សមាជិក​សហជីព​ណាហ្គាវើលដ៍​៤​នាក់​ស្នើ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​រក​យុត្តិធម៌​ជូន​ពួកគាត់

ដោយ យ៉ង ចាន់តារា
2023.12.03
សមាជិក​សហជីព​ណាហ្គាវើលដ៍​៤​នាក់​ស្នើ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​រក​យុត្តិធម៌​ជូន​ពួកគាត់ សកម្មភាពតវ៉ារបស់កូដករណហ្គាវើលដ៍ (Naga World) នៅមុខក្រុមហ៊ុន កាលពីថ្ងៃទី២៤ វិច្ឆិកា ២០២៣។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

សមាជិក​សហជីព​ណាហ្គាវើលដ៍ ៤​នាក់ ទទូច​ឱ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជួយ​អន្តរាគមន៍​ឱ្យ​ពួកគាត់​ចូល​ធ្វើ​ការ​វិញ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ ពួកគាត់​អះអាង​ថា ថៅកែ​ណាហ្គាវើលដ៍​មាន​ចេតនា​រើសអើង​សមាជិក​សហជីព និង​បង្ខាំង​មនុស្យ​ឱ្យ​បញ្ចប់​កិច្ចសន្យា​ការងារ​ដោយ​ខុស​ច្បាប់។

សមាជិក​សហជីព​ណាហ្គាវើលដ៍ ៤​នាក់ រួមមាន កញ្ញា ជឹម រដ្ឋា កញ្ញា ទួន យូរី កញ្ញា ប៉ុន ស្រីចិន្តា និង​កញ្ញា សៀក កញ្ញា ស្នើ​ឱ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព ដើម្បី​ធានា​ដល់​សមាជិក​សហជីព​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោយ​ពុំ​មាន​ករណី​បង្ខាំង​បុគ្គលិក។

សមាជិក​សហជីព​ណាហ្គាវើលដ៍ កញ្ញា ជឹម រដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២ ខែ​ធ្នូ ថា កញ្ញា និង​សមាជិក​សហជីព ៣​នាក់​ត្រូវ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បញ្ឈប់​ពី​កន្លែង​ការងារ​បន្ទាប់​ពី​កញ្ញា​មិន​ព្រម​ចុះហត្ថលេខា​លើ​កិច្ចសន្យា​បញ្ចប់​ការងារ។ កញ្ញា​បន្ត​ថា ចាប់តាំងពី​ថ្ងៃ​ដែល​ថៅកែ​ណាហ្គាវើលដ៍បង្ខំ និង​បង្ខាំង​មនុស្ស​ឱ្យ​បញ្ចប់​កិច្ចសន្យាការងារ​មក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ពុំ​ទាន់​ដាក់ទោស​លើ​ថៅកែ​ណាហ្គាវើលដ៍​នៅ​ឡើយ​ទេ។

កញ្ញា ជឹម រដ្ឋា៖ «គាត់​អត់ឱ្យ​ខ្ញុំ​ចូល​ទៅ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​វិញ​ទេ ហើយ​ពេល​ដែល​ខ្ញុំ​ផ្ទាល់​ជា​បុគ្គលិក​ដែល​ជួប​រឿង​ហ្នឹង​ទាំង​អយុត្តិធម៌​បែប​ហ្នឹងហើយ គេ​បង្ខំ​ខ្ញុំ គេ​ដក​កាត​ខ្ញុំ​អ៊ីចឹង​ហើយ បែរជា​ភាគី​ខាង​ក្រុមហ៊ុន​ទៅ​ស្រាយ​បំភ្លឺ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អត់​មាន​បង្ខំ​បុគ្គលិក​ណា​ម្នាក់​ទៅ​ស៊ីញេ​បញ្ចប់​កិច្ចសន្យា​ទេ បើ​បុគ្គលិក​ណា​ព្រម​ស៊ីញេ​គេ​គុណ​លុយ​ឱ្យ ប៉ុន្តែ​បើ​បុគ្គលិក​មិន​ព្រម​ស៊ីញេ គេ​ធ្វើការ​វិញ​ដដែល ប៉ុន្តែ​ដល់​ពេល​ខ្ញុំ​អត់​ព្រម​ស៊ីញេ​ដែល​គេ​បែរ​ជា​ដក​កាត​ការងារ​ខ្ញុំ​ហើយ​គេ​បញ្ឈប់​ខ្ញុំ ទាំង​អយុត្តិធម៌ ខ្ញុំ​គិត​ថា នេះ​ជា​រូបភាព​រើសអើង​ខ្ញុំ​ចង់​បិទ​សំឡេង​សហជីព»

ប្រតិកម្ម​របស់​សមាជិក​សហជីព​រូប​នេះ​គឺ​បន្ទាប់​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ វិច្ឆិកា បាន​ចេញ​លិខិត​បំភ្លឺ​ថា ពុំ​មាន​ការ​បង្ខាំង​មនុស្ស​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ណាហ្គាវើលដ៍ (NAGA Academy ) នោះ​ទេ ប៉ុន្តែ​គឺជា​ការចរចា​លើ​កិច្ចសន្យាការងារ​រវាង​បុគ្គលិក និង​តំណាង​ថៅកែ​ក្រុមហ៊ុន​ណាវើលដ៍​តែប៉ុណ្ណោះ​។ លិខិត​ដដែល​បញ្ជាក់​ថា ប្រសិនបើ​ខាង​ភាគី​បុគ្គលិក​មិន​ចង់​ឈប់​ពី​ការងារ អាច​ចូល​ធ្វើការ​វិញ​បាន និង​ចំពោះ​អ្នក​ដែល​ផ្អាក​ពី​ការងារ ក្រុមហ៊ុន​នឹង​ផ្ដល់​ថវិកា​ជូន។

កាលពី​ថ្ងៃទី​១៤ វិច្ឆិកា តំណាង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​កោះហៅ​បុគ្គលិក​ចំនួន ៧៣​នាក់​ឱ្យ​បញ្ឈប់​កិច្ចសន្យា​ការងារ​ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់ ។ ប៉ុន្តែ​បុគ្គលិក​មួយ​ចំនួន​មិន​ព្រម​ផ្ដិតមេដៃ ឬ​ចុះហត្ថលេខា លើ​កិច្ចសន្យាការងារ​នោះ​ទេ ទើប​ខាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​បិទ​ទ្វាររបង​តាំងពី​ម៉ោង ៥​រសៀល រហូតដល់​ម៉ោង ៧ កន្លះ​យប់​ដោយ​មិន​ឱ្យ​ពួកគាត់​ចេញទៅ​ផ្ទះ​នោះ​ឡើយ។ ក្នុងចំណោម​បុគ្គលិក​៧៣​នាក់​នោះ​មាន​បុគ្គលិក​ចំនួន ៤​នាក់​ត្រូវ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដក​កាត​ធ្វើ​ការងារ និង​បណ្ដេញ​ពួកគាត់​ចេញ​ទាំងយប់​ដោយសារ​ពួកគាត់​មិន​ព្រម​ចុះហត្ថលេខា​បញ្ចប់​កិច្ចសន្យា​នោះ ។ ទោះជា​យ៉ាងណា​ក្រុម​គ្រួសារ​បុគ្គលិក​បាន​ប្ដឹង​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​ជួយ​អន្តរាគមន៍​លើ​បញ្ហា​បង្ខាំង​មនុស្ស ប៉ុន្តែ​ភ្លាមៗ​នោះ​សមត្ថកិច្ច​មិនបាន​សាកសួរ​ពី​ការ​បង្ខាំង​បុគ្គលិក​នោះ​ទេ បែរជា​ឱ្យ​បុគ្គលិក ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បង្ខាំង​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទៅវិញ។

កាលពី​ថ្ងៃទី​០១ ខែ​ធ្នូ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ចេញ​លិខិត​ឆ្លើយតប​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដោយ​ឱ្យ​បុគ្គលិក ៤​នាក់​ដែល​ថៅកែ​ណាហ្គាវើលដ៍​បាន​បញ្ឈប់​នោះ ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃទី​០៥ ខែធ្នូ ខាងមុខ ។ លិខិត​ដដែល​ស្នើ​ឱ្យ​ស្នងការដ្ឋាន​នគរបាល និង​ក្រសួង​ការងារ​ធ្វើការ​ដោយ​តម្លាភាព​កុំ​លំអៀង​ទៅ​រក​ភាគី​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​០២ ខែធ្នូ។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរតែ​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់ លើ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ពីព្រោះ​ការ​បង្ខាំង​មនុស្ស​គឺជា​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ អ្នកស្រី​បន្ត​ថា ការ​បណ្ដោយ​ឱ្យ​ថៅកែ​បរទេស​រំលោភសិទ្ធិ​ការងារ​កម្មករ​ខ្មែរ​គឺជា​គំរូ​អាក្រក់។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «ចង់ឱ្យ​មានការ​កំណែទម្រង់​ទៅលើ​ប្រព័ន្ធ​យុត្តិធម៌​អី​នេះ លុះត្រាតែ​មិន​មាន​ការ​លើកលែង​មិន​អត់ឱន​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​បំពាន​ច្បាប់​ហើយ​ជាពិសេស​មិនមែន​តែ​ច្បាប់​ការងារ​ហ្នឹង​ក៏​និយាយ​ពី​ការ​គំរាមកំហែង​សហជីព កត្តា​គំរាមកំហែង​នេះ​ក៏​និយាយ​អំពី​ការ​រំលោភច្បាប់​ដែល​អីចឹង​ត្រូវតែ​យក​អ្នក​ទាំង​នោះ​មក​សួរនាំ​ហើយ​មានការ​បង្កប់​បញ្ជា​ឱ្យ​អ្នក​ទាំងនោះ​ត្រូវតែ​ទទួលយក​ថ្នាក់​ដឹង​នាំ​សហជីព​យក​កម្មករ​ដែល​នៅ​សេសសល់​ចូល​ធ្វើ​ការ​វិញ»

នេះ​ជា​លើក​ទី​២ ហើយ​ដែល​ថៅកែ​ក្រុមហ៊ុន​បនល្បែង ណាហ្គាវើលដ៍ បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ ដែល​ក្រុម​កម្មករ​ចាត់ទុក​ថា ជា​រឿង​អយុត្តិធម៌ និង​បំពាន​ច្បាប់​ការងារ ព្រោះ​តែ​មាន​ការ​រើសអើង​សហជីព​ដែល​ដឹកនាំ​ដោយ​កញ្ញា ឈឹម ស៊ីថរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។