ស្ត្រី​វិចិត្រករ​ខ្មែរ​ដែល​ត្រូវ​ជនបរទេស​ធ្វើ​ទារុណកម្ម​ស្ទើរ​ស្លាប់​នៅ​ថៃ​ទាមទារ​ឲ្យ​ចាប់​ជន​ដៃ​​ដល់​​ដាក់ទោស

0:00 / 0:00

ស្ត្រី​វិចិត្រករ​ខ្មែរ​ដែល​ត្រូវ​ជនបរទេស​ធ្វើ​ទារុណកម្ម​ស្ទើរ​បាត់បង់​ជីវិត​នៅ​ប្រទេស​ថៃ ទាមទារ​ឲ្យ​អាជ្ញាធរ​ខ្មែរ និង​ថៃ​ចាប់​ជន​ដៃដល់​មក​ដាក់ទោស និង​រក​អ្នក​ដែល​បញ្ជា​ពីក្រោយ ព្រោះ​កញ្ញា​មិន​ដែល​មានរឿង​ជាមួយ​ជនជាតិ​ប៉ូឡូញ​ (Polish)​ ទាំងពីរ​នាក់​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ស្ថានទូត និង​រដ្ឋាភិបាល​ខ្មែរ​មិន​ត្រូវ​ព្រងើយកន្តើយ​ ចំពោះ​ករណីនេះ​ទេ ពោល​គឺ ​កម្ពុជា​ត្រូវ​សហការ​ជាមួយ​ថៃ​ចាប់​ជនល្មើស ដើម្បី​រក​យុត្តិធម៌​ជូន​ស្ត្រី​ខ្មែរ​រងគ្រោះ។

ស្ត្រី​ជាងគំនូរ​ខ្មែរ ដែល​ត្រូវ​បាន​បុរស​ជនជាតិ​ប៉ូឡូញ​ពីរ​នាក់​វាយ​ធ្វើបាប ដោយ​ជះ​ទឹក​អាស៊ីត​លើ​មុខ និង​លើ​រាងកាយ ហើយ​ចាក់​ឲ្យ​របួស​ជាង​ ២៦០​ថ្នេរ កាល​ពី​ថ្ងៃទី​១ ខែវិច្ឆិកា នៅ​ទីក្រុង​ផាត់ថៈយ៉ា (Pattaya) ខេត្ត​ឈុនបុរី (Chonburi) ចង់​ឃើញ​ប៉ូលិស​ថៃ និង​ខ្មែរ​តាម​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស និង​វែកមុខ​អ្នក​នៅ​ពីក្រោយ​អំពើ​ហិង្សា​នេះ។

ស្ត្រី​វិចិត្រករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង ២​ឆ្នាំ កញ្ញា នី ស្រីរ័ត្ន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ​ថា កញ្ញា​ចេញពី​ពេទ្យ​មក​សម្រាក​ព្យាបាល​នៅផ្ទះ​ជួល​ក្នុង​ប្រទេស​ថៃ ព្រោះ​ដេក​ពេទ្យ​ត្រូវ​បង់ប្រាក់​ច្រើន។ កញ្ញា​នៅ​មិន​ទាន់​អស់ចិត្ត​ពី​ទង្វើ​ហិង្សា​លើ​រាងកាយ​នាង ដោយសារ​កញ្ញា​មិន​ស្គាល់​ជនជាតិ​ប៉ូឡូញ​ទាំងពីរ​នាក់​នោះ​ទេ ហើយក៏​មិនដែល​ធ្វើ​អាក្រក់​លើ​អ្នកណា​ដែរ​។ កញ្ញា​សង្ស័យ​ថា ករណីនេះ​អាច​ជា​ការ​ប្រច័ណ្ឌ​របស់​ស្ត្រី​ថៃ ដែល​មិន​បាន​រៀបការ​នឹង​ប្ដី​បរទេស ហើយ​ចោទ​កញ្ញា​ជា​អ្នក​បំបែកបំបាក់​ពួកគេ​។ កញ្ញា​បន្ត​ថា កញ្ញា​បាន​ប្ដឹង​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​ថៃ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ហើយ​ប៉ូលិស​ថៃ​កំពុង​ប្រតិបត្តិការ​លើ​រឿង​នេះ តែ​ស្ថានទូត​ខ្មែរ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ទេ​។ យ៉ាងណា​ក្ដី កញ្ញា​ស្នើ​រដ្ឋាភិបាល និង​ស្ថានទូត​ខ្មែរ​ជួយ​ការពារ​សុវត្ថិភាព​កញ្ញា​នៅ​ថៃ និង​ឪពុកម្ដាយ​នៅ​កម្ពុជា​ផង ព្រោះ​នៅតែ​មាន​ជនអនាមិក​ផ្ញើ​សារ​គំរាម​ធ្វើបាប​កញ្ញា​ និង​គ្រួសារ​ទៀត។

