គ្រួសារ​ខ្មែរ​ដែល​ជនជាតិ​វៀតណាម​វាយ​សម្លាប់​នៅ​ព្រៃវែង​ស្នើ​ឲ្យ​អាជ្ញាធរ​ចាប់​អ្នក​ពាក់ព័ន្ធ

ដោយ ថា កិត្យា
2016-08-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកស្រី ចាន់ ស៊ីណា ភរិយា​បុរស​ដែល​ត្រូវ​ជនជាតិ​វៀតណាម ព្រួត​វាយ​ស្លាប់​នៅ​ខេត្ត​ព្រៃវែង ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០១៦។
លោកស្រី ចាន់ ស៊ីណា ភរិយា​បុរស​ដែល​ត្រូវ​ជនជាតិ​វៀតណាម ព្រួត​វាយ​ស្លាប់​នៅ​ខេត្ត​ព្រៃវែង ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០១៦។
RFA/Chuop Sereyroth

គ្រួសារ​ខ្មែរ​ដែល​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់​នៅ​ឃុំ​អ្នកលឿង ស្រុក​ពាមរ ខេត្ត​ព្រៃវែង កាល​ពី​យប់​ថ្ងៃ​ទី​៧ ខែ​សីហា អំពាវនាវ​ឲ្យ​អាជ្ញាធរ​បន្ត​ចាប់​ខ្លួន​ជនសង្ស័យ​បន្ថែម​ទៀត ខណៈ​អាជ្ញាធរ​ចាប់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៦​នាក់ ហើយ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​កាត់​ទោស។

ភរិយា​ជនរងគ្រោះ​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់ និង​ទាមទារ​សំណង ១០​ម៉ឺន​ដុល្លារ។ រី​ឯ​អាជ្ញាធរ​ថា ពួកគាត់​កំពុង​បន្ត​ស៊ើបអង្កេត​ករណី​នេះ។

ភរិយា​ជនរងគ្រោះ​បាន​សម្ដែង​ការ​កើត​ទុក្ខ​មិន​សុខចិត្ត​នោះ​ទេ ដែល​អាជ្ញាធរ​ចាប់​ជនសង្ស័យ​បាន​តែ​ចំនួន ៦​នាក់​នោះ ដោយ​គាត់​អះអាង​ថា មាន​ជនជាតិ​វៀតណាម ជា​ច្រើន​នាក់ បាន​ចោមរោម​វាយ​សម្លាប់​ប្ដី​របស់​គាត់​យ៉ាង​សាហាវ​ព្រៃផ្សៃ ទោះបីជា​ពួកគាត់​ខំ​យំ​អង្វរ​យ៉ាង​ណា​ក្តី។

ភរិយា​ជនរងគ្រោះ​ដែល​មាន​ផ្ទៃពោះ ៩​ខែ ជិត​ដល់​ថ្ងៃ​សម្រាលកូន​ទៅ​ហើយ​នោះ គឺ​លោកស្រី ចាន់ ស៊ីណា។ លោកស្រី​កំពុង​មាន​របួស​ដៃ​ខាង​ឆ្វេង​ដោយសារ​ជួយ​រង​ដំបង និង​ដែកគាស់​ជំនួស​ប្ដី​នៅ​ពេល​ជនជាតិ​វៀតណាម​វាយ​ប្ដី បាន​រៀបរាប់​ថា ក្នុង​ចំណោម​ជន​ដៃដល់​ទាំង​នោះ​ក៏​មាន​ចៅ និង​កូន​មេ​ភូមិ​ដែរ រួម​នឹង​ជនជាតិ​វៀតណាម រាប់​សិប​នាក់​ផ្សេង​ទៀត ប្រដាប់​ដោយ​ដំបង​ឈើ​ជ្រុង ឈើ​មូល ដែកគាស់ និង​កាំបិត​ជាដើម«ប្ដី​ខ្ញុំ​អត់​មាន​ត​ដៃ​ទេ គឺ​ប្ដី​ខ្ញុំ​លើក​ដៃ​សំពះ​សុំ​ទោស តែ​ពួក​វា​មក​ច្រើន​ប្រហែល​ជា ៣០០ ទៅ ៤០០​នាក់​ឡោមព័ទ្ធ​វាយ​តែ​ម្តង»

