ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី​ គ្រោង​ប្ដឹង​យោធា​ម្នាក់​យក​កាំ​ភ្លើង​គំរាម​អ្នក​ភូមិ និង​ប្រើ​ហិង្សា​លើ​យុវជន​ម្នាក់

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំប៊ួស្រា ​ ស្រុក​ព្រ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ គ្រោង​ប្តឹង​មន្ត្រី​យោធា​ម្នាក់​ ទៅ​តុលាការ​ពាក់ព័ន្ធ​ ករណី​ប្រើ​កាំ​ភ្លើង​ខ្លី​ភ្ជុង​អ្នកភូមិ​ជាច្រើន​នាក់​ ដែល​កំពុង​ចូលរួម​ពិធីបុណ្យ​សព​មួយ​ កាលពី​ចុង​សប្តាហ៍​មុន​។

មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​ការ​គំរាម​នេះ​ ជា​ទង្វើ​ល្មើសច្បាប់​ និង​វិន័យ​កងទ័ព​។

ជនជាតិ​ដើម​ភាគតិច​ព្នង​ជាច្រើន​នាក់​ រស់នៅ​ភូមិ និង​ឃុំ​ប៊ូស្រា​កំពុង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ រឿង​មន្ត្រី​យោធា​ម្នាក់​ ឈ្មោះ​ យិន​ ឌី​ មក​ពី​អង្គភាព​វារៈ១០៣​ ចំណុះ​ឲ្យ​បញ្ជាការដ្ឋាន​ប្រតិបត្តិ​ការ​សឹក​រង​ខេត្ត​មណ្ឌលគិរី​ បាន​យក​កាំភ្លើងខ្លី​ ភ្លុង​អ្នក​ភូមិ២០​ ទៅ​ ៣០នាក់​ នៅ​គ្រាដែល​កំពុង​ជួបជុំគ្នា​ កំដរ​បុណ្យ​សព​មួយ​ កាលពី​ថ្ងៃ​ទី១៧​ ឧសភា។

ជនជាតិ​ដើម​ភាគតិច​ព្នង​ ដែល​ជា​ម្ចាស់ផ្ទះ​បុណ្យ​ លោក យស់ ប៊ុនថន ឲ្យដឹង​នៅ​ថ្ងៃ​ទី២៣ ឧសភា​ថា​ ក្រោយ​ពី​យោធា​រូប​នេះ​ យក​កាំភ្លើង​គំរាម​អ្នកភូមិ​ និង​យកដៃ​ក្បួច​ក​អាវ​ម្ចាស់ផ្ទះ​ ពួកគេ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​ដែរ​ តែ​គ្មាន​ចំណាត់ការ។ លោក​ថា​ ពួកគេ​ចង់​ដោះស្រាយ​តាមរបៀប​ប្រពៃណី​ ជនជាតិ​ដើម​ភាគតិច​ដែរ​ ដោយ​តម្រូវឲ្យ​មន្ត្រី​យោធា​នោះ​ សង​ជំងឺ​ចិត្ត​ជា​ប្រាក់​ ៤លាន​រៀល​ និង​ទិញ​ជ្រូក​ ២ក្បាល​ ដើម្បីឲ្យ​អ្នកភូមិ​សែនព្រេន​ បំណង​បញ្ចប់​ជម្លោះ​ មុន​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ នៅ​រសៀល​ថ្ងៃ​ទី២៣ ឧសភា​ តែ​មន្ត្រី​យោធា​រូប​នោះ​បាន​បដិសេធ​ និង​បាន​ទូរស័ព្ទ​មក​សុំ​ទោស​អ្នក​ភូមិ៖ «គេ​ភ្ជង់​កាំភ្លើង​រាយ​ពេញ​ប្រជាជន គេ​ឡើង​ឡាន​ទៅ​វិញ​ទៅ។ ដោះ​ស្រាយ​ចប់​ហើយ​កូន​ក្មេង នៅ​ភ្ជុង​កាំភ្លើង​ប្រជាជន »

សេចក្ដី​រាយការណ៍​ពី​អ្នកភូមិ​ឲ្យដឹង​ថា​ កាលពី​យប់​ថ្ងៃ​ទី១៧​ ឧសភា​ មន្ត្រី​យោធា​ ឈ្មោះ​ យិន​ ឌី​ បា​ន​យក​កាំភ្លើង​វាយ​យុវជន​ម្នាក់​ ឲ្យ​សន្លប់​ ក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ ក្រោយ​មក​បាន​ប្រើ​កាំភ្លើងខ្លី​គំរាម​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត​ នៅ​វេលា​ម៉ោង​ ៩យប់​ថ្ងៃ​ដដែល។ រី​ឯ​ក្រុម​គ្រួសារ​យុវជន​ រង​គ្រោះ​ដោយ​ត្រូវ​មន្ត្រី​យោធា​នោះ​ យក​កាំភ្លើង​វាយ​ឲ្យ​សន្លប់​ បាន​ឯកភាព​ព្រម​ទទួល​សំណង ១លាន​រៀល ជា​ថ្នូរ​បញ្ចប់​ការ​តវ៉ា​តាម​ផ្លូវ​ច្បាប់។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ លោក​ ក្រើ​ង តុលា ថា សង្កេត​ឃើញ​ថា ក្រោយ​ពី​កើត​មាន​បាតុភាព​នេះ មន្ត្រី​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​បាន​ព្រមាន​អ្នកភូមិ​មិន​ឲ្យ​ប្ដឹង​រឿង​នេះ។ ចំណែក​អ្នក​ភូមិ​ នៅ​តែ​ស្ទាក់​ស្ទើរ​ខ្លាច​រអា​មិន​ហ៊ាន​ប្ដឹង​ទៅ​តុលាការ​ ដោយសារ​មាន​ការ​គំរាមកំហែង។ លោក​ថា មន្ត្រី​យោធា​រូប​នោះ​ បាន​អួតអាង​ប្រាប់​អ្នក​ភូមិ​ថា​ គេ​មាន​ខ្នង​បង្អែក​ធំ​ ដោយ​មិន​ខ្លាច​អ្នក​ភូមិ​ប្ដឹង​នោះ​ទេ៖ «ម៉ោង ៨ គាត់​វាយ​ក្មេង និង​ម៉ោង ៩ ត្រឡប់​មក​វិញ ថា​ពី​ណា ? មិន​អស់​ចិត្ត ពី​ណា ? ហ៊ាន បាញ់​ចោល​អីចឹង​ទៅ ក្របួច​ក​អាវ​ម្ចាស់​ផ្ទះ​ថា ពី​ណា​ខ្លាំង។ ជន​បង្ក​គេ​ថា អ្នក​ឯង​ប្ដឹង​ដល់​ណា​ដល់​ទៅ គាត់​អួត​ថា គាត់​មាន​ខ្នង​ធំ​អីចឹង »

អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ មន្ត្រី​យោធា​ លោក​ យិន​ ឌី​ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​ យ៉ាង​ណា​នៅ​ឡើយ​ទេ​ថ្ងៃ​ទី២៣ ឧសភា។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ លោក​ ឈុំ​ សុ​ជាតិ​ ក៏​មិន​ទាន់​អាច​ទាក់​បាន​ដែរ​ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

រី​ឯ​មេ​ប៉ុស្តិ៍​ឃុំ ប៊ូ ស្រា លោក លន លឹម​ហេង ឲ្យដឹង​ថា មូលហេតុ​ដែល​នគរបាល​មិន​ចាត់វិធានការ​រឿង​នេះ​ ដោយសារ​ជនជាតិ​ដើម​ភាគតិច​ព្នង​ បាន​សម្របសម្រួល​គ្នា​ ដោះស្រាយ​តាម​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ នៅ​រសៀល​ថ្ងៃ​ទី២៣ ឧសភា​។ លោក​បញ្ជាក់​ថា​ ករណី​បង្ក​ហិង្សា​លើ​យុវជន​ម្នាក់​ ភាគី​ទាំងសងខាង​បាន​ត្រូវគ្នា​ ​និង​បាន​ដោះស្រាយ​ចប់​រួចរាល់​ហើយ៖ «បាទ​គេ​ដោះ​ស្រាយ​តាម​ប្រពៃណី តាម​ផ្លូវ​ច្បាប់​ប៉ុស្តិ៍​ដោះ​ចប់​ហើយ រវាង​ភាគី​សង​ខាង​ត្រូវរ៉ូវ​គ្នា ដោយ​ឡែក​តាម​ប្រពៃណី ខ្ញុំ​អត់​ហ៊ាន​ដោះ​ទេ។ ឥឡូវ​គេ​ស្រុះស្រួល​គ្នា »

មន្ត្រី​សម្របសម្រួល​សមាគម អាដហុក​ ខេត្ត​មណ្ឌលគិរី​ លោក​ អ៊ាង ម៉េងលី ពន្យល់​ថា​ ទំហំ​នៃ​បទ​ល្មើស​នេះ​ មិន​អាច​បញ្ចប់​រឿង​ក្ដៅ​ប្រព័ន្ធ​តុលាការ​បានទេ។ លោក​ថា​ ការ​ប្រើ​ហិង្សា​ដោយ​ចេតនា​ និង​ប្រើ​កាំភ្លើង​គំរាម​ពលរដ្ឋ​ គឺ​ជា​ទម្រង់​នៃ​បទ​ល្មើស​ព្រហ្មទណ្ឌ។ លើស​ពី​នេះ​ការ​ប្រើ​អាវុធ​គំរាម​ពលរដ្ឋ​ គឺ​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ល្មើស​ច្បាប់​មួយ​កម្រិត​ទៀត៖ «ការ​ប្រើ​អាវុធ​ខុស​ច្បាប់​មាន​ន័យ​ថា ត្រូវ​ទទួល​បទ​ល្មើស​ព្រហ្មទណ្ឌ។ ការ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ទទួល​សំណង​ពី​ជន​រង​គ្រោះ ទិដ្ឋភាព​នេះ គឺ​មិន​អាច​ចប់​សាច់​រឿង​បាន​ទេ។ ត្រូវ​តែ​មាន​ការ​កាត់​សេចក្ដី​ពី​តុលាការ។ អ្វី​ដែល​ពលរដ្ឋ​រង​គ្រោះ​ទទួល​យក​សំណង គឺ​ខុស​ពី​នីតិវិធី​ច្បាប់​ទេ »

ក្រម​ព្រហ្មទណ្ឌ​មាត្រា​ ២១៧, ២១៨ និង ២៣១ ចែងថា​ ការ​យក​អាវុធ​ប្រើ​ហិង្សា​ដោយចេតនា​ មាន​ស្ថាន​ទម្រង់​ទោស​ ត្រូវ​ជាប់គុក​ពី​ ២ឆ្នាំទៅ ៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ២លាន​រៀល​ ទៅ​ ៦លាន​រៀល។ ការ​គំរាមកំហែង​ដោយ​ប្រើ​កាំភ្លើង​ នាំ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ និង​មជ្ឈិម​ និង​សម្ដែង​រូបភាព​អ្វីមួយ​ ត្រូវ​ផ្ដន្ទាទោស​ពី ១ខែ​ ទៅ ៦ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១សែន​រៀល​ទៅ​ ១លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។