កញ្ញា នី ស្រីរ័ត្ន៖ «អ្វី​ដែល​គេ​ធ្វើបាប​ខ្ញុំ​ហ្នឹង​គ្រាន់តែ​ជា​តេស្ត(សាកល្បង) ​ទេ ព្រោះ​គេ​នឹង​ត្រឡប់​មក មក​ខ្ញុំ​វិញ។ ពួក​ហ្នឹង ​គឺ​គេ​នឹង​ផ្ដោត(Focus)មក​លើ​ខ្ញុំ​វិញ​។ ខ្ញុំ​អត់​ដឹង​ថា ​គេ​ចង់បាន​អី​ពី​ខ្ញុំ ខ្ញុំ​អត់​មាន​លុយ​ទេ ខ្ញុំ​ក្រ​ទេ ហើយក៏​មិនមែន​ជា​អ្នក​ល្បី​ដែរ ហើយក៏​មិនមែន​អ្នកធ្វើការ​ធំ​ដំ​អី​ដែរ​។ ខ្ញុំ​អត់​ដឹង​ថា ​ពួកគាត់​ចង់បាន​អី​ពី​ខ្ញុំ ហើយ​ខ្ញុំ​ក៏​អត់​ដឹង​ថាមាន​ចម្លើយ​អី​ឲ្យ​គេ​។ ចាស៎! ជួយ​ផ្សព្វ​ផ្សាយដំណឹង ​ហើយ​ឲ្យ​មានការ​ការពារ ព្រោះ​ខ្ញុំ​មិន​ដឹង​ថា ធ្វើ​ម៉េច ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព​ខ្ញុំ​ និង​គ្រួសារ​អនាគត​ណ៎ា។ ខ្ញុំ​អត់​ដឹង​ថា គេ​គម្រោង​ចង់​ធ្វើ​ម៉េច​ទៀត​ណា​បង»។

តាម​រូប​ដែល​ផុស​ក្នុង​បណ្ដាញ​សង្គម​ គឺ​កញ្ញា​មាន​របួសធ្ងន់​រលាក​ពេញ​ផ្ទៃមុខ ដោយសារ​ជនបរទេស​ជះ​ទឹក​អាស៊ីត​ដាក់ និង​ចាក់​ជាច្រើន​កាំបិត​​ឱ្យ​របួស​ដេរជាង ​២៦០​ថ្នេរ ស្ទើរ​តែ​បាត់បង់​​ជីវិត។ កញ្ញា​ថា បើ​គេ​ចង់​សម្លាប់​កញ្ញា​គឺជា​រឿង​ងាយ តែ​នេះ​គេ​គ្រាន់តែ​ព្រមាន​កញ្ញា​ប៉ុណ្ណោះ។

កញ្ញា​បញ្ជាក់​ថា ថ្ងៃ​កើតហេតុ​ មាន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ទូរស័ព្ទ​ហៅ​កញ្ញា​ឲ្យ​ទៅ​គូរគំនូរ​នៅ​លើ​ជញ្ជាំង​ក្នុង​ហាង ​ដែល​គេ​ទើប​បើក​ថ្មី។ តែ​លុះ​ទៅដល់​កន្លែង​កើត​ហេតុ​ ស្ត្រី​ថៃ​នោះ​ឲ្យ​បុរស​បរទេស​ពីរ​នាក់​មក​ទទួល​កញ្ញា ហើយ​បុរស​ទាំងពីរ​ក៏បាន​ធ្វើ​សកម្មភាព​ចាប់​កញ្ញា​ធ្វើ​បាប។

កញ្ញា នី ស្រីរ័ត្ន៖ «គាត់​មក​ចាប់ជើង​យើង​ជាប់​ចឹ​ង ប្រុស​ពីរ​នាក់​ចាប់​ក្ដោប​ស្មា​ឱបដៃ​យើង​ជាប់​អត់​ឲ្យ​រើ ហើយ​ជើង​ហើយ​យក​ស្កុតរុំ​ថែប​ជើង​យើង ហើយ​យក​មក​បិទមាត់​ទៀត ហើយ​ក្រៀក​យើង​គ្រប។ ចង់​និយាយ​ថា គាត់​ទ្រោប​ពីលើ​ណា ​កុំ​ឲ្យ​យើង​រើ​ណា មាន​ម្នាក់​ទ្រោប​យើង​ពីលើ​កុំ​ឲ្យ​យើង​រើ។ ទៅ​ពីក្រោយ​អគារ​ហ្នឹង ហើយ​ម្នាក់​ទៀត​ធ្វើ​សកម្មភាព ចាក់ទឹក​អាស៊ីដ​ពីលើ​មុខ​យើង ​ហើយ​គាត់​លើក​ខោ លើក​ខោ​យើង​ ហើយ​ព្យាយាម​ចាក់ទឹក​អាស៊ីដចូល​ទៅ​ ដើម្បី​បង្ខូច​ ចង់​និយាយ​ថា អវយវៈ​របស់​យើង​ណា»។

Acid_Attack_in_Pattaya_110122a.JPG
កញ្ញា នី ស្រីរ័ត្ន ជាជាង​គំនូរ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាង ២​ឆ្នាំ។

កាសែត​ថៃ​រ៉ាត់ (Thairath) ចុះផ្សាយ​ថា ស្ត្រី​រងគ្រោះ​គឺ​ កញ្ញា នី ស្រីរ័ត្ន អាយុ​ ៣០ឆ្នាំ ត្រូវ​បុរស​ជនជាតិ​ប៉ូឡូញ​ពីរ​នាក់ គឺ​ម្នាក់​ឈ្មោះ ដាញ៉ែល (Daniel) និង​ម្នាក់ទៀត​ឈ្មោះ មេធីវ (Mathiv) ​បាន​បង្ក​របួស​លើ​ដង​ខ្លួន​ស្ទើរ​បាត់​បង់​​ជីវិត ​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា នៅ​រីសត​ (resort) មួយ ក្នុង​ក្រុង​ផាត់ថៈយ៉ា (Pattaya) ខេត្ត​ឈុនបុរី (Chonburi)​។ អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឲ្យ​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល ​(Interpol) តាម​ចាប់​ជន​បង្ក​ហេតុ​ទាំងពីរ​នាក់​នោះ​មក​ផ្ដន្ទាទោស​តាមច្បាប់​ប្រទេស​ថៃ​។ ករណីនេះ ចាប់ផ្ដើម​ផ្ទុះ​ល្បី​ក្នុង​ប្រទេស​ថៃ ក្រោយ​ពី​ស្ត្រី​រងគ្រោះ​បាន​ដាក់​បណ្ដឹង​ទៅ​ប៉ូលិស​ថៃ និង​ស្ថានទូត​កម្ពុជា។

ទាក់ទង​ករណី​ស្ត្រី​វិចិត្រករ​ខ្មែរ ដែល​ត្រូវ​ជន​បរទេស​ធ្វើ​ទារុណកម្ម​នៅ​ប្រទេស​ថៃ​នេះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​ការ​បង្ក្រាប​ការ​ជួញដូរ និង​រត់​ពន្ធ​មនុស្ស ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​ស្រ្ដី និង​កុមារ អ្នកស្រី ជូ ប៊ុនអេង បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃ​ទី១៥ ធ្នូ​ថា អ្នកស្រី​មិន​ទាន់​បាន​ដឹង​ថា មាន​ករណី​នេះ​កើត​ឡើង​នៅ​ឡើយ​នោះ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី អ្នកស្រី​ថា អ្នកស្រី​នឹង​ទាក់ទង​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​សួរ​នាំ​អំពី​រឿង​នេះ។

អ្នកស្រី ជូ ប៊ុនអេង៖«ពីព្រោះ​ខ្ញុំ​អត់​ដឹង​រឿង​មែន អត់​ដឹង​សោះ!ហើយ​អត់​នឹង​ទាន់​យល់​អំពី​រឿង​នេះ​ផង ប៉ុន្តែ​ចាំ​មើល​ចង់​ដឹង​រឿង​ហ្នឹង ឥឡូវ​វា​ដល់​ណា រឿង​ពិត​វា​យ៉ាង​ម៉េច?»។

