សហជីពធំទាំង៨ នៅតែប៉ុនប៉ងហែក្បួនកម្មករជាង ២ពាន់នាក់ ទៅមុខរដ្ឋសភា ក្នុងទិវាពលកម្មអន្តរជាតិ ទោះមានការរារាំង និងរងការគំរាមបង្ក្រាប
2019.05.01

ក្រុមសហជីពធំចំនួន៨ ដឹកនាំដោយប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ រក្សាជំហរហែក្បួនកម្មករជាង២ពាន់នាក់ ទៅមុខរដ្ឋសភា ដដែល នៅថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា បើទោះរងការព្រមានបង្ក្រាបក៏ដោយចុះ។
លោក អាត់ ធន់ ឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ បានទទួលចំណារពីក្រសួងមហាផ្ទៃ និងសម្រេចជាថ្មី នៅព្រលប់ថ្ងៃទី៣០ មេសា ឲ្យសហជីពធំទាំង៨ ជួបជុំកម្មករ ២ពាន់នាក់ នៅសួនច្បារក្បែរវត្តភ្នំ តែមិនអនុញ្ញាតឲ្យហែក្បួនដាច់ខាត។ លោកថា ចំនួនអ្នកចូលរួមអាចលើសបន្តិចបន្តួច ហើយអាជ្ញាធរបានបញ្ជាក់ថា សមាជិករដ្ឋសភា និងតំណាងរដ្ឋាភិបាល នឹងមកទទួលញត្តិពីកម្មករដល់កន្លែងប្រារព្ធពិធី។ តែលោកថា ទោះយ៉ាងណា ក្រុមសហជីពទាំង៨ បានប្រជុំគ្នារួចហើយ នៅតែរក្សាជំហរហែក្បួនដដែល ទោះមានការរារាំងបែបណាក៏ដោយ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចេញលិខិតនៅថ្ងៃទី៣០ មេសា បង្គាប់ឲ្យមេដឹកនាំសហជីពធំទាំង៨ ត្រូវសហការតាមការណែនាំរបស់អាជ្ញាធរជាដាច់ខាត ដើម្បីធានាដំណើរការរលូន សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ចំណែកស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ប្រាប់សារព័ត៌មានក្នុងស្រុក (Vodhotnews.com) ថា ការហែក្បួនក្នុងទិវាសិទ្ធិការងារ ឬទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាសកម្មភាពខុសច្បាប់ និងព្រមានចាត់វិធានការ។
ក្រៅពីក្រុមសហជីពធំទាំង៨ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យក្រុមអង្គការ សមាគម សហជីព ជាច្រើនទៀត ប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅនឹងកន្លែងតាមទីតាំងផ្សេងទៀត។ ក្នុងនោះមាន ក្រុមអង្គការ សមាគម ឃ្លាំមើលសិទ្ធិការងារ ចំនួន២១ តំណាង ដោយអង្គការសង់ត្រាល់ សុំប្រារព្ធកម្មវិធី នៅសួនច្បារមុខវត្តបទុមវតី និងអ្នកចូលរួមជាង១ពាន់នាក់ តែត្រូវបដិសេធ ហើយបង្វែរឲ្យទៅទីលានប្រជាធិបតេយ្យថ្មី នៅខណ្ឌឫស្សីកែវ ជាមួយ ក្រុមសហជីព និងសមាគម ចំនួន៥ ដែលមានអ្នកចូលរួមជាង ៤០០នាក់ ដឹកនាំដោយ លោក រ៉ុង ឈុន។ ក្រុមទាំងពីរនេះ ក៏មិនអនុញ្ញាតឲ្យដង្ហែក្បួនដែរ។
ចំណែកសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា របស់លោក សុខ គីន ត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅទីស្នាក់ការសហជីព ក្នុងខណ្ឌសែនសុខ ដោយមានអ្នកចូលរួម ២រយនាក់ ហាមហែក្បួន តែតម្រូវឲ្យតំណាង ១០នាក់ ជិះ ២រ៉ឺម៉កកង់បី យកញត្តិទៅដាក់នៅក្រសួងការងារ និងសាលារាជធានីភ្នំពេញបាន នៅក្រោយចប់កម្មវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។