សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ៥ តុលា នៅទីលានប្រជាធិបតេយ្យ ក្រោមប្រធានបទ «សេរីភាពសមាគម»។ ការប្រារព្ធទិវានេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមាគមគ្រូយកទីលានប្រជាធិបតេយ្យរៀបចំពិធី ប៉ុន្តែមិនអនុញ្ញាតឲ្យដង្ហែញត្តិនោះទេ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី៣០ កញ្ញា បានចេញលិខិតអំពាវនាវដល់សមាជិក សមាជិកា អ្នកគ្រូលោកគ្រូ មន្ត្រីរាជការ អាណាព្យាបាលសិស្ស និងមន្ត្រីសង្គមស៊ីវិល ចូលរួមទិវាគ្រូបង្រៀននៅថ្ងៃទី៥ តុលា ខាងមុខនេះ នៅទីលានប្រជាធិបតេយ្យ និងដាក់ញត្តិជូនទៅក្រសួងអប់រំយុវជន និងកីឡា ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភាជាតិ ដើម្បីលើកកម្ពស់សេរីភាពសមាគម និងកែលម្អកម្រិតស្ថានភាពជីវភាពគ្រូបង្រៀន។
សេចក្ដីអំពាវនាវនេះធ្វើឡើង ក្រោយពីសមាគមបានឯកភាព តាមសំណើរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលស្នើសុំឲ្យរៀបចំពិធីនៅទីលានប្រជាធិបតេយ្យ នៅខណ្ឌឫស្សីកែវ ដោយមិនមានការដង្ហែក្បួននោះទេ ហើយនឹងសម្របសម្រួលស្ថាប័នពាក់ព័ន្ធមកទទួលញត្តិនៅទីតាំងប្រារព្ធពិធី ដោយយោងតាមស្ថានភាពកកស្ទះចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ។
លិខិតអំពាវនាវបានទាមទារឲ្យរដ្ឋាភិបាល តំឡើងប្រាក់ខែគ្រូបង្រៀន បញ្ឈប់ការរើសអើងចំពោះសមាគម និងគ្រូបង្រៀននៅក្នុងសាលារៀនជាដើម។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់វិទ្យុអាស៊ីសេរីថា គ្រូបង្រៀនជាអ្នកលះបង់ពេលវេលា និងកម្លាំងកាយចិត្ត បង្ហាត់បង្រៀនសិស្ស ក៏ប៉ុន្តែប្រាក់បៀវត្ស ដែលទទួលបាន គឺមិនអាចឲ្យពួកគាត់រស់នៅក្នុងសេចក្ដីថ្លៃថ្នូរនោះទេ។ អ្នកស្រីទាមទារឲ្យរដ្ឋាភិបាលតំឡើងប្រាក់ខែគ្រូបង្រៀនឲ្យបាន ១ភាគ៤ នៃប្រាក់ខែតំណាងរាស្ត្រ។
អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «បើសិនជាមានការកាត់បន្ថយមន្ត្រី ដែលអត់បានការហ្នឹងចោល ខ្ញុំគិតថា យកមកដើម្បីឲ្យវិស័យអប់រំបានប្រសើរ គឺដំឡើងប្រាក់បៀវត្សដល់គ្រូបង្រៀន ប៉ូលិស ទាហានអី ដែលគាត់កំពុងតែធ្វើការងារដើម្បីជាតិហ្នឹងគិតថាល្អប្រសើរ»។
ជាធម្មតាប្រាក់ខែតំណាងរាស្ត្រប្រមាណ ៦លានរៀល ឬ១ពាន់ ៥រយដុល្លារ ហើយបូកនឹងប្រាក់បំណាច់ការងារផងនោះ រហូតដល់ជាង ១៥លានរៀល ឬជិត ៤ពាន់ដុល្លារ។
ប្រធានសមាគមរូបនេះ ស្នើរដ្ឋាភិបាលកាត់បន្ថយចំនួនមន្ត្រីជាន់ខ្ពស់ ឬទីប្រឹក្សាដ៏ច្រើនលើសលប់ ដើម្បីទុកថវិកាជាតិ ដំឡើងប្រាក់ខែឲ្យគ្រូបង្រៀន ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។