ប្រពន្ធបុរសដែលប្រើប្រាស់ហ្វេសប៊ុក (Facebook) រិះគន់គណបក្សកាន់អំណាច ជាពិសេសលំហូរពលរដ្ឋវៀតណាមរស់នៅកម្ពុជាខុសច្បាប់ ស្នើដល់អាជ្ញាធរ និងតុលាការខេត្តបន្ទាយមានជ័យដោះលែងប្តីឱ្យវិលមកជួបជុំគ្រួសារឡើងវិញ។ ពួកគេយល់ថា ការយកប្រព័ន្ធតុលាការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋមិនមែនជាដំណោះស្រាយនោះទេ។
គ្រួសារលើកឡើងថា ទោះបីជីវភាពរកហូបព្រឹកខ្វះល្ងាចតែលោក កង សារ៉ន គឺជាមនុស្សល្អដែលចេះឈឺឆ្អាលរឿងទឹកដី និងសង្គមដែលធ្វើឱ្យពលរដ្ឋនៅក្នុងស្រុកភូមិគោរពស្រឡាញ់។ ពួកគេស្នើដល់អាជ្ញាធរ និងតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងរូបគាត់ឱ្យមានសេរីភាពវិញ ពីព្រោះគាត់មិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។
ប្រពន្ធរបស់លោក កង សារ៉ន គឺលោកស្រី ហង្ស ត្រឹប ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៦ ខែវិច្ឆិកា ថាប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមិនឱ្យលោកស្រីចូលជួបមុខប្តីនោះទេ ដែលធ្វើឱ្យគ្រួសារបារម្ភពីសុខទុក្ខ និងខ្លាចអាជ្ញាធរវាយធ្វើបាបដោយសារសកម្មភាពប្តីរបស់លោកស្រីរិះគន់នៅលើបណ្តេញសង្គមនាពេលកន្លងមក។ ម្យ៉ាងទៀត លោកស្រីខកចិត្តជាខ្លាំងចំពោះអាជ្ញាធរមិនព្រមដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋរងគ្រោះជាមួយអ្នកមានអំណាច បែរជាចោទប្រកាន់និងចាប់ប្តីលោកស្រីគ្រាន់តែបញ្ចេញមតិរឿងអយុត្តិធម៌នៅលើបណ្តេញសង្គម។
លោកស្រី ហង្ស ត្រឹប៖ «ខ្ញុំឈឺចាប់ណាស់ ខ្ញុំអត់ចង់រស់នៅតទៅទៀត ពីព្រោះរស់នៅក៏គ្មានន័យ តែខ្ញុំនឹកឃើញដល់កូន។ បីនាក់កូន និងម៉ែនៅក្រោមផ្ទះអត់បានដេកទេ ខ្ញុំអត់បានរកស៊ីអ្វីទេ កូនក៏គ ម្តាយក៏ចាស់ ខ្ញុំដើរដាក់មងជួនបានត្រីមួយគីឡូគ្រាន់បានលុយទិញអង្ករគីឡូដើម្បីហូប ខ្ញុំស្នើសូមដោះលែងប្តីរបស់ខ្ញុំមកវិញ»។
លោក កង សារ៉ន កាលនៅមានសេរីភាពបានប្ដេជ្ញាថាលោកស៊ូស្លាប់លើទឹកដីខ្មែរមិនរត់គេចខ្លួនឡើយ បើទោះបីតុលាការកាត់ទោសឱ្យលោកជាប់ពន្ធនាគារដោយអយុត្តិធម៌យ៉ាងណាក៏ដោយ ព្រោះសកម្មភាពរបស់លោកកន្លងទៅជារឿងត្រឹមត្រូវសម្រាប់ផលប្រយោជន៍ជាតិ។
លោក កង សារ៉ន៖ «វាជារឿងអយុត្តិធម៌ វាជារឿងមិនប្រក្រតីសម្រាប់ខ្ញុំជាពលរដ្ឋ ខ្ញុំមិនមែនជាសមាជិក ឬគាំទ្របក្សណាមួយផង ខ្ញុំនិយាយក្នុងនាមខ្ញុំជាខ្មែរ ខ្ញុំអំពាវនាវស្នើដឹកនាំគ្រប់ជាន់ថ្នាក់សូមមេត្តាគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋដើម្បីរស់នៅប្រកបមុខរបរមានសិទ្ធិសេរីភាពពេញលេញ ប្រទេសមានលទ្ធិប្រជាធិបតេយ្យ មានសិទ្ធិសេរីភាពក្នុងការនិយាយស្តី បញ្ចេញមតិយោបល់ឱ្យបានពេញលេញ និងសូមឱ្យតុលាការកាត់ក្តីអ្វីសូមឱ្យមានតម្លាភាពផងបាទ»។
សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានចាប់វាយខ្នោះលោក កង សារ៉ន ព្រមទាំងចូលរុករើផ្ទះរបស់លោកដោយបានដកហូតយកទូរស័ព្ទដៃបីគ្រឿងនៅល្ងាចថ្ងៃទី២៥ វិច្ឆិកា។ ការចាប់ខ្លួនពលរដ្ឋរិះគន់រដ្ឋាភិបាលនេះ គឺក្រោយពេលតុលាការផ្ដន្ទាទោសឱ្យលោកជាប់ពន្ធនាគារ ៣ឆ្នាំពីបទ «ជេរប្រមាថតាមទីសាធារណៈ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថអង្គព្រះមហាក្សត្រ»។
ការចោទប្រកាន់នេះ បន្ទាប់ពីលោក កង សារ៉ន បានផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) និយាយរិះគន់ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងវីដេអូផ្សាយផ្ទាល់នោះ លោកបានចោទជាសំណួរថា តើក្រោយពីបក្សប្រជាជនឈ្នះឆ្នោត នឹងមានវិធានការដេញពលរដ្ឋវៀតណាមចេញ ឬបន្តឱ្យហូរចូលដោយខុសច្បាប់បន្តទៀត? ហើយនៅក្នុងនោះ លោកក៏បានរិះគន់ពីបញ្ហាគ្រឿងញៀន អំពើពុករលួយនិងបញ្ហាអសន្តិសុខមួយចំនួនទៀត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ និងស្នងការនគរបាលខេត្តនេះលោក សិទ្ធិ ឡោះ ដើម្បីបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២៦ ខែវិច្ឆិកា។
ប៉ុន្តែរដ្ឋបាលស្រុកម៉ាឡៃបានចេញលិខិតបភ្លឺកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ដោយអះអាងថា អាជ្ញាធរតែងតែអប់រំ ហើយលោក កង សារ៉ន បានធ្វើលិខិតសុំទោសជាសាធារណៈទាក់ទងការបង្ហោះហ្វេសប៊ុក និងបណ្តេញសង្គមផ្សេងៗធ្វើឱ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំប្រទេស ប៉ុន្តែលោក កង សារ៉ន នៅតែបន្តសកម្មភាពបង្ហោះព័ត៌មាននោះទៀត។
ទោះយ៉ាងណា មន្ត្រីសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលលើកឡើងថា ការបញ្ចេញមតិមិនមែនជាបទល្មើសនោះទេ ហើយអំពាវនាវឱ្យអាជ្ញាធរ និងតុលាការបែងចែកឱ្យដាច់រវាងសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងបទល្មើសជាជាងយកប្រព័ន្ធតុលាការចោទរឿងញុះញង់ និងបរិហារកេរ្តិ៍ដែលនាំឱ្យរឹតត្បិតលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ឱ្យដឹងថា មេធាវីរបស់អង្គការលីកាដូគ្រោងចូលជួបពិភាក្សាផ្លូវច្បាប់ជាមួយកូនក្តី និងដាក់បណ្តឹងឧទ្ធរណ៍នៅពេលឆាប់ៗខាងមុខនេះ។ លោករំពឹងថា តុលាការជាន់ខ្ពស់នឹងពិចារណាប្រកបដោយយុត្តិធម៌ក្នុងការដោះលែងឱ្យលោក កង សារ៉ន បាននៅក្រៅឃុំឡើងវិញ ខណៈមហាជនទូទៅមើលឃើញថា ការចាប់ខ្លួនជាលើកទីពីរនេះដោយសារតែគាត់បន្តប្រើប្រាស់សិទ្ធិបញ្ចេញមតិ និងការស្វែងរកដំណោះស្រាយរឿងវិវាទដីធ្លីកន្លងទៅ។
លោក កង សារ៉ន៖ «ទាក់ទងនឹងសិទ្ធិសេរីភាពបញ្ចេញមតិនេះហាក់បីដូចជាមានការបែងចែកមិនដាច់អ្វីជាសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដែលយើងឃើញហើយមានចែងក្នុងរដ្ឋធម្មនុញ្ញ មានចែងក្នុងបទដ្ឋានអន្តរជាតិ ហើយក៏មានកំណត់ពន្យល់នៅក្នុងមាត្រា១៩អំពីសេរីភាពក្នុងការបញ្ចេញមតិនៃកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយទៀត ពីព្រោះគេខ្លាចការរឹតត្បិត ឬការកំណត់ភាពរឹតត្បិតនៃសិទ្ធិក្នុងការបញ្ចេញមតិនេះអាចតឹងរ៉ឹងដែលធ្វើឱ្យប៉ះពាល់ដល់ការបញ្ចេញមតិ»។
លើសពីនេះ លោក អំ សំអាត មើលឃើញថា សេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានបានរងការរឹតត្បិតកាន់តែខ្លាំងនៅឡើយ។ លោកបន្តថា អ្នកដែលបញ្ចេញមតិជាច្រើនបានរងការបំភិតបំភ័យ ដោយសារតែរដ្ឋាភិបាលប្រើប្រាស់យន្តការតុលាការ គំរាមកំហែងអ្នកដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល។
សិទ្ធិសេរីភាពបញ្ចេញមតិ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហើយជនគ្រប់រូបមានសិទ្ធិសំដែងកង្វល់ និងទស្សនៈរបស់ខ្លួនដោយសេរីដោយគ្មានការជ្រៀតជ្រែកពីរដ្ឋាភិបាល។ ប៉ុន្តែក្រុមអ្នកការពារសិទ្ធិមនុស្សព្រួយបារម្ភជាខ្លាំងអំពីការធ្លាក់ចុះកាន់តែធ្ងន់ធ្ងរនៃសេរីភាពបញ្ចេញមតិនៅកម្ពុជា ដោយសារតែអាជ្ញាធរបានបង្កើនការបង្ក្រាបលើសេរីភាពមួយនេះ តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ។ ពួកគេស្នើយ៉ាងទទូចដល់អាជ្ញាធរឱ្យបញ្ឈប់ទង្វើរំលោភបំពាននេះតទៅទៀត និងងាកមកគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។