ជនរងគ្រោះ​ដែល​ជនជាតិ​វៀតណាម ព្រួត​វាយ​សម្លាប់​មាន​ឈ្មោះ រ័ត្ន ធី អាយុ ៣៣​ឆ្នាំ រស់​នៅ​ភូមិ​អ្នកលឿង​ក្រោម ឃុំ​អ្នកលឿង ជាប់​នឹង​ភូមិ​៦ ឃុំ​ព្រែកខ្សាយ(ខ) ស្រុក​ពាមរ ខេត្ត​ព្រៃវែង។

​មាន​វ័យ ៣១​ឆ្នាំ លោកស្រី ចាន់ ស៊ីណា ដែល​ជា​ប្រពន្ធ​បាន​រម្លឹក​ហេតុការណ៍​នោះ​ថា ដំបូង​ឡើយ​ប្ដី​គាត់​បាន​ដើរ​ទៅ​ទិញ​បារី​នៅ​ផ្សារ​ក្បែរ​ផ្ទះ​នោះ ហើយ​នៅ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ ជនជាតិ​វៀតណាម ម្នាក់​បាន​សម្លុត​ទារ​បារី​ពី​ប្ដី​លោកស្រី តែ​ប្ដី​លោកស្រី​មិន​ព្រម​ឲ្យ ព្រោះ​ថា បារី​នោះ​គាត់​ទិញ​ឲ្យ​អ្នក​ដទៃ រួច​ក៏​កើត​ជា​ទំនាស់​ពាក្យ​សម្ដី​រហូត​ឈាន​ដល់​ផ្ទុះ​ហិង្សា​តែម្ដង«វា​កាន់​ដែកគាស់​មក​គប់​ប្ដី​ខ្ញុំ​នៅ​មុខ​ផ្ទះ ហើយ​ប្ដី​ខ្ញុំ​គាត់​ខឹង ក៏​ទាញ​ដែកគាស់​នោះ​គប់​ទៅ​វិញ តែ​អត់​ត្រូវ​គេ​ទេ តែ​មាន​ជនជាតិ​វៀតណាម មួយ​នោះ​ផុង​លូ​នៅ​ថ្នល់​នោះ ក៏​វា​ខឹង​ប្ដី​ខ្ញុំ ហើយ​វា​ស្រែក​ហៅ​គ្នា​ថា អា​ហ្នឹង​គប់​អញ​ត្រូវ​មួយ​កាំបិត​ដាច់​ជើង​ចេញ​ឈាម ស្រាប់​តែ​ពួក​វា​មក​មួយ​ហ្វូង​ធំ​តែ​ម្តង​ច្រើន​ណាស់។ ពេល​មក​ដល់ វាយ​ប្ដី​ខ្ញុំ​មួយ​ដែកគាស់​ចំ​ពី​ក្រោយ​បណ្ដាល​ឲ្យ​សន្លប់ ហើយ​នៅ​តែ​បន្ត​វាយ​ទៀត តែ​ខ្ញុំ​រង​ក៏​ត្រូវ​ចំ​ដៃ។ វាយ​ប្ដី​ខ្ញុំ​សន្លប់​ហើយ វា​ថា​ប្ដី​ខ្ញុំ​ធ្វើ​ពុត។ ពេល​នោះ​មាន​តា​មួយ​ត្រូវ​ជា​ឪ​របស់​អ្នក​វាយ​ប្ដី​ខ្ញុំ​នោះ បាន​ប្រាប់​ថា​ឲ្យ​វាយ​សម្លាប់​ទាំង​ប្ដី​ទាំង​ប្រពន្ធ​តែ​ម្តង​ទៅ ទុក​អញ​អ្នក​បង់​លុយ។ ដល់​ពេល​អ៊ីចឹង​ទៅ វា​យក​ឈើ​ប្រហែល​មួយ​ម៉ែត្រ​ដែល​ជាប់​ដែកគោល មក​វាយ​ប្ដី​ខ្ញុំ​នៅ​ចំ​ក្រោម​ច្រមុះ​ក៏​ជាប់​តែ​ម្តង។ ពេល​ដែល​ខ្ញុំ​ដក​ដែកគោល​ក៏​ប្ដី​ខ្ញុំ​ផុត​តែ​ម្តង​ទៅ»

