មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អំពាវនាវឲ្យអាជ្ញាធរទម្លាក់ចោលរាល់ការចោទប្រកាន់ចំពោះអតីតអ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរីលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ព្រមទាំងបញ្ឈប់រាល់ការយាយី តាមប្រព័ន្ធតុលាការចំពោះបុគ្គលទាំងឡាយណា ដែលអនុវត្តសិទិ្ធសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
ការអំពាវនាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះធ្វើឡើង ខណៈជិតដល់ថ្ងៃប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR នៅថ្ងៃទី២៨ ខែមេសា បាន ចងក្រងលំអិតពីដំណើរដើមទងនូវសំណុំរឿងអ្នកសារព័ត៌មានឯករាជ្យទាំងពីរនាក់នេះ ដែលបានទទួលរងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ ក្រោយពីបានចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយអាជ្ញាធរបានចោទថា ពួកលោកនៅបន្តរាយការណ៍ឲ្យវិទ្យុអាស៊ីសេរី និងបើកស្ទូតឌីយោខុសច្បាប់ ដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពួកលោកជាផ្លូវការពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មាន ដែលអាចធ្វើឲ្យអន្តរាយដល់កិច្ចការពារជាតិ ឬបទចារកម្ម» ដោយអាចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។ លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ តុលាការក៏បានបន្ថែមបទចោទមួយទៀតចំពោះអ្នកទាំងពីរ ពីបទផលិត និងកាន់កាប់រូបភាពអាសអាភាស។
ក្រោយពីបានជាប់ឃុំអស់រយៈពេលជាង ៩ខែតុលាការបានដោះលែងអ្នកទាំងពីរកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងខកខានមិនបានប្រកាសសាលក្រមដោយលើកហេតុផលថាតម្រូវឲ្យស៊ើបអង្កេតបន្ថែមទៀតដោយសារគ្មានភស្តុតាងគ្រប់គ្រាន់។ សាលាដំបូងមិនបានបញ្ជាក់ពីពេលវេលាក្នុងការបញ្ចប់ករណីរឿងស៊ើបអង្កេតនេះឡើយ។
លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន បានប្តឹងទៅសាលាឧទ្ទរណ៍ ចំពោះការស៊ើបអង្កេតជាថ្មីចំពោះបទចោទក៏ប៉ុន្តែសាលាឧទ្ទរណ៍បានបដិសេធចំពោះបណ្តឹងនេះដោយលើកហេតុផលថាសាលាដំបូងមិនទាន់បញ្ចប់លើសំណុំរឿងនេះ។
ពាក់ព័ន្ធនឹងសំណុំរឿងលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិននេះ ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិព្រមទាំងសហគមន៍អន្តរជាតិបានរិះគន់ចំណាត់ការរបស់តុលាការ។
បន្ថែមពីនេះក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកលើការឃុំខ្លួនតាមទំនើងចិត្តបានចេញសេចក្តីថ្លែងការណ៍កាលពីឆ្នាំ២០១៩ដោយលើកឡើងថាការដកហូតសេរីភាពអ្នកទាំងពីរគឺជាការបំពានសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ បន្ថែមពីនេះ ក្រុមការងារអង្គការសហប្រជាជាតិនេះក៏បានស្នើដល់រដ្ឋាភិបាលកម្ពុជាឲ្យចាត់វិធានការចាំបាច់ដើម្បីដោះស្រាយករណីរបស់អ្នកសារព័ត៌មានទាំងពីរនាក់នេះ។
ទោះជាយ៉ាងណារហូតមកដល់ពេលនេះលោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន នៅតែបន្តដាក់ឲ្យស្ថិតនៅក្រោមភាពមិនច្បាស់លាស់ផ្នែកផ្លូវច្បាប់អស់រយៈពេលជាង ៤ឆ្នាំមកហើយដោយរងការគំរាមកំហែងពីបទចោទប្រកាន់ព្រហ្មទណ្ឌទោះបីជាគ្មានភស្តុតាងចោទប្រកាន់ច្បាស់លាស់ក៏ដោយ។កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានបដិសេធសំណើសុំលិខិតឆ្លងដែនរបស់លោក យាង សុធារិន្ទ ដើម្បីយកទៅប្រើប្រាស់សំរាប់ទៅចូលរួមកិច្ចប្រជុំក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សមាគមខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក។
របាយការណ៍ថ្មីៗ នេះរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ (CCIM) រកឃើញថា អ្នកសារព័ត៌មាន នៅតែប្រឈមការធ្វើទុក្ខបុកម្នេញ រងសម្ពាធនយោបាយ និងការដាក់គំនាបពីរដ្ឋាភិបាល និងប្រឈមបញ្ហាផ្លូវច្បាប់ជាដើម។ កម្ពុជាបានជាប់ឈ្មោះជាប្រទេសមានស្ថានភាពអាក្រក់ផ្នែកសេរីភាពសារព័ត៌មានរយៈពេល ៤ឆ្នាំមកហើយ ក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន បានបើកយុទ្ធនាការកម្ចាត់ស្ថាប័នព័ត៌មានឯករាជ្យធំៗ នៅក្នុងប្រទេស កាលពីចុងឆ្នាំ២០១៧ និងចាប់អ្នកសារព័ត៌មានជាច្រើននាក់ដាក់ពន្ធនាគារដោយខ្វះមូលដ្ឋានច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
