ស្ថានទូត​បារាំង​ព្រួយ​បារម្ភ​អំពី​ការ​ចាប់ខ្លួន និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​អ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា

ដោយ សុ ជីវី
2024.10.10
ស្ថានទូត​បារាំង​ព្រួយ​បារម្ភ​អំពី​ការ​ចាប់ខ្លួន និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​អ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា លោក​ ម៉ុច​ ដារ៉ា​ កំពុងចែករំលែកបទពិសោធន៍សរសេរព័ត៌មានបែបស៊េីបអង្កេតដល់សិក្ខាកាម​ News Room នៅបន្ទប់បណ្ដុះបណ្ដាលអ្នកសារព័ត៌មាន​ វ័យក្មេង​ នៃមជ្ឈមណ្ឌលកម្ពុជាដេីម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) កាល​ពីថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​មាន​ក្ដី​ព្រួយ​បារម្ភ​អំពី​ការ​ចាប់ខ្លួន និង​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​អ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា។

ស្ថានទូត​បារាំង​បាន​បង្ហោះ​សារ​ពី​ក្ដី​ព្រួយ​បារម្ភ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ព្រលប់​ថ្ងៃ​ទី៩ ខែ​តុលា ព្រមទាំង​បញ្ជាក់​ថា សារព័ត៌មាន​ដើរ​តួនាទី​សំខាន់​ក្នុង​តម្លាភាព និង​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​នានា ហើយ​ចូលរួម​ចំណែក​ក្នុង​ដំណើរការ​ល្អ​ប្រសើរ​នៃ​ប្រជាធិបតេយ្យ។

ស្ថានទូត​បារាំង​អះអាង​ថាបាន​លើកឡើង​ពី​ក្ដី​បារម្ភ​ទាំងនេះ​ក្នុង​អំឡុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ឯក​អគ្គរដ្ឋ​ទូត​បារាំង លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ជាមួយ​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃទី៧ ខែ​តុលា។

ជាមួយ​គ្នា​នេះ​ប្រទេស​បារាំង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ធានា​នូវ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន ដោយ​ពិនិត្យ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឡើង​វិញ ដោយ​អនុលោម​តាម​អនុសាសន៍​របស់​ខ្លួន​ធ្វើ​ឡើង​ក្នុង​អំឡុង​នៃ​ការពិនិត្យ​ឡើង​វិញ ជា​សាកល​តាម​កាល​កំណត់​លើកទី៤​នូវ​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​កម្ពុជា ឬUPR

បន្ថែម​ពី​ក្ដី​បារម្ភ​នេះ លោក ហ្សាក់ ប៉ឺឡេ  និង​លោក ស សុខា បាន​ពិភាក្សា​ផ្ដោត​លើ​កិច្ច​សហប្រតិបត្តិការ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​រវាង​ប្រទេស​ទាំង២ ដោយ​គ្រោង​នឹង​បង្កើត​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល ជា​ពិសេស​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា ការ​ជួញដូរ​គ្រឿងញៀន និង​សន្តិសុខ​ ដែល​កម្ពុជា​នឹង​ទទួល​ស្វាគមន៍​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​ឆ្នាំ២០២៦​ខាងមុខ ព្រមទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

លោក​ឯកអគ្គរដ្ឋទូត​បារាំង​ក៏​លើក​ឡើង​ពី​ក្ដី​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​សមាជិក​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​ដូច​ជា​ការ​ដាក់​សម្ពាធ​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ដែរ។

ស្ថានទូត​បារាំង​នៅ​តែ​អះអាង​ថា បារាំង​គាំទ្រ​ដល់​អ្នកសារព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង អង្គការ​នានា ដែល​បំពេញ​ការងារ​ដើម្បី​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ឃុំខ្លួន​អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល ដោយ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់​ពី​ចាប់​ខ្លួន​លោក កាលពី​ថ្ងៃ​ទី៣០ ខែ​កញ្ញា ទាក់ទង​នឹង​ការ​បង្ហោះ​រូបថត​រមណីយដ្ឋាន​បាភ្នំ ដែល​អាជ្ញាធរ​ថា កាត់ត ឬ​ព័ត៌មាន​ក្លែងក្លាយ។ ក្រៅ​ពី​ករណី​នេះ សហគមន៍​ជាតិ និង​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
សមាជិកព្រឹទ្ធសភា​អាមេរិក​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ លោក ម៉ិច ដារ៉ា និង​ដោះលែង​កញ្ញា សេង ធារី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។