​លោកស្រី​បន្ត​ថា ទោះបីជា​បាន​វាយ​ប្ដី​លោកស្រី​ស្លាប់​ទៅ​ហើយ​ក្ដី ក៏​ជនសង្ស័យ​ទាំង​នោះ​មិន​ព្រម​ដក​ថយ​ឡើយ ដោយ​ចង់​វាយ​សម្លាប់​គាត់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​តែម្ដង ប៉ុន្តែ​សំណាង​ល្អ ដោយ​បាន​ពលរដ្ឋ​ខ្មែរ​នៅ​ក្បែរ​នោះ​ស្រែក​ហៅ​ប៉ូលិស​ទើប​ពួកគេ​ដក​ថយ​ទៅ​វិញ។

ផ្ទះ​លោកស្រី ចាន់ ស៊ីណា ដែល​សង់​នៅ​លើ​ដី​របស់​បងស្រី ក្នុង​ឃុំ​អ្នកលឿង ស្រុក​ពាមរ ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​១១ សីហា ២០១៦។ RFA/Chuop Sereyroth
ផ្ទះ​លោកស្រី ចាន់ ស៊ីណា ដែល​សង់​នៅ​លើ​ដី​របស់​បងស្រី ក្នុង​ឃុំ​អ្នកលឿង ស្រុក​ពាមរ ខេត្ត​ព្រៃវែង។ រូបថត​ថ្ងៃ​ទី​១១ សីហា ២០១៦ RFA/Chuop Sereyroth

លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ជនជាតិ​វៀតណាម ចោមរោម​វាយ​ប្រហារ​ប្ដី​លោកស្រី​នោះ​មិន​មាន​ជនជាតិ​ខ្មែរ​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​មួយ​ជួយ​ឡើយ។ មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​មិន​ហ៊ាន​ចូល​ជួយ​ដោយសារ​ជនជាតិ​វៀតណាម ប្រមូល​គ្នា​មក​ច្រើន​ពេក ហើយ​គំរាម​ថា អ្នក​ណា​ហ៊ាន​ចេញ​ជួយ​ពួកគេ​នឹង​សម្លាប់​ទាំង​អស់ សូម្បី​តែ​ចេញ​យក​ទូរស័ព្ទ​ថតរូប​ក៏​មិន​ហ៊ាន​ផង។

លោកស្រី ចាន់ ស៊ីណា ថា គាត់​កំពុង​បារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង​មក​ដល់​ពេល​នេះ ដោយសារ​តែ​ជនជាតិ​វៀតណាម បាន​គំរាម​គាត់​ថា នឹង​សម្លាប់​ទាំង​ពូជ​ទៀត​ផង។

