តុលាការកំពូលគ្រោងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់សកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី នៅថ្ងៃទី២៨ តុលា សប្ដាហ៍ក្រោយនេះ បន្ទាប់ពីបានបើកសវនាការកាលពីថ្ងៃទី២១ តុលា។
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា សង្ឃឹមថា តុលាការកំពូលនឹងអនុញ្ញាតឱ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំតាមការស្នើសុំ ដោយសារកូនក្តីរបស់លោកបានសន្យាថា នឹងចូលរួមគ្រប់នីតិវិធីរបស់តុលាការ។ ម្យ៉ាងវិញទៀត លោកថា ផ្អែកតាមនីតិវិធីក្នុងសំណុំរឿងព្រហ្មទណ្ឌ តុលាការមិនគួរឃុំខ្លួនកូនក្តីរបស់លោកបន្តទៀតនោះទេ ពីព្រោះគាត់គ្មានលទ្ធភាពបង្កភាពវឹកវរក្នុងសង្គម និងធ្វើសកម្មភាពផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនោះឡើយ។
សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍បានបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី ជាបន្តបន្ទាប់ ក្រោមហេតុផលថា ដើម្បីរារាំងកុំឱ្យមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះ រារាំងកុំឱ្យមានការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និងអ្នកសមគំនិត និងដើម្បីរក្សាភស្តុតាង ឬតម្រុយជាសម្ភារៈ ព្រមទាំងដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈកុំឱ្យមានការច្របូកច្របល់ដែលបណ្ដាលមកពីបទល្មើស។ មេធាវីបានប្ដឹងសាទុក្ខចំពោះការសម្រេចនេះជាច្រើនខែមកហើយ ប៉ុន្តែតុលាការកំពូលទើបតែលើកយកសំណុំរឿងមុនអង្គសេចក្ដីនេះមកជំនុំជម្រះនៅថ្ងៃចន្ទដើមសប្ដាហ៍នេះប៉ុណ្ណោះ ពោលគឺនៅក្រោយពេលដែលសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើអង្គសេចក្ដី និងកាត់ទោសលោក រ៉ាត់ រត្នមុនី រួចទៅហើយ កាលពីចុងខែមិថុនាកន្លងទៅ។
តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោស លោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ "ញុះញង់ឱ្យមានការរើសអើង" និងបង់សំណងឱ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៧០លានរៀល ឬស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិក។
គិតត្រឹមពេលនេះ ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈជាង ១០ខែមកហើយ។ សហគមន៍អន្តរជាតិបានទាមទារឱ្យរបបក្រុងភ្នំពេញដោះលែងសកម្មជនសិទ្ធិការងាររូបនេះវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ បន្ទាប់ពីពិនិត្យឃើញថា រឿងក្តីនេះមានលក្ខណៈបាយឡុកបាយឡ គួរឱ្យអាម៉ាស់ និងគួរឱ្យស្អប់ខ្ពើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
