ពលរដ្ឋនៅតាមសហគមន៍ក្រីក្រនៅទូទាំងប្រទេសបង្ហាញពីការប្រឈមនៃការតស៊ូមតិដើម្បីការពារធនធានធម្មជាតិ និងដីស្រែចម្ការ និងលំនៅឋានពួកគាត់។ ភាពផុយស្រួយនៃការបាត់បង់ទ្រព្យសម្បត្តិទាំងនេះ និងបញ្ហាប្រឈមនានា ត្រូវបានពួកគាត់លើកមកបង្ហាញនៅក្នុងអង្គសន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី៩ ដើម្បីឲ្យមានការចូលរួមបន្តស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល និងផ្ដល់ដំណោះស្រាយជូនពួកគាត់។
សំឡេងអំពាវរបស់ប្រជាសហគមន៍ក្រីក្រដែលរងផលប៉ះពាល់ពីការកាប់ព្រៃឈើ បំផ្លាញបរិស្ថាន និងការរំលោភដីធ្លីពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នៅតែកើតមានមិនដាច់ក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ។ ក្នុងបរិបទនេះហើយដែលធ្វើនាំឲ្យសន្និសីទថ្នាក់ជាតិស្ដីពីការតស៊ូមតិពីមួយឆ្នាំទៅមួយឆ្នាំបានលើកយកប្រធានបទមកពិភាក្សានោះមិនចាកឆ្ងាយពីបញ្ហាដីធ្លី និងធនធានធម្មជាតិនោះឡើយ។
សន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី៩ ដែលប្រារព្ធធ្វើនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ បានកំណត់យកប្រធានបទ "ធ្វើការរួមគ្នាដើម្បីលើកកម្ពស់គណនេយ្យភាពសង្គមលើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា"។ កាលពីសន្និសីទថ្នាក់ជាតិលើទី៨ ឆ្នាំ២០១៤ បានកំណត់យកប្រធានបទស្រដៀងគ្នានេះដែរ គឺ "ធ្វើការរួមគ្នាដើម្បីកំណែទម្រង់លើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព"។
អ្នកចូលរួមមួយចំនួនបញ្ចេញទស្សនៈថា បើឆ្លុះបញ្ចាំងទៅលើប្រធានបទទាំងពីរនេះឃើញថា បញ្ហាដីធ្លី និងធនធានធម្មជាតិនៅតែមានបញ្ហាប្រឈមខ្លាំង។

ពលរដ្ឋដែលមានជម្លោះដីធ្លីមកពីខេត្តមណ្ឌលគិរី លោក តយ ងាន មានប្រសាសន៍នៅក្នុងឱកាសបើកសន្និសីទថ្នាក់ជាតិស្ដីពីការតស៊ូមតិកាលពីថ្ងៃទី៣ ខែវិច្ឆិកា ថា ជាច្រើនឆ្នាំមកហើយបញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមិនត្រូវអាជ្ញាធរ ឬរដ្ឋាភិបាលដោះស្រាយនោះទេ៖ «»។
លោកបន្តថា ការតស៊ូមតិតាមរយៈការដាក់ពាក្យប្ដឹងទៅអាជ្ញាធរមូលដ្ឋានធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុនការដាក់ញត្តិទៅស្ថាប័នជាតិ ដូចជារដ្ឋសភារដ្ឋាភិបាលក្រសួងពាក់ព័ន្ធជាច្រើនក៏នៅមិនទាន់ឃើញជាលទ្ធផលអ្វីនៅឡើយទេ៖ «»។
ចំណែកប្រជាសហគមន៍ឃុំឈើតុម ស្រុកក្រគរ ខេត្តពោធិ៍សាត់ វិញ ក៏បានបង្ហាញពីការតស៊ូមតិប្រឆាំងនឹងសកម្មភាពកាប់ព្រៃឈើធ្វើអាជីវកម្ម និងទន្ទ្រានយកដីធ្លីរំលោភលើសម្បត្តិរួមរបស់ប្រជាសហគមន៍កំពុងអាស្រ័យផល បង្កឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋម្ចាស់ស្រុកជាច្រើន៖ «»។
