អង្គការ​សង់ត្រាល់ និង​ពលរដ្ឋ នៅ​ខេត្ត​បន្ទាយមានជ័យ​ជាង ៤០០នាក់ ប្រារព្ធ​ទិវា​ពលករ​ចំណាក​ស្រុក​អន្តរជាតិ ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​ពលករ

មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) និង​ពលរដ្ឋ​ជាង ៤០០នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រារព្ធ​ទិវា​ពលករ​ចំណាក​ស្រុក​អន្តរជាតិ​លើក​ទី២៥ ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​ពលករ។ ពួក​គាត់​លើក​ឡើង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ​នេះ​ភាគ​ច្រើន ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ប្រថុយប្រថាន​ទាំង​ខុស​ច្បាប់ ដោយ​ពុំ​ទាន់​មាន​អាជ្ញាធរ​ពាក់ព័ន្ធណា ផ្ដល់​កិច្ច​ការ​គាំពារ​សង្គម និង​ផ្ដល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ឡើយ។

ខណៈ​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់ កំពុង​ធ្វើ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ប្រថុយប្រថាន និង​ប្រឈម​បញ្ហា​ជា​ច្រើន ជា​ពិសេស ធ្វើ​ការ​ពុំ​បាន​លុយ ដោយសារ​តែ​ចាញ់​បោក​ថៅកែ​ថៃ និង​បញ្ហា​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ការងារ​មាន​តម្លៃ​ថ្លៃ​លើសលប់​នោះ អង្គការ​សង់ត្រាល់​ និង​ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​រាប់​រយ​នាក់ ​ប្រារព្ធ​​ទិវា​ពលករ​ចំណាក​ស្រុក​អន្តរជាតិ ដើម្បី​ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​​ឱ្យ​ផ្ដល់​កិច្ច​ការពារ​សង្គម និង​ការពារ​សិទ្ធិ​ពលករ​ឱ្យ​មាន​ប្រសិទ្ធភាព។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៩ ខែធ្នូ​ថា ការ​ប្រារព្ធ​ទិវា​ពលករ​ចំណាក​ស្រុក​អន្តរជាតិ​ លើក​ទី២៥ នេះ ធ្វើ​ឡើង ដើម្បី​ចូល​រួម​លុបបំបាត់​អំពើ​ជួញ​ដូរ​មនុស្ស ការ​កេង​ប្រវ័ញ្ច​កម្លាំង​កម្ម និង​ចូល​រួម​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ទាំង ស្រប​ច្បាប់ និង​ខុស​ច្បាប់។

លោក​បន្ត​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ ពលករ​ខ្មែរ​ចំណាក​ស្រុក​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​ផ្សេងៗ ពួក​គាត់​ងាយ​ប្រឈម​បញ្ហា​ជា​ច្រើន ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ខ្ពស់ ជាពិសេស ពាក់ព័ន្ធ​នីតិ​វិធី​ធ្វើ​លិខិត​ឆ្លងដែន ឯកសារ​ការងារ ត្រូវ​តែ​មាន​តម្លៃ​ទាប​សមរម្យ​ និង​ត្រូវ​ប្រាកដ​ថា កន្លែង​ធ្វើ​ការ​របស់​ពលករ​នៅ​ក្រៅ​ប្រទេស មាន​សុវត្ថិភាព​ត្រឹមត្រូវ ហើយ​មិន​ត្រូវ​ទុក​គាត់​ចោល ដោយ​គ្មាន​ការ​អើពើ​នោះ​ឡើយ។

លោក ឌីថេ ហូយ៉ា៖«ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​របស់​ពួក​គាត់​នឹង​ជា​រឿង​សំខាន់​ចំពោះ​ការ​រៀបចំ។ បើ​យើង​មើល​អំពើ​ស្ថិតិ​របស់​ពលករ​ចំណាក​ស្រុក អ្នក​ដែល​ទទួល​បាន​ជោគជ័យ​ចំពោះ​អ្នក​ធ្វើ​ចំណាក​ស្រុក​មាន​ជីវភាព​ល្អ ​គឺ​តិច​តូច​ណាស់ អ្នក​ដែល​គ្នា​ក្រីក្រ គឺ​មាន​ច្រើន។ យើង​ធ្វើ​កិច្ច​ការងារ​ហ្នឹង ជួប​ច្រើន​ចំពោះ​គ្រួសារ​ធ្វើ​ការ​ចំណាក​ស្រុក ទៅ​ស្រុក​គេ ហើយ​ក្រ​មក​វិញ រហូត​ដល់​មិន​មាន​ផ្ទះ​សម្បែង​នៅ មិន​មាន​អត្តសញ្ញាណប័ណ្ណ និង​មិន​មាន​ប័ណ្ណ​ក្រីក្រ​ ជាដើម»។

ការ​ប្រារព្ធ​ទិវា​ពលករ​ចំណាក​ស្រុក​របស់​អង្គការ​សង់ត្រាល់ និង​ពលរដ្ឋ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៨ ខែធ្នូ នៅ​តាម​តំបន់​មួយ​ចំនួន ក្នុង​ខេត្តបន្ទាយមានជ័យ ដូចជា ស្រុកស្វាយចេក ស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ និង​ក្រុងសិរីសោភ័ណ ជា​ដើម។ កម្មវិធី​នេះ មាន​រៀបចំ​ជា​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី «ការ​ផ្ដល់​ភាព​ស្រប​ច្បាប់ និង​កិច្ច​គាំពារ​សង្គម​ដល់​ពលករ» ដែល​មាន​ការចូលរួម​ចែក​រំលែក​ចំណេះ​ដឹង​ផ្នែក​ច្បាប់ និង​សារ​សំខាន់ នៃ​ការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដោយ​ស្រប​ច្បាប់។

ជា​មួយ​គ្នា​នោះ ទិវា​ពលករ​ចំណាក​ស្រុក​នេះ មាន​ការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​វ័យ​ចំណាស់ កុមារ សិស្សានុសិស្ស ព្រះសង្ឃ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​សរុប ជាង ៤០០នាក់។ ក្នុង​ពេល​ប្រារព្ធ​នោះ អ្នក​ចូលរួម​បាន​ជិះ​គោយន្ត ឡាន និង​ត្រាក់ទ័រ ដង្ហែ​តាម​ដង​ផ្លូវ ដោយ​ភ្ជាប់​ជា​មួយ​សារ​មួយ​ចំនួន ដូច​ជា «យើង​រួម​គ្នា​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម» រួម​និង​សារ​ថា «ផ្ដល់​ប័ណ្ណ​ក្រីក្រ​ដល់​ពលករ​ចំណាក​ស្រុក​ក្រីក្រ​ពិត​ប្រាកដ គឺ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​កម្ពស់​ជីវភាព​សមរម្យ​ដល់​ពួក​គេ» ជា​ដើម។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​អភិបាល ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៩ ខែធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់​បាន​ចូលរួម​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម រួម​និង​ជំរុញ​ឱ្យ​មន្ត្រី​តាម​ច្រក​ព្រំដែន​កាត់​បន្ថយ​ការ​យក​ថ្លៃ​លើ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន និង​ឯកសារ​ការងារ​ឱ្យ​បាន​ទាប​បំផុត ពី​ពលករ​ផង​ដែរ។ ប៉ុន្តែ ពលករ​ភាគ​ច្រើន​ថា តម្លៃ​នៅ​ថ្លៃ​ដដែល ហើយ​នីតិវិធី​ធ្វើ​ឯកសារ​ទាំង​នោះ ក៏​កាន់​តែ​ ស្មូញស្មាញ និង​យឺតយ៉ាវ។

ពលរដ្ឋ​រស់​នៅ​ស្រុក​មង្គលបុរី និង​ជា​យុវជន​ស្ម័គ្រចិត្ត ផ្នែក​ប្រឹក្សា​យោបល់​សុវត្ថិភាព​ពលករ​ចំណាកស្រុក លោកស្រី ឆៃ សុខេង លើក​ឡើង​ថា ពលករ​ភាគ​ច្រើន នៅ​ស្រុកមង្គលបុរី ស្ទើរតែ​៨០% ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់​ខ្លះ និង​ខុស​ច្បាប់​ខ្លះ។ លោកស្រី​ថា ពលករ​ទាំង​នោះ​ងាយ​ប្រឈម​បញ្ហា​ច្រើន ជា​ពិសេស ការ​បោក​ប្រាស់​កម្លាំង​ពលកម្ម ធ្វើ​ការ​ឥត​បាន​លុយ និង​ការ​ទារ​តម្លៃ​ថ្លៃ​លើសលប់​ពី​ក្រុមហ៊ុន រត់​ការ​ធ្វើ​ ឯកសារ​ និង​ លិខិត​ឆ្លងដែន។ លោកស្រី​ថា ករណី​នេះ​បាន​បង្ខំ​ឱ្យ​ពលករ​ខ្លះ ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់ ទាំង​ប្រថុយប្រថាន ព្រោះ​តែ​ពុំ​មាន​លទ្ធភាព​ធ្វើ​ឯកសារ​ការងារ​បាន​ត្រឹម​ត្រូវ។ លោក​ស្រី​ថា អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ដោះស្រាយ​បញ្ហា​នេះ​ ឱ្យ​មាន​ប្រសិទ្ធភាព។

