សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលបង្រ្កាបអំពើជួញដូរមនុស្សឲ្យបានសកម្ម ជាពិសេស ជួយស្រ្តីខ្មែរដែលកំពុងរងគ្រោះនៅប្រទេសចិន។ ការលើកឡើងកង្វល់របស់សង្គមស៊ីវិលនេះ ស្របពេលដែលកម្ពុជាកំពុងធ្វើម្ចាស់ផ្ទះនៃសន្និសីទ អគ្គព្រះរាជអាជ្ញា អាស៊ាន-ចិនលើកទី១២។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ក្នុងសន្និសីទ ដែលបានធ្វើឡើងក្នុងខេត្តសៀមរាបនៅថ្ងៃទី៦ ខែវិច្ឆិកានេះថា រដ្ឋាភិបាលរបស់លោកកំពុងដោះស្រាយបញ្ហាជួញដូរមនុស្សពីថ្នាក់ជាតិដល់មូលដ្ឋាន។
លោក ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាសកលនេះឱ្យបានទាន់ពេលវេលា ប្រទេសសមាជិកអាស៊ាន-ចិន ត្រូវមានគោលការណ៍រួមមួយ ឯកភាពគ្នា សហការគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
លោក ហ៊ុន សែន បញ្ជាក់ថា ប្រទេសសមាជិកអាស៊ាន កំពុងរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយគ្រោះថ្នាក់ ហើយកំពុងរីករាលដាលនៅក្នុងតំបន់។
ទោះបីជាយ៉ាងណា អនុប្រធានផ្នែកស្រី្ត និងកុមារ នៃសមាគម អាដហុក អ្នកស្រី មាស សាអ៊ីម បានប្រាប់អាស៊ីសេរីនៅថ្ងៃពុធម្សិលមិញថា រដ្ឋាភិបាលបានធ្វើកិច្ចការនេះតែនៅក្នុងប្រទេសប៉ុណ្ណោះ ប៉ុន្តែមិនមានចំណាត់ការសកម្មក្នុងការសង្គ្រោះស្រ្តីខ្មែរដែលកំពុងរងគ្រោះនៅប្រទេសចិនឡើយ។
អ្នកស្រីថាស្រ្តីជនរងគ្រោះមួយចំនួនត្រូវបានបាត់បង់ពត៌មានក្នុងការទាក់ទងនៅក្នុងប្រទេសចិន បើទោះបីដឹងទីតាំងស្នាក់នៅរបស់ជនរងគ្រោះក៍ដោយ គឺមិនអាចសង្រ្គោះបានទាន់ពេលនៅឡើយ។
អ្នកស្រីបញ្ជាក់ថា មេខ្យល់បានប្រើល្បិចកល់ច្រើននៅក្នុងការនាំស្រ្តីខ្មែរទៅប្រទេសចិន ដូចជាតាមផ្លូវគោកជាដើមហើយច្រករបៀងមួយចំនួនក៍មានអំពើពុករលួយកើតឡើងផងដែរ ទើបធ្វើឲ្យមេខ្យល់អាចនាំស្រ្តីខ្មែរទៅប្រទេសចិនបាន៖ «ខ្ញុំគិតថារដ្ឋាភិបាលមិនមែនមិនដឹងទេលោកដឹង ប៉ុន្តែបញ្ហាត្រង់ថាច្បាប់នៅស្រុកចិន និងច្បាប់នៅស្រុកខ្មែរ ការបកស្រាយរបស់គាត់ផ្សេងគ្នា ហើយយន្តការពិតប្រាកដនៅក្នុងការការពារស្រ្តីរងគ្រោះខ្មែរដែលត្រូវបានគេជួញដូរពិតប្រាកដនៅស្រុកចិននោះគឺអត់ត្រូវបានមានដំណោះស្រាយពេញលេញនៅឡើយទេ»។
ថ្មីៗនេះស្ថានកុងស៊ុលចិនបានរឹតបន្តឹងក្នុងការចេញទិដ្ឋាការ ប្រភេទ ទេសចរណ៍ ហើយបានតម្រូវឲ្យមានប្រាក់តម្កល់ និងមានលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ច្បាស់លាស់ ប៉ុន្តែមេខ្យល់ឥឡូវបាននាំស្រ្តីខ្មែរទៅប្រទេសចិនតាមច្រកប្រទេសវៀតណាម ឬប្រទេសភូមា ដែលធ្វើឲ្យស្រ្តីខ្មែរងាយរងគ្រោះកាន់តែខ្លាំង។
អ្នកស្រីបន្តថាយន្តការរបស់កម្ពុជានៅមានកម្រឹតក្រោមប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ហើយចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះមានកម្ពុជា ឡាវ និងភូមា គឺជាប្រទេសដែលងាយរងគ្រោះជាងគេ នៅក្នុងការបញ្ជូនពលករទៅខាងក្រៅប្រទេស៖ «រូបភាពពីខ្មែរទៅគឺឆបោកនិងជួញដូរ ប៉ុន្តែច្បាប់ចិនគិតថាជាការរៀបអាពាហ៍ពិពាហ៍ នៅមានស្រ្តីច្រើនដែលកំពុងរងគ្រោះហើយកំពុងបាត់ដំណឹង ទាក់ទងអត់បានព្រោះយើងអត់ដឹងច្បាស់ ហើយជនរងគ្រោះមួយភាគតូចដែលយើងនៅទាក់ទងបាននោះក៍មិនទាន់បានសង្គ្រោះទាន់ពេលនៅឡើយដែរ»។
របាយការណ៍ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះប៉ូលិសបានជួយសង្គ្រោះជនរងគ្រោះ ២៦៣នាក់ពីការរំលោភផ្លូវភេទ ដែលមានការកើនឡើងជិត ១៥០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមករណីទាំងនោះមានកុមារចំនួន ៧០ នាក់ ដែលមានអាយុក្រោម ១៥ឆ្នាំមានជនរងគ្រោះចំនួន ៣១នាក់ ដែលមានអាយុចន្លោះពី ១៥ ទៅ ១៨ឆ្នាំ។
អាស៊ីសេរីព្យាយាមសុំការបំភ្លឺពីលោកស្រី ជូ ប៊ុនអេង អនុប្រធានគណ:កម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃនៅថ្ងៃពុធម្សិលមិញនេះ ប៉ុន្តែទូរស័ព្ទចូលជាច្រើនដង មិនមានអ្នកទទួល។
អ្នកស្រី មាស សាអ៊ីម បន្ថែមទៀតថា សព្វថ្ងៃមានស្រ្តីខ្មែរប្រមាណ ១០នាក់ ជាជនរងគ្រោះនៃការ ជួញដូរមនុស្ស ដែលកំពុងជាប់ផុងនៅប្រទសចិនមិនទាន់មានការជួយសង្គ្រោះបាននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។