គណៈកម្មការ​ប្រឆាំង​អំពើ​ទារុណកម្ម​ថ្នាក់​ជាតិ​ស៊ើប​អង្កេត​​​​រឿង​ពលរដ្ឋ​ម្នាក់​ស្លាប់​ពេល​ជាប់​ឃុំ​​នៅ​​ខេត្ត​​បន្ទាយ​​មានជ័យ

ដោយ ហេង រស្មី
2020-01-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។
អ្នក​តវ៉ា​រឿង​ដីធ្លី ៥នាក់​ ដែល​អាជ្ញាធរ​ចាប់​​ឃុំឃាំង និង​វាយដំ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ២០១៩។ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ ៥នាក់ មាន​ម្នាក់ គឺ​លោក ទុយ ស្រស់ បាន​​ស្លាប់​ក្នុង​អំឡុង​ពេល​ឃុំ​ខ្លួន ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២០។
Photo Provided

គណៈកម្មការ​ប្រឆាំង​អំពើ​ទារុណកម្ម​ថ្នាក់​ជាតិ ចាប់​ផ្ដើម​ចុះ​ស្រាវជ្រាវ​រក​យុត្តិធម៌​ក្នុង​សំណុំ​រឿង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ម្នាក់​ស្លាប់​ក្នុង​ពេល​ជាប់​ឃុំ​នៅ​ខេត្ត​បន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី១ មករា។ សាក្សី​រំពឹង​ថា មន្ត្រី​ថ្នាក់​ជាតិ​នឹង​អាច​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គេ និង​ជន​រង​គ្រោះ​ក្នុង​សំណុំ​រឿង​នេះ​បាន។

សាក្សី​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ៤នាក់ ដែល​ឃើញ​សមត្ថកិច្ច​វាយ​ជន​រង​គ្រោះ​ផ្ទាល់​ភ្នែក​ គឺ​លោក​ ហ៊ឹម គិរី ឱ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី១៣ មករា​ថា គណៈកម្មការ​ប្រឆាំង​អំពើ​ទារុណកម្ម​ថ្នាក់​ជាតិ ចំនួន ៨នាក់ បាន​ហៅ​ពួក​លោក​ទាំង ៤នាក់​ទៅ​សាកសួរ​​ម្ដង​ម្នាក់ៗ នៅ​ផ្ទះ​របស់​ប្រពន្ធ​ជន​រង​គ្រោះ គឺ​លោក​ ទុយ ស្រស់​ នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​ អូរជ្រៅ នៅ​ព្រឹក​ថ្ងៃ​ទី១៣ មករា​នេះ។

លោក ហ៊ឹម គិរី បញ្ជាក់​ថា លោក​បាន​រៀបរាប់​ហេតុការណ៍ ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ វាយ​ដំ​ទៅ​លើ​ជន​រង​គ្រោះ​នោះ ប្រាប់​គណៈកម្មការ​ថ្នាក់​ជាតិ​ទាំង​អស់​ ដោយ​មិន​មាន​លាក់​បាំង​ឡើយ។ លោក​បន្ថែម​ថា ពួក​លោក​ទាំង ៤នាក់ ក៏​ជា​ជន​រង​គ្រោះ ដែល​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​វាយ​ធ្វើ​បាប​​ដែរ៖ «ខ្ញុំ​អរគុណ​ណាស់​ដែល​ពួក​ថ្នាក់​ជាតិ​បាន​នឹក​ដល់​ពួក​ខ្ញុំ​មក​ជួយ​រក​យុត្តិធម៌​ដល់​ពួក​ខ្ញុំ​។ពេល​នោះ​ខ្ញុំ​បាន​ស្នើ​សុំ​ឱ្យ​ សម្ដេច​ហ៊ុន សែន​ និង​ អ្នក​ស្រី​ប៊ុនរានី​ ហ៊ុន សែន​ ជួយ​រក​យុត្តិធម៌​​ឱ្យ​ខ្ញុំ​ផង​ ព្រោះ​សមត្ថកិច្ច​វាយ​ធ្វើ​ទារុណកម្ម​ពួក​ខ្ញុំ​រហូត​ដល់​មាន​អ្នក​ស្លាប់​ម្នាក់​។ខ្ញុំ​ចង់​ឱ្យ​ជន​ប្រព្រឹត្ត​ដែល​ធ្វើ​បាប​ខ្ញុំ​ហ្នឹង​ដាក់​ឃុំ​តាម​ច្បាប់​ ព្រោះ​វា​ធ្វើ​បាប​ខ្ញុំ​វា​ដាក់​ខ្នោះ​ដៃ​ហើយ​​វាយ​ទាត់​ធាក់​តាម​អំពើ​ចិត្ត​។ ខ្ញុំ​សុំ​ឱ្យ​ដក​ពី​តំណែង​ហើយ​សង​ជំងឺ​ចិត្ត​ខ្ញុំ»

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​គណៈកម្មការ​ប្រឆាំង​អំពើ​ទារុណកម្ម​ថ្នាក់​ជាតិ លោក​ តុប សំភី ដើម្បី​សុំ​អត្ថាធិប្បាយ​ពី​ការ​ចុះ​ស្រាវជ្រាវ​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី១៣​ មករា ដោយ​សារ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​លោក ហ៊ឹម គិរី ថ្លែង​ថា គណៈកម្មការ​នេះ​នឹង​បន្ត​ទៅ​សាកសួរ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ថែម​ទៀត ដើម្បី​ឱ្យ​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ។ លោក​បន្ថែម​ថា ស្ថាប័ន​មួយ​នេះ​ បាន​ប្រាប់​ពួក​គាត់​ថា​ នឹង​បំពេញ​ការងារ​ដោយ​វិជ្ជាជីវៈ​ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គាត់ និង​ជន​រង​គ្រោះ។