លោកស្រី ចាន់ ស៊ីណា មាន​កូន​ទាំង​អស់ ៦​នាក់ រួម​ទាំង​កូន​ក្នុង​ផ្ទៃ។ បច្ចុប្បន្ន​ពួកគេ​រស់​នៅ​ក្នុង​ផ្ទះ​ខ្ទម​តូច​មួយ​ដែល​សង់​នៅ​លើ​ដី​របស់​បងស្រី។ លោកស្រី​ថា កាល​ពី​ពេល​នៅ​រស់ ប្តី​លោកស្រី​ប្រកប​របរ​ជា​ជាង​សំណង់​ផង និង​ដើរ​រើស​អេតចាយ​ផង ដើម្បី​ចិញ្ចឹម​គ្រួសារ។ លោកស្រី​រៀបរាប់​ទាំង​ទឹក​ភ្នែក​រហាម​ជោក​ថ្ពាល់​ថា នៅ​ពេល​ប្ដី​លោកស្រី​ស្លាប់ វា​នឹង​រឹតតែ​ធ្វើ​ឲ្យ​គ្រួសារ​លោកស្រី​ជួប​ប្រទះ​នូវ​ការ​លំបាក​ថែម​មួយ​កម្រិត​ទៀត ម្យ៉ាង​លោកស្រី​ជិត​ដល់​ថ្ងៃ​សម្រាលកូន​ផង មិន​អាច​ប្រកប​របរ​អ្វី​បាន​ទាំង​អស់។ លោកស្រី​ថា កុំ​ថា​ឡើយ​ដល់​ទៅ​មាន​លុយ​ចិញ្ចឹម​កូន សូម្បី​តែ​លុយ​សម្រាប់​សម្រាល​កូន និង​ធ្វើ​បុណ្យ​៧​ថ្ងៃ​ឲ្យ​ប្ដី​ក៏​លោកស្រី​មិន​មាន​ផង«ប្ដី​ស្លាប់​ទៅ​គ្មាន​អ្វី​ទី​ពឹង​ទេ រាល់​ថ្ងៃ​ដើរ​រើស​អេតចាយ ហើយ​កូន​ដើរ​សុំ​ទាន​គេ។ ពូ​អាជ្ញាធរ​ជួយ​ខ្ញុំ​ផង»

ក្នុង​តំបន់​ដែល​លោកស្រី ចាន់ ស៊ីណា និង​ប្ដី​រស់នៅ​មាន​ផ្ទះ​ពលរដ្ឋ​ដែល​ជា​ជនជាតិ​ខ្មែរ​ជិត ២០​គ្រួសារ​រស់​នៅ។ ក្រៅ​ពី​នោះ ភាគ​ច្រើន​ជា​ផ្ទះ​របស់​ជនជាតិ​វៀតណាម។ នៅ​ពេល​ឃើញ​អ្នក​សារព័ត៌មាន​ទៅ​ដល់​ភ្លាម ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​មក​ជា​បន្តបន្ទាប់​ដើម្បី​រៀបរាប់​ពី​ព្រឹត្តិការណ៍​ហិង្សា​ដែល​កើត​ឡើង បើ​ទោះ​ជា​ក្នុង​ចិត្ត​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពេល​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​ក្ដី។ ពួកគេ​សុទ្ធតែ​បាន​សម្ដែង​នូវ​ការ​រន្ធត់ និង​តក់ស្លុត​ចំពោះ​ហិង្សា​ដែល​បាន​កើត​ឡើង។

ពលរដ្ឋ​លើក​ឡើង​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ករណី​បែប​នេះ​បាន​កើត​ឡើង​ចំពោះ​ជនជាតិ​ខ្មែរ។ ពួកគេ​ថា កន្លង​មក​ក៏​មាន​ករណី​ជនជាតិ​វៀតណាម កាប់ ឬ​វាយ​សម្លាប់​ជនជាតិ​ខ្មែរ​ដែរ ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​បាន​ដោះស្រាយ​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ឡើយ។

ចំណែក​នៅ​ពេល​នេះ ពលរដ្ឋ​ក៏​ហាក់​នៅ​តែ​ព្រួយ​បារម្ភ​ថា តើ​គេ​អា​ចរក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​បាន ឬ​មិន​បាន​យ៉ាង​ណា​នោះ​ទេ ព្រោះ​ថា ជនសង្ស័យ​ដែល​បាន​បង្ក​ហិង្សា​ក៏​មាន​កូនក្មួយ​របស់​មេ​ភូមិ​ដែរ«យើង​មិន​ហ៊ាន​ចូល​ជួយ​ទេ ព្រោះ​ចូល​ជួយ​វា​វាយ​សម្លាប់​ទាំងអស់។ មនុស្ស​ច្រើន​ណាស់ គ្រាន់​តែ​ក្តិច​ក៏​ស្លាប់​ដែរ»

