អង្គការឃ្លាំមើលសេរីភាពពិភពលោក រកឃើញថា រដ្ឋាភិបាលកម្ពុជាគាបសង្កត់សិទ្ធិពលរដ្ឋឆ្លងដែនជាងគេនៅលើពិភពលោក ក្នុងឆ្នាំ២០២៣

ដោយ យ៉ង ចាន់តារា
2024.02.18
អង្គការឃ្លាំមើលសេរីភាពពិភពលោក រកឃើញថា រដ្ឋាភិបាលកម្ពុជាគាបសង្កត់សិទ្ធិពលរដ្ឋឆ្លងដែនជាងគេនៅលើពិភពលោក ក្នុងឆ្នាំ២០២៣ រូបថ្លុកបង្ហាញពីផលប៉ះពាល់នៃការឃុំឃាំងអ្នកទោសនយោបាយ គ្រួសារពួកគេ និងផលវិបាកនៃការបាត់បង់សិទ្ធិពលរដ្ឋរបស់ពួកគេ។
រូប៖ គេហទំព័រ Freedom House

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភព​លោក (Freedom House) រក​ឃើញ​ថា កម្ពុជា​គឺជា​ប្រទេស​គាប​សង្កត់​សិទ្ធិពលរដ្ឋ នៅ​ក្រៅ​ប្រទេស​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​លើ​ពិភពលោក ក្នុង​ឆ្នាំ២០២៣។ អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ពាក់ព័ន្ធ​អំពើ​ហិង្សា ឬ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​បរទេស​នោះ​ឡើយ ខណៈ​អ្នក​ឃ្លាំមើល​កម្ពុជា​យល់​ឃើញ​ថា ការ​រក​ឃើញ​របស់ Freedom House នេះ​នឹង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បរទេស បង្កើត​យន្តការ​ការពារ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រង​ការ​គំរាមកំហែង​ពី​រដ្ឋាភិបាល​កម្ពុជា។

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក ( Freedom House) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រព្រឹត្ត​អំពើ​គាប​សង្កត់​សិទ្ធិមនុស្ស​ឆ្លង​ដែន​យ៉ាង​ហោច​ណាស់​ចំនួន ១៥លើក ដោយ​ក្នុង​នោះ​មាន​ករណី​មួយ​ដែល​សកម្មជន​ខ្មែរ ៤នាក់ ត្រូវ​បាន​រង​អំពើ​ហិង្សា​លើ​រូបរាង​កាយ​នៅ​ប្រទេស​ថៃ ខណៈ​រដ្ឋាភិបាល​ជាប់​ព្រំដែន​កម្ពុជា​មួយ​នេះ បាន​ឃុំ​ខ្លួន​សកម្មជន​៨នាក់​ផ្សេង​ទៀត កាល​ពី​ឆ្នាំ​២០២៣។

របាយ​ការណ៍​បាន​សង្កត់​ធ្ងន់​ថា កម្ពុជា​គឺជា​ប្រទេស​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ដែល​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ធ្ងន់ធ្ងរ​ជាង​គេ ក្នុង​ចំណោម​ប្រទេស​នៅ​លើ​ពិភព ដែល​រួម​មាន ប្រទេស​រុស្សី (Russia) ប្រទេស​ចិន (China) និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) ជាដើម​។

ប្រធាន​អង្គការ ឃ្លាំមើល​សេរីភាព​ពិភព​លោក (Freedom House) លោក ម៉ាយឃើល ជេ អាប្រាម៉ូវិច (​Michael J. Abramowitz​) បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​ឆ្លង​ដែន បង្ហាញ​ពី​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ ហើយ​លោក​បាន​ស្នើ​ឱ្យ​សង្គម​ដែល​ប្រកាន់​ប្រជាធិបតេយ្យ​ត្រូវ​តែ​ធ្វើ​ការ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ជា​បន្ទាន់។ លោក​បន្ត​ថា លោក​មិន​អាច​ទទួល​យក​ពិភពលោក​មួយ ដែល​គ្មាន​កន្លែង​ទី​សំចត​សុវត្ថិភាព​សម្រាប់​អ្នក​កាសែត សកម្មជន និង​អ្នក​រិះគន់​របប​គាប​សង្កត់​សិទ្ធិមនុស្ស​នោះ​ឡើយ។

