មន្ត្រីអង្គការសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលឲ្យជួយសង្គ្រោះពលរដ្ឋខ្មែរ ដែលចំណាកស្រុកខុសច្បាប់ចូលប្រទេសថៃ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ រួចរត់គេចចូលទៅក្នុងព្រៃទាំងខ្លួនមានរបួស។
ការលើកឡើងនេះ ក្រោយពីកាសែតថៃ ចុះផ្សាយនៅថ្ងៃទី១៨ កុម្ភៈថា ពលករខ្មែរ និងកុមារមួយចំនួន បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តចន្ទបូរី (Chanthaburi) និងបានរត់ចូលទៅក្នុងព្រៃ ដោយសារតែខ្លាចអាជ្ញាធរថៃឃាត់ខ្លួនពីបទឆ្លងដែនខុសច្បាប់។
មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ កុម្ភៈថា លោកបានទទួលដំណឹងពីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តចន្ទបុរី (Chanthaburi) ប្រទេសថៃ ដែលបណ្ដាលឲ្យពលករ រួមទាំងកូនៗរបស់ពួកគាត់រងរបួស ហើយពួកគាត់បានរត់ចូលក្នុងព្រៃដោយសារខ្លាចអាជ្ញាធរថៃចាប់ខ្លួន។ លោកបន្តថា លោកកំពុងទាក់ទងទៅបណ្ដាញនៅខេត្តចន្ទបុរី ដើម្បីរកព័ត៌មានបន្ថែមពីជនរងគ្រោះទាំងនោះ។ទោះយ៉ាងណា លោកស្នើដល់រដ្ឋាភិបាលឱ្យទាក់ទងទៅអាជ្ញាធរថៃ ដើម្បីសង្គ្រោះពលរដ្ឋ និងកូនៗរបស់ពួកគាត់។
លោក លឹង សុផុន៖ «រឿងល្អដល់ពួកគាត់គួរណាតែស្ថាប័នពាក់ព័ន្ធ ជាពិសេសខាងស្ថាប័នស្ថានទូត និងខាងអនុព័ន្ធការងារ គួរតែជួយតាមដានរឿងហ្នឹង ដើម្បីជួយពួកគាត់តាមវិធានការណាមួយ ដែលឲ្យពួកគាត់ហ្នឹងបានរួចផុតពីគ្រោះថ្នាក់អីចឹងហា និងដោះស្រាយតាមច្បាប់ ដើម្បីឲ្យពួកគាត់រួចផុតពីការជាប់គុក ឬក៏បានវិលត្រឡប់ទៅស្រុកវិញអ៊ីចឹងទៅ។ មួយវិញទៀត ពេលខ្លះពួកគាត់ជួបគ្រោះថ្នាក់អីចឹងទៅ អត់មានអ្នកណាទៅជួយដោះស្រាយ មិនដឹងថា គេបញ្ជូនពួកគាត់ទៅខាងណាខាងណី យើងអត់ដឹងអីច្បាស់លាស់ក៏ជារឿងមួយពិបាកដែរ»។
កាសែត ខៅ សត (Khao Sod) របស់ប្រទេសថៃ ចុះផ្សាយកាលពីថ្ងៃទី១៨ កុម្ភៈ ថា រថយន្តដឹកអ្នកដំណើរមួយគ្រឿង ដែលមានពលរដ្ឋខ្មែររួមដំណើរ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តចន្ទបុរី ពេលត្រឡប់មកពីព្រំដែនកម្ពុជា នៅវេលាម៉ោងជិត២ រំលងអាធ្រាត្រ ថ្ងៃទី១៨ កុម្ភៈ។ គ្រោះថ្នាក់ចរាចរណ៍នោះបណ្ដាលឲ្យអ្នកដំណើរជាពលរដ្ឋខ្មែរជាច្រើននាក់រងរបួស ហើយពលករខ្មែរមួយចំនួនទៀត បានរត់ចូលទៅក្នុងព្រៃក្នុងតំបន់នោះទាំងខ្លួនមានរបួស ដោយសារតែខ្លាចអាជ្ញាធរថៃចាប់ខ្លួនពីបទឆ្លងដែនដោយខុសច្បាប់។
ក្រុមសង្គ្រោះក្នុងខេត្តចន្ទបុរី បានជួយសង្គ្រោះពលករខ្មែរទាំងនោះ ហើយមនុស្សចំនួន៤នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ម៉ាក់ខាំ (Makham Hospital) ។ ក្រុមសង្គ្រោះ បានស្រែកហៅឲ្យពលរដ្ឋខ្មែរ ដែលរត់ចូលទៅក្នុងព្រៃ ឲ្យចេញមកទទួលការពិនិត្យ និងជួយសង្គ្រោះ ដោយបារម្ភថា អ្នករងរបួសទាំងនោះកាន់តែជួបគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារបាត់បង់ឈាម ជាពិសេសចំពោះកុមារ។ អ្នកដែលរត់ចូលទៅក្នុងព្រៃទាំងនោះបានចេញមកវិញ ដើម្បីទទួលការព្យាបាល។
អាជ្ញាធរថៃថា នឹងសហការជាមួយអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការច្បាប់ចំពោះពលករបរទេស ដែលឆ្លងដែនខុសច្បាប់។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទង ប្រធានអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក ឈឹម វិបុល និងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក អាន សុខឿន ដើម្បីសុំការឆ្លើយតបចំពោះបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី១៩ ខែកុម្ភៈ។
ទោះយ៉ាងណា មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន បារម្ភថា ពលករ និងកុមារតូចៗ ដែលចំណាកស្រុកទៅប្រទេសថៃទាំងនោះ អាចប្រឈមនឹងការជាប់ពន្ធនាគារជាដើម។ លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែបង្កើតការងារក្នុងស្រុកឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ និងបំណុលធនាគារជាដើម។ បន្ថែមពីនេះរដ្ឋាភិបាលត្រូវកាត់បន្ថយការចំណាយរបស់កម្មករឱ្យទាបទៅលើតម្លៃធ្វើលិខិតឆ្លងដែន និងការធ្វើប័ណ្ណការងារនានា។ លោកថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនដោះស្រាយបញ្ហាទាំងនេះទេ នោះប្រជាពលរដ្ឋនឹងនៅតែធ្វើចំណាកស្រុកខុសច្បាប់ និងរងគ្រោះកាន់តែច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