​ជុំវិញ​បញ្ហា​នេះ អាស៊ីសេរី បាន​ព្យាយាម​សាកសួរ​ជនជាតិ​វៀតណាម ដែល​រស់​នៅ​ភូមិ​៦​នោះ ប៉ុន្តែ​ពួកគាត់​បាន​បដិសេធ​មិន​ឆ្លើយ​អ្វី​ទាំង​អស់​ដោយ​អះអាង​ថា មិន​បាន​ដឹង​រឿង​អ្វី​ទាំង​អស់​ដោយសារ​រឿងរ៉ាវ​បាន​កើត​ឡើង​នៅ​ពេល​យប់ ដូច្នេះ​មនុស្សម្នា​ភាគ​ច្រើន​ចូល​ផ្ទះ​គេង​មិន​សូវ​ដឹង​ឡើយ។ ចំណែក​មេ​ភូមិ​៦ លោក ផង់ សាវី ដែល​មាន​ចៅ​ម្នាក់ និង​កូន​ប្រុស​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នោះ ក៏​មិន​និយាយ​អ្វី​ដែរ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ដោយ​ប្រាប់​ថា កំពុង​ជាប់​រវល់។

ចំណែក​អនុ​ភូមិ​ម្នាក់​ដែល​ពលរដ្ឋ​ខ្មែរ​និយាយ​ថា គាត់​ជា​ជនជាតិ​វៀតណាម ក្នុង​ពេល​ដែល​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី កំពុង​សម្ភាស​ពលរដ្ឋ គាត់​បាន​ជិះ​ម៉ូតូ​កាត់​កន្លែង​សម្ភាសន៍​ដែរ ប៉ុន្តែ​នៅ​ពេល​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី រត់​ទៅ​ស្កាត់​សាកសួរ​គាត់​ពី​រឿង​នេះ គាត់​បដិសេធ​មិន​ឆ្លើយ​នោះ​ឡើយ ដោយ​និយាយ​ថា គាត់​ជាប់​រវល់ ហើយ​ឲ្យ​ទៅ​សួរ​អ្នក​ផ្សេង​ទៀត។ រី​ឯ​ជនជាតិ​វៀតណាម មួយ​ចំនួន​ទៀត​ដែល​នាំ​គ្នា​មក​ឈរ​មើល​ពលរដ្ឋ​ខ្មែរ​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ពេល​សួរ​ពួកគេ​ថា ពួកគេ​មិន​ដឹង​អ្វី​ឡើយ ខណៈ​អ្នក​ខ្លះ​ទៀត​ឆ្លើយ​ថា ពួកគេ​ទើប​ឡើង​មក​ពី​ប្រទេស​វៀតណាម ប្រមាណ ២ ឬ ៣​ថ្ងៃ​ប៉ុណ្ណោះ។

​រីឯ​អធិការ​ស្រុក​ពាមរ លោក សេង ពន្លក បាន​ប្រាប់​ថា លោក​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​សាលា​ដំបូង​ខេត្ត​ព្រៃវែង ដោយមាន​ជនសង្ស័យ​ចំនួន ៦​នាក់។ ទន្ទឹម​គ្នា​នេះ លោក​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​ស្វែង​រក​ចាប់​ខ្លួន​បុរស​ម្នាក់​ជនជាតិ​វៀតណាម ដែល​ពលរដ្ឋ​ចោទ​ថា ជា​អ្នក​ស្រែក​បញ្ជា​អោយ​សម្លាប់​ទាំង​ប្ដី​ទាំង​ប្រពន្ធ​នោះ​ដែរ ប៉ុន្តែ​ជន​នោះ​បាន​រត់​គេច​ខ្លួន។ លោក​ថា អាជ្ញាធរ​នៅ​តែ​បន្ត​ស៊ើបអង្កេត​ករណី​នេះ។

