សង្គម​ស៊ីវិល​តវ៉ា​សុំ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​នៅ​ត្រពាំងផ្លុង​២៣​នាក់​នៅ​រសៀល​ថ្ងៃ​នេះ

តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល សហគមន៍​នានា ជន​រងគ្រោះ​ដោយសារ​ទំនាស់​ដីធ្លី អ្នក​រត់​ម៉ូតូ​កង់​បី រួម​ទាំង​កម្មករ​រោងចក្រ រៀបចំ​ប្រារព្ធ​ពិធី​បង្ហោះ​ប៉េងប៉ោង នៅ​រសៀល​ថ្ងៃ​ទី​១៩ មករា នៅ​មុខ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ។

ពិធី​​នេះ​ធ្វើ​ឡើង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​គុក​ត្រពាំងផ្លុង ២៣​នាក់ ដែល​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា ក្នុង​ពេល​បង្ក្រាប​កម្មករ​ធ្វើ​បាតុកម្ម​​នៅ​រាជធានី​ភ្នំពេញ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា អះអាង​នៅ​ថ្ងៃ​ទី​១៩ មករា ថា ពិធី​នេះ​នឹង​មាន​អ្នក​ចូល​រួម​​ប្រហែល ៥០០​នាក់ ជួប​ជុំ​គ្នា​មុខ​វត្ត ដោយ​មាន​ព្រះ​សង្ឃ​សូត្រ​ធម៌ ហើយ​ចាប់​ផ្ដើម​លែង​ប៉េងប៉ោង ជា​សញ្ញា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់​គុក ២៣​នាក់។

លោក​បញ្ជាក់​ថា ពិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​​​រយៈ​ពេល​ប្រហែល ២​ម៉ោង​ប៉ុណ្ណោះ៖ «យើង​សម្រេច​យក​កន្លែង​មុខ​វត្ត​ឧណ្ណាលោម ព្រោះ​ទី​នេះ​មាន​ទីធ្លា​ទូលាយ ជា​កន្លែង​ប្រជុំជន មាន​អ្នក​ទេសចរ​បរទេស​ឆ្លង​កាត់​ទៅ​មក អ៊ីចឹង​គេ​អាច​ដឹង​ព័ត៌មាន​នេះ​ច្រើន»។

អ្នក​ជាប់​ទោស ២៣​នាក់​នោះ​មាន​ជាអាទិ៍ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។ លោក ហេង សាវឿន អ្នក​សម្រប​សម្រួល​នៃ​លេខា​អធិការដ្ឋាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា និង​លោក ចាន់ ពុទ្ធិស័ក្ដិ សកម្មជន​តវ៉ា​ដី​ធ្លី​បឹងកក់ រួម​ទាំង​កម្មករ​រោងចក្រ។ អ្នក​ទាំង ២៣​នាក់​ត្រូវ​ចាប់​ខ្លួន ​ពេល​កង​កម្លាំង​រដ្ឋាភិបាល​បង្ក្រាប​បាតុកម្ម ពេល​​​កម្មករ​ទាមទារ​ប្រាក់​ខែ​គោល​របស់​កម្មករ​ចំនួន ១៦០​ដុល្លារ នៅ​ថ្ងៃ​ទី​២ និង​ទី​៣ មករា ឆ្នាំ​២០១៤។ ការ​បង្ក្រាប​នោះ​បណ្ដាល​ឲ្យ​កម្មករ ៤​នាក់​ស្លាប់ និង​ជិត ៤០​នាក់​រង​របួស និង​​ខ្លះ​ទៀត​​បាត់​ខ្លួន។

ទាក់ទង​ការ​ទាមទារ​នេះ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត គាំទ្រ​ថា នេះ​ជា​ការ​ទាមទារ «ដ៏​ត្រឹម​ត្រូវ» ព្រោះ​លោក​ថា ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង ២៣​នាក់​នោះ មិន​មាន​ភស្តុតាង​ដូច​ការ​ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា​ទេ។

ស្រប​ពេល​នេះ​ដែរ សហគមន៍​អឺរ៉ុប ក៏​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែរ​នៅ​ថ្ងៃ​ទី​១៦ មករា អះអាង​ថា ការ​ចាប់​ខ្លួន​អ្នក ២៣​នាក់​នោះ​មិន​យុត្តិធម៌ ឲ្យ​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​​ជា​បន្ទាន់។ ក្រៅ​ពី​នេះ សហគមន៍​អឺរ៉ុប ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​បន្ត​រឿង​ក្ដី​របស់​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ នៅ​តុលាការ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។