អង្គការមិនមែនរដ្ឋាភិបាល លើកឡើងថា គិតរហូតមកទល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់ចាត់វិធានការណ៍ជាក់លាក់ដើម្បីកែលម្អលំហរសង្គមស៊ីវិល ដែលមានការរឹតត្បិតខ្លាំង និងកាន់តែរួមតូចនៅកម្ពុជានៅឡើយទេ។ ពួកគេលើកឡើងថា សកម្មភាពនៃការរឹតត្បិតទាំងនោះធ្វើឡើងក្រោមរូបភាពចម្រុះ ជាពិសេសការតាមដានឈ្លបយកការណ៍ទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ការមិនទាន់កែប្រែច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងការមិនទាន់ទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងមេដឹកនាំ និងសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គមស៊ីវិលជាដើម។ ការលើកឡើងនេះស្របពេលដែល គិតត្រឹមថ្ងៃទី៣ ធ្នូនេះ របបក្រុងភ្នំពេញ នៅសល់ពេលមិនដល់ ១០ថ្ងៃទៀតទេគឺយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ធ្នូ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មាការអឺរ៉ុប ដែលវាយតម្លៃថា មានការរឹតត្បិតទៅលើលំហរសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល និងរំលោភធ្ងន់ធ្ងរជាប្រព័ន្ធទៅលើកតិ្តកាសសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់អង្គការសហប្រជាជាតិ។
ខណៈឱសានវាទរបស់គណៈកម្មាការអឺរ៉ុបតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅនឹងរបាយការណ៍វាយតម្លៃបឋមរបស់ខ្លួន មុននឹងឈានទៅសម្រេចថាតើត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA កាន់តែខិតជិតដល់ទីបញ្ចប់ទៅហើយនោះ មន្ត្រីសង្គមស៊ីវិល ហាក់ពុំមានជំនឿថា រដ្ឋាភិបាលនឹងងាកមកស្តារស្ថានការណ៍លំហរសង្គមស៊ីវិលឡើងវិញទាន់ពេលវេលានោះទេ។ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល លោក កន សាវាង្ស កាលពីថ្ងៃទី២ ធ្នូ ថ្លែងថា លោកនៅតែទទូចឲ្យក្រសួងមហាផ្ទៃធ្វើការកែតម្រូវច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជុំវិញមាត្រាមួយចំនួន ដែលមានលក្ខណៈជាការរឹតត្បិត និងជំរុញទៅរដ្ឋសភាធ្វើវិសោធនកម្មច្បាប់នេះឲ្យបានលឿន។ លោកថា ច្បាប់នេះ បង្កការលំបាកច្រើននៅក្នុងការអនុវត្ត និងការសុំការចុះបញ្ជិកាជាដើម៖ « មែនទែនទៅ យើងមិនទាន់បានដឹងអំពីគោលជំហរច្បាស់លាស់របស់ក្រសួងមហាផ្ទៃនៅឡើយទេមកដល់ពេលនេះ។ យើងឃើញមានការចូលរួមឲ្យមានការជជែក ឲ្យមានការផ្តល់ជាអនុសាសន៍សម្រាប់ការធ្វើវិសោធនកម្មច្បាប់។ ក៏ប៉ុន្តែ ការធ្វើវិសោធនកម្មច្បាប់នេះ មិនមែនសម្រេចត្រឹមក្រសួងមហាផ្ទៃតែប៉ុណ្ណឹងទេ គឺត្រូវរដ្ឋសភាដើម្បីធ្វើវិសោធនកម្ម។ យើងមិនទាន់សង្ឃឹមថា កិច្ចការងារនេះនឹងចេញនៅពេលណា ឬក៏នៅថ្ងៃណា គឺយើងមិនទាន់ដឹងនៅឡើយទេ»។
មន្ត្រីអង្គការសង្គមស៊ីវិលមួយរូបទៀត និងជាអ្នកនាំពាក្យសមាគមអាដហុក គឺលោក ស៊ឹង សែងករុណា យល់ថា គិតរហូតមកទល់ពេលនេះ លោកនៅតែមិនទាន់ឃើញមានការកែលម្អស្ថានភាពលំហរអង្គការសង្គមស៊ីវិលជាដំកំភួនឲ្យវិលត្រលប់ទៅរកភាពប្រក្រតីដូចតាមការចង់បានរបស់សង្គមស៊ិវិល និងគណៈកម្មាការអឺរ៉ុបនៅឡើយទេ៖ « យើងឃើញហើយចាប់តាំងពីមានការបង្ក្រាបដោយចាប់ផ្តើមទៅលើអង្គការសង្គមស៊ិវិល មកទល់បច្ចុប្បន្ននេះ ពួកគាត់បានជាប់ឃុំជាងមួយឆ្នាំ ហើយនៅមិនទាន់បានទម្លាក់ចោលបទចោទប្រកាន់នៅឡើយទេ។ សំណុំរឿងគាត់នៅសាលាឧទ្ធរណ៍ដដែល។ ទីពីរគឺយើងឃើញមានការបិទអង្គការអន្តរជាតិដែលធ្វើលើការងារលទ្ធិប្រជាធិបតេយ្យជាដើម គឺដូចជានៅពុំទាន់មានការវិលត្រលប់ទៅរកសភាពដើមវិញដែរ ព្រមទាំងសារព័ត៌មាន ដែលយើងចាត់ទុកថាមានវិជ្ជាជីវៈ ដែលហ៊ានផ្សាយ ហ៊ានរិះគន់ហ្នុង គឺដូចជាអត់មានភាពរស់រវើកឡើងវិញ ហើយក៏មិនទាន់មានការិយាល័យនៅកម្ពុជាដែរ»។
លោក ស៊ឹង សែនករុណា បន្តថា អាជ្ញាធររដ្ឋាភិបាលជាពិសេសមន្ត្រីថ្នាក់មូលដ្ឋាន នៅតែបន្ត តាមដានឃ្លាំមើលសកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅឯថ្នាក់មូលដ្ឋាន ដែលលោកថា នៅតែបង្កឲ្យពលរដ្ឋមានការភ័យខ្លាច មិនហ៊ានចូលរួមក្នុងសកម្មភាព ឬសិក្ខាសាលារបស់អង្គការសង្គមស៊ីវិលទាំងនោះ។ លោកថា ពេលខ្លះ អាជ្ញាធរមូលដ្ឋានហាក់អនុវត្តសកម្មភាពផ្ទុយពីបទបញ្ជាអាជ្ញាធរថ្នាក់ជាតិទៀតផង៖ « យើងឃើញថា នៅមានការដាក់ការតាមដានឃ្លាំមើលនូវសកម្មភាពរបស់យើងធ្វើការនៅតាមមូលដ្ឋាន មានការដាក់កម្លាំងស៊ីវិល ឬក៏មានឯកសណ្ឋានជាដើម គឺនៅតែមានវត្ថមាននៅពេលយើងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានដដែលទេ។ មិនតែប៉ុណ្ណឹង យើងឃើញមានការថតស្លាកលេខយាន្តជំនិះជាដើម ជាក់ស្តែងគឺខ្ញុំផ្ទាល់ខ្លួននៅពេល ដែលចុះទៅធ្វើការតាមមូលដ្ឋានតែម្តង។ យើងក៏ឃើញមាននៅពេលដែលសហគមចូលរួមក្នុងកិច្ចពិភាក្សាសិក្ខាសាលាដែលរៀបចំដោយសមាគមអាដហុក គឺនៅតែមានការថតបញ្ជីឈ្មោះរបស់យើងដដែល។ ហើយបើសិនជាមិនបានថតឬយ៉ាងណានោះ ក៏គាត់ឲ្យខាងសហគមន៍ដែលទៅចូលរួម បង្គាប់ឲ្យសហគមន៍ថតរូបវគ្គផ្សព្វផ្សាយនោះ ឲ្យផ្ញើរទៅអាជ្ញាធរមូលដ្ឋាន ហើយធ្វើសេចក្តីរាយការណ៍ទៅឲ្យអាជ្ញាធរដែលគាត់រស់នៅថា តើគាត់មកនោះ គាត់បានរៀនសូត្រអី គេធ្វើអីខ្លះ»។
លោក កន សាវាង្ស ក៏លើកឡើងស្រដៀងគ្នាដែរថា មានការកែលម្អតិចតួចចំពោះសកម្មភាពតាមឃ្លាំមើលនៅថ្នាក់ជាតិ ខណៈនៅថ្នាក់មូលដ្ឋាន នៅតែកើតមានបញ្ហានេះដដែល៖ « ពីមុនមានការតាមដានទៅលើស្ថាប័ន មានការ ពិនិត្យ ឥឡូវ ហាក់ដូចជា បាត់ច្រើន គឺអត់ឃើញនៅក្នុងការតាមដាន ។ សកម្មភាព នៅក្នុង មូលដ្ឋាន ក៏យើងអាច មានការ អនុវត្តបានខ្លះៗ ដែរ។ ប៉ុន្តែ ទោះបី យ៉ាងណាក៏ដោយ នៅក្នុង មូលដ្ឋាន គឺអត់បានពេញលេញដូចនៅខាងទីក្រុងទេ គឺអាជ្ញាធរនៅតែបន្តការរឹតត្បិតនៅតាមបណ្ដាកន្លែងមួយចំនួនដដែល»។
ជុំវិញការរឹតត្បិតលំហរសង្គមស៊ីវិលនៅកម្ពុជានេះ របាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មាការអឺរ៉ុបសន្និដ្ឋានថា ដោយសារតែរដ្ឋាភិបាលពុំបានធ្វើចំណាត់ការបន្ថែមណាមួយ គឺពិតជាមានការរំលោភជាប្រព័ន្ធ និងធ្ងន់ធ្ងរទៅលើគោលការណ៍ដូចដែលមានចែងក្នុងមាត្រា២១ និង២២ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ពាក់ព័ន្ធនឹងសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងសេរីភាពក្នុងការបង្កើតអង្គការសមាគម។ គិតមកទល់ថ្ងៃដាក់របាយការណ៍ឲ្យរដ្ឋាភិបាលកាលពីថ្ងៃទី១២ វិច្ឆិកា គណៈកម្មាការអឺរ៉ុបរកពុំឃើញភស្តុតាងដែលថា កម្ពុជាបានដាក់ចេញនូវវិធានការនានា ដើម្បីដោះស្រាយ ចំពោះការរំលោភបំពានទាំងនេះទេ។
អាស៊ីសេរីពុំទាន់អាចទាក់ទងមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីឆ្លើយតបជុំវិញការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល និងការរកឃើញនៅក្នុងរបាយការណ៍របស់គណៈកម្មការអឺរ៉ុប អំពីការរឹតត្បិតលំហរសង្គមស៊ីវិលនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។ ក៏ប៉ុន្តែកន្លងមក លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេស ដែលជាស្ថាប័នអន្តរក្រសួងដោះស្រាយបញ្ហា EBA ជាមួយគណៈកម្មការអឺរ៉ុប ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា រដ្ឋាភិបាលកំពុងសិក្សាពីបញ្ហានេះ និងថា របាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុប ដែលអាស៊ីសេរីទទួលបាននេះ ផ្ទុយពីរបាយការណ៍ពិតប្រាកដ ដែលរដ្ឋាភិបាលទទួលបានពីគណៈកម្មការអឺរ៉ុប។ យ៉ាងណាក៏ដោយ គិតរហូតមកទល់ពេលនេះ រដ្ឋាភិបាលនៅពុំទាន់ហ៊ានបញ្ចេញខ្លឹមសារទាំងស្រុង នៃរបាយការណ៍នេះនៅឡើយទេ ក្រោមលេសថា ជាកិច្ចការសម្ងាត់។
បើតាមរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មាការអឺរ៉ុប ការរំលោភបំពានទាំងនេះ រួមមានកត្តាចម្បងៗ បី គឺការចាប់ និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលសំខាន់ ដោយពុំបានទម្លាក់បទចោទប្រឆាំងនឹងពួកគេ ក្នុងរួមមានករណីលើមន្ត្រីការពារសិទ្ធិមនុស្ស អាដហុក ៤រូប និងមន្ត្រី គ.ជ.ប រួមមានលោក នី សុខា លោក ណៃវ៉ង់ដា លោក យី សុខសាន្ត អ្នកស្រី លឹម មុនី និងលោក នី ចរិយា ជាដើម។ ករណីសកម្មជនដីធ្លីលេចធ្លោ គឺអ្នកស្រី ទេព វន្នី ករណីសកម្មជនបរិស្ថានគឺអង្គការមាតាធម្មជាតិ រួមមានលោក ឌឹម គុនឌី និងលោក ហ៊ុន វណ្ណៈ។
កត្តារំលោភបំពានទីពីរ គឺការរឹតត្បិតលំហរសង្គមស៊ីវិល ក្នុងនោះមានការបឈ្ឈប់សកម្មភាពរបស់ «បន្ទប់ស្ថានការណ៍» ដែលជាគម្រោងរបស់បណ្តុំអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតរបស់អង្គការ ខុមហ្វ្រែល ការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ការផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជា ដែលធ្វើការពាក់ព័ន្ធជាមួយសហគមន៍ប៉ះពាល់ដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនផលិតស្កអំពៅ និងការផ្អាកសកម្មភាពរបស់សហព័ន្ធនិស្សិត និងបញ្ញាវ័ន្តកម្ពុជាជាដើម។
កត្តាចុងក្រោយ គឺការកើនឡើងសកម្មភាពតាមឃ្លាំមើលឈ្លបយកការណ៍ និងការបំភិតបំភ័យ អង្គការមិនមែនរដ្ឋាភិបាលជាដើម នៅពេលដែលពួកគេចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានជាដើម ដូចជាទៅលើសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ការកោះហៅតំណាងអង្គការ លីកាដូ និងសមាគមន៍ធានត្នោតទៅឆ្លើយបំភ្លឺនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយពីអង្គការទាំងពីរនេះបានចេញផ្សាយរបាយការណ៍អំពីការជំពាក់បំណុលវ័ណ្ឌករបស់ពលរដ្ឋខ្មែរជាមួយនឹងមីក្រូហិរញ្ញវត្ថុ ព្រមទាំងការកោះហៅនាយកប្រតិបត្តិអង្គការតម្លាភាពទៅសាកសួរជាដើម។
ក្រៅពីនោះរបាយការណ៍ក៏បានរកឃើញអំពីការរឹតត្បិតទៅលើសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងសេរីភាពនៃការបង្កើតសមាគមជាដើម តាមរយៈការប្រើប្រព័ន្ធច្បាប់។ របាយការណ៍សរសេរថា រដ្ឋាភិបាលនៅមិនទាន់ធ្វើការកែប្រែ ឬធ្វើវិសោធនកម្មទៅលើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានការរឹតត្បិតតាមមាត្រាមួយចំនួន ក្នុងនោះការចុះបញ្ជិកាបឈ្ឈប់ការរំលាយ ឬការផ្អាកសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការតម្រូវឲ្យអង្គការសមាគមមិនមែនរដ្ឋាភិបាលទាំងជាតិ និងបរទេស រក្សាជំហរអព្យាក្រឹត្យ ចំពោះគណបក្សនយោបាយ ដែលលក្ខខណ្ឌទាំងនោះ ហាក់មានភាពទូលំទូលាយគ្មានការកំណត់និយមន័យជាក់លាក់ ខណៈនៅកម្ពុជាពុំទាន់មានប្រព័ន្ធយុត្តិធម៌ឯករាជ្យនៅឡើយនោះ។
មន្ត្រីសង្គមស៊ីវិល លោក កន សាវាង្ស យល់ឃើញថា ដើម្បីកែលម្អលំហសង្គមស៊ីវិលឡើងវិញ លោកថា រដ្ឋាភិបាលត្រូវធានាថា ខ្លួនអនុវត្តខ្ជាប់ខ្ជួនដូចតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល៖ « សំខាន់ជាងគេទាំងការចុះបញ្ជី ទាំងការធ្វើសកម្មភាពផ្សេងៗ ត្រូវបើកឲ្យបានទូលំទូលាយទៅតាមរដ្ឋធម្មនុញ្ញដែលយើងបានចែងអំពីសេរីភាពសកម្មភាពរបស់អង្គការមហាជន និងសង្គមស៊ីវិល ដូចតាមមាត្រានៃរដ្ឋធម្មនុញ្ញទៅ នោះជាចំណុចមួយល្អក្នុងការអនុវត្តហើយ។ នេះជារឿងសំខាន់ដែលយើងស្នើសុំ»។
រីឯលោក ស៊ឹង សែនករុណា វិញ លោកចង់ឃើញថារដ្ឋាភិបាលគួរពិនិត្យមើលបញ្ហាជាអវិជ្ជមានកន្លងមកនេះឡើងវិញតាមរយៈការកែប្រែច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលការបញ្ឈប់សកម្មភាពរឹតត្បិត និងការបើកលំហរសេរីភាពឡើងវិញជាដើម៖ « ទីមួយពាក់ព័ន្ធទៅនឹងវិសោធនកម្មច្បាប់គួរតែ ធ្វើការ ពន្លឿន ហើយអនុម័តតាមការស្នើសុំរបស់អង្គការសង្គមស៊ីវិល។ ទីពីរ គឺបញ្ឈប់ការ តាមដាន ឃ្លាំមើលសកម្មភាពរបស់អង្គការសង្គមស៊ីវិល ពីព្រោះយើង ធ្វើសកម្មភាព ទាំងអស់ នេះ យើងធ្វើដោយសមស្របតាមច្បាប់ ហើយមានការចុះបញ្ជីត្រឹមត្រូវ មិនមែនយើងទៅធ្វើអីតាមតែអំពើចិត្តនោះទេ។ ទីបី យើងចង់ឲ្យមានការគិតគូរទៅលើសេរីភាពសំខាន់ៗ ពាក់ព័ន្ធនឹង សិទ្ធិមនុស្ស ត្រូវតែ បើកលំហ ឡើងវិញ ដោយសមស្រប ទៅតាម អនុសញ្ញា និងកតិ្តកាសសញ្ញាដែលរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នយកមកអនុវត្តនៅកម្ពុជា សូមពិនិត្យ ឡើងវិញ ហើយអនុវត្ត ឲ្យបាន ត្រឹមត្រូវ ទៅ ខ្ញុំ គិតថា នឹងអាច ដោះស្រាយ បានហើយ»។
សហភាពអឺរ៉ុបនឹងឈានទៅសម្រេចចិត្តជាផ្លូវការថា តើត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធដ៏មានឥទ្ធិពលរបស់ខ្លួន យ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជាការឆ្លើយតបទៅនឹងទង្វើរម្លាយប្រជាធិបតេយ្យ និងសកម្មភាពរំលោភពសិទ្ធិមនុស្ស ដែលខ្លួនបានរកឃើញថា មានលក្ខណៈធ្ងន់ធ្ងរជាប្រព័ន្ធនៅកម្ពុជានេះ ក្រោយទុករយៈពេលមួយខែ ឲ្យកម្ពុជាឆ្លើយតបត្រឹមថ្ងៃទី១២ ធ្នូ ខាងមុខនេះ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