លោកស្រី ឆៃ សុខេង៖ «អ្នក​ខ្លះ​គ្រាន់​តែ​ថៅកែ​ថា ធ្វើ​ប៉ាសស្ព័រ​ឱ្យ កាត់​លុយ​អ៊ីចេះ​មួយ អ៊ីចុះ​មួយ ហើយ​ថៅកែ​កាត់​លុយ​រាល់​ខែ ប៉ុន្តែ ឯកសារ​មិន​ដែល​ឃើញ អត់​ដែល​ដឹង​ថា ខ្លួន​ឯង​មាន ឬ​អត់​ផង។ ថៅកែ​ខ្លះ អត់​បាន​ធ្វើ​ឯកសារ​ទេ បាន​តែ​កាត់​លុយ​គាត់។ នេះ​ជា​កត្តា​ដែល​ជំរុញ​ឱ្យ​គាត់​ធ្វើ​ការ​ដោយ​ខុស​ច្បាប់។ ទី១ គាត់​មិន​មាន​ថវិកា​ធ្វើ។ ទី២ គាត់​អត់​ទុក​ចិត្ត​ថា ថៅកែ​នោះ​អាច​ធ្វើ​ប៉ាសស្ព័រ​ឱ្យ​គាត់​បាន ឬ​អត់?ទី៣ គាត់​អត់​មាន​ស្គាល់​សាច់​ញាតិ​បង​ប្អូន​ណា​ទេ គឺ​គាត់​ទៅ​តែ​ខ្លួន​ឯង។ គាត់​អាង​តែ​គាត់ នៅ​កន្លែង​អត់​មាន​ឯកសារ អត់​មាន​បញ្ហា។ ប៉ុន្តែ ពេល​មាន​បញ្ហា គាត់​អត់​ដឹង​ថា ត្រូវ​ធ្វើ​បែប​ណា​ទេ»។

ក្រសួង​ការងារ​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ជាង ១លាន ២សែន​នាក់។ ចំណែក​អង្គការ​សង់ត្រាល់​ថា គិត​ត្រឹម​ឆ្នាំ២០២៣ ពលករ​ខ្មែរ​មាន​ជាង ២លាន​នាក់ កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ ទាំង​ស្របច្បាប់ និង​ខុស​ច្បាប់។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​លើក​ឡើង​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​អតីត​នាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន រហូត​ដល់​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​ដោះស្រាយ​បញ្ហា​ឱ្យ​ពលករ​ចំណាក​ស្រុក​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​ពលករ​តែ​កាន់​តែ​មាន​ជីវភាព​ខ្វះខាត​ និង​ជំពាក់​បំណុល​វ័ណ្ឌក។ ពួក​គាត់​ថា បញ្ហា​នេះ ដោយសារ​តែ​ពលករ​ចំណាកស្រុក​ភាគ​ច្រើន​ ជា​ពិសេស ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តែង​ជួបប្រទះ​បញ្ហា លិខិត​ឆ្លងដែន ធ្វើ​ឯកសារ​ការងារ​មាន​តម្លៃ​ថ្លៃ ការ​ចាញ់​បោក​មេខ្យល់ ការ​ប្រឈម​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​រំលោភ​សិទ្ធិ​ការងារ កើត​មាន​ជា​ញឹកញាប់ ប៉ុន្តែ ពុំ​ទទួល​បាន​ការ​ការពារ ឬ​ផ្ដល់​កិច្ច​គាំពារ​សង្គម ពី​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​បាន​ទាន់​ពេលវេលា និង​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។