អនុប្រធាន​យុវជន​ថ្នាក់​ជាតិ​គណបក្ស​ភ្លើងទៀន នៅ​ប្រទេស​ថៃ លោក ផន ផាន់ណា ដែល​តាមដាន​ករណីនេះ បាន​រិះគន់​ថា រដ្ឋាភិបាល​ខ្មែរ​មិន​អើពើ​នឹង​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្លួន​នៅ​ក្រៅ​ប្រទេស ខណៈ​រដ្ឋាភិបាល​ថៃ​បាន​ដុតដៃដុតជើង​តាម​ចាប់​ជន​ដៃដល់ រហូត​ចេញ​លិខិតស្នើ​ដល់​ប៉ូលិស​អន្តរជាតិ តាម​ចាប់​បុរស​ជនជាតិ​ប៉ូឡូញ​ទាំងពីរ​មក​ផ្ដន្ទាទោស​តាម​បណ្ដឹង​របស់​ស្ត្រី​ខ្មែរ​រងគ្រោះ​។ លោក​បន្ត​ថា សារព័ត៌មាន​ថៃ​ចុះ​ព្រោងព្រាត​ពាក់ព័ន្ធ​ករណីនេះ តែ​សារព័ត៌មាន​ខ្មែរ​មិនឃើញ​ចុះផ្សាយ ដើម្បី​ជួយ​ដល់​ស្ត្រី​ខ្មែរ​រងគ្រោះ​នោះ​ទេ។

លោក ផន ផាន់ណា៖ «ស្ថានទូត​ខ្មែរ​មិន​ថា​នៅ​ប្រទេស​ថៃ ឬ​ប្រទេស​ណា​ទេ យើង​ឃើញ​ដូចជា​ប្រទេស​ម៉ាឡេស៊ី ដូចជា​ប្រទេស​ចិន​ដូច​អី ដែល​ស្ត្រី​ខ្មែរ​គាត់​ទៅ​បម្រើ​ការងារ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ ហ្នឹង​។ ឃើញ​ការរំលោភ​សិទ្ធិ​ច្រើន​ជាពិសេស​សិទ្ធិ​លើ​រាងកាយ រំលោភ​លើ​រាងកាយ រំលោភ​លើ​ផ្លូវ​ភេទ​ផ្លូវ​អីហ្នឹង គឺ​ច្រើន​មែនទែន ហើយ​អាជ្ញាធរ​ខ្មែរ ស្ថានទូត​ខ្មែរ​ដែល​ប្រចាំការ​នៅ​ទីនោះ ហើយ​ជា​ឪពុកម្ដាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហាក់ដូចជា​មិន​យកចិត្តទុកដាក់​អី​ប៉ុន្មាន»។

ជុំវិញ​រឿង​នេះ​ដែរ មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស អង្គការ​សង់ត្រាល់ លោក លឹង សុផុន លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​ត្រូវ​ជនបរទេស​ធ្វើបាប ហើយ​រដ្ឋាភិបាល​ខ្មែរ និង​ស្ថានទូត​ខ្មែរ​នៅ​ទីនោះ មិន​ជួយ​ធ្វើ​អន្តរាគមន៍ គឺ​ធ្វើ​ឲ្យ​អាប់ឱន​មុខមាត់​រដ្ឋាភិបាល ហើយ​ធ្វើ​ឲ្យ​បរទេស​កាន់តែ​មើលងាយ​ជាតិ​សាសន៍​ខ្មែរ​។ លោក​បន្ត​ថា ករណី​ស្ត្រី​វិចិត្រករ​ខ្មែរ​ត្រូវ​ជន​បរទេស​វាយដំ និង​ជះ​ទឹក​អាស៊ីត​លើ​ខ្លួន ជា​អំពើ​មួយ​សាហាវ ហើយ​រដ្ឋាភិបាល​ខ្មែរ​ត្រូវតែ​ជំរុញ​ស្ថានទូត​ខ្មែរ ឲ្យ​ទៅ​ត្រួតពិនិត្យ​រកហេតុ​ផល​ពិតប្រាកដ ដើម្បី​ឲ្យ​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌។

