សកល​វិទ្យាល័យ​មួយ​រង​ការរិះគន់​ដែល​ស្ដី​បន្ទោស​យុវជន​ច្រៀង​រិះគន់​សង្គម​នៅ​សៀមរាប

ដោយ មួង ណារ៉េត
2019.05.24
ឈុន ឌីម៉ី រ៉េប សង្គម​នេះ បទ​រ៉ែប​"សង្គមនេះ" ដែល​តែង​និពន្ធ និង​ច្រៀង​ដោយ​យុវជន ឈុន ឌីម៉ី នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម។
Screenshot

សកល​វិទ្យាល័យ​សៅស៍អ៊ីសថ៍ អេយសៀ (South-EastAsia) រង​ការរិះគន់​ធ្ងន់ៗ​ក្រោយ​ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ហៅ​និស្សិត​ម្នាក់​ទៅ​ស្ដី​បន្ទោស បន្ទាប់ពី​និស្សិត​នោះ​ច្រៀង​រ៉ែប (Rap) រិះគន់​ពី​សង្គម​ដែល​បទ​នេះ​កំពុង​ល្បីល្បាញ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ មន្ត្រី​សិទ្ធិមនុស្ស​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​សកល​វិទ្យាល័យ​នេះ ព្រោះ​ការ​ច្រៀង​រិះគន់​ពី​សង្គម​គឺជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​មិនមែន​ជា​បទល្មើស​នោះ​ទេ។

តារាចម្រៀង​រ៉ែប គឺ​យុវជន ឈុន ឌីម៉ី ឬ​ហៅថា ឌីម៉ី ខេមបូ (Dymey-Cambo) ដែល​ជា​ម្ចាស់​បទ​''​សង្គម​នេះ'' ប្រាប់​អាស៊ីសេរី​ថា​សកល​វិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ នៅ​ខេត្ត​សៀមរាប ដែល​លោក​កំពុង​រៀន​នោះ បាន​ហៅ​លោក​ទៅ​ស្ដីបន្ទោស​ដោយ​ផ្ទាល់ និង​បាន​ឱ្យ​លោក​ចុះ​កិច្ច​សន្យា​ឈប់​ច្រៀង​រិះគន់​ពី​សង្គម​តទៅទៀត​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ក្រោម​ហេតុផល​ថា ខ្លាច​ប៉ះពាល់​ដល់​សាលា និង​រដ្ឋាភិបាល។ លោក​បន្ត​ថា សកលវិទ្យាល័យ បាន​ព្រមាន​ថា​ប្រសិនបើ​លោក​នៅតែ​ច្រៀង​រិះគន់​សង្គម​ទៀត​គឺ​គេ​នឹង​បញ្ឈប់​លោក​ពី​សាកលវិទ្យាល័យ​នោះ៖ «គេ​បាន​ពន្យល់​យើង​អំពី​បញ្ហា​ទាំងអស់​ដែល​បាន​កើតឡើង​ហើយ​ម៉េច​បានជា​គេ​ចេញ​សេចក្ដី​ថ្លែងការណ៍​អ៊ីចឹង។ គេ​ប្រាប់​មូលហេតុ​ថា​ទី​១ គេ​ចង់​ស្តា​កុំ​ឱ្យ​ខូច​កិត្តិយស​សាលា ព្រោះ​ខ្លាច​មាន​បញ្ហា​ដល់​សាលា​ក្រែងលោ​គេ​ត្រូវ​បិទ​ទ្វា​បិទ​អ៊ីចឹង​ទៅ ព្រោះ​សាលា​នេះ​គេ​មាន​អនុក្រឹត្យ​គេ​ត្រឹមត្រូវ។ អ៊ីចឹង​បើ​គេ​មិន​ចាត់វិធានការ​អ៊ីចឹង​ទេ​ខ្លាច​មានការ​ប៉ះពាល់​ដល់​អង្គភាព​គេ។ គេ​ប្រាប់​យើង​ទៀត​ទាក់ទង​នឹង​ច្បាប់​ព្រហ្មទណ្ឌ​ច្បាប់​អី​ក្រែង​លោក​យើង​ជ្រុល​លើសលស់​អ៊ីចឹង។ គេ​ក៏​ឱ្យ​ខ្ញុំ​ជួប​គេ​ម្ដង​ទៀត​ដើម្បី​ចុះ​កិច្ចសន្យា​ដើម្បី​កុំ​ឱ្យ​យើង​ធ្វើ​អី​ទៀត​ព្រោះ​ប៉ះពាល់​ដល់​សាលា​គេ គឺ​នឹង​លុបឈ្មោះ​ចេញពី​សាលា»

នៅមុន​ការ​ហៅ​និស្សិត​ទៅ​ស្ដីបន្ទោស​និង​ធ្វើ​កិច្ចសន្យា​នេះ​មួយថ្ងៃ​គឺ​សកលវិទ្យាល័យ South-EastAsia ក៏បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែរ​ដោយ​បញ្ជាក់​ថា គណៈ​គ្រប់គ្រង​បុគ្គលិក សាស្ត្រាចារ្យ​និង​និស្សិត​ទាំងអស់​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​និស្សិត​ឈ្មោះ ឈុន ឌីម៉ី ដែល​ច្រៀង ចម្រៀង​មាន​ចំណងជើង​ថា​''​សង្គម​នេះ​''​ដែល​សាលា​នេះ​អះអាង​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​រដ្ឋាភិបាល។ សកល​វិទ្យាល័យ​មួយ​នេះ បកស្រាយ​ថា ក្នុង​កម្មវិធី​សិក្សា​របស់​ខ្លួន​គ្រប់​កម្រិត គឺ​មិន​មាន​បញ្ចូល​ខ្លឹមសារ​រិះគន់​រដ្ឋាភិបាល​ទេ ដូច្នេះ​ទង្វើ​របស់​និស្សិត ឈុន ឌីម៉ី គឺជា​គំនិត​ផ្ទាល់ខ្លួន។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ South-East Asia លោក សៀន សុវណ្ណា បានទេ​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា។

យុវនិស្សិត ឈុន ឌីម៉ី លើកឡើង​ថា ចំណាត់ការ​របស់​សាកលវិទ្យាល័យ​នេះ​គឺ​មិន​មាន​យុត្តិធម៌ សម្រាប់​លោក​នោះ​ទេ ព្រោះ​លោក​មិនបាន​ធ្វើ​អ្វី​ខុស​ឡើយ​លោក​គ្រាន់តែ​ច្រៀង​រៀបរាប់​ពី​តថភាព​នៅ​ក្នុង​សង្គម​ដោយ​មិនបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សាលា និង​រដ្ឋាភិបាល​នោះ​ទេ៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​ដូច​មាន​សម្ពាធ​មួយ​ដែរ​ព្រោះ​សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​មកនេះ​ហាក​ដូចជា​ខ្ញុំ​មានទោស​ធ្ងន់​ណាស់​អ៊ីចឹង»

និស្សិត​ជាច្រើន​នៅ​ក្នុង​សកលវិទ្យាល័យ South-EastAsia នេះ​មិន​គាំទ្រ​ចំពោះ​សេចក្តី​ថ្លែងការណ៍​និង​ចំណាត់ការ​របស់​សាលា​ទេ​ដោយ​ពួកគេ​ចាត់​ទុក​យុវជន ឈុន ឌីម៉ី ហ៊ាន​និយាយ​និង​ច្រៀង​ការពិត​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។

និស្សិត​ឈ្មោះ ជុំ ណាក់ (NakChum) សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន​ថា ក្នុងនាម​ជា​និស្សិត​ម្នាក់​ដែល​កំពុងតែ​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​South-East Asiaសូម​មិន​គាំទ្រ​ទាល់តែសោះ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​មួយ​នេះ ព្រោះ​វា​ហាក់​ដូចជា​អយុត្តិធម៌ និង​លម្អៀង​ខ្លាំង​ពេក​ចំពោះ​ម្ចាស់​បទ ចម្រៀង​ដែល​និយាយ​អំពី សង្គម​នេះ

យុវជន​ផ្សេងទៀត​បាន​សរសេរ​ថា​“​ធ្វើ​ដល់​ទៅ​គណៈ​គ្រប់គ្រង​សាកលវិទ្យាល័យ​មួយ​ទាំងមូល​មើល​មិនឃើញ​ចំណុច​ខ្វះខាត​របស់​រាជរដ្ឋាភិបាល។ គាំទ្រ​ទាំង​ងងើល​ទាំង​ខ្លួនឯង​ឈរ​មុខ​កញ្ចក់​តែ​បែរជា​ធ្មេចភ្នែក ធ្វើ​មើល​មិន​ឃើញ​ទៅវិញ។ ការណ៍​ធ្វើ​បែប​នេះ​គឺ​មិន​ស្មើនឹង​និស្សិត​ម្នាក់​ដែល​គ្នា​គ្រាន់តែ​ជា​យុវជន​សោះ​គេ​មើល​ឃើញ​ថតភាព​អវិជ្ជមាន​ក្នុង​សង្គម​នេះ។

ចំណែក​យុវនិស្សិត​ម្នាក់ទៀត​ឈ្មោះ​សិលា ថ្ម រៀបរាប់​ថា សាលារៀន​គួរតែ​ប្រកាន់​ជំហរ​ឯករាជ្យ​និង​មិន​ត្រូវ​មាន​ចំណាត់​ការ​ស្ដីបន្ទោស ឬ​ព្រមាន​បញ្ឈប់​និស្សិត​ដែល​គ្រាន់តែ​ច្រៀង​រិះគន់​ពី​សង្គម​នោះ​ទេ ជាពិសេស​សាលា​គួរតែ​លើកទឹកចិត្ត​ឱ្យ​យុវជន​ក្លាហាន​និយាយ​ការពិត​ជាជាង​និយាយ​ការពារ៖ «សម្រាប់​ខ្ញុំ​វា​រៀង​អយុត្តិធម៌​តិច​ដែរ ព្រោះ​អី​បទ​ចម្រៀង​នេះ​វា​ចេញ​រាង​យូរ​ដែរ​ហើយ។ បើ​គិត​ក្រោយពេល​ចូលឆ្នាំ​អាច​ជាង​មួយ​ខែ​ហើយ ចំណែក​បទ​សង្គម​នេះ​វគ្គ​១ គឺ​រយៈពេល​មួយ​ឆ្នាំ​ជាង​ដែរ​ហើយ។ អ៊ីចឹង​គាត់​ប្រាកដជា​ដឹង​ច្បាស់​ថា គាត់​ជា​សិស្ស​នៅ​សៅស៍អ៊ីសថ៍ អេយសៀ ប៉ុន្តែ​នៅ​ពេល​រឿង​នេះ​ផ្ទុះ​កាន់តែ​ធំ ទៅ​បែរជា​លើកដាក់​គាប់​សង្កត់​លើ ឌីមី-ខេមបូ ទៅវិញ»

