ក្រុមពលករដែលចាញ់បោកមេខ្យល់ទៅបម្រើការងារតាមផ្ទះក្នុងប្រទេសអារ៉ាប៊ី សាអូឌីត (Saudi Arabia) តាមរយៈក្រុមហ៊ុន ហ្វាទីណា មែនផៅវើ (Fatina Manpower) នៅសល់ចំនួន ៨១នាក់មិនទាន់ត្រូវបានបញ្ជូនកម្ពុជាវិញនៅឡើយ។ ពួកគេរិះគន់ក្រសួងការងារ និងស្ថានទូតខ្មែរថា យឺតយ៉ាវ និងមិនមានព័ត៌មានច្បាស់លាស់ក្នុងការរៀបចំនីតិវិធីបញ្ជូនពួកគេកម្ពុជាវិញ។
ក្រុមពលករត្អូញត្អែរពីទុក្ខលំបាក និងគ្មានប្រាក់ផ្ញើទៅឱ្យក្រុមគ្រួសារនៅស្រុកកំណើត ដោយសារតែមកបម្រើការងារនៅប្រទេស អារ៉ាប៊ី សាអូឌីត តាមរយៈ ក្រុមហ៊ុន ហ្វាទីណា ត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម ហើយពលករខ្លះក្រុមហ៊ុនមិនបានប្រាក់ខែឱ្យពលករ។
តំណាង ពលករកំពុងជាប់ក្នុងប្រទេសអារ៉ាប៊ី សាអូឌីត លោកស្រី ផាត់ ស្រីនឿន ចង់ត្រឡប់ទៅផ្ទះឱ្យបានឆាប់ និងមិនអាចទ្រាំទ្រនឹងការងារដែលថៅកែក្នុងប្រទេសនេះ បង្ខំឱ្យធ្វើការច្រើនម៉ោងនោះទេ។ លោកស្រីបញ្ជាក់ថា ក្រុមហ៊ុនបានគំរាមទាមទារសំណងពីលោកស្រីចំនួន ៤ពាន់ ៥រយដុល្លារ (៤.៥០០) ដើម្បីបង់ឱ្យក្រុមហ៊ុននៅប្រទេសអារ៉ាប៊ី សាអូឌីត ពេលលោកស្រីចង់វិលត្រឡប់ទៅកម្ពុជាវិញ។ លោកស្រី ចង់ឱ្យភាគីស្ថានទូត និងក្រសួងការងារជួយអន្តរាគមន៍បញ្ជូនលោកស្រី និងពលករផ្សេងទៀតវិលត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់។
លោកស្រី ផាត់ ស្រីនឿន៖ «ខ្ញុំចង់ទៅវិញ ព្រោះខ្ញុំទៅធ្វើការនៅតាមផ្ទះ ធ្វើហួសសមត្ថភាពដែលខ្ញុំមានហូបតែមួយពេល ហើយម្ចាស់ផ្ទះមានល្អមានអាក្រក់ ប៉ុន្តែភាគច្រើនវាអាក្រក់ ដូចជាខ្ញុំផ្ទាល់អី គេមិនឱ្យប៉ះអីទេ ចាំគេឱ្យហូបបានហូប ពេលអ៊ីចឹងពេលព្រឹក ឬពេលថ្ងៃខ្ញុំពោះទទេ។ ពេលខ្ញុំមកគេថា ខ្ញុំបដិសេធការងារ ទាំងខ្ញុំញ័រដៃញ័រជើងគេថា ខ្ញុំបដិសេធការងារ អ្នកឈឺក៏ដោយមកក្រុមហ៊ុនវិញគេថា បដិសេធការងារ ដល់ពេលអ៊ីចឹងហួសសមត្ថភាពនឹងលុយ លែងខ្វល់នឹងលុយ លែងចង់បានលុយហើយ»។
ចំណែក ពលករម្នាក់ទៀតគឺលោកស្រី ម៉ាលី បញ្ជាក់ថា ស្ថានទូតតែងតែប្រាប់ឱ្យពលកររក្សាភាពស្ងៀមស្ងាត់រង់ចាំនីតិវិធីដោះស្រាយ ប៉ុន្តែស្ថានទូតពុំបានផ្តល់ចម្លើយច្បាស់លាស់ក្នុងការបញ្ជូនពលករមកកម្ពុជាវិញទេ។ លើសពីនេះ លោកស្រីបញ្ជាក់ថា នៅពេលពលករជួបទុក្ខលំបាកត្រូវថៅកែរំលោភសិទ្ធ និងកេងប្រវ័ញ្ចកម្លាំងពលករ មន្ត្រីស្ថានទូតតែងតែចោទក្រុមពលករថា ប្រឌិតព័ត៌មាន។
លោកស្រី ម៉ាលី៖ «ពាក្យថា ប្រឌិតព័ត៌មាន គឺខ្ញុំឮចេញពីមាត់របស់លោកពូស្ថានទូត គឺថា មិនមែនលើកទីមួយទេ គឺច្រើនដងច្រើនសាដែលខ្ញុំឮថា ប្រឌិតព័ត៌មាន។ សួរថា ពួកខ្ញុំជាជនរងគ្រោះនេះ ធ្វើអ៊ីចឹង ដើម្បីអ្វី?ប្រសិនជាគ្រប់យ៉ាងតាមគោលការណ៍របស់ក្រុមហ៊ុន ពួកខ្ញុំមិនធ្វើអ៊ីចឹងទេ ពួកខ្ញុំសុទ្ធតែជាអ្នកពិបាកត្រូវការមករកលុយ ខ្ញុំត្រូវការធ្វើការ ដើម្បីប្រាក់ បើការងារលើសពីកំណត់ដែលខ្ញុំមិនអាចធ្វើទៅបានមែន តើពួកខ្ញុំសម្ដែងធ្វើអី?ខ្ញុំក៏មិនដឹងដែរថា ខាងលោកពូស្ថានទូតមកដោះស្រាយ បញ្ហាឱ្យពួកខ្ញុំ ឬមកជួយជាន់ពន្លិច មកជួយចាប់កំហុសខ្ញុំថែម?»។
ក្រសួងការងារ ស្ថានទូតប្រចាំប្រទេស អារ៉ាប៊ី សាអូឌីត និងក្រសួងការបរទេសកម្ពុជាបានសម្របសម្រួលជាមួយក្រុមហ៊ុនដៃគូសហការរបស់ក្រុមហ៊ុន ហ្វាទីណា ជួយសង្គ្រោះ និងបញ្ជូនពលករខ្មែរចំនួន ៥២នាក់មកកម្ពុជាវិញជាបន្តបន្ទាប់ចាប់តាំងពីខែមីនា។ មកទល់ពេលនេះ នៅមានពលករចំនួន ៨១នាក់កំពុងបន្តដង្ហោយរកកិច្ចអន្តរាគមន៍ និងស្នើឱ្យស្ថាប័នពាក់ព័ន្ធពន្លឿននីតិវិធីបញ្ជូនពួកគេមកកម្ពុជាឱ្យបានឆាប់។
ក្រុមពលករឱ្យដឹងថា ក្នុងចំណោមពលករ ៨១នាក់ មានពលករមួយចំនួនបានព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនដៃគូសហការរបស់ក្រុមហ៊ុន ហ្វាទីណា រួចរាល់ហើយ ប៉ុន្តែពួកគេមិនទាន់ដឹងពេលណាក្រុមហ៊ុន និងស្ថានទូតរៀបចំទិញសំបុត្រយន្តហោះឱ្យក្រុមពលករត្រឡប់នៅកម្ពុជានៅពេលណានោះទេ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស អារ៉ាប៊ី សាអូឌី លោក អ៊ុក សារុន និងអ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេ កាលពីថ្ងៃទី២៣ ខែឧសភា។
ជុំវិញរឿងនេះ ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ក្រសួងការងារ និងស្ថាប័ន មានសមត្ថកិច្ចគួរតែស៊ើបអង្កេតលើក្រុមហ៊ុនដែលនាំពលករទៅបម្រើការងារនៅប្រទេសរ៉ាប៊ី សាអូឌីត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ប្រសិនរកឃើញថា ក្រុមហ៊ុនឃុបឃិតជាមួយថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម និងរំលោភសិទ្ធពលករខ្មែរ។
លោក ឌី ថេហូយ៉ា៖ «ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះអ្វីដែលពលរដ្ឋទទួលរងនូវអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម ដូចជារងគ្រោះដូចដែលពួកគាត់បានលើកឡើង ពាក់ព័ន្ធតើស្ថិតក្នុងអំពើជួញដូរមនុស្ស ឬស្ថិតក្នុងអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលប្រទេសកម្ពុជាក៏មានច្បាប់ពាក់ព័ន្ធប្រឆាំងការជួញដូរជាដើម»។
ក្រុមហ៊ុន ហ្វាទីណា បានបើកវគ្គបណ្ដុះបណ្ដាលពលករ ដើម្បីបញ្ជូនទៅបម្រើការងារក្នុងប្រទេសអារ៉ាប៊ី សាអូឌីត សរុបមិនក្រោមជាង ២រយនាក់ឡើយ។ ក្រុមពលករអះអាងថា ក្រុមហ៊ុន ទើបតែបញ្ជូនពលករទៅធ្វើការក្នុងប្រទេសអារ៉ាប៊ី សាអូឌីត បានចំនួន ១៣៣នាក់តែប៉ុណ្ណោះ ចំណែកសិស្សមួយចំនួនទៀតបានត្រឡប់ទៅផ្ទះវិញ ក្រោយពីពួកគេដឹងព័ត៌មានរឿងរ៉ាវក្រុមហ៊ុនត្រៀមបញ្ជូនពួកគេទៅធ្វើការងារនៅប្រទេសអារ៉ាប៊ី សាអូឌីត និងត្រូវបានថៅកែរំលោភបំពានសិទ្ធ និងកេងប្រវ័ញ្ចកម្លាំងពលករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
