គ្រួសារ និង​សហជីព ទាមទារ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន វីង ស្តារ ស៊ូ

0:00 / 0:00

គ្រួសារ និង​សហជីព ទាមទារ​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន វីង ស្តារ ស៊ូ (Wing Star Shoes)។ ការ​លើក​ឡើង​នេះ ក្រោយ​ពី​សាលាដំបូង​ខេត្តកំពង់ស្ពឺ លើក​ពេល​សវនាការ​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ប្រចាំ​រោងចក្រ វីង ស្ដារស៊ូ លោក ជា ចាន់ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ សមគំនិត​ក្នុង​ការ​លួច​ទ្រព្យ​សម្បត្តិ​ក្នុង​រោងចក្រ កាល​ពី​ឆ្នាំ២០២២។

គ្រួសារ និង​សហជីព ទាមទារ​តុលាការ​ខេត្តកំពង់ស្ពឺ ឱ្យ​ដោះលែង និង​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ប្រធាន​សហជីព ប្រចាំ​ក្រុមហ៊ុន វីង ស្តារស៊ូ លោក ជា ចាន់ ដោយ​ឥត​លក្ខខណ្ឌ។

ប្រពន្ធ​របស់​ប្រធាន​សហជីព​កម្ពុជា​នៅ​រោងចក្រ វីងស្តារ ស៊ូ លោក ជា ចាន់ គឺ​លោកស្រី ឆែ ចាន់រ៉ា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​ប្ដី​លោកស្រី និង​ស្នើ​ដល់​តុលាការ​ឱ្យ​ដោះលែង​ប្ដី​លោកស្រី ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

លោកស្រី ឆែ ចាន់រ៉ា៖«ស្នើសុំ​តុលាការ​ខេត្តកំពង់ស្ពឺ​ដោះលែង​ប្ដី​ខ្ញុំ ព្រោះ​គាត់​ជាប់​ដោយ​អយុត្តិធម៌»។

ការស្នើសុំនេះ ក្រោយពី​សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី២៩ មេសា បាន​លើក​ពេល​សវនាការ​លោក ជា ចាន់ ក្រោម​ហេតុផល​ថា អវត្តមាន​សាក្សី​ដើម​បណ្ដឹង។

សហជីព​ឯករាជ្យ ចាត់​ទុក​អវត្តមាន​សាក្សី​ដើម​បណ្ដឹង​នេះ​ថា តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​លើ លោក ជា ចាន់ និង​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​នេះ ដាក់​ឲ្យ​លោក ជា ចាន់ នៅ​ក្រៅ​ឃុំ​តតាំង​រឿងក្ដី។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៩ មេសា​ថា តុលាការ​ខេត្តកំពង់ស្ពឺ គួរតែ​ដោះលែង​លោក ជា ចាន់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ ដោយសារ​តែ​សាក្សី​ដើម​បណ្ដឹង​អវត្តមាន។

ប្រធាន​សហជីព​រូប​នេះ អះអាង​ថា ការ​ចងក្រង​សហជីព​មិនមែន​ចង់​ឈ្នះ​ចាញ់​ជាមួយ​ថៅកែ​នោះ​ទេ ពោល​គឺ ដើម្បី​យក​បញ្ហា​កម្មករ​មក​ដាក់​នៅ​លើ​តុ​ចរចា​គ្នា រក​ដំណោះស្រាយ​ជូន​កម្មករ ហើយ​អ្នកស្រី ស្នើ​ដល់​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ប្រធាន​សហជីព​លោក ជា ចាន់។

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖«ព្រោះតែ​តុលាការ​អត់​មាន​ហេតុផល អត់​មាន​អី​ត្រឹមត្រូវ ភាគី​ដើម​ចោទ គេ​អត់​មាន​សាក្សី​ត្រឹមត្រូវ​ផង សួរ​ថា រឿង​អ្វី​ដែល​ត្រូវ​បន្ត​ឃុំ​ខ្លួន​គាត់ បើ​សិន​ជា​តុលាការ​អត់​មាន​មូលដ្ឋាន​អ្វី​ត្រឹមត្រូវ​ទេ ត្រូវ​តែ​សម្រេច​ដោះ​លែង​គាត់​ឲ្យ​មាន​សេរីភាព ឲ្យ​គាត់​មាន​សិទ្ធិ​មក​ជួបជុំ​ប្រពន្ធ​កូន»។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក ទិន សុចិត្រា ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៩ ខែមេសា។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​ឃាត់​ខ្លួន​លោក ជា ចាន់ នៅ​ក្នុង​រោងចក្រ វីងស្តារ ស៊ូ នៅ​ក្នុង​ស្រុកគងពិសី កាល​ពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ ដោយ​គ្មាន​បញ្ជាក់​អំពី​មូលហេតុ ឬ​បង្ហាញ​ដីកា​ចាប់​ខ្លួន​ឡើយ។ បន្ទាប់​មក ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី១៨ ខែកុម្ភៈ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ប្រធាន​សហជីព​កម្ពុជា​ប្រចាំ​រោងចក្រ វីងស្តារ ស៊ូ រូប​នេះ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ពី​បទ​សមគំនិត​ក្នុង​អំពើ​លួច​សម្ភារៈ​នៅ​ក្នុង​រោងចក្រ កាល​អំឡុង​ឆ្នាំ២០២២ តាម​បណ្ដឹង​របស់​ថៅកែ​ក្រុមហ៊ុន និង​ក្រោយ​ពេល​លោក ជា ចាន់ បាន​ព្យាយាម​បង្កើត​សហជីព​ឯករាជ្យ ដើម្បី​ការពារ​សិទ្ធិ​របស់​កម្មករ​នៅ​កន្លែង​ធ្វើការ។

កន្លង​ទៅ អង្គការ​សង្គម​ស៊ីវិល សហព័ន្ធ​សហជីព​កម្ពុជា រួម​ជាមួយ​សហជីព​សកល អ៊ិនដាសស្រ្ទី អល (IndustriAll Global Union) បាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់ ដោយ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​រឿង​មិន​ពិត និង​ជា​ឧបាយកល​បង្ក្រាប​សហជីព ក្នុង​គោលបំណង​បញ្ឈប់​សកម្មភាព​របស់​សហជីព​ក្នុង​ស្រុក។ ពួក​គេ​បាន​ដាក់​លិខិត​ទៅ​ក្រុមហ៊ុន​បញ្ជា​ទិញ ដើម្បី​ដាក់​សម្ពាធ​ដល់​ភាគី​ក្រុមហ៊ុន វីងស្ដារ ស៊ូ ថា ត្រូវ​ដក​បណ្ដឹង ហើយ​ដោះលែង​ប្រធាន​សហជីព លោក ជា ចាន់ ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។