​ទាក់ទង​នឹង​ការ​បារម្ភ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​ពី​រឿង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​វិញ លោក សេង ពន្លក ថ្លែង​ថា លោក​បាន​ផ្ដល់​លេខ​ទូរស័ព្ទ​អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​អស់​ហើយ​ដើម្បី​ផ្ដល់​ព័ត៌មាន​ឲ្យ​អាជ្ញាធរ​នៅ​ពេល​ពួកគេ​មាន​ការ​គំរាម​ពី​ជន​ណា​មួយ។

ជុំវិញ​ឃាតកម្ម​លើ​ជនជាតិ​ខ្មែរ​នេះ មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ប្រើ​អំពើ​ហិង្សា​ជា​ក្រុម​រហូត​ឈាន​ដល់​ការ​សម្លាប់​នេះ គឺ​ជា​អំពើ​សាហាវ​ឃោរឃៅ​បំផុត។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​បន្ត​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ​ដទៃ​ទៀត​ដើម្បី​ទប់ស្កាត់​កុំ​អោយ​មាន​គំនុំ​សងសឹក និង​ការ​រើសអើង​ជាតិ​សាសន៍«ទង្វើ​ទាំងអស់​ទាំង​នេះ​ប្រសិន​បើ​អាជ្ញាធរ និង​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា ហើយ​និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទេ វា​នឹង​អាច​រីក​រាលដាល​បន្តិច​ម្តងៗ ហើយ​វា​នឹង​ក្លាយ​ជា​គំនុំ​សងសឹក ហើយ​អាច​ក្លាយ​ទៅ​ជា​ការ​រើសអើង​ជាតិ​សាសន៍​ទៀត​ផង។ នេះ គឺ​ជា​បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ»

លោក អំ សំអាត លើក​ឡើង​ថា ករណី​ជនជាតិ​វៀតណាម វាយ​សម្លាប់​ពលរដ្ឋ​ខ្មែរ​នេះ គឺ​ត្រូវ​អនុវត្ត​តាម​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា និង​ពិនិត្យ​លើ​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ​ថា ជនជាតិ​វៀតណាម ទាំង​នោះ រស់​នៅ​កម្ពុជា ស្របច្បាប់​ដែរ ឬ​ទេ?

មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ចែង​ថា ឃាតកម្ម​ដែល​កើត​ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ បើ​ទោះ​ជា​ក្រមព្រហ្មទណ្ឌ​ចែង​ពី​ស្ថាន​ទម្ងន់​ទោស​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ថា គេ​កម្រ​ឃើញ​សមត្ថកិច្ច ឬ​តុលាការ​អាច​ស្វែង​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ណាស់៕

ទស្សនា​វីដេអូ​ដែល​ពាក់ព័ន្ធ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

A lot of Vietnamese illegal enter to live in Cambodia (Cambodia government CPP political party, support and let it happen).This is just one of many trouble cases, cause by trouble maker of Vietnamese who living in Cambodia (… I don’t say all Vietnamese in Cambodia are trouble maker…) most of them live in a large group together at the Cambodia and Vietnam bother or enter deeper in Cambodia to float on boat in Tonlesap river, now they have the power, they polluted the area, they make trouble to Khmer people who live nearby so they cannot stand and move out of the village. Soon the place becomes Vietnamese Village and Vietnam may claim as their country like the old day of Prey Nokor. It is time for Cambodia government to stop them enter to Cambodia without approved passport. Also Cambodian, they must stand up and take care of their land from lost to foreign. Prey Nokor an important Khmer old day seaport, now become the largest city of Vietnam, It was once known as the name Ho Chi Minh City and then Saigon .This is how Vietnamese in the 17th century did to Cambodian.

Aug 12, 2016 12:53 PM

អ្នក​អាន​អនាមិក

Where is Hun Sen when lok YOURN kill Khmer in Cambodia ? Only Khmer called YOURN YOURN , Hun Sen screaming discrimination, but when YOURN kill Khmer, Hun Sen doesn't see or hear. This animal ,Khmer ought to know.

Aug 12, 2016 10:12 AM

គេហទំព័រ​ទាំងមូល