អង្គការឃ្លាំមើលសេរីភាពពិភពលោក បន្តចាត់ថ្នាក់កម្ពុជា ជាប្រទេសគ្មានសេរីភាព

ដោយ សុ ជីវី
2024.03.03
អង្គការឃ្លាំមើលសេរីភាពពិភពលោក បន្តចាត់ថ្នាក់កម្ពុជា ជាប្រទេសគ្មានសេរីភាព អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ថើបសន្លឹកឆ្នោត ខណៈលោកទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅទីក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
រូប៖ AFP

អង្គការ​ឃ្លាំងមើលសេរីភាព​ពិភពលោក (Freedom House) បន្ត​ចាត់​ថ្នាក់​កម្ពុជា ជា​ប្រទេស​គ្មាន​សេរីភាព។ អ្នក​តាមដាន​ភូមិសាស្ត្រនយោបាយ​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ទទួល​យក​អនុសាសន៍​ពី​របាយការណ៍ ជាជាង​បដិសេធ​ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ។

អង្គការ​នេះ រក​ឃើញ​ថា មូលហេតុ​ចម្បង​នៃ​ការបំផ្លាញ​ស្ថាន​ភាព​សេរីភាព​នៅ​កម្ពុជា គឺ​អ្នក​ដឹកនាំ​ប្រទេស បាន​រារាំង​មិន​ឱ្យ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួត​នយោបាយ តាម​រយៈ​ការ​បោះឆ្នោត​ដែល​សេរី យុត្តិធម៌ និង​ទទួល​យក​បាន​

របាយការណ៍​សេរីភាព​នៅ​លើ​ពិភពលោក ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​កុម្ភៈ​ ដោយ​អង្គការ​អន្តរជាតិ ដែលមាន​ទីតាំង​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន ឌី.ស៊ី (Washington D.D) មួយ​នេះ រក​ឃើញ​ថា កម្ពុជា​នៅ​តែ​ជា​ប្រទេស​គ្មាន​សេរីភាព។ របាយការណ៍​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ​ស្ថានភាព​សេរីភាព​ត្រឹម​តែ​២៣​ប៉ុណ្ណោះ ក្នុង​ចំណោម​១០០ពិន្ទុ នៅ​ក្នុង​ឆ្នាំ២០២៣ ខណៈ​កាល​ពី​ឆ្នាំ២០២២ កម្ពុជា​ទទួល​បាន​២៤ នៅ​លើ​១០០ពិន្ទុ។

ដូច​ទៅ​នឹង​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ឆ្នាំ​មុន​ៗ​ដែរ កម្ពុជា​មិន​ទទួល​បាន​ពិន្ទុ​នោះ​ឡើយ ចំពោះ​ស្ថាន​ភាព​នីតិរដ្ឋ និង​ប្រព័ន្ធ​តុលាការ​ដែល​ឯករាជ្យ។ បន្ថែម​ពី​នេះ របាយការណ៍​បាន​សង្កត់​ធ្ងន់​ចំណុច​សំខាន់ៗ​៣ ដែល​ធ្វើ​ឱ្យ​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មិន​មាន​សេរីភាព​នោះ ទី១ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​រំលាយ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ វី.អូ.ឌី (VOD) ទី២ ការ​បោះឆ្នោត​ដោយ​មិន​មាន​វត្ត​មាន​គណបក្ស​ភ្លើង​ទៀន​កាល​ពី​ខែ​កក្កដា ឆ្នាំ២០២៣ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ទទួល​បាន​អ្នក​គាំទ្រ​របស់​គណបក្ស​កាន់​អំណាច​តាម​អនឡាញ ហើយ​ទី៣ គឺ​ការ​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​ឪពុក​មក​កូន​របស់​លោក ហ៊ុន ម៉ាណែត និង​ការ​បង្កើត​គណៈរដ្ឋមន្ត្រី​មួយ ដែល​បន្ត​ត្រកូល​ពី​ឪពុកម្ដាយ​ទៅ​កូន​ៗ​របស់​ពួកគេ។

សហ​និពន្ធ​នៃ​របាយការណ៍​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក អ្នកស្រី យ៉ាណា ហ្គោរ៉ូខូវ ស្កៀ (Yana Gorokhovskaia) លើក​ឡើង​ថា ការ​ចុះ​អន់​ថយ​ស្ថាន​ភាព​សេរីភាព​ទាំង​នេះ គឺ​ដោយសារ​តែ​អ្នក​កាន់​អំណាច​បាន​ប្រើ​គ្រប់​វិធី ដូច​ជា​ការ​គំរាមកំហែង ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ដៃគូ​ប្រកួតប្រជែង​នយោបាយ និង​ការ​បំពុល​បរិយាកាស​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​ជា​ដើម។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ឡើយ​នៅ​ថ្ងៃ​ទី២ ខែ​មីនា​។

ទោះ​ជា​យ៉ាងណា កន្លង​មក មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ទទួល​យក​លទ្ធផល នៃ​របាយការណ៍​អង្គការ​ជាតិ អន្តរជាតិ ដែល​រក​ឃើញ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ក្នុង​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស។ ជាក់​ស្ដែង កាល​ពី​ខែ​មករា លោក ប៉ែន បូណា បាន​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HWR) ថា​បង្កប់​របៀបវារៈ​ចង់​បំផ្លាញ​កិត្តិយស​កម្ពុជា​ទៅ​វិញ។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រនយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ​ឃ្លាំងមើល​សេរីភាព​ពិភពលោក​នេះ មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​ឆ្លុះ​បញ្ចាំង​ការពិត​អំពី​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​បន្ត​ថា ដើម្បី​ទទួល​បាន​ផល​ចំណេញ​ពី​របាយការណ៍ រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ទទួល​យក​ចំណុច​អនុសាសន៍ ជាជាង​បដិសេធ​លទ្ធផល​របាយការណ៍​ដោយ​មិន​មាន​ហេតុផល​ត្រឹមត្រូវ។

លោក សេង វណ្ណលី៖ «ដោយសារ​រដ្ឋាភិបាល​បច្ចុប្បន្ន​តែងតែ​លើក​ឡើង​ថា ខ្លួន​នឹង​ខិត​ខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​កំណែទម្រង់​ទាំង​រដ្ឋបាល​សាធារណៈ ហើយ​ក៏​ដូចជា​ប្រព័ន្ធ​គ្រប់គ្រង​តម្លាភាព គណនេយ្យ​ភាព​ជាង​មុន។ អ៊ីចឹង! ខ្ញុំ​គិត​ថា​របាយការណ៍​របស់ Freedom House នេះ មាន​សារៈសំខាន់​សម្រាប់​គោល​នយោបាយ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន បើ​សិន​ជា​រដ្ឋាភិបាល​បច្ចុប្បន្ន ពិត​ជា​មាន​ឆន្ទៈ​ធ្វើ​កំណែទម្រង់​តាម​ជំហរ​របស់​ខ្លួន​ពិតប្រាកដ»

ក្រៅ​ពី​វាយ​តម្លៃ​ស្ថានភាព​សេរីភាព​នៅ​ទូទាំង​ពិភព​លោក​ហើយ​នោះ របាយការណ៍​ក៏បាន​ផ្ដល់​អនុសាសន៍​សំខាន់​៥ចំណុច​ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ អនុសាសន៍​ទាំង​នោះ​រួម​មាន ប្រទេស​នាំ​មុខ​លទ្ធិប្រជាធិបតេយ្យ គួរ​តែ​ផ្ដល់​ជំនួយ​បន្ថែម​ដល់​សកម្មជន​ជួរ​មុខ ដែល​កំពុង​ប្រឈម​ជាមួយ​អ្នក​ដឹកនាំ​តាម​បែប​ផ្ដាច់ការ ធានា​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​ត្រឹម​ត្រូវ និង​យុត្តិធម៌​ឡើង​វិញ និង​បង្កើន​ការ​ការពារ​សុវត្ថិភាព​សកម្មជន​សិទ្ធិមនុស្ស ដែល​បាន​ភៀស​ខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។