គ្រួសារ​សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​យក​គុក​ច្រវាក់​ពង្រត់​ពួកគាត់​ឱ្យ​បែកបាក់​គ្រួសារ

ដោយ ទីន ហ្សាការីយ៉ា
2024.09.09
គ្រួសារ​សកម្មជន​បរិស្ថាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​យក​គុក​ច្រវាក់​ពង្រត់​ពួកគាត់​ឱ្យ​បែកបាក់​គ្រួសារ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥នាក់ រួមមាន ពី​ឆ្វេងទៅស្ដាំ លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា ​កញ្ញា ភួន កែវរស្មី លោក យីម លាងហ៊ី និង​លោក ថុន រដ្ឋា ដែល​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​តាម​ខេត្ត​ផ្សេងៗ គ្នា។
រូបពីពលរដ្ឋ

សាច់ញាតិ​សកម្មជន​បរិស្ថាន​ទទូច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​បញ្ឈប់​ប្រើប្រាស់​គុក​ច្រវាក់​ដើម្បី​ពង្រាត់​ក្រុម​គ្រួសារ​របស់​ពួកគាត់​ឱ្យ​រស់នៅ​បែកបាក់​គ្នា និង​រង​សម្ពាធ​ផ្លូវ​ចិត្ត​គ្រួសារ​តទៅ​ទៀត។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រូវ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់​ដែល​រដ្ឋាភិបាល​ចោទប្រកាន់​តែ​គ្មាន​កំហុស​ឱ្យ​បាន​ជួបជុំ​គ្រួសារ​ឡើងវិញ និង​ដើម្បី​ផ្សះផ្សា​ជាតិ។

ស្រប​ពេល​ដែល​ពួក​អ្នកកាន់អំណាច​កំពុង​ជួបជុំ​គ្រួសារ តែង​និពន្ធ​បទចម្រៀង​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ក្នុង​គ្រួសារ​នោះ ក្រុម​គ្រួសារ​របស់​សកម្មជន​បរិស្ថាន​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​សកម្មភាព​ការ​ការពារ​ធនធាន​ធម្មជាតិ​កំពុង​រស់នៅ​ដោយ​ទុក្ខសោក​សង្រេង។

ប្អូនស្រី​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា គឺ​កញ្ញា ឡុង សុខលីន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៨ ខែ​កញ្ញា ថា កញ្ញា​បាន​ទៅ​ជួប​សួរ​សុខទុក្ខ​បងស្រី​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ហើយ​ស្ថានភាព​បញ្ហា​ឈឺ​ចង្កេះ​របស់​បងស្រី​មាន​ភាព​ប្រសើរ​ឡើង​ច្រើន។ កញ្ញា​បន្ត​ថា ស្មារតី​របស់​បងស្រី​នៅ​តែ​រឹងមាំ ប៉ុន្តែ​កញ្ញា​សោកស្ដាយ​ដែល​រដ្ឋាភិបាល​ចាប់​បងស្រី​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​បែប​នេះ។

កញ្ញា ឡុង សុខលីន៖ «ដោយសារ​ឥឡូវ​ក៏​ជិត​ដល់​ភ្ជុំបិណ្ឌ​ហើយ​ក៏​និយាយ​ទៅ​អាណិត​ម៉ែ​ខ្លាំង​ដោយសារ​អី​ឆ្នាំ​នេះ​បាត់បង់​សមាជិក​ម្នាក់​ហើយ​យាយ​ទើប​តែ​ស្លាប់។ ហើយ​ឥឡូវ​ត្រូវ​បាត់បង់​កូន​ម្នាក់​ទៀត​ហើយ​ត្រូវ​ថ្ងៃបុណ្យ​ក៏​កូនចៅ​គេ​គ្រប់​គ្នា​គេ​មក​ជួបជុំ​គ្នា​តែ​កូន​ចៅ​គាត់​បែរជា​ម្នាក់​ត្រូវ​ជាប់​ពន្ធនាគារ​បើ​សិន​នេះ​ត្រូវ​ម្ដាយ​អ្នក​មក​លេង​កូន​វិញ​កូន​អត់​អាច​មក​លេង​ម្ដាយ​ទៅ​វត្ត​ជួបជុំគ្នា​ដូច​លើក​មុន»

មិន​ខុស​គ្នា​នេះ​ដែរ បងប្រុស​របស់​កញ្ញា ភួន កែវរស្មី គឺ​លោក ភួន ធារិទ្ធិ ថ្លែង​ថា វា​គឺជា​រឿង​ដ៏​អាម៉ាស់​ដែល​ប្រព័ន្ធ​យុត្តិធម៌​មិន​អាច​ផ្ដល់​យុត្តិធម៌​ឱ្យ​ប្អូនស្រី​លោក​បាន។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សកម្មជន​បរិស្ថាន និង​ស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​បញ្ជូន​ប្អូន​លោក​មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​វិញ។

លោក ភួន ធារិទ្ធិ៖ «រដ្ឋធម្មនុញ្ញ​យើង​បាន​និយាយ​ហើយ​ប្រជាជន​យើង​មាន​សិទ្ធិ​និយាយ​ស្ដី បញ្ចេញមតិ ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ចូលរួម​លើក​កម្ពស់​យុត្តិធម៌​សង្គម​អ៊ីចឹង​ទាំងអស់​នេះ​វា​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ក៏​អត់​មាន​អ្វី​ត្រូវ​ខុស​ច្បាប់ ល្មើស​ច្បាប់​ដែរ។ ហើយ​អំពើ​របស់​ពួកគាត់​ក៏​មិន​ត្រូវ​ជា​អំពើ​ក្បត់ជាតិ​អី​ណា​មួយ​ដែល​យើង​មើល​ឃើញ ជាទូទៅ​ប្រជាពលរដ្ឋ​ទាំងអស់​គាត់​មើល​ឃើញ​ជាក់ស្ដែង​ទាំងអស់​គ្នា។ អ៊ីចឹង​គឺជា​រឿង​អាម៉ាស់​ដែល​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​យើង​ចោទ​ប្រកាន់​ពួក​គាត់»

កន្លង​ទៅ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​សកម្មជន​បរិស្ថាន​រិះគន់​ថា អាជ្ញាធរ​យក​សកម្មជន​ទាំង​នោះ​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដាច់​ដោយឡែក​ពី​គ្នា​នៅ​តាម​ខេត្ត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ គឺជា​ទណ្ឌកម្ម​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់ធ្ងរ និង​រំលោភ​បំពាន​សិទ្ធិ​របស់​ជន​ជាប់​ឃុំ។ ក្រៅពី​នេះ​ពួកគេ​ថា  ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​កន្លង​មក​គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​នយោបាយ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​បង្ហាញ​ថា​ប្រព័ន្ធ​យុត្តិធម៌​ស្ថិត​នៅ​ក្រោម​ខ្សែ​ញាក់​របស់​អ្នកនយោបាយ​កាន់អំណាច។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយតប​បញ្ហា​នេះ​ទេ​នៅ​ថ្ងៃ​ទី៨ ខែ​កញ្ញា។

ជុំវិញ​បញ្ហា​នេះ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ដីធ្លី ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក​លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​មាន​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ និង​បើក​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដល់​ពលរដ្ឋ ឱ្យ​ស្រប​តាម​ច្បាប់ ។ លោក​បន្ត​ថា ការ​ចាត់​ទុក​ពលរដ្ឋ ឬ​សកម្មជន​បរិស្ថាន​ដែល​មាន​គំនិត​ផ្ទុយ​ពី​រដ្ឋាភិបាល​គឺជា​ក្រុម​ប្រឆាំង​មិនមែន​ជា​ដំណោះស្រាយ​សមស្រប​សម្រាប់​ជាតិ​ឡើយ។

លោក យិន ម៉េងលី៖ «នៅតែ​ទទូច​ឱ្យ​បើក​លំហ​នយោបាយ​ធ្វើ​ការ​សម្របសម្រួល​នយោបាយ​ហើយ​ទាំង​មតិ​ជាតិ និង​អន្តរជាតិ​ក៏​នៅ​តែ​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​សម្របសម្រួល​បញ្ហា​នយោបាយ​នេះ​ឡើងវិញ។ បញ្ហា​នយោបាយ​មិន​អាច​សម្របសម្រួល​បាន​ទេ​យើង​មិន​សង្ឃឹម​ថា សេរីភាព​នេះ​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​ទេ»

គិត​ចាប់​តាំង​ពី​ខែ​កក្កដា​មក មាន​សកម្មជន​សង្គម នយោបាយ និង​បរិស្ថាន​ប្រមាណ ៦០នាក់​ហើយ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ ក្រោម​ការ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង​អំពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​អង្គការ​ជាតិ និង​អន្តរជាតិ​ចេញ​សារ​រិះគន់​ធ្ងន់ៗ និង​ចោទ​មេ​ដឹកនាំ​កម្ពុជា ជា​ពិសេស លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ថា ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ។

ក្រុម​គ្រួសារ​សកម្មជន​បរិស្ថាន និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​តែងតែ​ជំរុញ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា គួរតែ​ដោះ​លែង​អ្នក​ជាប់ឃុំ​មនសិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បង្ហាញ​អំពី​ឆន្ទៈ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិត​ប្រាកដ។ ប៉ុន្តែ​រយៈ​ពេល ១ឆ្នាំ​ក្រោយ​ពី​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​ប្រជាធិបតេយ្យ​អស់​ជា​ច្រើន​ឆ្នាំ មិន​ទាន់​បាន​យក​ឱកាស និង​តំណែង​ដ៏​កម្រ​នេះ​មក​ដោះស្រាយ​វិបត្តិ​នយោបាយ និង​បញ្ហា​ប្រព័ន្ធ​យុត្តិធម៌ ដែល​បន្សល់​ទុក​ពី​ឪពុក​របស់​លោក​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​កាន់​តែ​បង្កើន​ការ​ចាប់​ខ្លួន​ពលរដ្ឋ និង​យុវជន ដែល​ហ៊ាន​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ថែម​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។