អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ អះអាងថា មិនមានលទ្ធភាពនាំខ្លួនម្ចាស់ក្លឹបកម្សាន្តរ៉ក់ (ROCK) ឧកញ៉ា គិត ធាង ដែលជាប់ចោទពីបទសម្រួលឱ្យមានការប្រើគ្រឿងញៀន ក្នុងក្លឹបកម្សាន្តរបស់ខ្លួន និងឧកញ៉ា ថោង សារ៉ាត់ ដែលជាប់ចោទពីបទសម្លាប់មនុស្សនោះ ចូលទៅពន្ធនាគារវិញឡើយ ក្រោយពីឧកញ៉ាទាំងពីរនេះ ស្នើសុំចេញសម្រាកព្យាបាលជំងឺនៅមន្ទីរ ពេទ្យធំៗរបស់រដ្ឋជាច្រើនខែមកហើយ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ករណីនេះអាចមានអំពើពុករលួយជាប្រព័ន្ធ ព្រោះអ្នកទោសធម្មតា ឬអ្នកទោសមនសិការមិនងាយទទួលបានសិទ្ធិពិសេសដើម្បីដេកព្យាបាលជំងឺក្រៅគុកបែបនេះទេ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា ជនជាប់ចោទលោកឧកញ៉ា គិត ធាង និងលោក ឧកញ៉ា ថោង សារ៉ាត់ មិនទាន់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារនៅឡើយទេ ដោយសារតែឧកញ៉ាទាំងពីរនេះ បន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យធំៗ របស់រដ្ឋក្នុងក្រុងភ្នំពេញ។ លោកលើកឡើងដដែលៗ ថា ពន្ធនាគារគ្មានលទ្ធភាពនាំខ្លួនជនជាប់ចោទទាំងពីរចូលពន្ធនាគារនោះទេ ប្រសិនបើខាងមន្ទីរពេទ្យមិនចេញលិខិតអនុញ្ញាត។ លោកមើលឃើញថា ស្ថានភាពរបស់ឧកញ៉ាទាំងពីរនេះ មិនធ្ងន់ធ្ងរអ្វីនោះទេ ប៉ុន្តែលោកក៏មិនដឹងថា តើមូលហេតុអ្វីទើបខាងមន្ទីរពេទ្យបន្តឱ្យអ្នកទាំងពីរសម្រាកព្យាបាលទៀតនោះដែរ៖ «នៅមន្ទីរពេទ្យនៅឡើយ។ សួរខាងមន្ទីរពេទ្យទើបច្បាស់។ យើងមិនទាន់មានគោលការណ៍អីពិនិត្យរឿងនេះឡើងវិញទេ ចាំមើលខ្ញុំសួរថ្នាក់ដឹកនាំសិន ថាតើយើងមានវិធានការយ៉ាងម៉េចចំពោះករណីនេះ ប៉ុន្តែក្នុងពេលនេះយើងនៅតែចាំស្ដាប់ខាងពេទ្យសិន។ ខ្ញុំមិនអាចមើលនឹងភ្នែកសន្និដ្ឋានបានទេ តែស្ថានភាពគាត់ដូចជាមិនដុនដាបពេកទេ»។
លោកឧកញ៉ា គិត ធាង ត្រូវបានបញ្ជូនចេញពីពន្ធនាគារទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ក្រោមហេតុផលថា មានជំងឺសួត និងស្ទះដង្ហើម បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារស្នងការរាជធានីភ្នំពេញ ឬហៅថា ពន្ធនាគារ ប៉េហ្ស៊ី (PJ) រយៈពេលប្រមាណកន្លះខែ។សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោកគិត ធាង ពីបទសមគំនិតនិងចាត់ចែងសម្រួលឱ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន នៅក្នុងក្លឹបកម្សាន្តរ៉ក់របស់លោក។
ចំណែកលោកឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានតុលាការ ចាប់ឃុំខ្លួនក្នុងពន្ធនាគារកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៥នោះ ត្រូវបានគេរាយការណ៍ថា ដេកក្នុងពន្ធនាគារមិនបានមួយសប្ដាហ៍ផង ស្រាប់តែត្រូវបានបញ្ជូនទៅរស់នៅបន្ទប់វីអាយភី (VIP) នៅមន្ទីរពេទ្យរុស្ស៊ី ស្ថិតនៅក្បែរគម្រោងខុនដូរបស់លោក ក្រោមហេតុផលថា មានជំងឺច្រើនមុខដូចជាមានជំងឺលើសឈាម វិលមុខ និងមានសតិមិនល្អ ដោយសារភ័យខ្លាចជាប់ក្នុងគុក។ បន្ទាប់ពីរស់នៅក្នុងមន្ទីរពេទ្យរុស្ស៊ីយូពេក លោក ថោង សារ៉ាត់ បានផ្លាស់ប្ដូរទៅរស់នៅក្នុងមន្ទីរពេទ្យព្រះកុសមៈវិញម្ដង កាលពី ខែមេសា ឆ្នាំ២០១៧ ។ សារព័ត៌មានក្នុងស្រុកចុះផ្សាយថា នៅមន្ទីរព្រះកុសមៈនេះ លោក ថោង សារ៉ាត់ បានចំណាយលុយផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារសម្រាប់សាងសង់បន្ទប់ឯកជនដ៏ទំនើបមួយសម្រាប់រស់នៅ។