លោក ម៉ាយឃើល ជេ អាប្រាម៉ូវិច បញ្ជាក់​បន្ថែម​ថា ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នក​ប្រឆាំង ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន នៅ​ក្រៅ​ប្រទេស​ពី​សំណាក់​អ្នក​ដឹកនាំ​ផ្ដាច់​ការ នឹង​មិន​អាច​បញ្ចប់​បាន​នោះ​ឡើយ ដូច្នេះ​លោក​អំពាវនាវ​ឱ្យ បណ្ដា​ប្រទេស​នាំមុខ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​តែ​ការពារ​អធិបតេយ្យភាព និង​តម្លៃ​ជា​មូលដ្ឋាន​របស់​ពួកគេ​ឱ្យ​បាន​ឆាប់ៗ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន លើក​ឡើង​ថា ការ​រក​ឃើញ​របស់ Freedom House  មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ឡើយ។ លោក​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ពាក់ព័ន្ធ​ការ​ឃុំខ្លួន ឬ​អំពើ​ហិង្សា​ដែល​កើត​មាន​ឡើង​លើ​អ្នក​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

លោក សុខ ឥសាន​៖ «​យើង​គ្មាន​សិទ្ធិ​អី​ទៅ​ធ្វើ​ជា​អំពើ​ហិង្សា ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​បាន​ទេ ពី​ព្រោះ​វា​ស្ថិត​នៅ​ក្នុង​អធិបតេយ្យភាព​របស់​ប្រទេស​គេ ហើយ​បើ​យើង​ធ្វើ​ផ្ដេសផ្ដាស ប្រទេស​គេ​មក​រក​រឿង អ៊ីចឹង​មិន​ដែល​មាន​ប្រទេស​ណា​ដូច​ជា​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី ប្រទេស​សិង្ហបុរី ឬ​ប្រទេស​ឥណ្ឌូនេស៊ី​អី មាន​ប្រតិកម្ម​អី​មក​លើ​សមត្ថកិច្ច​កម្ពុជា​នោះ​ទេ ព្រោះ​អី​យើង​គោរព​អធិបតេយ្យ​ភាព​របស់​គេ»។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក សុខ ឥសាន នេះ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹម​តែ​គំរាម​កំហែង​សកម្មជន​នយោបាយ និង​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​គំរាម​កំហែង​រហូត​ដល់​ប្រទេស​នាំមុខ​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​ចំនួន​រួម​មាន សហរដ្ឋអាមេរិក (United States) ប្រទេស​អូស្ត្រាលី (Australia) ប្រទេស​កូរ៉េខាងត្បូង (South Korea) និង​ប្រទេស​ជប៉ុន (Japan) ជាដើម​ទៀត​ផង។

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត មាន​ប្រសាសន៍​ថា ការ​រក​ឃើញ​របស់​អង្គការ Freedom House នេះ មាន​សារៈសំខាន់ ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​នាំមុខ​លទ្ធិប្រជាធិបតេយ្យ ការពារ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅ​តែ​បន្ត​រង​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល​ផ្ដាច់​ការ​របស់​គ្រួសារ​ត្រកូល​ហ៊ុន។ លោក​បន្ត​ថា ការ​គំរាម​កំហែង​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិន​ត្រឹម​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជា​នោះ​ទេ ជាក់​ស្ដែង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​គំរាម​កំហែង​លោក​ផង​ដែរ។

លោក ម៉ែន ណាត៖ «របាយការណ៍​របស់ Freedom House វា​មាន​ឥទ្ធិពល​ទៅ​លើ​រដ្ឋសភា​របស់​សហរដ្ឋអាមេរិក រដ្ឋាភិបាល​សហរដ្ឋអាមេរិក ហើយ​និង​មាន​ឥទ្ធិពល​ដែរ​ទៅ​លើ​ពួក​ប្រទេស​សម្ព័ន្ធមិត្ត។ កាល​ពី​ថ្ងៃ​ទី១៥ កុម្ភៈ​មុន​នេះ រដ្ឋាភិបាល​អាមេរិក​គេ​កំពុង​គិត​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់ ពាក់ព័ន្ធ​នឹង​ការ​គំរាមកំហែង​ឆ្លង​ដែន​ហ្នឹង​ដែរ»។

ក្រៅ​ពី​រក​ឃើញ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​នៅ​ក្រៅ​ប្រទេស​ហើយ​នោះ អង្គការ Freedom House ក៏​បាន​ផ្ដល់​អនុសាសន៍​ប្រទេស​ផ្ដល់​សិទ្ធិ​ជន​ភៀស​ខ្លួន​ស្នាក់​នៅ អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​នានា និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ធិចណូឡូជី  គួរ​បង្កើន​ថវិកា​ការពារ​សុវត្ថិភាព និង​គាំពារ​ជន​ភៀសខ្លួន និង​ទប់​ស្កាត់​កុំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​សាមី មាន​ឥទ្ធិពល​លើ​ប្រទេស​ដែល​ជន​ភៀសខ្លួន​កំពុង​ស្នាក់​នៅ ឬ​បញ្ជូន​ជន​ភៀសខ្លួន​ទៅ​ប្រទេស​កំណើត​វិញ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។