អ្នកវិភាគ​ថា ក្រុមហ៊ុន​ចិន​មួយ​ចំនួន​រកស៊ី​នៅ​កម្ពុជា​ភាគច្រើន​បាន​រំលោភ​លើ​សិទ្ធិមនុស្ស

ហេង រស្មី
2020-08-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​ចិន​ក្នុង​ជំនួប​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩។
លោក ហ៊ុន សែន មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​ចិន​ក្នុង​ជំនួប​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

អ្នកវិភាគ លើកឡើង​ថា ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​រកស៊ី​នៅ​កម្ពុជា ភាគច្រើន​បាន​រំលោភ​សិទ្ធិ​មនុស្ស ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​ការពារ​ថា ក្រុមហ៊ុន​ចិន​ទាំង​នោះ​បាន​គោរព​ច្បាប់​ត្រឹមត្រូវ។

អ្នកវិភាគ​សង្គម​លោក បណ្ឌិត មាស នី អះអាង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​នៅ​កម្ពុជា មិន​មាន​ការសិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ទេ ជាពិសេស​ផល​ប៉ះពាល់​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្បែរ​តំបន់​ដែល​ចិន កំពុង​វិនិយោគ រហូត​ដល់​មាន​ការ​តវ៉ា​ជា​ញឹកញាប់។

លោក​ថា លោក​មិន​ជំទាស់​នឹង​វត្តមាន​របស់​អ្នក​វិនិយោគ​នៅ​កម្ពុជា​ទេ ប៉ុន្តែ​ខាង​រដ្ឋាភិបាល​កម្ពុជា​ហាក់បីដូចជា​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​គ្រប់គ្រង​អ្នកវិនិយោគទុន​មិន​ពី​ប្រទេស​ចិន។ លោក​បញ្ជាក់​ថា ភាព​ចន្លោះប្រហោង​នេះ​ហើយ​បាន​បង្ក​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​របស់​ចិន​មិន​ខ្វល់​ពី​បញ្ហា​សិទ្ធិមនុស្ស៖ «យើង​មើល​ដូចជា​ក្រុមហ៊ុន​ចិន​នៅ​បុទុមសាគរ កន្លែង​កំពុង​ផែ​ទឹក​ជ្រៅ​របស់​ក្រុមហ៊ុន​យូឌីជី (UDG) ហ្នឹង​ក៏ យើង​ឃើញ​មាន​ថា ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ក៏​មិនទាន់​ឃើញ​មាន​ចប់​នៅ​ឡើយ។ នៅ​ខាង​កំពង់សោម យើង​ឃើញ​ថា មាន​បញ្ហា​ច្រើន​ដែរ។ នៅ​ភ្នំពេញ ក៏​នៅ​តែ​មាន​ការ​បណ្តេញ​ចេញ ពីព្រោះ​ការ​បណ្តេញ​ចេញពី​លំនៅឋាន ក៏​មាន​។ បើ​យើង​ទៅ​មើល​ទៅតាម​តំបន់​ខេត្ត​វិញ ក៏​មាន​ក្រុមហ៊ុន​ចិន​ខ្លះ ធ្វើការ​វិនិយោគ​ទៅលើ​ដី​ដែល​មាន​ផល​ប៉ះពាល់​ដី​ពលរដ្ឋ​ហ្នឹង ក៏​មិន​ទាន់​បាន​ដោះស្រាយ​ផង​ដែរ»

គេហទំព័រ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​គឺជា​ប្រទេស​ស្ថិត​នៅ​ក្នុង​លំដាប់​កំពូល​គេ ក្នុងចំណោម​បណ្ដា​ប្រទេស​នានា​ដែល​បាន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​។ គម្រោង​វិនិយោគ​មក​ពី​ប្រទេស​ចិន​ស្មើនឹង ៣៥​ភាគរយ នៃ​គម្រោង​វិនិយោគ​មកពី​បរទេស​សរុប​ចាប់ពី​ឆ្នាំ ២០១៦​ដល់​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ។

ប្រទេស​ចិន​បាន​វិនិយោគ​ចំនួន ៧,៩​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងចំណោម​គម្រោង​វិនិយោគ​បរទេស​សរុប​ចំនួន ២២​ពាន់​លាន​ដុល្លារ​សម្រាប់​កម្ពុជា​។ ចំណែក​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោក បណ្ឌិត សេង សារី ក៏​អង្កេត​ឃើញ​ថា ក្រុមហ៊ុន​ចិន​ដែល​មក​រក​ស៊ី​នៅ​កម្ពុជា ក្នុង​បី​វិស័យ រួមមាន​វិស័យ​វាយនភណ្ឌ កាស៊ីណូ និង​កសិកម្ម។ ការ​វិនិយោគ​លើ​វិស័យ​ទាំង​នោះ​គេ សង្កេត​ឃើញ​ថា មាន​ការ​រំលោភ​សិទ្ធិមនុស្ស៖ «ក្រុមហ៊ុន​ចិន​មួយ​ចំនួន យើង​ទទួល​ស្គាល់​ថា មិនសូវ​ជា​ផ្តល់​នៅ ការ​គោរព​នៅ​សិទ្ធិមនុស្ស ឬក៏​មិន​ផ្ដល់​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ធំ ហើយ​អង្គការក្រៅរដ្ឋាភិបាល​ក៏​ធ្លាប់​រិះគន់​រឿង​ហ្នឹង​ច្រើន​ដែរ​។ មកដល់​បច្ចុប្បន្ន​នេះ​ក៏​យើង​ឃើញ​ថា ក៏​នៅតែ​មាន​ការ​តវ៉ា ជាដើម»

