ក្រុមសកម្ម​ជន​បរិស្ថាន​ធ្វើសន្និសីទ​កាសែត​ បង្ហាញ​ពី​ឧក្រិដ្ឋ​ព្រៃឈើ ក្នុង​ឆ្នាំ២០១៩

2019-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​សកម្មជន​បរិស្ថាន​បង្ហាញ​របាយការណ៍​ស្ដីពី​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ នៅ​ខេត្ត​ភាគ​ឦសាន​ក្នុង​ឆ្នាំ២០១៩។
ក្រុម​សកម្មជន​បរិស្ថាន​បង្ហាញ​របាយការណ៍​ស្ដីពី​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ នៅ​ខេត្ត​ភាគ​ឦសាន​ក្នុង​ឆ្នាំ២០១៩។
រូប៖ សកម្មជន ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ២០១៩

ក្រុមសកម្ម​ជន​បរិស្ថាន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​រួម​គ្នា​នៅ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ​ថា កម្ពុជា​ខាត​បង់​ថវិកា​រាប់​លាន​ដុល្លារ​ ក្នុង​ឧក្រិដ្ឋកម្ម​​ព្រៃ​ឈើ ហើយ​បញ្ហា​នេះ បង្ក​ផល​ប៉ះ​ពាល់​ធំធេង​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ប្រជាជន​ បាត់បង់​សត្វ​ព្រៃ​ ប៉ះពាល់​ប្រព័ន្ធ​ជីវចម្រុះ​ និង​មាន​​ការ​រំលោភ​សិទ្ធិ​មនុស្សជា​ដើម។

ក្រុមសកម្ម​ជន​បរិស្ថាន​ប្រកាស​ជំហរ​ថា ពួក​គេ​នឹង​រួមគ្នា​ផ្ដិត​មេដៃ​ស្នើ​ឱ្យ​រដ្ឋាភិបាល បើក​ការ​ស៊ើប​អង្កេត​ លើ​ក្រុម​ឧក្រិដ្ឋជន​ ជា​ឧកញ៉ា​​មួយ​ចំនួន រួម​មាន ឧកញ៉ា ទ្រី ភាព ឧកញ៉ា លឹម ប៊ុណ្ណា និង​ឧកញ៉ា តាំង​ អ៊ាង ជាពិសេស​ពួក​គេ​ចង់​ឱ្យ​រដ្ឋាភិបាល​ បង្កក​ទ្រព្យសម្បត្តិ​លើ​ក្រុម​ឧក្រិដ្ឋជន​ទាំង​ឡាយ​ណា​ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ថ្លែង​ថា កន្លង​ទៅ​គណៈកម្មការ​ជាតិ​បាន​បង្ក្រាប និង​ចុះ​បិទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ៦ ក្នុង​ខេត្ត​មណ្ឌលគិរី​ ប៉ុន្តែ​មិន​បាន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន លឹម​ រ៉ូយ៉ាល់ (Lim Royal Joint stock Co., Ltd.,) របស់​ឧកញ៉ា លឹម ប៊ុណ្ណា នោះ​ទេ ដោយសារ​តែ​ឧកញ៉ា​រូប​នេះ​ មាន​ខ្នង​បង្អែក​ជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល។ លោក​សង្កត់​ធ្ងន់ៗ ថា អាជីវកម្ម​រត់ពន្ធ​ឈើ​ឆ្លង​ដែន​របស់​ក្រុម​ឧកញ៉ា​ទាំង​នេះ ធ្វើ​ឱ្យ​បាត់បង់​ថវិកា​ជាតិ ប្រមាណ ៣០០រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៖ «យើង​ចង់​បង្ហាញ​សារ ហើយ​យើង​ចង់​បង្ហាញ​ថា ពួក​យើង​ក៏​ទាមទារ​ចង់​មាន​សិទ្ធិ​បរិស្ថាន និង​សិទ្ធិ​ព្រៃ​ឈើ​ហ្នឹង។ ក្នុង​សន្និសីទ​ចង់​ឱ្យ​រដ្ឋាភិបាល គាត់​បង្អាក់​ទ្រព្យ​សម្បត្តិ​ដែល អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​រក​ស៊ី​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង។ នេះ​ជា​គោល​បំណង​ធំៗ ដែល​យើង​បាន​លើក​ឡើង យើង​នឹង​បញ្ចេញ​របាយ​ការណ៍​ហ្នឹង ជា​សាធារណៈ ហើយ​យើង​ចង់​ឱ្យ​សារព័ត៌មាន​យក​របាយ​ការណ៍​ហ្នឹង​ចុះ​ផ្សាយ​ជា​សារ​មួយ ដើម្បី​ផ្ញើ​ទៅ​រដ្ឋាភិបាល​ថា ការ​បាត់បង់​ព្រៃ​ឈើ ក្នុង​ប្រទេស​កម្ពុជា វា​មិន​មែន​គ្រាន់​តែ​យក​ផ្គត់ផ្គង់​ធ្វើ​ផ្ទះ​សម្បែង​ទេ គឺ​មាន​លក្ខណៈ​បទ​ឧក្រិដ្ឋជន​ព្រៃ​ឈើ​ឆ្លង​ដែន ឆ្លង​ប្រទេស»

របាយការណ៍​របស់​ក្រុម​សកម្ម​ជន​បរិស្ថាន​ស្ដី​ពី​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ នៅ​ឆ្នាំ២០១៩ បង្ហាញ​ថា នៅ​ខេត្ត​ភាគ​ឦសាន​ យ៉ាង​ហោចណាស់​ មាន​រោងចក្រ​អារ​ឈើ​ចំនួន១៣ បាន​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​ ចេញ​ពី​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច​ ដែល​ក្នុង​នោះ​រោង​អារ​ឈើ​ចំនួន ១០​ទីតាំង​ផ្សេង​គ្នា បាន​ធ្វើ​សកម្មភាព​កាប់​ឈើ​មូល​ធំៗ ចេញ​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ និង​ព្រៃ​សហគមន៍​របស់​ជន​ជាតិ​ដើម​ភាគតិច​ក្នុង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា នៅ​ខេត្ត​រតនគិរី ​ព្រៃ​អារក្ស​ដែល​មាន​ទំហំ​ជាង ១.០០០​ពាន់​ហិកតារ​ឋិត​នៅ​ភូមិ​ភិ ភូមិ​ប៉ាដល់ និង​ភូមិ​ ប៉ាតាង​ ក្នុង​ឃុំ​សេសាន​ ស្រុក​អូរ​យ៉ា​ដាវ​ជាប់​ព្រំដែន​វៀតណាម​ ត្រូវ​បាន​វិនាស​ហិនហោច​អស់​ទាំង​ស្រុង​នៅ​អំឡុង​ឆ្នាំ២០១៨ និង ២០១៩។ ការ​បាត់បង់​ព្រៃ​សហគមន៍​នេះ​ ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​អះអាង​ថា គឺ​ក្រុម​អ្នក​កាប់​ឈើ​ជា​ជនជាតិ​វៀតណាម​ ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ការពារ​ព្រំដែន​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​ឈ្មួញ​មួយ​ចំនួន​ស្និទ្ធ​ជាមួយ​ អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​លោក គឹម រស្មី។ រហូត​មកទល់​ពេលនេះ​ នៅ​មិន​ទាន់​មាន​ជន​ណា​មួយ​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​រឿង​កាប់​ឈើ​ខុស​ច្បាប់​នៅ​ឡើយ​ទេ។

សកម្មជន​បរិស្ថាន លោក ឆឺយ រស្មី​ឧត្តម ប្រាប់​អាស៊ី​សេរី​ថា ក្រុម​សកម្ម​ជន​នឹង​រួម​​​គ្នា​ផ្ដិត​មេដៃ ​លើ​ញត្តិ​ដាក់​ជូន​ទៅ​រដ្ឋាភិបាល ឱ្យ​ស៊ើប​អង្កេត​លើ​ឧកញ៉ា ទ្រី ភាព និង​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​របស់​ឧកញ៉ា​រូប​នេះ។ លោក​បន្ថែម​ថា មក​ទល់​ពេល​នេះ គណៈកម្មការ​ជាតិ​នៅ​មិន​ទាន់​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​ពាក់ព័ន្ធ​ឧកញ៉ា លឹម ប៊ុណ្ណា និង​ឧកញ៉ា ទ្រី ភាព ដើម្បី​នាំ​ឧកញ៉ា​ទាំង​ពីរ​នេះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ​ទេ។ លោក​សង្កេត​ឃើញ​ថា មក​ទល់​ពេល​នេះ​ ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព នៅ​តែ​បន្ត​អាជីវកម្ម​ឈើ​ ដឹក​ចេញ​ពី​ព្រៃ​អភិរក្ស​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​ជួរ​ក្រវ៉ា​ញ​កណ្ដាល និង​ព្រៃ​អភិរក្ស​ផ្សេង​ទៀត​ ឋិត​ក្នុង​ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់៖ «បើ​យើង​គិត​ក្រុមហ៊ុន MBS របស់​ឧកញ៉ា ទ្រី ភាព នៅ​ខេត្ត​ពោធិ៍សាត់ ក្រវាញ​ហ្នឹង​នរណា​គាត់​ស្គាល់​ដែរ គឺ​មាន​ដឹក​ឈើ​ប្រភេទ​ឈើ​ប្រណិត​ខ្ពស់​ទៀត គឺ​ឈើ​រាជ​ថ្កល់​ហ្នឹង ជា​ឈើ​របស់​ព្រះមហាក្សត្រ​ខ្មែរ ដែល​កន្លង​មក គាត់​សាងសង់​អង្គរវត្ត ហើយ​ក្នុង​ព្រះរាជ​ក្រឹត្យ គេ​ដាក់​ហើយ ឈើ​រាជ​ថ្កល់ គឺ​មិន​ឱ្យ​មាន​នរណា​កាប់​ទេ តែ​មក​ទល់​ពេល​នេះ គឺ ទ្រី ភាព កាប់​ទន្ទ្រាន​ខ្លាំង​បំផុត។ អង្គការ​សង្គម​ស៊ីវិល​ទាំង​អស់​នឹង​ដាក់​បណ្ដឹង​លើ​ឧកញ៉ា ទ្រី ភាព ឬ​យើង​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត បុគ្គល ទ្រី ភាព ដែល​មាន​ក្រុមហ៊ុន​ប៉ុន្មាន ដែល​ពាក់ព័ន្ធ​បញ្ហា​លុយ​ខ្មៅ​ហ្នឹង ដើម្បី​ចាប់​ឧកញ៉ា ទ្រី ភាព មក​កាត់​ទោស»

អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ឧកញ៉ា ទ្រី ភាព និង​ឧកញ៉ា លឹម ប៊ុណ្ណា ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ថា​ យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១០ ខែ​ធ្នូ។

ចំណែក​អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​លោក អេង ហ៊ី ក៏​មិន​លើក​ទូរស័ព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា ចាត់​ទុក​ចេញ​សេចក្ដី​ថ្លែង​ការណ៍​នេះ គឺ​ជា​សិទ្ធិ​របស់​ក្រុម​សកម្មជន និង​អង្គការ​សង្គម​ស៊ីវិល ដែល​លោក​ហៅ​ថា ជា​អាជីព​របស់​ពួក​គេ​ក្នុង​ការ​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​ផ្សេងៗ ដើម្បី​ស្វែង​រក​ការ​ចាប់​អារម្មណ៍ ធ្វើ​របាយ​ការណ៍​អាក្រក់​ពី​កម្ពុជា និង​បំប៉ោង​របាយ​ការណ៍​អាក្រក់​ពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​ម្ចាស់​ជំនួយ។ លោក​ថា ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​រាជ​រដ្ឋាភិបាល​មិន​អាស្រ័យ​នៅ​លើ​បបូរ​មាត់ ឬ​របាយការណ៍​របស់​នរណា​ម្នាក់ ឬ​អង្គការ​ណា​មួយ​ឡើយ។ លើស​ពី​នេះ​លោក​ថា រាជ​រដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន​មាន​គោល​នយោបាយ និង​ផែនការ​សកម្មភាព​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ។

តែ​យ៉ាង​ណា មេ​ប៉េអិម​ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ លោក សៅ សុខា ធ្លាប់​ទទួល​ស្គាល់​ថា កម្ពុជា​បាត់​បង់​ព្រៃ​ឈើ តែ​គ្មាន​ចំណូល​ចូល​ជាតិ ដែល​នេះ​​គឺ​ជា​រឿង​ដ៏​អាម៉ាស់។ លោក​បាន​ប្រកាស​ដាក់​ជីវិត​នៅ​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​លើក​នេះ៖ «ខ្ញុំ​បាន​ទទួល​ព័ត៌មាន​មក​ថា​ ប្រទេស​ជិត​ខាង​យើង គេ​សល់​ព្រៃ ៦០% នៃ​ផ្ទៃដី​ ផ្ទុយទៅវិញ​គេ​បាន​ចំណូល​ពី​ការ​នាំ​ឈើ​ចេញ​បាន​ដល់​រាប់​ពាន់​លាន​ដុល្លារ​ រី​ឯ​ប្រទេស​របស់​យើង​ព្រៃ​បាត់បង់​លុយ​ចូល​ថវិកាជាតិ​អត់មាន​នេះ​ គឺជា​ការ​ខ្មាសអៀន​មួយ​ធំ​ណាស់​ដែល​យើង​កូនខ្មែរ​ទាំង​អស់​គ្នា»

សកម្មជន​បរិស្ថាន​បញ្ជាក់​ក្នុង​របាយ​ការណ៍​ថា រដ្ឋាភិបាល​ស្ទាក់ស្ទើរ​ក្នុង​ការ​អភិរក្ស​ព្រៃ​ឈើ​ ទោះ​ជា​មាន​ការ​សន្យា​ដាក់​ជីវិត​ពី ​ពី​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ក្តី។ សកម្មជន​បរិស្ថាន​រក​ឃើញ​ថា អាជីវកម្ម​រោងចក្រ​អារ​ឈើ និង​ការ​រត់ពន្ធ​ឈើ​ពេល​ខ្លះ​បិទ ពេល​ខ្លះ​បើក​ទៅ​តាម​ស្ថានភាព​នយោបាយ។ ក្រុម​សកម្មជន​បរិស្ថាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឱ្យ​បញ្ឈប់​ឧស្សាហកម្ម​ឈើ និង​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​ការ​កាប់​ឈើ​ខុស​ច្បាប់​ជា​លក្ខណៈ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឈើ​ ដែល​ដែល​ប្រព្រឹត្តិ​ឡើង​ដោយក្រុម​ឈ្មួញ​ជា​ឧកញ៉ា៕

 

 


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល