ក្រុមស្ត្រីថ្ងៃសុក្រដាក់ញត្តិទៅស្ថានទូតបារាំងសុំកិច្ចអន្តរាគមន៍ឱ្យរបបភ្នំពេញគោរពស្មារតី ២៣តុលា
2021.10.22

ក្រុមស្ត្រីថ្ងៃសុក្រដាក់ញត្តិទៅស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២២ តុលានេះ ដើម្បីសុំឱ្យរដ្ឋាភិបាលបារាំងជំរុញទៅរបបលោក ហ៊ុន សែន អនុវត្តឱ្យបានពេញលេញនូវស្មារតីស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដោះលែងអ្នកទោសនយោបាយ និងសង្គម ដែលកំពុងជាប់ពន្ធនាគារ។ សកម្មភាពរបស់គ្រួសារអ្នកជាប់ឃុំនយោបាយនេះ ធ្វើឡើងចំពេលខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ក្រុមស្ត្រីថ្ងៃសុក្រជាង២០នាក់ បាននាំគ្នាលើកបដា ស្រែកទាមទារ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ឱ្យសកម្មជននយោបាយ និងសង្គម ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌។
តំណាងស្ត្រីថ្ងៃសុក្រ ជាប្រពន្ធមន្ត្រីគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងប្រាប់វិទ្យុអាស៊ីសេរីក្រោយដាក់ញត្តិថា លោកស្រីបានជម្រាបប្រាប់មន្ត្រីស្ថានទូតអំពីគោលបំណងនៃញត្តិ ដោយស្នើសុំឱ្យប្រទេសប្រជាធិបតេយ្យមួយនេះ ជំរុញរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យបានពេញលេញនូវស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយផ្សះផ្សាជាតិ គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ពន្ធនាគារ។
លោកស្រីបញ្ជាក់ថា មន្ត្រីស្ថានបារាំងបានសន្យាថា នឹងពិនិត្យមើលញត្តិរបស់ពួកលោកស្រី ហើយដាក់ជូនទៅថ្នាក់លើបន្តទៀត៖ «រដ្ឋាភិបាលកម្ពុជាត្រូវតែគោរពដាច់ខាតនូវស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យពេញលេញទាំងស្រុង មិនមែនធ្វើដាច់អហង្ការដូចឥឡូវទេ អ៊ីចឹងមានកិច្ចព្រមព្រៀង២៣ តុលា ធ្វើអ៊ីចឹងគាត់ចង់បំភ្លេចចោល ខ្ញុំអត់សុខចិត្តទេ ខ្ញុំត្រូវទៅរកប្រទេសដែលចុះហត្ថលេខីទាំងអស់ដើម្បីឱ្យគាត់ដោះប្រជុំឡើងវិញ ស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ត្រូវដោះលែងដូចជាប្តីខ្ញុំ ម្តាយ កូន ឪពុកទាំងអស់ដើម្បីឱ្យគាត់មានសេរីភាពឡើងវិញ»។
ដូចលើកមុនៗដែរ ការតវ៉ាដោយសន្តិវិធីរបស់ក្រុមស្ត្រីថ្ងៃសុក្រនេះ បានរងការយាយី និងរំខានពីក្រុមសន្តិសុខ និងអាជ្ញាធររាជធានីភ្នំពេញដែលមានចំនួនច្រើនលើសលប់។
កូនស្រីសកម្មជនបក្សប្រឆាំងនៅខេត្តកណ្តាលអ្នកស្រី លឹម សាន គឺកញ្ញា ផាន សាត បានឱ្យដឹងថា ក្រុមសន្តិសុខខណ្ឌដូនពេញ និងសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាននិងស៊ីវិលជិត ១០០នាក់បានតាមឃ្លាំមើលក្រុមស្ត្រីដាក់ញត្តិនៅថ្ងៃនេះ។ កញ្ញាប្រាប់ទៀតថា ក្រុមសន្តិសុខបានប្រើអំពើហិង្សាលើក្រុមស្ត្រីថ្ងៃសុក្រដោយរុញច្រាន ច្របាច់ក ជាន់ក្បាល ហើយរឹបអូសយកបដាជាច្រើនផ្ទាំង បណ្តាលឱ្យស្ត្រី៣ នាក់រងរបួសធ្ងន់និងមួយចំនួនទៀតរងរបួសស្រាល ខ្លះបែកមាត់ ហើមមុខ ក្បាល កញ្ចឹងក និងឡើងស្នាមជាំលើដៃជើង ជាដើម។ លើសពីនេះក្រុមសន្តិសុខបានប្រើពាក្យសម្ដីគំរាមកំហែង និងមាក់ងាយលើក្រុមស្ត្រីផងដែរ។ កញ្ញាចាត់ទុកអំពើហិង្សាពីសំណាក់សន្តិសុខនេះគឺជាអំពើឃោរឃៅ និងរំលោភបំពានលើស្ត្រីទន់ខ្សោយដែលគ្រាន់តែអនុវត្តសិទ្ធិរបស់ខ្លួនដោយសន្តិវិធី៖ «គាត់អត់មានគោរពសិទ្ធិពួកខ្ញុំទេ ដែលជាស្ត្រីដៃជើងតូចៗ ស្គមៗគ្មានកម្លាំង ដោយគ្រាន់តែតវ៉ាដោយសន្តិវិធីសោះគាត់បែរជាប្រើហិង្សាលើពួកខ្ញុំ បំពានទាំងសិទ្ធិមនុស្សនិងសិទ្ធិនារី ពួកគាត់សុទ្ធតែប្រុសខ្ញុំខកចិត្តចំពោះគាត់ខ្លាំងបំផុត ខកចិត្តចំពោះថ្នាក់ដឹកនាំគាត់ធ្វើទង្វើនេះ អត់មានស្រឡាញ់ប្រជាជនខ្លួនឯងអត់មានឱ្យសេចក្តីសុខប្រជាជនខ្លួនឯង គាត់កុំប្រើពាក្យជួយប្រជាជន ឈប់ប្រើទៅហើយបោះចោលទៅ រាល់ថ្ងៃខ្ញុំមានទុក្ខខ្លាំងណាស់ដូចជាម្តាយខ្ញុំចាប់គាត់ទាំងអយុត្តិធម៌គាត់ខុសអី»។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បដិសេធឆ្លើយបំភ្លឺរឿងនេះទេ។ វិទ្យុអាស៊ីសេរីក៏មិនអាចទាក់ទង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ដើម្បីបកស្រាយជុំវិញរឿងនេះបានដែរ នៅថ្ងៃទី២២ តុលា។ ប៉ុន្តែកន្លងមក លោក សាន សុខសីហា តែងតែលើកឡើងដដែលៗថា ក្រុមស្ត្រីដែលចេញដាក់ញត្តិ និងតវ៉ាទាំងនេះ មិនបានសុំច្បាប់ពីអាជ្ញាធររាជធានីភ្នំពេញ ទើបអាជ្ញាធរ បំបែកដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ។
បន្ទាប់ពីដាក់ញត្តិនៅស្ថានទូតបារាំង ក្រុមស្ត្រីថ្ងៃសុក្របានបន្តដាក់ញត្តិនៅស្ថានទូតប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែពួកគាត់ត្រូវខកខានទៅវិញដោយស្ថានទូតប្រទេសនេះ ជាប់រវល់រៀបចំពិធីបុណ្យសាសនា។ ទោះយ៉ាងណាក្រុមស្ត្រីថ្ងៃសុក្រអះអាងថា នឹងយកញត្តិទៅដាក់ជូនស្ថានទូតឥណ្ឌូណេស៊ីម្តងទៀត ដើម្បីជំរុញឱ្យបណ្តាប្រទេសអាស៊ានយកចិត្តទុកលើស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា បើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលគួរពិចារណាទម្លាក់ចោលការចោទប្រកាន់ទៅលើសកម្មជននយោបាយ និងសិទ្ធិមនុស្ស ដើម្បីផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិឡើងវិញ។ ជាមួយគ្នានេះ លោកបញ្ជាក់ថា អង្គការសង្គមស៊ីវិលព្រួយបារម្ភចំពោះក្រុមស្ត្រីថ្ងៃសុក្រដែលតែងតែរងនូវការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់។ លោកចាត់ទុកការបង្ក្រាប និងគំរាមកំហែងលើស្ត្រីថ្ងៃសុក្រដែលដាក់ញត្តិដោយសន្តិវិធីនេះថា ជាការរំលោភបំពានច្បាប់ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលផ្ទុយពីស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «រដ្ឋាភិបាលគួរពិចារណាទម្លាក់ចោលរាល់ការចោទប្រកាន់ទៅលើក្រុមអ្នកនយោបាយ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ព្រំដែនជាពិសេសអ្នកជាប់ឃុំដោយសារតែបញ្ហាមនសិការ ដើម្បីឈានទៅបង្ហាញឆន្ទៈក្នុងការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺគោលការណ៍ផ្សះផ្សាជាតិនិងបង្រួបបង្រួមជាតិ»។
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលអប់រំអាជ្ញាធរទាំងនោះអំពីការអនុវត្តតួនាទីរបស់ខ្លួនដោយផ្អែកលើក្រមសីលធម៌និងច្បាប់ ដើម្បីជៀសវាងការប្រើប្រាស់អំពើហិង្សាលើស្ត្រី និងអ្នកប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ។
កន្លងទៅ ក្រុមស្ត្រីថ្ងៃសុក្របានដាក់ញត្តិនៅស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ មួយចំនួនរួចហើយ ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន អូស្ត្រាលី ព្រមទាំងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាជាដើម។ ទោះជាត្រូវប្រឈមនឹងការតាមយាយី និងអំពើហិង្សាពីសំណាក់អាជ្ញាធរ និងក្រុមសន្តិសុខយ៉ាងណាក្តី ក្រុមស្ត្រីបញ្ជាក់ថា ពួកគាត់មិនរាថយនោះទេ ក្នុងការធ្វើសកម្មភាពជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារអ្នកកំពុងជាប់ឃុំ។ ពួកគាត់នៅតែស្នើយ៉ាងទទូចដល់អាជ្ញាធរឱ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសាច់ញាតិពួកគេឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។