មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅក្នុងតំបន់អង្គរអះអាងថា របាយការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលព្រួយបារម្ភចំពោះពលរដ្ឋក្នុងតំបន់អង្គរទៅតាំងទីលំនៅថ្មីដោយបង្ខំ គឺឆ្លុះបញ្ចាំងពីការពិត និងស្នើឱ្យមានដំណោះស្រាយករណីបង្ខំឱ្យពលរដ្ឋចាកចេញពីតំបន់អង្គរបន្ថែមទៀត។ ការលើកឡើងនេះ ស្របពេលដែលអាជ្ញាធរជាតិអប្សរា បានបដិសេធចំពោះរបាយការណ៍នេះ ដោយចាត់ទុកថា ផ្ទុយពីការពិត និងមិនបានស្វែងយល់ព័ត៌មានពិតក្នុងតំបន់នោះ។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលទទូចឱ្យអាជ្ញាធរជាតិអប្សរាទទួលយករបាយការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទៅដោះស្រាយ ដើម្បីកែលម្អចំណុចខ្វះចន្លោះបញ្ចប់ជម្លោះរ៉ាំរ៉ៃ ជាមួយនឹងពលរដ្ឋក្នុងតំបន់អង្គរ។
ពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ដែលទៅតាំងទីលំនៅថ្មី ក្នុងតំបន់រុនតាឯក ថ្លែងសុំលាក់ឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ១៧ ធ្នូថា ចាប់តាំងពីគ្រួសារលោកស្រី រុះរើផ្ទះសម្បែងក្នុងតំបន់អង្គរកាលពីឆ្នាំ ២០២២ រហូតមក អាជ្ញាធរបានផ្តល់ថវិកាសរុបចំនួន ២លាន ៥ សែនរៀល(២៥០០.០០០) ឬស្មើជាង ៦រយដុល្លារ ប៉ុណ្ណោះ។
លោកស្រីថា ថវិកាទាំងនេះមិនអាចសាងសង់ជម្រកថ្មីរស់នៅបានឡើយ ហើយបច្ចុប្បន្នលោកស្រី បានមកជួលបន្ទប់ស្នាក់នៅក្នុងក្រុងសៀមរាប ដើម្បីរកស៊ីចិញ្ចឹមជីវិតយ៉ាងលំបាកលំបិន។ លោកស្រីយល់ថា របាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិគឺជារឿងពិត។
ពលរដ្ឋថ្លែងសុំលាក់ឈ្មោះ៖«ខ្ញុំរស់នៅក្នុងហ្នឹងវាពិបាក វាប្រឈមនឹងការខ្វះខាតខ្លាំង ព្រោះយើងរស់នៅទីនោះរាល់ថ្ងៃជាតំបន់រកអ្វីមិនបានទាល់តែហ្មង!យើងមិនអាចមានចំណូលចេញចូលបានទេ បើចង់រកទាល់តែមកចម្ងាយដី៣០-៤០គីឡូ លុះយើងទូទាត់ទៅត្រឡប់ទៅវិញ គឺអត់គ្រប់»។
ប្រតិកម្មរបស់ពលរដ្ឋធ្វើឡើង ក្រោយពីអាជ្ញាធរជាតិអប្សរានៅតែមិនទទួលស្គាល់ការពិត ពីស្ថានភាពពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលអាជ្ញាធរបង្ខំឱ្យរុះរើចេញពីតំបន់នោះ ចាប់តាំងពីឆ្នាំ ២០២២ រហូតមកទល់ពេលនេះ។
ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹង របាយការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយថ្លែងការពារថា អាជ្ញាធរជាតិអប្សរា តែងបំពេញកិច្ចការងារគោរពសិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញ និងខ្លឹមសារច្បាប់នានា ពាក់ព័ន្ធនឹងកិច្ចការពារ បេតិកភណ្ឌវប្បធម៌ ព្រមទាំងគោលការណ៍អនុសញ្ញាស្ដីពីបេតិកភណ្ឌពិភពលោក ។
អាជ្ញាធរជាតិអប្សរាអះអាងទៀតថា ក្នុងរយៈកាល៣០ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការអភិវឌ្ឍន៍ដោយចីរភាពសហគមន៍ និងការរស់នៅរបស់ពលរដ្ឋ ចំនួន១១២ភូមិ ជាយូរលង់ណាស់មកហើយ ក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយបច្ចុប្បន្នបុគ្គលិករបស់អាជ្ញាធរអប្សរាចំនួន ៧៤ភាគរយ ជាពលរដ្ឋនៅមូលដ្ឋាន។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបកស្រាយបន្ថែមជុំវិញរឿងនេះពីអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បាននៅឡើយទេ នៅថ្ងៃទី១៧ ធ្នូ ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ជុំវិញរឿងនេះអ្នក គ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) នៅខេត្តបន្ទាយមានជ័យលោក អ៊ិន គង់ជិត គាំទ្ររបាយការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងស្នើឱ្យអាជ្ញាធរជាតិអប្សរាទទួលយករបាយការណ៍នេះ ដោះស្រាយ ដោយត្រូវធានាគោរពសិទ្ធិលំនៅឋាន និងគោរពសិទ្ធិពលរដ្ឋក្នុងតំបន់អង្គរ។
លោក អ៊ិន គង់ជិត៖«សេចក្តីប្រកាសព័ត៌មានគ្រាន់តែជាលេសដោះសាឆ្លើយតបមួយដែលអង្គការសិទ្ធិមនុស្សយើងមិនទាន់អាចទទួលយកបានទេ។ ហើយរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ គឺធ្វើឡើងដោយត្រឹមត្រូវ ព្រោះអីគាត់បានចុះទៅទីតាំងជាក់ស្ដែងជួបពលរដ្ឋដែលរងគ្រោះ ទាំងអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរក្តី និងអ្នកជម្លៀសពីតំបន់រមណីយដ្ឋានអង្គរក្តី»។
អាជ្ញាធរជាតិអប្សរាបន្ថែមថា មន្ត្រីជំនាញបានអនុវត្តស្របតាមគោលការណ៍កំណត់របស់រាជរដ្ឋាភិបាលកម្ពុជាដោយយកចិត្តទុកដាក់ខ្ពស់លើប្រជាជនដែលបានតាំងទីលំនៅមិនសមស្របមួយចំនួនក្នុងតំបន់ការពារបេតិកភណ្ឌហើយពួកគេបានស្ម័គ្រចិត្ត ទៅតាំងទីលំនៅថ្មី តាមរយៈការផ្ដល់កម្មសិទ្ធិដីធ្លីស្របច្បាប់និងគោលនយោបាយគាំពារសង្គមរយៈពេល ១០ឆ្នាំជាដើម។
ទោះជាយ៉ាងណា ក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៣ ធ្នូ អ្នកជំនាញសិទ្ធិមនុស្សឯករាជ្យបានសម្ដែងការព្រួយបារម្ភចំពោះការតាំងទីលំនៅថ្មីដោយបង្ខំរបស់ប្រជាជន ប្រហែល៤ពាន់នាក់ (៤០.០០០) រួមទាំងជនជាតិដើមភាគតិចឱ្យចាកចេញពីផ្ទះសម្បែង និងដីរបស់ពួកគេក្នុងតំបន់អង្គរ។
របាយការណ៍បន្តថា “កម្ពុជាត្រូវតែបញ្ឈប់ជាបន្ទាន់នូវការបណ្តេញចេញដោយបង្ខំ និងការផ្លាស់ទីលំនៅតាមអំពើចិត្ត និងត្រូវធានាថា ត្រូវតែអនុវត្តស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ” ហើយអ្នកដែលបានផ្លាស់ទីលំនៅខុសគួរតែមានសិទ្ធិវិលត្រឡប់មកវិញ។ លើសពីនេះទៀត ជនជាតិដើមភាគតិច ឬពលរដ្ឋមានដើមកំណើតក្នុងតំបន់អង្គរ មិនគួរត្រូវបានតាំងទីលំនៅថ្មីដោយគ្មានការយល់ព្រមជាមុន និងគ្មានការជូនដំណឹងនោះឡើយ។
រីឯនៅតំបន់រុនតាឯកដែលជាកន្លែងពលរដ្ឋក្នុងតំបន់អង្គរទៅតាំងលំនៅថ្មីវិញស្ថានភាពរស់នៅទីនោះកំពុងមានសភាពធ្ងន់ធ្ងរដោយពលរដ្ឋខ្វះខាតហេដ្ឋារចនាសម្ពន្ធ អគ្គិសនី ទឹកស្អាត និងបង្គន់អនាម័យជាដើម។
របាយការណ៍សង្កត់ធ្ងន់ថា "សហគមន៍ក្នុងតំបន់អង្គរ និងជនជាតិដើមភាគតិច មិនគួរក្លាយជាជនរងគ្រោះផ្សេងទៀតនៃការតាំងទីលំនៅថ្មី ដោយសារការអភិរក្ស ក្នុងតំបន់ការពារដោយអង្គការយូណេស្កូ (UNESCO) នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