ម្ចាស់​បទ​''​សង្គម​នេះ​''​ប្រាប់​អាស៊ីសេរី​ថា ក្រោយពេល​លោក​ចេញ​បទ​ចម្រៀង​ដែល​រិះគន់​ពី​សង្គម​នោះ​គឺ​អាជ្ញាធរ​បាន​តាម​យាយី​លោក​ជា​បន្តបន្ទាប់​រហូត​ធ្វើ​ឱ្យ​លោក​សម្រេចចិត្ត​លុប​វីដេអូ​ចម្រៀង​នោះ​ចេញពី​គណនី​ហ្វេសប៊ុក និង​យូធូប (Youtube) របស់​លោក កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា និង​ប្រកាស​លាឈប់​ពី​សិល្បៈ​មួយ​រយៈ​ផង​ដែរ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​និង​សកលវិទ្យាល័យ South-EastAsia នេះ។ លោក​ចាត់​ទុក​ចំណាត់​ការ​ទាំងនេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​ការ​និពន្ធ និង​ការ​ច្រៀង​ចម្រៀង​របស់​យុវជន​នេះ គឺជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​គាត់។ ម្យ៉ាងទៀត ខ្លឹមសារ​នៃ​បទ​ចម្រៀង​នោះ​គឺ​គ្រាន់តែ និយាយ​ពី​តថភាព​ពិត​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ​មិន​មាន​អ្វី​ជា​បទល្មើស​ដែល​ត្រូវ​ចោទប្រកាន់​នោះ​ទេ៖ «នៅ​ពេល​ដែល​សកលវិទ្យាល័យ​ចេញ​លិខិត​មួយ​ស្ដីបន្ទោស​ហើយ​នឹង​បដិសេធ​គឺ​ខ្ញុំ​គិត​ថា​វា​មិន​ជា​ការត្រឹមត្រូវ​ទេ​អានេះ គឺជា​ព្រួយបារម្ភ​ហួសហេតុ​ពេក​របស់​សកល​វិទ្យាល័យ​នេះ។ មិន​គួរ​យក​រឿង​ប៉ុន​នេះ​ព្រមាន ឬ​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គាត់​ទៅវិញ។ ដោយសារ​អ្នក​មិន​មាន​កំហុស​សោះ យើង​ទៅជា​បង្កើត​កំហុស​ឱ្យ​ប៉ះពាល់​កិត្តិយស​សម្រាប់​និស្សិត​ទៅវិញ»

រីឯ​អ្នកនិពន្ធ​មួយ​ចំនួន​លើក​ឡើង​ថា អក្សរសិល្ប៍​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម។ សង្គម​បែប​ណា​អក្សរសិល្ប៍​បែប​នោះ។ ដូច្នេះ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​គប្បី​ផ្ដល់​សិទ្ធិ​សេរីភាព​ដល់​អ្នកនិពន្ធ​មិន​គួរ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពួកគាត់​នោះ​ទេ ព្រោះ​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​បែបនេះ​ប្រៀប​ដូចជា​ការ​បោក​កញ្ចក់​ដែល​សម្រាប់​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​ដូច្នោះ​ដែរ។

បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា ''សង្គម​នេះ​'​គឺ​មាន​ពីរ​វគ្គ​ដែល​រៀបរាប់​អំពី​រឿងរ៉ាវ​ស្មោកគ្រោក​ជាច្រើន​នៅ​ក្នុង​សង្គម ដូចជា​ការប្រព្រឹត្ត​អំពើពុករលួយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្រីក្រ​ដែល​ត្រូវ​អ្នកមាន​លុយ​មានអំណាច​ជិះជាន់​រំលោភ​យក​ដីធ្លី​ស្រស់ៗ និង​ការ​បាញ់​កាប់សម្លាប់​អ្នកចេះដឹង និង​អ្នកស្នេហាជាតិ​ជា​ហូរហែ។ ទំនុកច្រៀង​នោះ​ក៏​រៀបរាប់​អំពី​បញ្ហា​ជនអន្តោប្រវេសន៍​ចិន និង វៀតណាម ដែល​រស់នៅ​យ៉ាង​អនាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក ឈុន ឌីម៉ី មាន​វ័យ ២៤​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ព័ត៌មានវិទ្យា​នៃ​សាកលវិទ្យាល័យ South-EastAsia។ លោក​រៀបរាប់​ថា បទ​ចម្រៀង​នេះ​លោក​តាក់តែង​ម្នាក់ឯង និង​មាន​ឆន្ទៈ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ការ​ជំរុញ​ពី​ក្រុម​ណា ឬ​អ្នកនយោបាយ​ណាមួយ​នោះ​ទេ។ លោក​គ្រាន់តែ​សង្ឃឹម​ថា បទ​ចម្រៀង​ដែល​ច្រៀង​នោះ​នឹង​ធ្វើ​ឱ្យ​មាន​ដំណោះស្រាយ​ល្អ​មួយ​នៅ​ក្នុង​សង្គម​ខ្មែរ​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។