ក្រម​ពលករ​ចោទ​ក្រុមហ៊ុន ហ្វាទីណា ថា លក់​ពួក​គេ​ទៅ​ឱ្យ​ក្រុមហ៊ុន​ដៃ​គូ​នៅ​ប្រទេស អារ៉ាប៊ី សាអូឌីត ក្នុង​ម្នាក់ៗ ជាង ៧ពាន់ដុល្លារ

ដោយ នៅ វណ្ណារិន
2024.05.28
ក្រម​ពលករ​ចោទ​ក្រុមហ៊ុន ហ្វាទីណា ថា លក់​ពួក​គេ​ទៅ​ឱ្យ​ក្រុមហ៊ុន​ដៃ​គូ​នៅ​ប្រទេស អារ៉ាប៊ី សាអូឌីត ក្នុង​ម្នាក់ៗ ជាង ៧ពាន់ដុល្លារ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស អារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន ជូន​ដំណើរ​ពលករ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ ឡើង​យន្តហោះ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដើម្បី​វិល​មក​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកលោក អ៊ុក សារុន

ក្រុម​ពលករ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត (Saudi Arabia) ចោទ​ប្រកាន់​ក្រុមហ៊ុន ហ្វាទីណា មែនផៅវើ (Fatina Manpower) ថា បាន​លក់​ពួក​គេ​ទៅ​ឱ្យ​ក្រុមហ៊ុន​ដៃ​គូ​សហការ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ក្នុង​ម្នាក់​ជាង ៧ពាន់​ដុល្លារ។ ក្រុម​ពលករ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន ហ្វាទីណា កំពុង​រក​ថវិកា ដើម្បី​បង់​សង​ជំងឺ​ចិត្ត​ដល់​ក្រុមហ៊ុន​ដៃ​គូ​របស់​ខ្លួន ដើម្បី​នាំ​ពលករ​ខ្មែរ​ដែល​នៅ​សេស​សល់​ត្រឡប់​មក​កម្ពុជា​វិញ។

អគ្គនាយក​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ (Fatina Manpower Co., Ltd) គឺ​លោក ម៉ាន តើរ៉មីហ្សី (Man Teramizy) និង​ភរិយា​របស់​លោក គឺ​អ្នកស្រី​ ស្វាយ សុគន្ធណារី កំពុង​ស្វែង​រក​កញ្ចប់​ថវិកា​បង់​ទៅ​ឱ្យ​ក្រុមហ៊ុន​ដៃគូ​សហការ ដើម្បី​នាំ​យក​ក្រុម​ពលករ​នៅ​សល់​ប្រមាណ ៧០នាក់ កំពុង​ជាប់​នៅ​ប្រទេសអារ៉ាប៊ី សាអូឌីត ត្រឡប់​មក​កម្ពុជា​វិញ។ ក្រុម​ពលករ​ចោទ​ថា ប្រសិនបើ​ក្រុមហ៊ុន​មួយ​នេះ មិន​បាន​លក់​ពួកគេ​ទៅ​ឱ្យ​ក្រុមហ៊ុន​ដៃ​គូ​សហការ​របស់​ខ្លួន​នោះ​ទេ ក៏​ក្រុមហ៊ុន​សហការ​មិន​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ ហ្វាទីណា​ នោះ​ដែរ។

លើស​ពី​នេះ​ក្រុមហ៊ុន ហ្វាទីណា ក៏​ធ្លាប់​ព្រមាន​ពលករ​ថា នៅ​ពេល​ទៅ​ដល់​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ហើយ​ចង់​ឈប់​ធ្វើ​ការងារ​មុន​កិច្ច​សន្យា​ការងារ​កំណត់ ពលករ​តម្រូវ​បង់​ប្រាក់​សំណង់​ដល់​ក្រុមហ៊ុន​ក្នុង​ម្នាក់​ចំនួន​ជាង ៣ពាន់​ដុល្លារ (.៥០០)

ហេតុផល​ដែល​ក្រុមហ៊ុន​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​ហ្វាទីណា ទាមទារ​សំណង​ជំងឺ​ចិត្ត​ដោយសារ​តែ​ពលករ​មួយ​ចំនួន​ឈប់​បម្រើ​ការងារ​មុន​កិច្ច​សន្យា​ការងារ​កំណត់ ព្រោះ​ពួកគេ​មិន​អាច​ទ្រាំទ្រ​នឹង​ការងារ​ច្រើន​ម៉ោង គ្មាន​អាហារ​ឱ្យ​ហូប​ចុក​គ្រប់​គ្រាន់ ហើយ​ពលករ​ខ្លះ​ត្រូវ​បាន​ថៅកែ​បង្ខំ​ឱ្យ​ធ្វើ​ការ​ទាំង​ឈឺ​ជាដើម។

ក្រុមហ៊ុន ហ្វាទីណា បាន​បញ្ជូន​ក្រុម​ពលករ​សរុប​ចំនួន ១៣៣នាក់ ទៅ​ធ្វើ​ការ​ក្នុង​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ចាប់​តាំង​ពី​អំឡុង​ខែកុម្ភៈ ហើយ​ក្រុមហ៊ុន​មួយ​នេះ ក៏​មាន​ក្រុមហ៊ុន​ដៃគូ​សហការ នៅ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដូចជា ក្រុមហ៊ុន ប៊ីអេប៊ី (ABA) ស្រាកូ (Sraco) និង​ក្រុមហ៊ុន​អ៊ីនធឹណេសណល (International) ដើម្បី​បញ្ជូន​ក្រុម​ពលករ​ខ្មែរ​ភាគច្រើន​ជា​ស្ត្រី​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ។

ក្រសួង​ការងារ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត និង​ក្រសួង​ការបរទេស​កម្ពុជា​បាន​សម្របសម្រួល​ជាមួយ​ដៃ​គូ​សហការ​របស់​ក្រុមហ៊ុន ហ្វាទីណា ជួយ​សង្គ្រោះ និង​បញ្ជូន​ពលករ​ខ្មែរ​ចំនួន ៥៧នាក់ មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ខែមីនា។ ពលករ​ដែល​បាន​មក​ដល់​កម្ពុជា​ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ក្រុមហ៊ុន ហ្វាទីណា បង់​លុយ​សង​ជំងឺ​ចិត្ត​ដល់​ក្រុមហ៊ុន​ដៃគូ​សហការ​របស់​ខ្លួន​មិន​ក្រោម​ជាង ២០ម៉ឺន​ដុល្លារ​ឡើយ ក្នុង​ការ​នាំ​យក​ពលករ​ចំនួន ៥៧នាក់​ត្រឡប់​មក​កម្ពុជា​វិញ។

ពលករ​ម្នាក់​ដែល​បាន​មក​ដល់​កម្ពុជា​វិញ ថ្លែង​សុំ​លាក់​អត្តសញ្ញាណ ព្រោះ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ក្រុមហ៊ុន ហ្វាទីណា លក់​ពលករ​ទៅ​ឱ្យ​ក្រុមហ៊ុន​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត គឺ​ជា​ការ​ពិត ហើយ​មុន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​ក្នុង​ប្រទេស​នេះ​ម្ចាស់​ក្រុមហ៊ុន ហ្វាទីណា គឺ​អ្នកស្រី​ ស្វាយ សុគន្ធណារី ថែម​ទាំង​ព្រមាន​ក្រុម​ពលករ​ថា ប្រសិនជា​ពលករ​ចង់​ត្រឡប់​មក​កម្ពុជា​វិញ​មុន​កិច្ច​សន្យា​ការងារ ពលករ​ត្រូវ​បង់​ប្រាក់​សំណង​ជូន​ក្រុមហ៊ុន ៣ពាន់ ៥រយ​ដុល្លារ (.៥០០)។ ពលករ​រូប​នេះ​ ចង់​ឱ្យ​ក្រសួង​ការងារ​បញ្ចប់​ការ​ផ្ដល់​អាជ្ញា​ប័ណ្ណ​ដល់​ក្រុម​ហ៊ុន ហ្វាទីណា ដើម្បី​កុំ​ឱ្យ​មាន​ពលករ​ផ្សេង​ទៀត រងគ្រោះ​ដោយសារ​ក្រុមហ៊ុន។

ពលករ​រង​គ្រោះ​ថ្លែង​សុំ​លាក់​ឈ្មោះ៖ «តាម​ពិត [ក្រុមហ៊ុន អារ៉ាប៊ី សាអ៊ូឌីត] គេ​រៀប​ចំ​ហើយ​អស់​ហើយ គេ​ចាំ​តែ​ក្រុមហ៊ុន​ខ្មែរ​ផ្ញើ​លុយ​ទៅ​ឱ្យ​គេ​ទេ។ គេ​ត្រូវ​ការ​សំណង គេ​ត្រូវ​ការ​លុយ​គេ​វិញ ហើយ​វា​យក​យើង​ក្នុង​នាម​ជា​ពលករ​ទៅ​ហ្នឹង​ក្នុង​ម្នាក់ ៧ពាន់ ៥រយ​ដុល្លារ (.៥០០) ពួក​នាង​ឯង​បើ​មិន​ទៅ​ប្រយ័ត្ន​គ្មាន​លុយ​បង់។ ចាស៎ ប្រពន្ធ [ម្ចាស់ ក្រុមហ៊ុន ហ្វាទីណា] និយាយ​ពេល​ប្រជុំ​ថា អ្នកណា​អត់​ទៅ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ពេល​វីសា (VISA) ធ្លាក់​មក​ក្នុង​ម្នាក់ ៧ពាន់ ៥រយដុល្លារ (.៥០០) បើ​អ្នក​ឯង​មិន​ទៅ​ត្រូវ​សង​បង់​ឱ្យ​ក្រុមហ៊ុន​ខ្ញុំ​ម្នាក់ ៣ពាន់ ៥រយដុល្លារ (.៥០០) ដែល​បាន​ទិញ​សំបុត្រ​យន្ត​ហោះ​ហើយ»

ពលករ​ដែល​អះអាង​ថា ក្រុមហ៊ុន ហ្វាទីណា លក់​ពលករ​ចំនួន ១៣៣នាក់ ទៅ​ឱ្យ​ក្រុមហ៊ុន​ក្នុង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​ ក្រុមហ៊ុន ហ្វាទីណា អាច​ទទួល​បាន​លុយ​ពី​ក្រុម​ហ៊ុន​ដៃ​គូ​សហការ​របស់​ខ្លួន​ជិត ១លាន​ដុល្លារ។

ចំណែក​ពលករ​ម្នាក់​ទៀត​កំពុង​ជាប់​ក្នុង​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត គឺ​លោកស្រី ម៉ាលី ឱ្យ​ដឹង​ដែរ​ថា កាល​ពី​ខែមេសា​ថា ក្រុមហ៊ុន ហ្វាទីណា បាន​គំរាម​លោកស្រី​ឱ្យ​បន្ត​ធ្វើ​ការ​នៅ​តាម​ផ្ទះ​ថៅកែ ហើយ​ប្រសិនបើ​ចង់​ត្រឡប់​មក​កម្ពុជា​មុន​កិច្ច​សន្យា​ការងារ ក្រុមហ៊ុន​បាន​ទាមទារ​សំណង​ពី​លោកស្រី​ចំនួន ៤ពាន់ ៥រយ​ដុល្លារ (.៥០០)។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោកស្រី​ពុំ​មាន​លុយ​បង់​ឱ្យ​ក្រុមហ៊ុន​ទេ ហើយ​មក​ទល់​ពេល​នេះ​កំពុង​រង់ចាំ​ក្រុមហ៊ុន និង​ស្ថានទូត រៀបចំ​នីតិវិធី​បញ្ជូន​មក​កម្ពុជា​វិញ។

លោកស្រី ម៉ាលី៖ «ព្រោះ​អី​ម្ចាស់​ក្រុមហ៊ុន ពិត​ជា​បាន​ខល​ជា​វីដេអូ (Video Call) មក​គំរាម​ពួក​ខ្ញុំ​មែន​ថា បើ​ពួក​ខ្ញុំ​អត់​ធ្វើ​ការងារ​ត​ទៀត​ទេ គាត់​ឱ្យ​បង់​លុយ​ប៉ុណ្ណេះៗ ក្រុមហ៊ុន​ពិត​ជា​បាន​ខល​មក​គំរាម​ពួក​ខ្ញុំ​មែន»

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ បកស្រាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​បណ្ដាញ​សង្គម​តេលេក្រាម (Telegram) កាល​ពី​ថ្ងៃ​ទី២២ ខែឧសភា​ថា ការ​សម្របសម្រួល​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលករ​ត្រឡប់​មក​កម្ពុជា​វិញ ក្រុមហ៊ុន​ពុំ​បាន​ទាមទារ​សំណង​លុយ​កាក​ពី​ក្រុម​ពលករ​នោះ​ទេ។​ ​ក្រុមហ៊ុន​មួយ​នេះ បក​ស្រាយ​ទៀត​ថា ក្រុមហ៊ុន​របស់​ខ្លួន បញ្ជូន​ពលករ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត គឺ​ជា​ក្រុមហ៊ុន​ស្រប​ច្បាប់ និង​មាន​កិច្ច​សន្យា​ការងារ​ត្រឹមត្រូវ ចំណែក​ឯ បញ្ហា​ពលករ​រង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នោះ ជា​រឿង​វិវាទ​ការងារ ដែល​ទាម​ទារ​ដោះ​ស្រាយ​តាម​នីតិវិធី​របស់​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត។

ចំណែក​រឿង​លុយ​ចំណាយ​បង់​ទៅ​ឱ្យ​ក្រុមហ៊ុន​សហការ ដើម្បី​នាំ​យក​ពលករ​ត្រឡប់​មក​កម្ពុជា​វិញ​នោះ ក្រុមហ៊ុន​មួយ​នេះ​មិន​ឆ្លើយតប​នឹង​វិទ្យុ​អាស៊ី​សេរី​ទេ។

ទោះ​ជា​បែប​នេះ​ក្ដី ក្រុម​ពលករ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ អគ្គនាយក​ក្រុមហ៊ុន ហ្វាទីណា គឺ​លោក​ ម៉ាន តើរ៉មីហ្សី (Man Teramizy) និង​អ្នកស្រី ស្វាយ សុគន្ធណារី ហាក់​កំពុង​សម្ដែង​ដោយ​ដើរ​តួ​កម្សត់​ប្រាប់​ដល់​ក្រសួង​ការងារ និង​ក្រុម​មន្ត្រី​អាជ្ញាធរ​នៃ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ថា ខ្លួន​ពុំ​បាន​ដឹង​អំពី​ទុក្ខ​លំបាក​របស់​ពលករ​ខ្មែរ ដែល​រង​ការ​រំលោភ​សិទ្ធិ​ការងារ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ឡើយ។

ពលករ​បញ្ជាក់​ថា ហេតុផល ដែល​ក្រុមហ៊ុន​ធ្វើ​ដូច្នេះ ព្រោះ​ក្រុមហ៊ុន​ចង់​បាន​ភាព​ត្រឹម​ត្រូវ និង​ដើម្បី​បង្ហាញ​ប្រាប់​ពលករ​មួយ​ចំនួន​ទៀត ដែល​ក្រុមហ៊ុន​ត្រៀម​បញ្ជូន​មក​ធ្វើ​ការ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ឱ្យ​មាន​ជំនឿ​ថា ក្រុមហ៊ុន​នឹង​ទទួល​ខុស​ត្រូវ​លើ​ក្រុម​ពលករ។ ទោះ​ជា​យ៉ាង​ណា​មក​ទល់​ពេល​នេះ​ ក្រុម​សិស្ស​មួយ​ចំនួន​ដែល​បាន​រៀន​វគ្គ​បណ្ដុះបណ្ដាល​នៅ​ក្រុមហ៊ុន ហ្វាទីណា បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​ពួក​គេ​បាន​ដឹង​អំពី​រឿងរ៉ាវ​អាស្រូវ និង​គ្មាន​ជំនឿ​លើ​ក្រុមហ៊ុន ក្នុង​ការ​នាំ​ពលករ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត។

ក្រសួង​ការងារ​អះអាង​ថា នឹង​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​បម្រើ​ការងារ នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ប្រសិនបើ​រក​ឃើញ​ថា ក្រុមហ៊ុន​មិន​គោរព​តាម​កិច្ច​សន្យា​ការងារ និង​ផ្ដល់​កិច្ច​គាំពារ​ដល់​ពលករ ក្រសួង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ មក​ទល់​ពេល​នេះ ក្រសួង​ការងារ​មិន​ទាន់​បង្ហាញ​លទ្ធផល​នៃ​ការ​ស៊ើប​លើ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ក្រៅ​ប្រទេស​នេះ​នៅ​ឡើយ។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន និង​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៧ ខែឧសភា។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា បញ្ហា​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​រង​ការ​រំលោភ​បំពាន​សិទ្ធិ​នេះ ហាក់​មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់​លើ​ក្រុមហ៊ុន​នៅ​កម្ពុជា និង​សហការ​ជា​មួយ​រដ្ឋាភិបាល​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ដើម្បី​ពិនិត្យ​មើល​ថា ក្រុមហ៊ុន​ពិត​ជា​នាំ​ពលករ​ទៅ​បម្រី​ការងារ​តាម​ផ្ទះ និង​មាន​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ឬ​យ៉ាង​ណា។

លោក ឃុន ថារ៉ូ៖ «ករណី​នេះ ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ក្នុង​ករណី​ដែល​រក​ឃើញ​ថា បញ្ហា​ទាំង​អស់​នោះ​វា​មាន​ភាព​មិន​ប្រក្រតី​ឈាន​ដល់​ការ​កំណត់​អត្តសញ្ញាណ បុគ្គល​ដែល​ទទួល​ខុស​ត្រូវ​ហើយ អា​ហ្នឹង​គឺ​មាន​តែ​ការ​អនុវត្ត​នូវ​វិធាន​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ជនល្មើស​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់ ហើយ​កម្មករ​ដែល​ជា​ជន​រងគ្រោះ​ហ្នឹង គួរ​តែ​ទទួល​បាន​សំណង​ជំងឺ​ចិត្ត​ចំពោះ​ពួកគាត់»

មន្ត្រី​សិទ្ធិ​មនុស្ស​លើកឡើង​ថា រដ្ឋាភិបាល និង​ក្រសួង​ការងារ​មិន​គួរ​ព្រងើយ​កន្តើយ ឬ​ផ្អាក​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ឡើយ។ ចំណែក ​ក្រុម​ពលករ ដែល​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​វិញ បញ្ជាក់​ថា​ពួកគេ​កំពុង​រង់​ចាំ​ក្រុមហ៊ុន​ស្វែង​រក​លុយ​រំលោះ​ពលករ ដែល​នៅ​សេស​សល់​បញ្ជូន​មក​កម្ពុជា​វិញ ដើម្បី​នឹង​រៀប​ចំ​ឯកសារ​ប្ដឹង​ទាមទារ​សំណង​ជំងឺចិត្ត និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន ហ្វាទីណា ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ការណ៍ ដែល​នាំ​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត ហើយ​ត្រូវ​ថៅកែ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​អ្នក​ខ្លះ​ទៀត មិន​ត្រូវ​បាន​ថៅកែ​បើក​ប្រាក់​ខែ​ឱ្យ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។