អង្គការសិទ្ធិមនុស្ស សំដែងការខកចិត្ត ដោយសារតែ អ្នកទោសជាស្ត្រី មានចំនួនតិចតួច ដែលនឹងត្រូវដោះលែងនៅពេលខាងមុខ។ ក្រសួងយុត្តិធម៌បានស្នើទៅរបប លោក ហ៊ុន សែន ដើម្បីដាក់ថ្វាយព្រះមហាក្សត្រសុំព្រះរាជទានលើកលែងទោស និងបន្ធូរបន្ថយទោស អ្នកទោសចំនួន១៣៤នាក់នៅក្នុងឧកាសបុណ្យចូលឆ្នាំ។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១៦ មេសាថា ទោះបីរដ្ឋាភិបាល ចង់ឱ្យកាត់បន្ថយចំនួនអ្នកស្ត្រីក៏ដោយ ប៉ុន្តែក្រសួងយុត្តិធម៌បានស្នើឱ្យមានការលើកលែងទោស និងបន្ធូរបន្ថយទោសឱ្យស្ត្រីតិចបំផុត៖ «ក្នុងរយៈពេលនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះអ្នកទោសដែលជាស្ត្រីហើយបើយើងមើលទៅលើការស្នើសុំហាក់ដូចជាចំនួនស្ត្រីមានតិចបំផុតទាក់ទិននឹងការស្នើសុំលើកលែងទោសនេះបាទ»។
លោកបញ្ជាក់ថា ក្នុងចំណោមអ្នកទោស ១៣៤នាក់ មានអ្នកទោសចំនួន ៥៧ នាក់ ស្នើសុំបន្ធូរបន្ថយទោស ៦ខែក្នុងនោះមានស្ត្រី ៦នាក់ ស្នើសុំបន្ធូរបន្ថយទោស ៩ខែ មានចំនួន ១៦នាក់ ក្នុងនោះមានស្ត្រី ២នាក់ ស្នើសុំបន្ធូរបន្ថយទោស១២ខែ មានចំនួន៤០នាក់ ក្នុងនោះមានស្ត្រី ១៧នាក់ ស្នើសុំបន្ធូរបន្ថយទោសមួយជីវិត មកនៅត្រឹមទទួលទោស២០ឆ្នាំ មានស្ត្រី២នាក់ និង លើកលែងទោសតែម្ដងមានចំនួន១៦នាក់ ក្នុងនោះមានស្ត្រីតែម្នាក់ប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មិនទាន់បញ្ជាក់អំពីមូលហេតុដែលអ្នកទោសស្ត្រីមានចំនួនតិចតួចនោះទេ។ លោកគ្រាន់តែបញ្ជាក់ថា អ្នកទោសដែលគ្រោងនឹងបន្ធូរបន្ថយទោស និងដោះលែងនាពេលខាងមុខមានអ្នកទោសខ្លះជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនិងបទមជ្ឈិម តែមិនមានអ្នកទោសណាមួយប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរទេ៖ «ជាទូទៅពាក់ព័ន្ធបទល្មើស ឧក្រិដ្ឋ និងមជ្ឈិម ជាទូទៅ។ ក៏ប៉ុន្តែមិនមែនជាបទល្មើសគ្រឿងញៀនធំដុំ ឬក៏ឧក្រិដ្ឋកម្មសាហាវឃោរឃៅ ឬព្រៃផ្សៃនោះទេ។ គឺជាបទឧក្រិដ្ឋ និងមជ្ឈិមជាទូទៅធម្មតាដូចជាលួចឆក់ប្លន់បន្តិចបន្តួចតែប៉ុណ្ណឹង។ ជាទូទៅគឺអ៊ីចឹង»។
ជារៀងរាល់ឆ្នាំដល់រដូវបុណ្យចូលឆ្នាំខ្មែរម្តងៗព្រះមហាក្សត្រតែងតែចេញព្រះព្រះរាជ្យក្រឹត្យលើកលែងទោស នឹងបន្ធូរបន្ថយទោសដល់ទណ្ឌិតដើម្បីឱ្យពួកគេបានទៅជួបជុំក្រុមគ្រួសារនៅមុនបុណ្យចូលឆ្នាំ។ តែសម្រាប់ឆ្នាំនេះអ្នកទោសមិនទាន់ត្រូវបានព្រះមហាក្សត្រចេញព្រះរាជ្យក្រឹត្យលើកលែងទោសឱ្យបានមុនចូលឆ្នាំនោះទេ។
លោក ជិន ម៉ាលីន បញ្ជាក់ថា ប្រហែលជាក្រោយពេលចូលឆ្នាំអ្នកទោសអាចនឹងត្រូវបានដោះលែង និងបន្ធូរបន្ថយទោស។
ក្រមព្រហ្មទណ្ឌចែងថា ការបន្ធូរបន្ថយទោស និងការលើកលែងទោស ដល់ទណ្ឌិតគឺត្រូវបំពេញលក្ខខណ្ឌធំៗ ២ គឺ ចាំបាច់ត្រូវមានការកែប្រែឥរិយាបថក្នុងពេលជាប់ឃុំ និងការអនុវត្តទោស ជាប់ពន្ធនាគារ ឱ្យបានចំនួនពីរភាគបី (២/៣)សិន សម្រាប់ការលើកលែងទោស និងការអនុវត្តទោស ឱ្យបានមួយភាគបី (១/៣)សិន។
ប៉ុន្តែ មាត្រា ៧៧ នៃច្បាប់ស្ដីពីពន្ធនាគារ ចែងថា ចំពោះទណ្ឌិត មិនទាន់អនុវត្តទោស បានពីរភាគបី (២/៣) ឬទោះមិនបានទាន់កែប្រែឥរិយាមារយាទ ក៏អាចទទួលបានការលើកលែងទោសបានដែរ។ តែត្រូវមានសំណើពីប្រមុខរាជរដ្ឋាភិបាល ថ្វាយព្រះមហាក្សត្រ នោះការដោះលែង នឹងអាចធ្វើទៅបាន គ្រប់ពេលវេលា ដោយមិនចាំបាច់រង់ចាំ ដល់ពេលមានបុណ្យជាតិធំៗ ក៏បាន។ លោក អំ សំអាត បញ្ជាក់ថា ក្រសួងយុត្តិធម៌គួរតែមានការលើកទឹកចិត្ត និងស្នើសុំឱ្យមានការលើកលែងអ្នកទោសដល់ស្ត្រីឱ្យបានច្រើននៅពេលដែលពួកគេបានអនុវត្តទោសបានចំនួន២/៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
