សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ថា ការ​យាយី​អ្នក​សារ​ព័ត៌មាន បណ្ដាល​ឲ្យ​សេរីភាព​សារ​ព័ត៌មាន​ឆ្នាំ២០២០ ស្ថិត​ក្នុង​ភាព​អាប់អួ

ដោយ មាន ឫទ្ធិ
2021-03-29
Share
សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ថា ការ​យាយី​អ្នក​សារ​ព័ត៌មាន បណ្ដាល​ឲ្យ​សេរីភាព​សារ​ព័ត៌មាន​ឆ្នាំ២០២០ ស្ថិត​ក្នុង​ភាព​អាប់អួ លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CambJA) និង​លោក មាស សុភ័ណ្ឌ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន។
រូប៖ ហ្វេសប៊ុក CamboJA និង​ក្រសួងព័ត៌មាន

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) រក​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២០ គ្មាន​ភាព​ប្រសើរ​ទេ។ ប៉ុន្តែ អាជ្ញាធរ​ជំនាញ​ច្រាន​ចោល​របាយការណ៍​នេះ និង​ហៅ​របាយការណ៍​ថា មាន​ចេតនា​បំភ័ន្ត​សាធារណៈ​ជន​ឲ្យ​យល់​ច្រឡំ ពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

ក្នុង​ឆ្នាំ២០២០ អ្នក​សារព័ត៌មាន​ច្រើន​នាក់ បាន​រង​ការ​យាយី​ ដោយ​ហិង្សា ការ​គំរាម និង​ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន។ ជាង​នេះ​ទៅ​ទៀត ក្រម​ព្រហ្មទណ្ឌ នៅ​តែ​ជា​ឧបករណ៍​ច្បាប់ ដ៏​មាន​ឥទ្ធិពល​ក្នុង​ការ​បំភិត​បំភ័យ​ និង​ចាប់​អ្នក​សារព័ត៌មាន ដាក់​ពន្ធនាគារ។

សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (CamboJA) បាន​ចេញ​ផ្សាយ​របាយការណ៍​ស្ដីពី​ស្ថាន​ភាព​អ្នក​សារ​ព័ត៌មាន​កម្ពុជា ឆ្នាំ២០២០ នៅ​ថ្ងៃ​ទី២៩ មីនា បង្ហាញ​ថា អ្នក​សារ​ព័ត៌មាន​ពិបាក​ប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់ និង​សេរីភាព​ក្នុង​ការ​រាយការណ៍ ដោយ​មាន​ការ​ចាប់​ខ្លួន ដោយ​អយុត្តិធម៌ និង​ការ​​​អនុវត្ត​ក្រម​ព្រហ្មទណ្ឌ ជំនួស​ច្បាប់​​ស្ដីពី​របប​សារព័ត៌មាន។

របាយការណ៍​បង្ហាញ​ថា រយៈ​ពេល​មួយ​ឆ្នាំ មាន​អ្នក​សារ​ព័ត៌មាន​ចំនួន ៧២នាក់ រង​ការ​យាយី​ទាំង​ការ​ចាប់​ដាក់​ពន្ធនាគារ និង​ការ​ប្រើ​ប្រាស់​ហិង្សា។ ក្នុង​នោះ មាន​អ្នក​សារ​ព័ត៌មាន​យ៉ាង​តិច​ណាស់ ចំនួន​ ៣១នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន និង​មាន​អ្នក​សារ​ព័ត៌មាន ២២នាក់ រង​ការ​វាយ​ដំ​រាង​កាយ ឬ​រង​ការ​គំរាម​ប្រើ​ហិង្សា​ ក្នុង​ពេល​បំពេញ​ការងារ។

អាជ្ញាធរ បាន​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ជាច្រើន ក្នុង​ឆ្នាំ២០២០ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ ឬ​បទ​ជំរិត​ទារ​ប្រាក់​តាម​ក្រម​ព្រហ្មទណ្ឌ។ សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​យល់​ថា ការ​បន្ត​ឃុំ​ខ្លួន និង​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់​លើ​អ្នក​សារ​ព័ត៌មាន​ បាន​ធ្វើ​ឲ្យ​ខូច​ដល់​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ និង​បាន​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ដល់​អ្នក​សារ​ព័ត៌មាន ដែល​បាន​ចុះ​ផ្សាយ​រឿងរ៉ាវ ឬ​ករណី​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី និង​អ្នក​មាន​អំណាច។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា លោក ណុប វី សង្កេត​ឃើញ​ថា បន្ថែម​ពី​ការ​យាយី និង​ចាប់​ខ្លួន​នេះ អ្នក​សារព័ត៌មាន​មិន​ទទួល​បាន​ការ​ជួយ​គាំពារ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទេ។ ចំណែក​ស្ថាប័ន​តុលាការ ក៏​នៅ​តែ​បន្ត​នីតិវិធី ដោយ​មិន​ព្រម​ទម្លាក់​ចោល​បទ​ចោទ​តាម​ក្រម​ព្រហ្មទណ្ឌ​ប្រឆាំង​លើ​អ្នក​សារ​ព័ត៌មាន​ដដែល។

លោក​យល់​ថា ស្ថានភាព​ជា​រួម នៃ​សេរីភាព​សារព័ត៌មាន ក្នុង​ឆ្នាំ២០២០ នៅ​កម្ពុជា មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងៗ ទៅ​ទេ ហើយ​ច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន ក៏​មិន​ត្រូវ​យក​មក​ប្រើ ដើម្បី​ជួយ​គាំពារ​អ្នក​សារព័ត៌មាន​ដែរ។

អ្នក​ឃ្លាំមើល​សិទ្ធិ​សេរីភាព​សារព័ត៌មាន​រូប​នេះ ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ខិត​ខំ​ជួយ​ការពារ​អ្នក​សារ​ព័ត៌មាន​​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ដើម្បី​ឲ្យ​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​វិវត្តន៍​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ៖ «ករណី ដែល​ពាក់ព័ន្ធ​នឹង​អ្នក​សារ​ព័ត៌មាន ដែល​ដោយសារ​តែ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ពួកគាត់ គួរ​តែ​ត្រូវ​បាន​ទម្លាក់​ចោល។ កុំ​ឲ្យ​នៅ​មាន​ការ​បន្ត ការ​ប្ដឹង​ផ្ដល់​ប្រឆាំង​ពួកគាត់​បន្ត​ទៀត ដោយសារ​ករណី​ទាំង​អស់​ហ្នឹង អាច​ជំរុញ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ឬ​មួយ​ក៏​មាន​ការ​ដាក់​គំនាប​ពួកគាត់ ចំពោះ​សេរីភាព​ខ្លួន​គាត់​ផ្ទាល់​ហ្នឹង»

ប៉ុន្តែ​របាយការណ៍​នេះ មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​រដ្ឋាភិបាល​ទេ។ មន្ត្រី​ជំនាញ​បាន​ច្រាន​ចោល ដោយ​ហៅ​របាយការណ៍​នេះ​ថា មាន​ចេតនា​បំភ័ន្ត​មតិ​សាធារណៈ​ជន ក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ពន្យល់​ថា ការ​ប្រើប្រាស់​ច្បាប់​នានា​​លើ​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា គឺ​ឈរ​លើ​អង្គ​ហេតុ និង​អង្គ​ច្បាប់​ជាក់ស្ដែង។ លោក​អះអាង​ថា ការ​ប្រើប្រាស់​ច្បាប់​ ចំពោះ​អ្នក​សារព័ត៌មាន​ ដែល​ប្រព្រឹត្តិ​ល្មើស​ច្បាប់ មិន​មែន​ជា​ការ​យាយី ឬ​មិន​មែន​ជា​ការ​បំភិត​បំភ័យ​ទេ។

មន្ត្រី​រូប​នេះ បន្ត​អះអាង​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ មិន​ដូច​របាយការណ៍​នានា​ របស់​អង្គការ​សង្គម​ស៊ីវិល​ទេ។ លោក​បន្ត​ទៀត​ថា អង្គភាព​សារ​ព័ត៌មាន​អាច​អនុវត្ត​សិទ្ធិ​ សេរីភាព សារព័ត៌មាន​ពេញ​លេញ​នៅ​កម្ពុជា និង​ទទួល​បាន​​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់ និង​សន្តិសុខ ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច៖ «អនុលោម​ទៅ​តាម​ក្រម​សីលធម៌​វិជ្ជា​ជីវៈ។ អនុលោម​ទៅ​ច្បាប់​ជា​ធរមាន គឺ​គាត់​អាច​បំពេញ​វិជ្ជា​ជីវៈ​របស់​គាត់ ដោយ​សេរី ដោយ​​ពេញ​លេញ​ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ហើយ​ដូច​លោក ឃើញ​ហើយ​ថា បច្ចុប្បន្ន​នេះ​ មាន​អ្នក​សារព័ត៌មាន អង្គភាព​សារព័ត៌មាន​ជាច្រើន ដែល​កំពុង​តែ​បំពេញ​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន​ ហើយ​ចំនួន​ទៀត​សោត ក៏​មាន​ការ​កើន​ឡើង​ដែរ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្នក​សារ​ព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ​នៅ​កម្ពុជា គឺ​ត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ។ ក្នុង​ករណី​អ្នក​សារ​ព័ត៌មាន ប្រព្រឹត្តិ​ខុស គឺ​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»

តែ​យ៉ាង​ណា អ្នក​ជំនាញ​ក្នុង​វិស័យ​សារ​ព័ត៌មាន នៅ​កម្ពុជា មិន​យល់​ឃើញ​បែប​នេះ​ទេ។ ពួក​គេ​ គាំទ្រ​របាយការណ៍​របស់​ខេមបូចា​ជាង ដោយ​សង្កេត​ឃើញ​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព មិន​ទាន់​ល្អ​ប្រសើរ ខណៈ​ការ​ប្រើ​ប្រាស់​ក្រម​ព្រហ្មទណ្ឌ ប្រឆាំង​អ្នក​សារ​ព័ត៌មាន ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ។

នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក អ៊ិត សូធឿត សង្កេត​ឃើញ​ថា ការ​អនុវត្ត​ជាក់ស្ដែង គឺ​អាជ្ញាធរ​បាន​ប្រើប្រាស់​ក្រម​ព្រហ្មទណ្ឌ ចាប់​ខ្លួន​អ្នក​សារព័ត៌មាន ទើប​បណ្ដាល​ឲ្យ​អ្នក​សារព័ត៌មាន​ខ្លះ បង្ខំ​ចិត្ត​ដាក់​កំហិត​ខ្លួន​ឯង ក្នុង​ការ​រាយការណ៍ និង​ ចេញ​ផ្សាយ​អត្ថបទ​សារ​ព័ត៌មាន។

លោក អ៊ិត សូធឿត ជំរុញ​អាជ្ញាធរ​មាន​សមត្ថកិច្ច ឱ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន ដែល​មាន​ស្រាប់ ចំពោះ​អ្នក​សារព័ត៌មាន​ និង​ ត្រូវ​ជួយ​គាំពារ លើក​ទឹកចិត្ត​អ្នក​សារ​ព័ត៌មាន ឲ្យ​ហ៊ាន​រាយ​ការណ៍ ពី​ភាព​ខ្វះ​ចន្លោះ​របស់​មន្ត្រី​មាន​អំណាច និង​បញ្ហា​នានា ដែល​កើត​ឡើង​ក្នុង​សង្គម៖ «ដោយ​សារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​មាន​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ ក៏​ប៉ុន្តែ​ឃើញ​ថា ដូច​របាយការណ៍​ខាង​ខេបូចា គាត់​រក​ឃើញ គឺ​ច្បាប់​នេះ ស្ទើរ​តែ​មិន​ត្រូវ​បាន​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ករណី​ជាមួយ​នឹង​អ្នក​សារ​ព័ត៌មាន​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ច្បាប់​ពាក់ព័ន្ធ​នឹង​ខាង​ព្រហ្មទណ្ឌ ដែល​ត្រូវ​បាន​ប្រើប្រាស់ ដែល​នេះ គឺ​ជា​ចំណុច​មួយ ដែល​គួរ​ឲ្យ​សោកស្ដាយ​ដែរ ចំពោះ​អ្នក​សារព័ត៌មាន ដោយ​សារ​តែ​យើង​មាន​ច្បាប់​​ដោយ​ឡែក​ហើយ។ ដូច្នេះ​យើង​គួរ​តែ​ប្រើ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ ដើម្បី​ចាត់​ការ​ទៅ​លើ​ករណី ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​អ្នក​សារ​ព័ត៌មាន»

របាយការណ៍​របស់​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) ក្នុង​ឆ្នាំ២០២០ បង្ហាញ​ថា ចំណាត់​ថ្នាក់​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ បន្ត​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​ពី​លេខ ១៣២ ក្នុង​ឆ្នាំ២០១៧ មក​លេខ ១៤៤ ក្នុង​ចំណោម ១៨០ប្រទេស នៅ​ទូទាំង​ពិភព​លោក ក្នុង​ឆ្នាំ២០២០។ អង្គការ​នេះ​នៅ​តែ​ចាត់​ទុក​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​នៅ​តែ​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត ដោយ​ការ​គំរាម​កំហែង ការ​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ដាក់​គុក​ពី​បទ​ព្រហ្មទណ្ឌ ការ​បង្កើត​ច្បាប់​នានា​ដែល​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ជាដើម។ បើ​តាម​អង្គការ​នេះ គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ខ្លាច​ចាញ់​ឆ្នោត​ក្នុង​ឆ្នាំ២០១៨ បាន​បើក​យុទ្ធនាការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នកមាន​សំឡេង​មិន​ស្រប​នឹង​រដ្ឋាភិបាល។ ក្នុង​នោះ រដ្ឋាភិបាល បាន​បំបិទ​ការ​ផ្សាយ​របស់​វិទ្យុ​ក្នុង​ស្រុក​ជាង ៣០ ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ី​សេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ក្រោម​ហេតុផល​ថា ម្ចាស់​ស្ថានីយ​ទាំង​នោះ មិន​គោរព​កិច្ច​សន្យា​ជាមួយ​ក្រសួង។ ក្រោយ​មក​រដ្ឋាភិបាល បានបិទ​កាសែត និង​គេហទំព័រ​កាសែត​ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក្រោយ​ហេតុផល​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ។ បន្ទាប់​មក​ទៀត គឺ​ការ​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​កម្ពុជា និង​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន អ្នក​សារ​ព័ត៌មាន នៃ​ស្ថាប័ន​ទាំង ២នេះ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល