គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដែងក្តីព្រួយបារម្ភរឿងរំលោភបំពានផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍ ខណៈបច្ចេកវិទ្យាកាន់តែទំនើប ហើយការចែកចាយរូបភាព អាសអាភាសលើបណ្ដាញសង្គមកាន់តែកើនឡើង។ សង្គមស៊ីវិលឯកភាពចំពោះការលើកឡើង អំពីក្តីកង្វល់នេះ និងជំរុញឱ្យរដ្ឋាភិបាល ចាត់វិធានការឱ្យតឹងរ៉ឹងជាងមុន ដើម្បីធានាការពារសុវត្ថិភាពកុមារ និងលុបបំបាត់ទេសចរណ៍ផ្លូវភេទលើកុមារ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង អំពាវនាវឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានានា ជាពិសេស បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ចូលរួមប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងមានប្រយោជន៍ដល់សង្គមជាតិ ជៀសវាងការប្រើប្រាស់ដើម្បីកេងប្រវ័ញ្ច ឬអំពើមិនសមរម្យណាមួយលើផ្លូវភេទកុមារ។
ការអំពាវនាវនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីអំពីកិច្ចបង្ការ និងការឆ្លើយតបនឹងបទល្មើសផ្លូវភេទ លើកុមារក្នុងវិស័យទេសចរណ៍ នៅថ្ងៃទី២៧ ខែសីហា នាទីស្ដីការក្រសួងមហាផ្ទៃ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង កត់សម្គាល់ឃើញថា បច្ចុប្បន្នការចែកចាយរូបភាពអាសអាភាសនៅតាមបណ្ដាញសង្គម ឬការផ្សព្វផ្សាយនៅតាមគេហទំព័រនានា កំពុងតែកើនឡើងយ៉ាងខ្លាំង ដែលករណីនេះ ជាកត្តាមួយបង្កើតឱ្យមានអំពើរំលោភបំពានផ្លូវភេទលើកុមារ។ អ្នកស្រីបន្តថា ថ្វីត្បិតតែកន្លងមកក្រសួងមហាផ្ទៃ បានបង្កើតនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីទប់ស្កាត់ និងបង្ការបញ្ហានេះក្តី ក៏ចាំបាច់ត្រូវតែមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងដៃគួរអភិវឌ្ឍន៍ផ្សេងៗ ជាពិសេសអាណាព្យាបាល ត្រូវតែបង្កើនការយកចិត្តទុកដាក់ចំពោះកូនៗ របស់ខ្លួនបន្ថែមទៀត ដើម្បីឈានដល់ការលុបបំបាត់អំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវវិធានការ ៣ចំណុចដើម្បីបង្ការ និងបង្ក្រាបការជួញដូរផ្លូវភេទលើកុមារ។ វិធានការទាំងនោះរួមមាន ការប៉ាន់ប្រមាណ ទៅលើទំហំនៃការហូរចូលរបស់ភ្ញៀវទេសចរដែលមាននិន្នាការលើអំពើពេស្យាចារ អភិវឌ្ឍផ្នែកបច្ចេកវិទ្យា និងផ្លាស់ប្ដូរឥរិយាបថរបស់មនុស្សនៅក្នុងសង្គម ព្រមទាំងបង្កើនការស្រាវជ្រាវដាក់ការសង្ស័យជាមុន ដើម្បីត្រៀម ទប់ស្កាត់ជាមុន។ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ខេត្តចំនួន៥ ដែលត្រូវតែបង្កើនប្រព័ន្ធការពារលើកុមារ ដែលងាយរងគ្រោះ ក្នុងនោះមានដូចជា ខេត្តកំពត សៀមរាប ព្រះសីហនុ និង រាជធានីភ្នំពេញ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត គាំទ្រចំពោះការលើកឡើងរបស់មន្ត្រីជំនាញក្រសួងមហាផ្ទៃ។ លោកទទួលស្គាល់ថា កំណើនភ្ញៀវទេសចរណ៍បរទេស និងភាពជឿនលឿននៃបច្ចេកវិទ្យា ពិតជាធ្វើឱ្យមានក្តីបារម្ភកាន់តែធំធេងចំពោះសុវត្ថិភាពកុមារ។ ទោះយ៉ាងណាអ្នកការពារសិទ្ធិមនុស្សរូបនេះ ស្នើសុំឱ្យរដ្ឋាភិបាល ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះ ដើម្បីកុំឱ្យមានការរិះគន់ថា រដ្ឋាភិបាលនៅតែបរាជ័យក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយនៅតែជាប់ចំណាត់ថ្នាក់មិនល្អ៖ «អាហ្នឹងគឺជាវិធានការមួយហើយនៅចំពោះមុខតែខ្ញុំគិតថា គួរតែហ្វឹកហ្វឺនបន្ថែមទៀតទៅលើមន្ត្រីជំនាញទាក់ទងនឹងបច្ចេកវិទ្យា និងបញ្ហានិងជំនាញ ផ្សេងៗបន្ថែមទៀតដើម្បីឱ្យរត់ទាន់សម័យកាលបច្ចេកវិទ្យានេះ ។ ម្យ៉ាងវិញទៀត ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ទាំងក្នុងតំបន់ជាពិសេសក្នុងអាស៊ានដើម្បីធ្វើការទប់ស្កាត់។ យើងបារម្ភដែរ ព្រោះថាសហរដ្ឋអាមេរិក បានដាក់យើងក្នុងចំណាត់ថ្នាក់មួយដែលមិនទាន់បានល្អ ឬចំណាត់ថ្នាក់លេខ២»។
លោក អំ សំអាត បន្ថែមថា កត្តាដែលធ្វើឱ្យមានការរំលោភបំពាន និងជួញដូរផ្លូវភេទលើកុមារនេះ ផ្ដើមចេញពីភាពក្រីក្រ ខ្វះចំណេះដឹង កង្វះទីផ្សារការងារ ការអនុវត្តច្បាប់ធូរលុងបណ្ដោយឱ្យជនល្មើសរួចខ្លួនបញ្ហាគ្រឿងញៀន ការសេពគ្រឿងស្រវឹង និងការធ្លាក់ចុះនៃសីលធម៌សង្គមជាដើម។
របាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៩ បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទដែលបង្ក្រាបបានមាន ចំនួន៧៨ករណី ហើយឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ៩៧នាក់ ក្នុងនោះមានជាជនជាតិចិន ១២នាក់ និងជនជាតិអាមេរិក២នាក់។ រីឯជនរងគ្រោះមានចំនួនជិត ៣រយនាក់ (២៦៣នាក់) ក្នុងនោះ មានអាយុក្រោម ១៥ឆ្នាំ ៧០នាក់ និងអាយុពី ១៨ឆ្នាំឡើងទៅមានចំនួន ១៦២នាក់។
កាលពីខែ មិថុនាកន្លងទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍មួយស្តីពីការជួញដូរមនុស្សនៅកម្ពុជា។ សហរដ្ឋអាមេរិក បានដាក់ឈ្មោះប្រទេសកម្ពុជាក្នុងលំដាប់ថ្នាក់លេខ២ ដែលមានន័យថា ប្រទេសកម្ពុជាបានប្រឹងប្រែងប្រឆាំងការជួញដូរមនុស្សបានល្អគួរសមនាពេលកន្លងទៅ ក៏ប៉ុន្តែការប្រឹងប្រែងនោះមិនទាន់បានឈានដល់កម្រិតស្តង់ដារជាអតិបរមានៅឡើយទេ ដោយសារតែអំពើពុករលួយ គឺជាឧបសគ្គក្នុងការអនុវត្តច្បាប់ និងការផ្ដន្ទាទោសជនល្មើសជួញដូរមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។