សហភាព​អឺរ៉ុប៖ កម្ពុជា​នឹង​ទទួល​បាន​EBA​ពេញលេញ​វិញ បើ​គោរព​សិទ្ធិមនុស្ស​ពិត​ប្រាកដ និង​ស្ដារ​ប្រជាធិបតេយ្យ

ដោយ ថា ថៃ
2023.11.25
សហភាព​អឺរ៉ុប៖ កម្ពុជា​នឹង​ទទួល​បាន​EBA​ពេញលេញ​វិញ បើ​គោរព​សិទ្ធិមនុស្ស​ពិត​ប្រាកដ និង​ស្ដារ​ប្រជាធិបតេយ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រាប់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ឱ្យ​ឃើញ​ជាក់ស្ដែង​ពី​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​EBA​ពេញលេញ​ឡើងវិញ ខណៈ​ការ​ដក​២០% នៃ​ការ​អនុគ្រោះ​ពន្ធ​អស់​រយៈពេល​ជិត ៤​ឆ្នាំ​មកនេះ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ខាតបង់។ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច ឆ្លើយ​តប​ថា របាយការណ៍​រក​ឃើញ​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប មិន​ឆ្លុះបញ្ចាំង​ពី​ការពិត។

គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ជាថ្មី​ថា កម្ពុជា​ត្រូវតែ​បង្ហាញ​ឱ្យ​ឃើញ​ការពិត និង​ជឿជាក់ ដើម្បី​កែលំអ​ឡើងវិញ ជុំវិញ​ក្ដី​កង្វល់​ដែល​បាន​លើកឡើង​ដោយ​សហភាព​អឺរ៉ុប ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពេញលេញ​ឡើងវិញ ជាពិសេស គឺ​ពាក់ព័ន្ធ​នឹង​ក្ដី​កង្វល់​ជុំវិញ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ រួម​ទាំង​បញ្ហា​ដីធ្លី​បង្កឡើង​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សិទ្ធិ​ការងារ។ គណៈកម្មការ​អឺរ៉ុប ក៏​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​របស់​ខ្លួន​ដើម្បី​ធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​ឈាន​ទៅ​សម្រេច​ការ​កែ​លម្អ​ជុំវិញ​ក្ដី​កង្វល់​ទាំងនេះ។

ការ​លើកឡើង​របស់​គណៈកម្មការ​អឺរ៉ុប​នេះ តាមរយៈ​របាយការណ៍​ចំនួន​២៤​ទំព័រ កាលពី​ថ្ងៃទី​២១ វិច្ឆិកា ស្ដីពី​ការ​ពង្រឹង​ការ​ចូលរួម​របស់​សហភាព​អឺរ៉ុប​ជាមួយ​ប្រទេស​ចំនួន​៣ ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» (EBA) រួមមាន​ប្រទេស បង់ក្លាដេស (Bangladesh) មីយ៉ាន់ម៉ា ឬ​ភូមា (Myanmar) និង​ប្រទេស​កម្ពុជា។ របាយការណ៍​នេះ បាន​ភ្ជាប់​ជាមួយ​របាយការណ៍​រួម​ស្ដីពី​ការ​កម្មវិធី​អនុគ្រោះ​ពន្ធ EBA សម្រាប់​ការ​អនុវត្ត​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២ ដែល​បាន​ដាក់​ទៅ​ក្រុមប្រឹក្សា​អឺរ៉ុប និង​សភា​អឺរ៉ុប។

នៅក្នុង​របាយការណ៍​ដដែល គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២០ ធ្វើឡើង​ដោយ​ផ្អែកលើ​ភស្តុតាង​ច្បាស់លាស់ ដែល​ជា​កង្វល់​របស់​ខ្លួន ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​និង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា រួមមាន​ការ​ដាក់​កំហិត​លើ​សិទ្ធិ​ចូលរួម​នយោបាយ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បង្កើត​អង្គការ​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ គណៈកម្មការ​អឺរ៉ុប​ក៏​រំឭក​ពី​ការ​បន្ត​បង្ក្រាប​ឥត​ស្រាកស្រាន្ត​លើ​គណបក្សប្រឆាំង ក្នុង​នោះ រួមមាន​ការ​កាត់ទោស​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​សមាជិក​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង។

គណៈកម្មការ​អឺរ៉ុប ក៏បាន​លើកឡើង​ពី​ស្ថានភាព​នយោបាយ​ចុងក្រោយ​របស់​កម្ពុជា​ដែរ នោះ​គឺ​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៧ កាលពី​ថ្ងៃទី ២៣ ខែកក្កដា ដែល​គណៈកម្មការ​នេះ ចាត់ទុកថា ជា​ការ​បោះឆ្នោត ធ្វើឡើង​ដោយមាន​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដោយសារ​មានការ​ចោទប្រកាន់​បទ​ឧក្រិដ្ឋ​លើ​មេដឹកនាំ​គណបក្ស​ភ្លើងទៀន ហើយ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ ចូលរួម​ការបោះឆ្នោត​។ អឺរ៉ុប​ចាត់ទុកថា ការ​កែប្រែ​ច្បាប់បោះឆ្នោត មុន​ការបោះឆ្នោត​តែ​ប៉ុន្មាន​សប្ដាហ៍ បាន​បន្ថែម​ក្ដី​កង្វល់ ជុំវិញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ពលរដ្ឋ​សម្រាប់​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត។ របាយការណ៍​គណៈកម្មការ​អឺរ៉ុប ក៏បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន ដែល​បាន​ប្រកាស​ចុះ​ចេញពី​តំណែង ដើម្បី​ឱ្យ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ទទួល​បាន​ការតែងតាំង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក ដោយ​ព្រះរាជក្រឹត្យ នៅក្នុង​ថ្ងៃ​តែមួយ។

ជុំវិញ​ការ​លើកឡើង​ពី​សហភាព​អឺរ៉ុប​នេះ​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ឆ្លើយ​តប​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​ទេ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន លើកឡើង​មិន​ខុសពី​រាល់ដង​ឡើយ ដោយ​លោក​យល់ឃើញ​ថា របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្ដែង​របស់​កម្ពុជា។

លោក សុខ ឥសាន៖ «មូលហេតុ​ដែល​ខ្ញុំ​ហ៊ាន​លើកឡើង​យ៉ាង​ដូច្នេះ ពីព្រោះ​ថា បើ​ប្រទេស​មួយ​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ ដែល​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​សង្គម​កម្ពុជា មិនអាច​រក្សា​នូវ​សន្តិភាព​រឹងមាំ ហើយ​មាន​ស្ថានភាព​នយោបាយ​ល្អ​ទេ»

ទោះជា​យ៉ាងណាក៏ដោយ អ្នកនយោបាយ​ប្រឆាំង អ្នកការពារ​សិទ្ធិមនុស្ស កម្មករ និង​ពលរដ្ឋ​យល់ឃើញ​ថា កម្ពុជា​កំពុង​ប្រឈម​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស និង​ការ​ដើរ​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ ដោយសារ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។

ជាក់ស្ដែង នៅក្នុង​របាយការណ៍​រួម​ស្ដីពី​កម្មវិធី​អនុគ្រោះ​ពន្ធ EBA សម្រាប់​ការអនុវត្ត​ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០២២ ដែល​គណៈកម្មការ​អឺរ៉ុប​បាន​ដាក់​ទៅ​ក្រុមប្រឹក្សា និង​សភា​របស់​ខ្លួន​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%

របាយការណ៍​នោះ​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០២០ ការ​នាំ​ចេញពី​កម្ពុជា​ទៅកាន់​អឺរ៉ុប​ទាំង​២៧​ប្រទេស បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង សម្រាប់​ទំនិញ​ទាំងពីរ​ប្រភេទ គឺ​ទំនិញ​រង​ផល​ប៉ះពាល់ និង​មិន​រង​ផល​ប៉ះពាល់​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ។ ប្រភេទ​ទំនិញ​ដែល​រង​ផល​ប៉ះពាល់ បាន​ធ្លាក់ចុះ ២០% ពី​ចំនួន​ទឹកប្រាក់ ៩៤៤ លាន​អឺរ៉ូ ឬ​ប្រហែល​ជិត ១ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ៧៥២ លាន​អឺរ៉ូ ឬ​ប្រហែល​ជិត ៨ រយ​លាន​ដុល្លារ​អាមេរិក ខណៈ​ប្រភេទ​ផលិតផល​ដែល​មិន​រង​ផល​ប៉ះពាល់​ពី​EBA បាន​ធ្លាក់ចុះ ២២% គឺ​ពី​ទំហំ​ទឹកប្រាក់ ៣.៧០០ លាន​អឺរ៉ូ ឬ​ប្រហែល ៤ ពាន់​លាន​ដុល្លារ​អាមេរិក មក​នៅ​ត្រឹម ២.៩០០​លាន​អឺរ៉ូ ឬ​ប្រហែល​ជាង ៣ ពាន់​លាន​ដុល្លារ​អាមេរិក។

គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ថា ផល​ប៉ះពាល់​នៃ​ការ​ដក​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ EBA ២០% បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​នៅក្នុង​ឆ្នាំ​២០២១ ដោយសារ​ផលិតផល​ដែល​មិន​រង​ផល​ប៉ះពាល់ បាន​កើនឡើង​បន្តិច​វិញ ក្នុង​ចំនួន ៣.% គឺ​កើន​ទៅដល់​ទឹកប្រាក់​ចំនួន ៣.០០០ លាន​អឺរ៉ូ ឬ​ប្រហែល​ជាង ៣ ពាន់ ២ រយ​លាន​ដុល្លារ​អាមេរិក​វិញ ប៉ុន្តែ​ការ​នាំ​ចូល​ទំនិញ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ដក​EBA ២០% បែរជា​បន្ត​ធ្លាក់ចុះ​បន្ថែម​ទៀត គឺ​ក្នុង​ចំនួន ៣៣.% ដែល​បន្ត​ធ្លាក់​ពី​ទំហំ​ទឹកប្រាក់ ៧៥៣ លាន​អឺរ៉ូ ឬ​ប្រហែល​ជាង ៨ រយ​លាន​ដុល្លារ​អាមេរិក មកដល់​ត្រឹម ៤៩៩ លាន​អឺរ៉ូ ឬ​ប្រហែល​ជាង ៥ រយ​លាន​ដុល្លារ​អាមេរិក។

ថ្វី​ត្បិត គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ថា ការ​នាំចូល​ទំនិញ​ទាំងពីរ​ប្រភេទ​ពី​កម្ពុជា បាន​កើត​ឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​ឆ្នាំ​២០២២ ប៉ុន្តែ​បើ​គិត​ពី​ឆ្នាំ ២០១៩ មកដល់​ឆ្នាំ ២០២២ ទំនិញ​ដែល​មិន​រង​ផល​ប៉ះពាល់​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% បាន​កើនឡើង ២៧.% ខណៈ​ទំនិញ​ដែល​រង​ផល​ប៉ះពាល់ បាន​ធ្លាក់​ចុះ ១១.%

នៅក្នុង​ឆ្នាំ​២០២២ សហភាព​អឺរ៉ុប ជាទី​ផ្សារ​ដ៏​ធំ​បំផុត​លំដាប់​ទី​ពីរ​របស់​កម្ពុជា ខណៈ​សហរដ្ឋអាមេរិក​ជាទី​ផ្សារ​ដ៏​ធំ​បំផុត​។ ក្នុងចំណោម​ការនាំចេញ​សរុប​របស់​កម្ពុជា គឺ ២០% ទៅ​សហភាព​អឺរ៉ុប និង ៤០% ទៅ​សហរដ្ឋអាមេរិក​។ ក្នុងចំណោម​ផលិត​សរុប​នាំទៅ​សហភាព​អឺរ៉ុប គឺ ៨០% ជា​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង ខណៈ​ផលិតផល​ផ្សេងទៀត ដូចជា​កង់​មាន ៧.% និង​អង្ករ​មាន ៣.% ហើយ​ផលិត​ទាំងនោះ​ប្រហែល ៧៦% ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ក្រោម​ការ​អនុគ្រោះ​ពន្ធ EBA

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​លោក គីមសួរ ភីរិទ្ធ យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​គិតគូរ ពី​រឿង​សំខាន់ ដែល​ត្រូវ​ស្ដារ​សេដ្ឋកិច្ច​ប្រទេសជាតិ និង​បង្កើត​ការងារ​ជូន​កម្មករ​ឡើងវិញ​។​

លោក គីមសួរ ភីរិទ្ធ៖ «ដូច្នេះ ខ្ញុំ​គិតថា អត់​មាន​លក្ខខណ្ឌ​អី​លំបាក​ទេ គ្រាន់តែ​គោរព​នូវ​គោលការណ៍​ជា​មូលដ្ឋាន នៃ​លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស ហើយ​លើកស្ទួយ​ឡើងវិញ​នូវ​សិទ្ធិ​សេរីភាព ក្នុង​ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ»

ចំណែក​ប្រធាន​សមាគមនិស្សិត​បញ្ញវន្ត​កម្ពុជា​លោក កើត សារ៉ាយ យល់​ឃើញ​ដែរ​ថា កម្ពុជា​កំពុង​មាន​តម្រូវការ​ជា​ចាំបាច់ ដើម្បី​ស្ដារ​សេដ្ឋកិច្ចជាតិ ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%

លោក កើត សារ៉ាយ៖ «កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​ការ​ចង់​បាន និង​តម្រូវការ​ជា​ចាំបាច់​របស់​ប្រទេស​របស់​ខ្លួនឯង​។ គឺ​មានន័យថា កុំ​ចាំ​គេ​អ្នក​សំណូមពរ គេ​អ្នក​ប្រាប់ គឺ​ខ្លួន​យើង​បានដឹង​យ៉ាង​ច្បាស់​ថា ក្រោយពី​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផល​ប៉ះពាល់​ទៅលើ​វិស័យ​វាយនភណ្ឌ និង​វិស័យ​ផ្សេងៗ នៅក្នុង​រោងចក្រ​ហ្នឹង គឺ​បាន​រង​ផល​ប៉ះពាល់​មែនទែន»

សេដ្ឋកិច្ច​កម្ពុជា​មាន​អត្រាកំណើន​ខ្លាំង​ជា​មធ្យម​ជាង ៧% ក្នុង​ទសវត្សរ៍​ចុងក្រោយ មុន​ពេល​ផ្ទុះឡើង​ជំងឺ​កូវីដ ១៩ ដោយសារតែ​កំណើន​នៃ​ឧស្សាហកម្ម​នាំចេញ ជាពិសេស គឺ​ផលិតផល​សំលៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ រួម​ទាំង​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​។ កំណើនសេដ្ឋកិច្ច​នេះ បាន​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​ជិត ២ លាន​នាក់​រួច​ផុត​ពី​ភាព​ក្រីក្រ ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ ២០១៩​។ ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល​តាំងពី​ជំនាន់​លោក ហ៊ុន សែន ត​ដល់​ជំនាន់​លោក ហ៊ុន ម៉ាណែត សព្វថ្ងៃ​នេះ មិន​ខ្វល់​អំពី​រឿង​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស បាន​ធ្វើ​ឲ្យ​កម្ពុជា រង​សម្ពាធ​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ធំធេង​ដល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។