មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទូចឱ្យរដ្ឋាភិបាលកម្ពុជាស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាការអនុគ្រោះពន្ធ EBA។ សហជីពយល់ថា មកដល់ពេលនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅមិនទាន់មានការវិវឌ្ឍជាវិជ្ជមានគួរឱ្យកត់សម្គាល់នោះទេ ហើយបើស្ថានភាពបែបនេះនៅតែបន្ត កម្ពុជាទំនងជាគេចមិនផុតពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះឡើយ។
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប លោក ចូសេប បូរែល ហ្វុងតែល (Josep Borrell Fontelles) ថ្លែងថា រដ្ឋាភិបាលកម្ពុជាត្រូវប្រឹងប្រែងបន្ថែមទៀតដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រោះនេះជារឿងចាំបាច់ ដែលអាចឱ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធ EBA បន្តទៅទៀត។
លោក ចូសេប បូរែល ហ្វុងតែល (Josep Borrell Fontelles) ថ្លែងបែបនេះលើបណ្ដាញសង្គមធ្វីតធ័រ (Twitter) នៅថ្ងៃទី១៥ ធ្នូថា បន្ទាប់ពីលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅក្នុងជំនួបដាច់ដោយឡែកមួយក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសអេស្ប៉ាញ។ លោកបញ្ជាក់ថា នៅក្នុងជំនួបនោះ ពួកលោកបានជជែកគ្នាអំពីលទ្ធភាពនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ ដែលសហភាពអឺរ៉ុបធ្លាប់បានផ្ដល់ឱ្យកម្ពុជា។
ការក្រើនរំឭករបស់មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប ធ្វើឡើងក្រោយពេលរដ្ឋាភិបាលកម្ពុជាបានផ្ញើរបាយការណ៍ឆ្លើយតបនឹងកង្វល់របស់សហភាពអឺរ៉ុបជុំវិញរឿងរំលោភសិទ្ធិមនុស្ស ដែលជាផ្នែកមួយនៃនីតិវិធីព្យួរការអនុគ្រោះពន្ធ EBA។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីជំនួបរវាងលោក ប្រាក់ សុខុន និងមន្ត្រីជាន់ខ្ពស់អឺរ៉ុបនេះបានទេ នៅថ្ងៃទី១៦ ធ្នូ ដោយអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង មិនលើកទូរស័ព្ទ។
ទោះជាយ៉ាងណា នៅពេលផ្ញើរបាយការណ៍ទៅសហភាពអឺរ៉ុបកាលពីពេលថ្មីៗនេះ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយស្នើឱ្យសហភាពអឺរ៉ុបពិចារណាផ្តល់ការអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៅទៀត។ ក្រសួងទទួលស្គាល់ថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងប៉ះពាល់ដល់កម្មករប្រមាណជិតមួយលាននាក់ និងក្រុមគ្រួសារសាច់ញាតិរបស់ពួកគាត់ថែមទៀត។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ សង្កេតឃើញថា សហភាពអឺរ៉ុបហាក់មិនចង់ដក EBA ពីកម្ពុជាឡើយ ព្រោះសហភាពអឺរ៉ុបដឹងថា វិធានការនេះនឹងប៉ះពាល់ដល់ពលរដ្ឋខ្មែររាប់លាននាក់។ ទោះជាយ៉ាងណា លោកថា សហភាពអឺរ៉ុបមានលក្ខខណ្ឌច្បាស់លាស់ក្នុងការផ្តល់ការអនុគ្រោះពន្ធនេះ ដូច្នេះបើលក្ខខណ្ឌទាំងនោះមិនត្រូវបានគោរពទេ សហភាពអឺរ៉ុបនឹងពិចារណាដកហូតទាំងស្រុង ឬដកហូតទៅតាមវិស័យ។ លោកបន្ថែមថា ថ្វីដ្បិតតែវិបត្តិ EBA បានឈានមកដល់ដំណាក់កាលទុំជោរបន្តិចមែន ក៏រដ្ឋាភិបាលកម្ពុជានៅមានពេលចុងក្រោយដើម្បីកែប្រែស្ថានភាពស្រុកទេសឡើងវិញ មុនពេលសហភាពអឺរ៉ុបសម្រេចចិត្តចុងក្រោយក្នុងរវាង២ ខែខាងមុខទៀតនេះ៖ «ខាងសហភាពអឺរ៉ុបហ្នឹង បានស្នើឱ្យខាងរដ្ឋាភិបាលពិនិត្យមើលរឿងដែលពាក់ព័ន្ធទៅនឹងការវិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលអត់ទាន់បានដោះស្រាយ អាហ្នឹងហើយដែលជាបញ្ហាដែលសហភាពអឺរ៉ុបមិនអាចបន្តទៀតបាន»។
កាលពីឆ្នាំ២០១៨ កន្លងទៅ កម្ពុជាបាននាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុប គិតជាទឹកប្រាក់ប្រមាណ ៥ពាន់ ៨រយលានដុល្លារអាមេរិក ($5.8 billion) ដែលទំនិញស្ទើរតែទាំងអស់រួចកាតព្វកិច្ចពន្ធដោយសារតែកម្មវិធី EBA។ ទោះជាយ៉ាងណា បើអត់ EBA ទេ នោះកម្ពុជានឹងត្រូវបង់ពន្ធជិត៧ រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលប៉ះពាល់ដល់ប្រាក់ចំណេញរបស់វិស័យឯកជន ហើយក៏នឹងរាលដាលដល់ប្រាក់ចំណូលរបស់កម្មករក្នុងវិស័យកាត់ដេរផងដែរ។
សមាគមថៅកែរោងចក្រដែលតែងសម្របខ្លួនតាមរដ្ឋាភិបាលកម្ពុជានោះ បានចេញមុខបង្ហាញក្តីកង្វល់ថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងប៉ះពាល់ដល់កម្មករប្រមាណ ៧៥ម៉ឺននាក់ និងគ្រួសាររបស់ពួកគេជាង ៣លាននាក់ទៀត។ សមាគមថៅកែរោងចក្របានទទូចឱ្យសហភាពអឺរ៉ុបផ្ដល់ការអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៅទៀត។
សហភាពអឺរ៉ុបនឹងសម្រេចចិត្តជាចុងក្រោយថា ត្រូវរក្សាទុក ឬដកការអនុគ្រោះពន្ធពីកម្ពុជា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ក៏ប៉ុន្តែសហភាពអឺរ៉ុបធ្លាប់បានបញ្ជាក់ប្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន រួចហើយថា មានតែការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញទេ ទើបជាលក្ខខណ្ឌដែលកម្ពុជាអាចទទួលបានផលប្រយោជន៍ពីការអនុគ្រោះពន្ធនេះបន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
