណឹងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះទៅកាន់ជនជាតិឥណ្ឌា ដែលរស់នៅ ឬមានបំណងមកធ្វើការនៅប្រទេសកម្ពុជា ឱ្យមានការប្រុងប្រយ័ត្នក្នុងការស្វែងរកប្រភពការងារត្រឹមត្រូវដើម្បីជៀសផុតពីការកុហកបោកប្រាស់ដែលផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេស ឱ្យទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ជាប់ព្រំដែនកម្ពុជា ឡាវ និងវៀតណាមជាដើម។ គិតត្រឹមថ្ងៃទី២២ ខែឧសភា មានជនជាតិឥណ្ឌាជាង ៣៦០នាក់ ត្រូវបានជួយសង្គ្រោះឱ្យត្រឡប់ទៅប្រទេសកំណើតវិញ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា អាជ្ញាធរកម្ពុជាគួរតែពន្លឿនក្នុងការជួយសង្គ្រោះទាំងជនជាតិឥណ្ឌា និងជនជាតិផ្សេងៗ ដើម្បីបញ្ជូនពួកគាត់ទៅប្រទេសកំណើតវិញ។ ទន្ទឹមនឹងនេះ លោក នី សុខា ថា អាជ្ញាធរត្រូវតែចាត់វិធានការច្បាប់ម៉ឺងម៉ាត់ ដើម្បីបង្ក្រាបទៅលើមេក្លោង និងទីតាំងនានា ដើម្បីលុបបំបាត់ករណីជួញដូរមនុស្ស ករណីឆបោក នៅប្រទេសកម្ពុជាតទៅទៀត។
លោក នី សុខា៖«នៅលើទឹកដីរបស់យើង យើងត្រូវតែធានាគ្រប់ប្រជាពលរដ្ឋទាំងអស់ ធានាអំពីសុវត្ថិភាព អំពីបញ្ហាសន្តិសុខ អំពីអីហ្នឹង ហើយប្រសិនបើករណីហ្នឹងមិនបានឆ្លើយតបឱ្យបានត្រឹមត្រូវ ឱ្យបានជាវិជ្ជមាន ដើម្បីរក្សាសុវត្ថិភាពឱ្យមានការទុកចិត្តទេ វាអាចធ្វើឱ្យជះឥទ្ធិពលមិនល្អសម្រាប់បញ្ហាសន្តិសុខរបស់ប្រទេសយើងដែរ»។
ស្ថានទូតឥណ្ឌាឱ្យដឹងថា ពួកគេកំពុងទាក់ទងជាមួយជនជាតិឥណ្ឌាជាច្រើននាក់ ដែលត្រូវបានជម្លៀសជាបន្តបន្ទាប់ពីកន្លែងមួយឈ្មោះថា ក្រោយធ្លាប់ជាប់ឃុំឃាំងនៅកន្លែងមួយដែលមានឈ្មោះថា ជីនប៉ី ៤ (Jinbei-4) កាលពីថ្ងៃទី ២០ ខែឧសភា។
កន្លងទៅអត្ថបទស៊ើបអង្កេតរបស់វិទ្យុអាស៊ីសេរីរកឃើញថា ក្រុមហ៊ុន ជីនប៉ី (Jinbei Cambodia Investment Co. Ltd.) ដែលជាការធ្វើអាជីវកម្មរួមគ្នា រវាងឈ្មួញជនជាតិចិន លោក ចេន ហ្ស៊ី និងលោក ស សុខា ត្រូវបានរម្លាយចោលនៅឆ្នាំ២០២១ តែវាគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន ៥ដាក់ឈ្មោះ ជីនប៉ី ដែលត្រូវបានបង្កើតឡើងដោយលោក ចេន ហ្ស៊ី និងនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ដទៃទៀត។ នេះបើយោងតាមទិន្នន័យចុះបញ្ជីអាជីវកម្មនៅកម្ពុជា។ ក្រុមហ៊ុនទាំងនេះរួមគ្នាបង្កើតបានជាសម្ព័ន្ធក្រុមហ៊ុន ជីនប៉ី គ្រូប (Jinbei Group) ដែលវ៉ឹបសៃថ៍ (Web site) របស់សម្ព័ន្ធក្រុមហ៊ុននេះអះអាងថាមានទឹកប្រាក់វិនិយោគ ៣០០លានដុល្លារ ក្នុងវិស័យទេសចរណ៍នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។