លោក លឹង សុផុន៖ «រដ្ឋាភិបាល​វា​គួរណា​តែ​យកចិត្តទុកដាក់​ទៅលើ​ករណី​អ៊ីចឹងៗ​ណា ព្រោះ​អានេះ​ជា​ការ​ប្រើ​អំពើ​ហិង្សា​បំពាន​អ៊ីចឹង​ណា បំពាន​សិទ្ធិ បំពាន​លើ​រាងកាយ​ហើយ​ជា​ករណី​ដែល​ត្រូវតែ​ធ្វើ​ណា​។ ត្រូវតែ​ធ្វើ​ព្រោះ​អី យើង​ជា​មនុស្សជាតិ​មួយ​ដែរ ហើយ​បើកាលណា​តែ​ជនជាតិ​សាសន៍​គេ​ធ្វើបាប​ទៅលើ​ប្រជាជន​យើង យើង​គួរតែ​គិតពិចារណា​ច្បាស់លាស់​ថា តើ​ទុក​ឲ្យ​គេ​មើលងាយ​យើង​ធ្វើបាប​តាមតែ​ចិត្ត ឬ​យើង​ត្រូវតែ​ជួយ តែ​និយាយ​ឲ្យ​ពិត​ទៅ​វា​គួរណា​តែ​ជួយ​រឿង​អ៊ីចឹងៗ​។ គួរណា​តែ​ជួយ​រក​យុត្តិធម៌​ឲ្យ​ច្បាស់លាស់ សួរថា​ហេតុផល ដែល​ហេតុ​កើតឡើង​អ៊ីចឹង ដោយសារ​អី»។

កាសែត​ថៃ ចុះ​ផ្សាយ​ថា ជនជាតិ​ប៉ូឡូញ​ពីរ​នាក់​ដែល​ធ្វើ​ទារុណកម្ម​ស្ត្រី​វិចិត្រករ​ខ្មែរ​នោះ ចូល​មក​ប្រទេស​ថៃ​នៅ​ថ្ងៃទី​២០ ខែ​តុលា ហើយ​បាន​ចាក​ចេញពី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា បន្ទាប់​ពី​វាយប្រហារ​លើ​ស្ត្រី​ខ្មែរ​បាន​ពីរ​ថ្ងៃ។ ប៉ូលិស​ថៃ​កំពុង​ចាត់វិធានការ​តាម​ចាប់​ជនបរទេស​ទាំងពីរ​នាក់​នោះ។

នេះ​មិនមែន​ជា​ករណី​ថ្មី​នោះ​ទេ​ដែល​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម វាយ​ធ្វើបាប ចាប់រំលោភ និង​បាញ់​សម្លាប់​នៅក្នុង​ប្រទេស​ថៃ​នោះ​។ ករណី​ទាំងនោះ រួមមាន​នារី​ខ្មែរ​ម្នាក់​ត្រូវ​បាន​ថៅកែ​កាស៊ីណូ​ជនជាតិ​ថៃ នៅ​ទីក្រុង​បាងកក វាយ​ធ្វើបាប​សម្រាត​ខោអាវ បង្ខាំង​នៅក្នុង​បន្ទប់ កាលពី​ឆ្នាំ​២០១៣ ករណី​បុរស​ជនជាតិ​ថៃ ៣​នាក់​ចាប់​ស្ត្រី​ខ្មែរ​លក់​ភេសជ្ជៈ​ផ្សារ​រ៉ុងក្លឿ ទៅ​រំលោភ​បូក​នៅក្នុង​ផ្ទះសំណាក់​ខេត្ត​ស្រះកែវ ព្រមទាំង​ករណី​ថៅកែ​ថៃ បាញ់​សម្លាប់​ពលករ​ខ្មែរ​ជាច្រើន​នាក់​ទៀត​។ ប៉ុន្តែ​ករណី​ទាំងអស់​នេះ មន្ត្រី​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា ជនរងគ្រោះ​ខ្មែរ កម្រ​ទទួល​បាន​យុត្តិធម៌​ណាស់ ដោយសារតែ​ភាគី​អាជ្ញាធរ​កម្ពុជាពុំ​សូវ​សហការ និង​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថៃ៕

អត្ថបទនេះ ត្រូវបាន​ធ្វើបច្ចុប្បន្នភាព៖ ដោយដាក់បញ្ចូលព័ត៌មាន​ឆ្លើយតប​ពីអ្នកស្រី ជូ ប៊ុនអេង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​ការ​បង្ក្រាប​ការ​ជួញដូរ និង​រត់​ពន្ធ​មនុស្ស ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​ស្រ្ដី និង​កុមារ។

សម្រាប់​លោកអ្នកនាង ដែល​ចង់​អា​នអត្ថបទ​ទាក់ទង​រឿង​នេះ ជា​ភាសា​អង់គ្លេស សូម​ចុច​តំណភ្ជាប់​នេះ៖

Attacked with knife and acid, Cambodian artist calls for arrest of 2 assailantsOpens in new window ]

A Cambodian artist living in Thailand has called on authorities in the two countries to arrest and bring to justice two foreign nationals believed to be Polish who attacked her with a knife, a hammer and acid last month in a case that has gotten widespread attention in Thailand.

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។