របាយការណ៍​សហជីព​កម្មករ​ឲ្យ​ដឹង​ថា ស្ទើរតែ​គ្រប់​រោងចក្រ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន តម្រូវ​ឲ្យ​ក្រុម​កម្មករ​ធ្វើការ​ថែម​ម៉ោង​ឲ្យ​បាន​ច្រើន បង្ខំ​អោយ​ក្រុម​កម្មករ​ធ្វើការ​ហួសកម្លាំង ជេរប្រមាថ និង​បញ្ឈប់​កម្មករ មេដឹកនាំ​សហជីព​ដោយ​គ្មាន​ហេតុផល ប្រសិនណាបើ​មាន​ពួកគេ​ហ៊ាន​ចេញមុខ​ការពារ​ផលប្រយោជន៍​ដល់​ក្រុម​កម្មករ។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចិន​ភាគច្រើន​មិន​គោរព​លក្ខខណ្ឌ​ការងារ បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត។

លោក​បញ្ជាក់​ថា កន្លង​មក​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន តែងតែ​បញ្ឈប់​មេដឹកនាំ​សហជីព បណ្ដេញ​កម្មករ​ដោយ​គ្មាន​ហេតុផល និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​ក្រុម​កម្មករ ដែល​បណ្ដាល​អោយ​មាន​ការ​ផ្ទះ​ការ​តវ៉ា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ជា​ញឹកញាប់។

លោក​និយាយ​ថា មូលហេតុ​ដែល​ជនជាតិ​ចិន​មិនសូវ​គោរព​លក្ខខណ្ឌ​ការងារ​ដោយសារតែ​ពួកគេ​អាង​អាជ្ញាធរ​មូលដ្ឋាន​ជា​ខ្នងបង្អែក តែងតែ​ជួយ​ការពារ​ក្រុមហ៊ុន​ទាំងនោះ​នៅ​ពេល​មាន​ផ្ទុះ​ការ​តវ៉ា​ម្តងៗ៖ «ខ្ញុំ មិន​ដឹង​ថា វប្បធម៌​នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត និង​ប្រទេស​សេរី យ៉ាងម៉េច ប៉ុន្តែ​គឺ​ហាក់បីដូចជា​មិន​សូវ​មាន​អ្នក​ខ្លាច​ច្បាប់​អី​ទេ។ ភាគច្រើន​បើកាលណា​មានរឿង​អី​ទៅ​គឺ​គេ​ត្រូវ​ពឹង​ពាក់​រាជការ ដើម្បី​ដោះស្រាយ។ ដូច​ថា​មានរឿង​អី​គេ ច្រើនតែ​មិនសូវ​ដោះស្រាយ​ជាមួយ​កម្មករ​ទេ។ បើ​មើល​ពី​ជនជាតិ​ផ្សេងៗ គេ​រក​វិធី​ដោះស្រាយ​ច្រើនជាង»

ទាក់ទង​នឹង​ការ​លើកឡើង​របស់​មន្ត្រី សហជីព និង​អ្នកវិភាគ​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​លើកឡើង​របស់​អ្នកវិភាគ និង​មន្ត្រី​សហជីព​គឺជា​រឿង​នយោបាយ ដើម្បី​បន្ទាប​កិត្តិយស​គណបក្ស​គ្រប់គ្រង​អំណាច​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន​ទាំងអស់​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ប្រសិនបើ​រដ្ឋាភិបាល​រក​ឃើញ​ថា បាន​រំលោភ​សិទ្ធិមនុស្ស បរិស្ថាន ដីធ្លី​របស់​ពលរដ្ឋ និង​សិទ្ធិ​ការងារ​របស់​កម្មករ នោះ​រដ្ឋាភិបាល​កម្ពុជា នឹង​ចាត់វិធានការ​តាមច្បាប់។ ប៉ុន្តែ​កន្លែង​មក​ក្រុមហ៊ុន​ចិន​ទាំងនោះ​គោរព​ច្បាប់​ត្រឹមត្រូវ៖ «បើសិនជា​រំលោភ​សិទ្ធិ​ការងារ​របស់​កម្មករ គឺ​កម្មករ​អាច​ប្ដឹង ហើយ​អ្នក​ចុះ​អធិការកិច្ច​នឹង​ចាត់​វិធានការ។ ពីព្រោះ​អ្នក​មក​វិនិយោគ មិន​មែនមាន​សេចក្ដី​ថា មាន​សិទ្ធិ រហូតដល់​មិន​គោរព​ច្បាប់​រដ្ឋ ឯណា គឺ​មិនមែន​ទេ​។ អ្នក​ដែល​លើកឡើង ហ្នឹង​គ្រាន់តែ​ជា​និន្នាការ នយោបាយ​ទេ។ ការ​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ស្ថិត​នៅ​ក្រោម​អំណាច​ច្បាប់​របស់​កម្ពុជា»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​សមាគម​ខ្មែរ​ចិន ប្រចាំ​នៅ​កម្ពុជា​លោក ពុង ឃាវសែ តែ​ត្រូវ​ជំនួយការ​របស់​លោក​និយាយ​ថា លោក​កំពុង​ជាប់រវល់។

មន្ត្រី​សង្គម​ស៊ីវិល​បាន​លើកឡើង​ថា ទីណា​មាន​ក្រុមហ៊ុន​ចិន​វិនិយោគ ទីនោះ​ជួបប្រទះ​នៅ​ការ រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន ហើយ​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ពិចារណា​ឡើងវិញ ចំពោះ​ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​ចិន​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល