សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើន​ការពារ​សុវត្ថិភាព និង​ទប់ស្កាត់​ការ​បង្ខំ​ឱ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​ធ្វើ​ការ​លើស​ម៉ោង

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាង​ប្រាប់​អង្គការ​អន្តរជាតិ​ទេស​ន្ត​ប្រវេសន៍​(IOM)​ប្រចាំ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រសួង​មាន​ផែនការ​យុទ្ធសាស្ត្រ​ជា​អាទិភាព​ដើម្បី​ជួយ​ឱ្យ​ពលករ​ចំណាកស្រុក​អាច​ទទួល​បាន​កិច្ច​គាំពារ និង​ផលប្រយោជន៍​ជាច្រើន​បន្ថែម​ទៀត។

បើទោះបីជា​យ៉ាងណា ក្រុម​សហជីព និង​អង្គការ​ក្រៅ​រដ្ឋាភិបាល យល់​ថា ការ​លើកឡើង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នេះ គេ​ធ្លាប់​ដឹង​ឮ​ជា​យូរ​មក​ហើយ ក៏ប៉ុន្តែ​ភាព​ជាក់ស្ដែង​គឺ​មិន​បាន​ជួយ​គាំពារ​ដល់​ការ​ប្រឈម​នានា​របស់​ពលករ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស​ឱ្យ​ប្រសើរ​នោះ​ទេ។

សង្គម​ស៊ីវិល​និង​សហជីព​កម្មករ ជំរុញ​ឱ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ទៅលើ​កិច្ចការពារ និង​ការ​លើក​កំពស់​សិទ្ធិ​ពលករ​ចំណាកស្រុក ឱ្យ​កាន់តែ​ប្រសើរ​និង​មាន​ប្រសិទ្ធភាព។

នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTRAL)លោក មឿន តុលា មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ថា ដើម្បី​ការពារ​និង​លើក​កំពស់​សិទ្ធិ​ពលករ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស​ឱ្យ​កាន់តែ​ប្រសើរ លោក​យល់​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​ទៅលើ​ច្បាប់​ដែល​កំណត់​ការ​ជ្រើសរើស​ពលករ ប្រកបដោយ​ក្រមសីលធម៌ និង​តម្លាភាព ហើយ​មន្ត្រី​ស្ថានទូត​នៅ​ក្រៅ​ប្រទេស គួរតែ​ពង្រឹង​សេវា​នៃ​កិច្ច​ការពារ​ជួយ​ដល់​ពលរដ្ឋ ឱ្យ​បាន​ឆាប់រហ័ស​នៅពេល​ដែល​មាន​បញ្ហា​កើត​ឡើង។

លោក មឿន តុលា៖ «រឿង​ធ្ងន់ធ្ងរ​សម្រាប់​ពលករ​ខ្មែរ ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​គឺ​រឿង​បង្ខំ​ឱ្យធ្វើ​ការ​ថែម​ម៉ោង​។ បើសិនជា​ក្រុមហ៊ុន​តម្រូវ​ឱ្យ​ធ្វើការ​ថែម​ម៉ោង​គឺ​ពលករ​មិន​អាច​ប្រកែក​បានទេ ពីព្រោះ​កម្មករ​ត្រូវការ​លុយ​ផង ហើយ​ទីពីរ​ដោយសារ​ទៅដល់​ប្រទេស​គេ​ផង បើសិនជា​កម្មករ​ប្រកែក អាច​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​កត់សំគាល់។ ដូច​ពលករ​ធ្វើការ​នៅ​ជប៉ុន​ក៏ដោយ នៅ​កូរ៉េ​និង​ថៃ​ក៏ដោយ កាលណា​យើង​ដាក់ពាក្យ​ធ្វើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ គឺ​ច្បាប់ និង​MOU​គេ​មិន​អនុញ្ញាត​ឱ្យ​ពលករ​អាច​ប្ដូរ​ថៅកែ​ដោយ​ខ្លួនឯង​ទេ»។

ស្រដៀង​គ្នា​នេះ អនុប្រធាន​សហព័ន្ធ​សហជីព​វិស័យ​កាត់ដេរ​កម្ពុជា​លោក អាត់ ធន់ មាន​ប្រសាសន៍​ថា កម្មករ​ជាច្រើន​ដែល​កំពុងធ្វើការ​នៅ​ក្រៅ​ប្រទេស មិន​ថា នៅ​ប្រទេស​ថៃ (Thailand) ប្រទេស​កូរ៉េខាងត្បូង (South Korea) ប្រទេស​ម៉ាឡេស៊ី (Malaysia) និង​អារ៉ាប៊ី សាអូឌីត (Saudi Arabia) ទេ គឺ​តែង​ជួប​បញ្ហា​បើក​ប្រាក់ខែ​ឱ្យ​មិន​គ្រប់ ការ​បង្ខំ​ឱ្យធ្វើ​ការ​លើស​កម្លាំង និង​ការ​មិន​គោរព​សិទ្ធិ​កម្មករ ដោយ​មិន​អនុវត្ត​ទៅ​តាម​កិច្ចសន្យា​ជាដើម។

លោក អាត់ ធន់៖ «ខ្ញុំ​ឃើញ​ថា កម្មករ​នៅ​តែ​មាន​បញ្ហា​ប្រឈម ហើយ​ខ្ញុំ​មិន​ដឹង​ថា តើ​ការ​ដោះស្រាយ​ឬក៏​វិធានការ​របស់​ក្រសួង​នោះ បាន​លទ្ធផល​កំរិត​ណា​ទេ ពីព្រោះ​កន្លងមក វា​មាន​បញ្ហា​កើតឡើង ជាពិសេស​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​គឺ​មាន​បញ្ហា​កើតឡើង​ច្រើន»។

លោក អាត់ ធន់ បន្ថែម​ថា បើទោះជា​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ការងារ​មាន​ផែនការ​និង​យុទ្ធសាស្ត្រ សម្រាប់​ជួយ​ដល់​កម្មករ​ចំណាកស្រុក​ក៏ដោយ ក៏​បច្ចុប្បន្ន​កម្មករ​នៅ​ក្រៅ​ប្រទេស នៅតែ​ប្រឈម​និង​បញ្ហា​ជាច្រើន ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គួរតែ​ពង្រឹង​សេវា​នៃ​កិច្ចការពារ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត។

វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការ​ពន្យល់​ជុំវិញ​បញ្ហា​ជាច្រើន​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ន និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី បាន​នៅ​ឡើយ ដោយសារតែ​ទូរស័ព្ទ​របស់​លោក​ទាំង​ពីរ មិនអាច​ទាក់ទង​បាន​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា។

ប៉ុន្តែ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​អះអាង​ប្រាប់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM)​ប្រចាំ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រសួង​មាន​ផែនការ​យុទ្ធសាស្ត្រ​ជា​អាទិភាព​ដើម្បី​ជួយ​ឱ្យ​ពលករ​ចំណាកស្រុក​អាច​ទទួល​បាន​កិច្ច​គាំពារ និង​ផលប្រយោជន៍​ជាច្រើន​បន្ថែម​ទៀត។ លោក​ថា ផែនការ​យុទ្ធសាស្ត្រ​ជា​អាទិភាព​ដើម្បី​ជួយ​ឱ្យ​ពលករ​ទេសន្តរប្រវេសន៍​អាច​ទទួល​បាន​កិច្ច​គាំពារ និង​ផលប្រយោជន៍​កាន់តែ​ប្រសើរ​នេះ ក៏​ជា​បំណង​ដ៏​ពិសិដ្ឋ​របស់​រដ្ឋាភិបាល​ដែរ។

បើ​ទោះបីជា​យ៉ាងនេះ​ក្តី ក៏​សង្គម​ស៊ីវិល​មួយចំនួន​រក​ឃើញ​ថា ដោយសារតែ​រដ្ឋាភិបាល​មាន​គោល​នយោបាយ និង​ការអនុវត្ត​ច្បាប់​នៅ​ទន់ខ្សោយ គឺជា​ឱកាស​ឱ្យ​ក្រុមហ៊ុន​ឯកជន​ខ្លះ ដែល​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស អាច​ឆ្លៀត​កេង​យក​ប្រយោជន៍ ដូចជា​បង្ខំ​ឱ្យ​ពលករ​ធ្វើការ​លើស​កំរិត ដោយ​គ្មាន​ប្រាក់ខែ​គ្រប់គ្រាន់ ហើយ​ពលករ​ខ្លះទៀត ក៏​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើការ​នៅ​ក្នុង​សម្ពាធ ដែល​មិន​អាច​ធ្វើដំណើរ​ទៅណា​មក​ណា​បាន​ដោយ​សេរី ដោយសារតែ​ថៅកែ​ដកហូត​លិខិតឆ្លងដែន​ទុកជា​ដើម។

ពល​ការិនី​ម្នាក់ ដែល​ទើបតែ​វិលត្រឡប់​មកពី​ប្រទេស​អារ៉ាបប៊ី សាអូឌីត (Saudi Arabia) ឱ្យ​ដឹង​ថា រូប​នាង និង​ពលរដ្ឋ​ខ្មែរ​ចំនួន​១១​នាក់​ផ្សេងទៀត ត្រូវ​ក្រុមហ៊ុន​យក​ទៅ​ធ្វើការ​ផ្នែក​បោស​សំអាត។ ក្នុង​រយៈពេល​៣​ខែ ដែល​រូប​នាង​ធ្វើការ​នៅ​ប្រទេស​អារ៉ាប់​នោះ គឺ​មាន​ការគាបសង្កត់​លើ​ផ្លូវ​ចិត្តជា​ខ្លាំង ដូចជា​គេ​ហាម​មិន​ឱ្យ​ដើរ​ចេញ​ពី​បន្ទប់ សូម្បីតែ​អើតមើល​តាម​បង្អួច​ក៏​មិនបាន​ព្រមទាំង​បង្ខំ​ឱ្យ​ធ្វើ​ការ​លើស​កំរិត​ផង។

ពលការិនី៖ «ពិបាក​ត្រង់​ថា បាយ​គេ​ឆា​ជាមួយ​ខ្លាញ់​ជាមួយ​អី​នោះ ពួក​ខ្ញុំ​មិន​ចេះ​ហូប​ទេ​។ ជួនកាល​ពូក​ខ្ញុំ​ទៅ​ធ្វើ​ការ គឺ​ថៅកែ​មិនទាន់​ឱ្យ​ហូបបាយ​ទេ ទាល់តែ​ពួក​ខ្ញុំ​ចេញទៅ​ធ្វើ​ការ​បាត់ ម៉ោង ១​ម៉ោង​២​រសៀល​ទើប​គេ​យក​បា​យមក ហើយ​នៅ​ម៉ោង​៤ ម៉ោង​៥​ល្ងាច ពេល​ពួក​ខ្ញុំ​ត្រឡប់​មកពី​ធ្វើការ​វិញ​ទើបបាន​ហូប​បាយ។ អ្នកធ្វើការ​នៅ​តាម​ផ្ទះ គឺ​ថៅកែ​ដាក់​កំណត់​ឱ្យ​ធ្វើការ​ចាប់ពី ១៥​ម៉ោង ទៅ ១៧​ម៉ោង ក្នុង​១​ថ្ងៃ។ អាហារ​ក៏​មិន​គ្រប់គ្រាន់​រួចហើយ​គេ​ឱ្យ​ពួក​ខ្ញុំ​ធ្វើការ​លើស​កម្លាំង​ហួស​កម្លាំង»។

កាលពី​ថ្ងៃទី​១៨ ខែ​មេសា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​ក្រសួង​ការបរទេស​បាន​រំដោះ​ពលការិនី​ខ្មែរ​ចំនួន ៧៨​នាក់ ដែល​ចាញ់​បោក​ក្រុមហ៊ុន​នាំទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត ឱ្យ​វិល​ត្រឡប់​មក​ប្រទេស​វិញ​ជា​បន្តបន្ទាប់។

របាយការណ៍​របស់​គ​ណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្នាំ​២០២៣ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ​២០២៤ ឱ្យ​ដឹង​ថា ស្ថាប័ន​ចម្រុះ​របស់​រដ្ឋាភិបាល ដែល​សហការ​ជាមួយ​អង្គការ​ដៃគូ បាន​ជួយ​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស ពី​ប្រទេស​នានា ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ បាន​ចំនួន​ជាង ២​ម៉ឺន ៣​ពាន់ (២៣.៦០១) នាក់។

របាយការណ៍​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឱ្យដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ជាង ១​លាន ៣​សែន​នាក់ កំពុងធ្វើការ​នៅ​ក្រៅ​ប្រទេស រួម​មាននៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង​(South Korea) ម៉ាឡេស៊ី (Malaysia) ជប៉ុន (Japan) សិង្ហបុរី (Singapore) ចិន និង​អារ៉ាប៊ី សាអូឌីត (Saudi Arabia) ជាដើម។

ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការពារ​សិទ្ធិ​ពលករ​វិញ​បង្ហាញ​ថា ចំនួន​ពលករ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​អាច​មាន​ទៅដល់​ជាង ២​លាន​នាក់​ដោយ​រាប់ទាំង​ពលករ​ស្របច្បាប់​និង​មិន​ស្របច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។