លោក ថោង សារ៉ាត់ និងអង្គរក្ស ៤នាក់ ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត ដោយចោទពីបទឃាតកម្មគិតទុកជាមុន និងបទសមគំនិតក្នុងសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលជាថៅកែស៊ីម៉ងត៍ត្បូងពេជ្រ។
នាយកមន្ទីរពេទ្យព្រះកុសមៈ លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ ទទួលស្គាល់ថា លោកឧកញ៉ា ថោង សារ៉ាត់ ពិតជាកំពុងរស់នៅក្នុងមន្ទីរពេទ្យព្រះកុសមៈមែន តែលោកសុំមិននិយាយអ្វីច្រើនទេ ដោយរង់ចាំសួរមន្ត្រីជំនាញជាមុនសិន។ អាស៊ីសេរី បានព្យាយាមទូរស័ព្ទទៅច្រើនដងទៀតដែរ ប៉ុន្តែលោកមិនទទួលទូរស័ព្ទតាមការសន្យាឡើយ៖ «បាទ ! តែខ្ញុំសុំទោសដែរដោយសារការងារនេះជាការងារជំនាញ ហើយចាំខ្ញុំសួរជំនាញយ៉ាងម៉េចៗសិន»។
អាស៊ីសេរីក៏បានព្យាយាមទាក់ទងសុំការបំភ្លឺរឿងនេះពីនាយកមន្ទីរពេទ្យរុស្ស៊ី លោក ងី ម៉េង និងប្រធានផ្នែកសេវានៃមន្ទីរពេទ្យរុស្ស៊ីលោក អ៊ា សុខហេង ដែរ ប៉ុន្តែទូរស័ព្ទចូលជាច្រើនដង មិនមានអ្នកទទួល ។
កន្លងមកសារព័ត៌មានក្នុងស្រុកចុះផ្សាយដោយស្រង់សម្ដីបុគ្គលិកពេទ្យថា ឧកញ៉ាទាំងពីរមានសាច់ឈាមស្រស់ថ្លា មិនមានឈឺអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែបុគ្គលិកពេទ្យរូបនោះ ងឿងឆ្ងល់ថា តើហេតុអ្វីបានជាខាងពន្ធនាគារមិនយកឧកញ៉ាទាំងពីរទៅពន្ធនាគារវិញ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ខាងពន្ធនាគារ និងមន្ទីរពេទ្យតែងតែឆ្លើយដាក់គ្នាទៅវិញទៅមក ប៉ុន្តែលោកយល់ថា វាជាសមត្ថកិច្ចរបស់មន្ទីរពេទ្យច្រើនជាង។ លោកបន្តថា អ្នកជាប់ពន្ធនាគារ មិនទទួលបានសេវាថែទាំសុខភាពស្មើគ្នានោះទេ ដោយអ្នកទោសក្រីក្រ និងអ្នកទោសនយោបាយ កម្រនឹងខាងពន្ធនាគារបញ្ជូនចេញទៅព្យាបាលនៅខាងក្រៅណាស់ គឺទាល់តែជំងឺនោះធ្ងន់ធ្ងរមិនអាចជៀសបាន ទើបបញ្ជូនទៅពិនិត្យ រួចឱ្យថ្នាំ ហើយ បញ្ជូនត្រឡប់ទៅពន្ធនាគារវិញ។ ដោយឡែក អ្នកមានលុយមានអំណាចវិញ អាចទទួលបានការអនុញ្ញាតឱ្យសម្រាកព្យាបាលនៅក្រៅពន្ធនាគារបានយូរ ដោយមិនកំណត់ពេលជាក់លាក់ឡើយ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្ថែមថា ប្រសិនបើឧកញ៉ាទាំងនោះគ្មានជំងឺអ្វីទេ ខាងមន្ទីរពេទ្យគួរតែចេញលិខិតបញ្ជូនទៅពន្ធនាគារវិញដើម្បីកុំឱ្យមានការរិះគន់កាន់តែខ្លាំង៖ «ចំណុចនេះវាបង្ហាញពីភាពមិនស្មើគ្នាចំពោះមុខច្បាប់និងភាពមិនប្រក្រតីដែលទាមទារឱ្យមានគណៈកម្មការមួយធ្វើការស្រាវជ្រាវ និងសិក្សាឡើងវិញទៅលើបញ្ហាទាំងអស់នេះ ដើម្បីកុំឱ្យមានការរិះគន់តទៅទៀត។ ប្រសិនបើនៅតែបន្តអ៊ីចឹង គឺគេថាការអនុវត្តច្បាប់មានស្តង់ដារពីរហើយ សិទ្ធិអ្នកដែលជាប់ឃុំក៏មិនស្មើគ្នាដែរចំពោះមុខច្បាប់ព្រោះអ្នកឧកញ៉ាអ្នកមានលុយមានលទ្ធភាពច្រើនក្នុងការស្នាក់នៅខាងក្រៅពន្ធនាគារ»។
ករណីអ្នកមានលុយ និងអ្នកមានអំណាចជួលបន្ទប់ទំនើបៗ របស់មន្ទីរពេទ្យធំៗរបស់រដ្ឋសម្រាប់ ស្នាក់នៅនេះ មានច្រើនករណីណាស់ មិនមែនតែលោក គិត ធាង និងលោក ថោង សារ៉ាត់ នោះទេ។ ជាឧទាហរណ៍ អតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត ដែលបាញ់រះលើក្រុមកម្មករ ឧកញ៉ា សុខ ប៊ុន ដែលប្រើហិង្សាលើអតីតពិធីការិនីទូរទស្សន៍ និងឧកញ៉ា តាន់ សេងហាក់ ដែលជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ជាពិសេសគឺក្រុមក្មួយៗ របស់លោក ហ៊ុន សែន ដែលត្រូវបានផ្ដន្ទាទោសរឿងបាញ់បោះដោយសេរីនាពេលកន្លងមក សុទ្ធតែបានរស់នៅក្រៅពន្ធនាគារ ក្រោមហេតុផលថា សម្រាកព្យាបាលជំងឺ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។