ក្រុម​សង្គម​ស៊ីវិល​ប្រាប់​អ្នក​រាយការណ៍​ពិសេស UNថា រដ្ឋាភិបាល​ថ្មី មិនទាន់​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ

ដោយ ថា ថៃ
2023.12.05
ក្រុម​សង្គម​ស៊ីវិល​ប្រាប់​អ្នក​រាយការណ៍​ពិសេស UNថា រដ្ឋាភិបាល​ថ្មី មិនទាន់​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ (រូបឯកសារ) លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា។
រូប៖ UN Human Rights Council

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ស្នើ​សុំ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) លើក​យក​បញ្ហា​រំលោភ​សិទ្ធិមនុស្ស លំហ​ប្រជាធិបតេយ្យ និង​ដំណើរ​ការ​កែទម្រង់​ច្បាប់​អង្គការ​សង្គម​ស៊ីវិល​ជា​ដើម​ ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រក​ដំណោះ​ស្រាយ។ ការ​ស្នើសុំ​របស់​ពួកគាត់​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ លោក វិទិត មុនតាប៊ន ដែល​កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈ​ពេល​៥ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី៤​ដល់​ថ្ងៃ​ទី​៨ ខែធ្នូ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ឈ្វេងយល់ និង​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​រដ្ឋាភិបាល តំណាង​អង្គការ​សង្គម​ស៊ីវិល សហជីព ក្រុម​យុវជន តំណាង​សហគមន៍​ដីធ្លី អ្នក​សារព័ត៌មាន និង​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រមទាំង​ភាគី​ពាក់​ព័ន្ធ​សំខាន់ៗ ផ្សេង​ទៀត។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី៨ ធ្នូ លោក វិទិត មុនតាប៊ន ក៏​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​មួយ​ចំនួន​ដែរ អំពី​ស្ថាន​ភាព​សិទ្ធិមនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ទិសដៅ​ទៅ​អនាគត។

លោក វិធិត មុនតាប៊ន កាល​ពី​ថ្ងៃ​ទី៤ ធ្នូ បាន​ជួប​ជាមួយ​តំណាង​សង្គម​ស៊ីវិល តំណាង​សហជីព រួមមាន​តំណាង​សហជីព​មកពី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ តំណាង​សហគមន៍​ដីធ្លី និង​តំណាង​ជនជាតិ​ដើម​ភាគតិច។ នៅ​ក្នុង​ជំនួប​នោះ តំណាង​សង្គម​ស៊ីវិល និង​តំណាង​សហជីព​បាន​ប្រាប់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​រូប​នេះ​ថា រដ្ឋាភិបាល​ថ្មី​មិន​ទាន់​កែ​លម្អ​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ឡើយ​ទេ។

សមាជិក​ក្រុមការងារ​តស៊ូ​មតិ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ភិន សាវៃ ឲ្យ​ដឹង​ថា ពួកគាត់ បាន​ស្នើសុំ​លោក វិទិត មុនតាប៊ន ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​ទាំង​អស់ បើក​លំហ​សេរីភាព​នយោបាយ ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​ពន្លឿន​កែប្រែ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ដើម។

លោក ភិន សាវៃ៖ «យើង​នៅតែ​សង្ឃឹម និង​រំពឹង​ថា អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​នេះ នឹង​អាច​ជួយ​ជជែក​ជាមួយ​នាយក​រដ្ឋមន្ត្រី ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នេះ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស ស្ថានភាព​នយោបាយ ក៏ដូចជា ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស ធានា​បាន​នូវ​ការ​អនុវត្ត​សេរីភាព​ជា​មូលដ្ឋាន​យ៉ាង​ពេញលេញ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប»

ដោយ​ឡែក នៅ​ព្រឹក​ថ្ងៃ​ទី៥ ធ្នូ លោក វិទិត មុនតាប៊ន បាន​ជួប​ជាមួយ​ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កែវ រ៉េមី ផង​ដែរ ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក ស្រ៊ាង ចិន្តា ថ្លែង​ថា ក្នុង​ជំនួប​នោះ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ មិន​បាន​លើក​ឡើង​ជាក់លាក់​អំពី​ករណី​អ្នក​នយោបាយ​កំពុង​ជាប់​ឃុំ​នោះ​ទេ។ ប៉ុន្តែ លោក​ស្នើសុំ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឱ្យ​ចូលរួម​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សិទ្ធិ​បរិស្ថាន​ជា​ដើម។ លោក ស្រ៊ាង ចិន្តា បន្ថែម​ថា ភាគី​ទាំង​ពីរ​បាន​ជជែក​អំពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​អនុសាសន៍​ចំនួន​១៧៣ នៃ​របាយការណ៍​ត្រួតពិនិត្យ​ជា​សកល​តាម​កាល​កំណត់ ហៅ​កាត់​ថា យូ.ភី.(UPR) ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​ចំនួន​ពីរ​គឺ ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ ដែល​ជា​ស្ថាប័ន​ឯករាជ្យ និង​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។ លើស​ពី​នេះ លោក​អះអាង​ថា ភាគី​ទាំង​ពីរ ក៏​បាន​ជជែក​លើ​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​ជាដើម។

លោក ស៊្រាង ចិន្ដា៖ «ឯកឧត្តម កែវ រ៉េមី ក៏​បាន​លើក​ឡើង​អំពី​ផែនការ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១ ក្នុង​នោះ​រួមមាន​ទាំង​កម្មវិធី​អាទិភាព​ចំនួន៦ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​គាំពារ​សង្គម។ ហើយ​ត្រង់​ចំណុច​នេះ លោក វិទិត គាត់​សាទរ​ណាស់ ពាក់ព័ន្ធ​នឹង​ការ​ការពារ​សង្គម​នេះ ដែល​វា​ផ្ដោត​ទៅ​លើ​គោល​គំនិត​មួយ​គឺ មិន​ទុក​អ្នក​ណា​ម្នាក់​ចោល។ អ៊ីចឹង ក្នុង​នោះ វា​មាន​បញ្ចូល​ទាំង​ស្ត្រី ទាំង​កុមារ ទាំង​ជន​មាន​ពិការភាព ហើយ​ជាពិសេស គឺ​ផែនការ​យុទ្ធសាស្ត្រ ដែល​ដាក់​ចេញ​នេះ វា​ក្អោប​មិន​ត្រឹម​តែ​អ្នក​ក្នុង​ប្រព័ន្ធ​ទេ តែ​អ្នក​ក្រៅ​ប្រព័ន្ធ ក៏​គាត់​បាន​ចូលរួម​នៅ​ក្នុង​នោះ​ដែរ»

ទោះ​ជា​យ៉ាង​ណា​ក្ដី អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ​វាយតម្លៃ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​ទាន់​បាន​អនុវត្ត​តាម​អនុសាសន៍​ចំនួន១៧៣ ដែល​ទទួល​បាន​ពី​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​នោះ ឲ្យ​បាន​ល្អ​ត្រឹមត្រូវ ដើម្បី​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ឡើយ​ទេ។

ដោយឡែក ​នៅថ្ងៃទី៥ ធ្នូ លោក វិទិត មុនតាប៊ន ក៏​បាន​ជួប​ជាមួយ​ក្រុម​យុវជន​មក​ពី​តាម​សកល​វិទ្យាល័យ និង​តាម​អង្គការ​មួយ​ចំនួន ដើម្បី​ជជែក​ឆ្លើយឆ្លង​អំពី​រឿង​ច្បាប់ ការ​តស៊ូ​មតិ និង​រឿង​សិទ្ធិមនុស្ស។ ក្នុង​ជំនួប​នោះ អ្នករាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ បាន​ចែក​រំលែក​បទពិសោធន៍​ការងារ​របស់​លោក និង​លើក​ទឹកចិត្ត​យុវជន កុំ​ឲ្យ​អស់​សង្ឃឹម និង​បន្ត​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ស្រប​ទៅ​តាម​ច្បាប់ បើ​ទោះ​បី​ជា​មាន​ការ​រឹតត្បិត​ពី​រដ្ឋាភិបាល​ក៏​ដោយ។

ដំណើរ​ទស្សនកិច្ច​របស់​លោក វិទិត មុនតាប៊ន មក​កាន់​កម្ពុជា​នៅ​ពេល​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​ឡើង​ដឹកនាំ​រដ្ឋាភិបាល​ថ្មី បន្ត​ពី​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន បាន​ជាង ១០០ថ្ងៃ​ហើយ។ ប៉ុន្តែ មេដឹកនាំ​បក្ស​ប្រឆាំង ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ពិនិត្យ​ឃើញ​ថា ជាង ១០០ថ្ងៃ​មក​នេះ លោក ហ៊ុន ម៉ាណែត មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស បញ្ហា​វិបត្តិ​សង្គម និង​បញ្ហា​សេដ្ឋកិច្ច​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ពោល​គឺ​កាន់តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។