តុលាការ​ឃុំខ្លួន​កូនប្រុស​អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រឿង​ព្រួត​វាយ​គ្រូបង្រៀន

ដោយ អាស៊ីសេរី
2019-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កូនប្រុស​អតីត​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​លោក ច័ន្ទ សារុន គឺ​លោក សារុន វិធុរ៉ាក់ ដែល​ប្រើ​ហិង្សា​លើ​គ្រូ​បង្រៀន​ម្នាក់ កាល​ពី​ថ្ងៃ​ទី១៦ ធ្នូ ២០១៩។
កូនប្រុស​អតីត​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​លោក ច័ន្ទ សារុន គឺ​លោក សារុន វិធុរ៉ាក់ ដែល​ប្រើ​ហិង្សា​លើ​គ្រូ​បង្រៀន​ម្នាក់ កាល​ពី​ថ្ងៃ​ទី១៦ ធ្នូ ២០១៩។
Screenshot

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ម្ចាស់​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​ភី.ធី.ធី​(PTT) លោក សារុន វិធុរ៉ាក់ និង​គូលី​មួយ​ចំនួន​ដាក់​ក្នុង​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ករណី​ព្រួត​គ្នា​វាយ​គ្រូបង្រៀន ម្នាក់ កាលពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​។ ព្រះរាជអាជ្ញា​រង​អម​សាល​ដំបូង​រាជធានី​ភ្នំពេញ លោក សាយ ណូរ៉ា ចោទ​ប្រកាន់​អ្នក​ទាំងនេះ​ពី​បទ «​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន ស្ថាន​ទម្ងន់​ទោស​» តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ។

លោក សារុន វិធុរ៉ាក់ គឺជា​កូនប្រុស​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ គឺ​លោក ច័ន្ទ សារុន។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ កូនប្រុស​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ រួម​ជាមួយ​គូលី​របស់​ខ្លួន​ជាច្រើន​នាក់ បាន​ចាប់​គ្រួ​បង្រៀន​ម្នាក់​ចងដៃ​ទៅ​ក្រោយ​ហើយ​វាយដំ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ថែមទាំង​ថត​វីដេអូ​ប្រើ​ហិង្សា​នោះ បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៀត​ផង។ ក្រុម​ជន​ដៃដល់​បាន ចោទ​ថា គ្រូបង្រៀន​ឈ្មោះ អ៊ឹម សិរីរដ្ឋ បាន​លួច​ចូល​បន្ទប់ទឹក​ស្រី និង​លួច​ថត​ស្រីៗ ក្នុង​បន្ទប់​ទឹក​នៅ​ស្ថានីយ ប្រេង​ឥន្ទនៈ​របស់​ខ្លួន ស្ថិត​នៅ​ជិត​រង្វង់​មូល​កួរស្រូវ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ ទោះ​យ៉ាង​ណា​ក្តី គ្រួ​បង្រៀន​រូប​នោះ បាន​ឆ្លើយ​បដិសេធ​ចំពោះ​ការ​ប្រកាន់ ដោយ អះអាង​ថា លោក​គ្រាន់តែ​ចូល​បន្ទប់ទឹក​ច្រឡំ ហើយក៏​ចេញ​មក​វិញ ស្រាប់តែ​ថៅកែ​ស្ថានីយ​ប្រេង​ឥន្ទនៈ និង​គូលី​របស់​គាត់ បាន​រត់​ដេញ​វាយ​លោក​តែម្ដង ដោយ​មិន​ព្រម​ស្ដាប់​ការ​បកស្រាយ​អ្វី​នោះ​ទេ។ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​ថា គ្រួ​បង្រៀន​រូប​នោះ មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ ព្រោះ​រក​មិន​ឃើញ​ភស្តុតាង​ដាក់​បន្ទុក ក្រោយ​សាកសួរ​រួចរាល់។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា គាំទ្រ​ឱ្យ​តុលាការ​អនុវត្ត ច្បាប់​តឹងរ៉ឹង​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​វាយដំ​ទាំងនោះ ដោយ​មិន​ត្រូវ​យោគយល់​ចំពោះ កូន​អ្នកធំ ឬ​អ្នកមាន​លុយ​មានអំណាច​នោះ​ទេ ព្រោះ​ទង្វើ​វាយដំ​នេះ​គឺ​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ ស្ដីពី «​ការ​សន្មត​ជាមុន​ពី​ការ​គ្មាន​ទោស​» មាន​ន័យថា ជន​ណា​ក៏​ដោយ​ត្រូវ​ចាត់ទុកថា គ្មាន​ទោស ដរាបណា​មិន​ទាន់​មាន​សាលដីកា​ស្ថាពរ​ពី​តុលាការ​។ លោក អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប មិន​ត្រូវ​កាត់​ក្តី​តាម​អារម្មណ៍​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ត្រូវ​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​បញ្ជូន ឱ្យ​មន្ត្រី​មាន​សមត្ថកិច្ច ដើម្បី​អនុវត្ត​តាមច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល