អង្គការឃ្លាំងមើលសេរីភាពពិភពលោក (Freedom House) បន្តចាត់ថ្នាក់កម្ពុជា ជាប្រទេសគ្មានសេរីភាព។ អ្នកតាមដានភូមិសាស្ត្រនយោបាយលើកឡើងថារដ្ឋាភិបាលកម្ពុជាគួរទទួលយកអនុសាសន៍ពីរបាយការណ៍ ជាជាងបដិសេធដោយគ្មានហេតុផលត្រឹមត្រូវ។
អង្គការនេះ រកឃើញថា មូលហេតុចម្បងនៃការបំផ្លាញស្ថានភាពសេរីភាពនៅកម្ពុជា គឺអ្នកដឹកនាំប្រទេស បានរារាំងមិនឱ្យអ្នកនយោបាយគណបក្សប្រឆាំងចូលរួមប្រកួតនយោបាយ តាមរយៈការបោះឆ្នោតដែលសេរី យុត្តិធម៌និងទទួលយកបាន។
របាយការណ៍សេរីភាពនៅលើពិភពលោក ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកុម្ភៈដោយអង្គការអន្តរជាតិដែលមានទីតាំងនៅរដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី (Washington D.D) មួយនេះ រកឃើញថា កម្ពុជានៅតែជាប្រទេសគ្មានសេរីភាព។ របាយការណ៍បង្ហាញថា កម្ពុជាទទួលបានពិន្ទុស្ថានភាពសេរីភាពត្រឹមតែ២៣ប៉ុណ្ណោះ ក្នុងចំណោម១០០ពិន្ទុ នៅក្នុងឆ្នាំ២០២៣ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាទទួលបាន២៤ នៅលើ១០០ពិន្ទុ។
ដូចទៅនឹងលទ្ធផលនៃការវាយតម្លៃឆ្នាំមុនៗដែរ កម្ពុជាមិនទទួលបានពិន្ទុនោះឡើយ ចំពោះស្ថានភាពនីតិរដ្ឋ និងប្រព័ន្ធតុលាការដែលឯករាជ្យ។ បន្ថែមពីនេះ របាយការណ៍បានសង្កត់ធ្ងន់ចំណុចសំខាន់ៗ៣ ដែលធ្វើឱ្យកម្ពុជានៅតែជាប្រទេសមិនមានសេរីភាពនោះ ទី១ គឺដោយសារតែរដ្ឋាភិបាលរំលាយស្ថាប័នសារព័ត៌មានឯករាជ្យ វី.អូ.ឌី(VOD)ទី២ ការបោះឆ្នោតដោយមិនមានវត្តមានគណបក្សភ្លើងទៀនកាលពីខែកក្កដា ឆ្នាំ២០២៣ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីទទួលបានអ្នកគាំទ្ររបស់គណបក្សកាន់អំណាចតាមអនឡាញ ហើយទី៣ គឺការស្នងតំណែងនាយករដ្ឋមន្ត្រីពីឪពុកមកកូនរបស់លោក ហ៊ុន ម៉ាណែត និងការបង្កើតគណៈរដ្ឋមន្ត្រីមួយ ដែលបន្តត្រកូលពីឪពុកម្ដាយទៅកូនៗរបស់ពួកគេ។
សហនិពន្ធនៃរបាយការណ៍អង្គការឃ្លាំមើលសេរីភាពពិភពលោក អ្នកស្រី យ៉ាណា ហ្គោរ៉ូខូវ ស្កៀ (Yana Gorokhovskaia) លើកឡើងថា ការចុះអន់ថយស្ថានភាពសេរីភាពទាំងនេះ គឺដោយសារតែអ្នកកាន់អំណាចបានប្រើគ្រប់វិធី ដូចជាការគំរាមកំហែង ប្រើអំពើហិង្សាទៅលើដៃគូប្រកួតប្រជែងនយោបាយ និងការបំពុលបរិយាកាសនៅក្នុងដំណើរការបោះឆ្នោតជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានឡើយនៅថ្ងៃទី២ ខែមីនា។
ទោះជាយ៉ាងណា កន្លងមក មន្ត្រីរដ្ឋាភិបាលកម្ពុជាមិនដែលទទួលយកលទ្ធផល នៃរបាយការណ៍អង្គការជាតិ អន្តរជាតិ ដែលរកឃើញចំណុចខ្វះខាតរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ ជាក់ស្ដែង កាលពីខែមករា លោក ប៉ែន បូណា បានចាត់ទុករបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (HWR) ថាបង្កប់របៀបវារៈចង់បំផ្លាញកិត្តិយសកម្ពុជាទៅវិញ។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី មានប្រសាសន៍ថា របាយការណ៍ដែលចេញដោយអង្គការឃ្លាំងមើលសេរីភាពពិភពលោកនេះ មានលក្ខណៈវិទ្យាសាស្ត្រ និងឆ្លុះបញ្ចាំងការពិតអំពីស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្តថា ដើម្បីទទួលបានផលចំណេញពីរបាយការណ៍ រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធគួរទទួលយកចំណុចអនុសាសន៍ ជាជាងបដិសេធលទ្ធផលរបាយការណ៍ដោយមិនមានហេតុផលត្រឹមត្រូវ។
លោក សេង វណ្ណលី៖«ដោយសាររដ្ឋាភិបាលបច្ចុប្បន្នតែងតែលើកឡើងថា ខ្លួននឹងខិតខំប្រឹងប្រែង ដើម្បីជំរុញកំណែទម្រង់ទាំងរដ្ឋបាលសាធារណៈ ហើយក៏ដូចជាប្រព័ន្ធគ្រប់គ្រងតម្លាភាព គណនេយ្យភាពជាងមុន។ អ៊ីចឹង! ខ្ញុំគិតថារបាយការណ៍របស់ Freedom House នេះ មានសារៈសំខាន់សម្រាប់គោលនយោបាយរបស់រដ្ឋាភិបាលបច្ចុប្បន្ន បើសិនជារដ្ឋាភិបាលបច្ចុប្បន្ន ពិតជាមានឆន្ទៈធ្វើកំណែទម្រង់តាមជំហររបស់ខ្លួនពិតប្រាកដ»។
ក្រៅពីវាយតម្លៃស្ថានភាពសេរីភាពនៅទូទាំងពិភពលោកហើយនោះ របាយការណ៍ក៏បានផ្ដល់អនុសាសន៍សំខាន់៥ចំណុចដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ អនុសាសន៍ទាំងនោះរួមមាន ប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យ គួរតែផ្ដល់ជំនួយបន្ថែមដល់សកម្មជនជួរមុខ ដែលកំពុងប្រឈមជាមួយអ្នកដឹកនាំតាមបែបផ្ដាច់ការ ធានាឱ្យមានការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ និងបង្កើនការការពារសុវត្ថិភាពសកម្មជនសិទ្ធិមនុស្ស ដែលបានភៀសខ្លួនទៅនៅក្រៅប្រទេសជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