លោកបន្តថា ប្រជាពលរដ្ឋបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរខេត្តអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋសភាស្ថាប័នរបស់រដ្ឋាភិបាលដែលពាក់ព័ន្ធឲ្យចុះអង្កេត និងចាត់វិធានការ ប៉ុន្តែជាច្រើនខែមកហើយពុំទាន់មានការឆ្លើយតបយ៉ាងនោះទេ៖ «»។
អ្នកចូលរួមដទៃទៀតបង្ហាញថា នៅមានករណីស្រដៀងគ្នានេះជាច្រើនទៀតស្ទើរទូទាំងប្រទេសដែលមិនទាន់មានការដោះស្រាយ ហើយកំពុងធ្វើឲ្យពលរដ្ឋតស៊ូទាំងទឹកភ្នែកដើម្បីទាមទាររកយុត្តិធម៌។
ឆ្លើយតបនឹងបញ្ហាទាំងនេះ ឧកញ៉ា ម៉ុង ឫទ្ធី ជាប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី និងជាប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា បានឆ្លើយតបនឹងសំណួររបស់អ្នកកាសែតក្នុងឱកាសលោកអញ្ជើញបើកសន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី៩ នោះថា បរិយាកាសតស៊ូមតិរបស់ប្រជាពលរដ្ឋកន្លងមកបានទទួលលទ្ធផលល្អប្រសើរជាច្រើន ហើយការខិតខំទៅមុខទៀត លោកជឿថា នឹងអាចបានទទួលលទ្ធផលទៅតាមការប្រឹងប្រែងរបស់ពួកគាត់។
លោកបង្ហាញទៀតថា ករណីខ្លះដែលដោះស្រាយមិនទាន់ចប់នោះ ដោយសារត្រូវការពេលវេលា និងត្រូវការយោគយល់គ្នាទៅវិញទៅមក ចំណែកករណីផ្សេងទៀតអាចបណ្ដាលមកពីភាគីជម្លោះមិនយោគយល់គ្នាតែម្ដង៖ «»។
លោកបន្តថា វិបត្តិដែលកើតមានរវាងអ្នកវិនិយោគ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់បើមិនប្រញាប់រកដំណោះស្រាយទេនោះ នឹងនាំឲ្យខាតបង់ប្រយោជន៍ទាំងសងខាង៖ «»។

ជាមួយគ្នានោះដែរ ប្រធានអង្គការសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានកត់សម្គាល់ឃើញថា ករណីជម្លោះដីធ្លីនៅឆ្នាំ២០១៥ នេះ មិនទាន់ថយចុះទេ ប៉ុន្តែសកម្មភាពតស៊ូមតិរបស់ពលរដ្ឋដែលរងផលប៉ះពាល់ ហើយត្រូវបង្ក្រាបដោយកងកម្លាំងសមត្ថកិច្ចនោះមានការថយចុះជាងបណ្ដាឆ្នាំមុនៗ៖ «»។
ពាក់ព័ន្ធនឹងការវិនិយោគលើដីសម្បទានសេដ្ឋកិច្ចវិញ អនុប្រធាននាយកដ្ឋានសហគមន៍តំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន លោក គឹម សារិន បានថ្លែងបញ្ជាក់ទៅកាន់ប្រជាសហគមន៍ដែលរងផលប៉ះពាល់ក្នុងសន្និសីទតស៊ូមតិថ្នាក់ជាតិនៅថ្ងៃទី៣ ខែតុលា ថា រដ្ឋាភិបាលនឹងពិនិត្យមើលឡើងវិញលើស្ថានភាពនៅតំបន់ដីសម្បទានសេដ្ឋកិច្ចដោយត្រួតពិនិត្យទៅលើក្រុមហ៊ុនទាំងឡាយណាដែលមិនបានគោរពច្បាប់ និងគោលការណ៍របស់រដ្ឋាភិបាលនោះ។ ទាក់ទងបញ្ហានេះដែរ កន្លងមករដ្ឋាភិបាលក៏បានដកហូតដីសម្បទានពីក្រុមហ៊ុនមួយចំនួនរួចហើយដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