លោក ទុយ ស្រស់ តំណាង​ពលរដ្ឋ​មាន​ទំនាស់​​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ បាន​ស្លាប់​នៅ​ថ្ងៃ​ទី១ មករា គឺ​ក្រោយ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ ចាប់​ពី​ថ្ងៃ​ទី២៨ ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ២០១៩ និង​បញ្ជូន​បន្ត​ទៅ​ពន្ធនាគារ​ខេត្ត។ កាល​នោះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៥នាក់​យក​ទៅ​សាកសួរ​ ដោយសារ​តែ​ពួក​គាត់ តវ៉ា​​​​​រឿង​ទំនាស់​ដី​របស់​ពួក​គាត់​នៅ​ស្រុក​ស្វាយ​ចេក។

កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ​នោះ ប្រជា​ពលរដ្ឋ​ជាង ១០០នាក់ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត ចេញ​ទៅ​ជួប​ពួកគាត់​ពន្យល់​អំពី​មូលហេតុ ដែល​មិន​ឱ្យ​ពួក​គាត់​កាន់​កាប់​​ដី​ទំនាស់​ ប៉ុន្តែ​ពេល​នោះ​អាជ្ញាធរ​ខេត្ត​មិន​បាន​ចេញ​ជួប​ក្រុម​អ្នក​តវ៉ា​នោះ​ឡើយ។ នៅ​ថ្ងៃ​នោះ ពលរដ្ឋ​ក៏​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ​ គឺ​​រង់ចាំ​​ក្បែរ​របង​សាលា​ខេត្ត រហូត​ដល់​ម៉ោង ២រសៀល ស្រាប់​តែ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​ជា​ច្រើន​នាក់​​​ទៅ​បង្ក្រាប​​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ និង​បាន​ចាប់​មនុស្ស ៥នាក់​យក​ទៅ​ឃុំ​ខ្លួន។ អំឡុង​ពេល​សមត្ថកិច្ច​ឃុំ​ខ្លួន​នោះ មាន​ពលរដ្ឋ​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​បាន​មួយ​​ថ្ងៃ​ និង ៤នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃ​ទី៣ មករា។

ទាក់​ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី១០​ មករា​ថា មន្ត្រី​អាវុធហត្ថ​មិន​បាន​ប្រើ​ហិង្សា​​លើ​ជនរងគ្រោះ​ដូច​ការ​ចោទ​ប្រកាន់​​ឡើយ។លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ជុំ​វិញ​បញ្ហា​នេះ​រួច​ហើយ​ដែរ៖ «បើ​មាន​មែន​សូម​សាក្សី​ហ្នឹង​គាត់​ឱ្យ​ប្ដឹង​ទៅ​តុលាការ យើង​នឹង​ទទួល​យក ព្រោះ​ធម្មតា​ទេ​អ្នក​ណា​ដែល​ប្រើ​ហិង្សា​ទោះ​បី​សមត្ថកិច្ច​ក៏​ដោយ​​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។អីចឹង​យើង​ចាំ​ទទួល​យក​នៅ​ពេល​ដែល​មាន​ពាក្យ​បណ្ដឹង​។បាទ​យើង​ហ្នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​យើង​បាន​អប់រំ​ណែន​ធ្វើ​អ្វី​ទៅ​តាម​នីតិវិធី​ទាំង​អស់»

សាក្សី​ដែល​​បាន​បំភ្លឺ​មន្ត្រី​ថ្នាក់​ជាតិ​នោះ​ ថ្លែង​ថា​ មន្ត្រី​ប្រឆាំង​អំពើ​ទារុណកម្ម​ចុះ​ធ្វើ​​ការ​ជា​សម្ងាត់ ដោយ​ពុំ​មាន​អាជ្ញាធរ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ណា​ម្នាក់​បាន​ដឹង​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា​ មន្ត្រី​ថ្នាក់​ជាតិ​ចុះ​ស៊ើប​អង្កេត​ជា​គឺ​រឿង​ល្អ ដែល​អាច​ជួយ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​បាន។ លោក​ថា អង្គការ​របស់​លោក​នឹង​បញ្ជូន​មេធាវី​​​​ទៅ​ការពារ​ក្ដី​ដល់​ជនរងគ្រោះ​និង​សាក្សី​ ដើម្បី​ស្វែង​រក​យុត្តិធម៌​​លើ​សំណុំ​រឿង​នេះ។ លោក​បញ្ជាក់​ថា សំណុំរឿង​នេះ ជា​អំពើ​មនុស្ស​ឃាត​ឃោរឃៅ ដែល​ជន​ប្រព្រឹត្ត​ត្រូវ​ទទួល​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់ ដោយ​មិន​អាច​លើក​លែង​បាន​ឡើយ៖ «ហើយ​យើង​សង្ឃឹម​ថា​គណៈកម្មការ​នេះ​ក្រោយ​ពី​មាន​ការ ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​រួច​នឹង​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ជាពិសេស​ខាង​ស្ថាប័ន​តុលាការ​ និង​ចាត់​វិធាន​ការ​ចោទ​ប្រកាន់​និង​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត​ដែល​បាន​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ចែង​អីចឹង»

លោក​បន្ថែម​ថា អង្គការ​របស់​លោក​នឹង​តាម​ដាន​សំណុំ​រឿង​នេះ​​យ៉ាង​ចិត្ត​ទុក​ដាក់​បន្ត​ទៀត​ ដើម្បី​ជួយ​ស្វែងរក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ផង និង​ដើម្បី​កុំ​ឱ្យ​មន្ត្រី​មាន​អំណាច​​ចេះ​តែ​វាយ​ដំ​ប្រជា​ពលរដ្ឋ​​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល