ទោះបីជាជនជាប់ឃុំនៅក្នុងពន្ធនាគារនៅភ្នំពេញកំពុងរស់នៅក្នុងស្ថានភាពចង្អៀតណែន ខ្វះអនាម័យ និងប្រឈមហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក៏ដោយ អាជ្ញាធរពន្ធនាគារអះអាងថា ពេលនេះមិនទាន់ដល់ដំណាក់កាលចាំបាច់ក្នុងការដោះលែងជនជាប់ឃុំដែលមានបទល្មើសកម្រិតស្រាល ឬជនជាប់ឃុំដែលងាយរងគ្រោះនោះទេ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា ថ្លែងថា អាជ្ញាធរព្រួយបារម្ភចំពោះការឆ្លងជំងឺកូវីដចូលក្នុងពន្ធនាគារនៅភ្នំពេញ បន្ទាប់ពីមានករណីឆ្លងដល់អ្នកទោសជាង ៣០ នាក់ក្នុងពន្ធនាគារខេត្តព្រះសីហនុ។ លោកបញ្ជាក់ថា ក្រោយឆ្លងជំងឺកូវីដចូលក្នុងពន្ធនាគារខេត្តព្រះសីហនុ គឺអាជ្ញាធរ បានជម្លៀសជនជាប់ឃុំដែលងាយរងគ្រោះជាង១រយ នាក់(១៤៦) ទៅខេត្តកំពត និងស្នើសុំឲ្យតុលាការដោះលែងអ្នកទោសដែលជិតផុតទោសជាង ១រយ(១០០) នាក់។ ដោយឡែកចំពោះស្ថានភាពពន្ធនាគារនៅភ្នំពេញវិញ លោកអះអាងថា មិនទាន់ដល់ដំណាក់កាលចាំបាច់ដើម្បីដោះលែងជនជាប់ឃុំដែលមានបទល្មើសស្រាលៗ និងជនជាប់ឃុំដែលងាយរងគ្រោះនោះទេ ទោះបីជាមានការផុ្តល់យោបល់ពីក្រុមអង្គការជាតិនិងអន្តរជាតិក្តី៖ «អានេះគឺជាជម្រើសមួយដែលអាចនឹងកើតមាន ប្រសិនបើមានការចាំបាច់ ប៉ុន្តែដំណាក់កាលពេលនេះ វាអត់ទាន់ដល់ដំណាក់កាលចាំបាច់ដែលយើងយកជម្រើសហ្នឹងទេ។ យើងធ្វើនៅខេត្តព្រះសីហនុនេះ គឺដោយសារថា វាមានស្ថានភាពចាំបាច់ ហើយយើងបានវាយតម្លៃពីអ្នកដែលជិតផុតទោសនោះ ក៏គាត់បានកែប្រែខ្លួនដែរ ដូច្នេះហើយទើបបានជាយើងស្នើទៅខាងស្ថាប័នតុលាការ សុំឲ្យមានការដោះលែងមុនកាលកំណត់ទៅ»។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះអះអាងថា ពេលនេះគ្រប់ពន្ធនាគារទាំងអស់ នៅតែអនុវត្តវិធានការតឹងតែងជាច្រើនដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ហើយអាជ្ញាធរពន្ធនាគារ ក៏បានសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារនៅភ្នំពេញបានជាង ១ ម៉ឺននាក់ និងចាក់វ៉ាក់សាំងដល់អ្នកជាប់ឃុំនៅពន្ធនាគារខេត្តព្រះសីហនុផងដែរ។
ទោះជាយ៉ាងណាគ្រួសាររបស់សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំនិងមន្ត្រីសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលគួរតែអនុញ្ញាតឲ្យអ្នកដែលមានទោសស្រាលៗនិងអ្នកដែលមានហានិភ័យឆ្លងជំងឺកូវីដឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំលោក ឃឹម ភាណា គឺលោកស្រី សុខ បូលីម៉ា រៀបរាប់ថា លោកស្រីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់ប្តីដែលមានជំងឺប្រចាំកាយស្រាប់ ហើយកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសដែលមានស្ថានភាពចង្អៀតណែន និងគ្មានអនាម័យ។ លោកស្រី ទទូចឲ្យអាជ្ញាធររដ្ឋាភិបាលដោះលែងប្តី និងសកម្មជននយោបាយ សកម្មជនបរិស្ថានទាំងអស់ ដើម្បីបង្ហាញពីការគោរពសិទ្ធិមនុស្ស និងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ៖ «សូមឲ្យថ្នាក់ដឹកនាំតុលាការនៅភ្នំពេញ ដោះលែងពួកគាត់ឲ្យមានសេរីភាព ព្រោះពួកគាត់អត់មានទោសអីទេ។ ណាមួយ ខ្ញុំបារម្ភពីស្វាមីរបស់ខ្ញុំដែលគាត់មានជំងឺលើសឈាមប្រចាំកាយ និងស្ពឹកដៃស្ពឹកជើង។ សូមដោះ លែងគាត់មកវិញមក គាត់ចាស់ៗហើយនិងគ្មានខុសអីទេ នៅឃុំគាត់ដល់ណាទៀត មួយឆ្នាំជាងហើយ»។
ក្រុមគ្រួសាររបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំ ក៏ខកចិត្តដែរដែលតុលាការដោះលែងឧកញ៉ា គិត ធាង ដែលជាមេក្លោងជួញដូរគ្រឿងញៀន ប៉ុន្តែបែរជាបន្តឃុំខ្លួនសកម្មជននយោបាយ និងសកម្មជសង្គមទាំងគ្មានកំហុសទៅវិញ។ លើសពីនេះ អាជ្ញាធរពន្ធនាគារ ថែមទាំងកាត់ផ្តាច់ទំនាក់ទំនងមិនឲ្យពួកគាត់អាចសួរសុខទុក្ខគ្នាសូម្បីតែតាមប្រព័ន្ធទូរស័ព្ទ ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាលើកទី៣មក។
ទាក់ទងករណីនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា យល់ថា ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរាតត្បាតធ្ងន់ធ្ងរបែបនេះ អាជ្ញាធរពន្ធនាគារ គួរតែចាត់វិធានការជាបន្តបន្ទាប់ៗក្នុងការពិនិត្យដោះលែងអ្នកទោសស្រាលៗ និងអ្នកអនុវត្តទោសជិតចប់ ព្រមទាំងអ្នកទោសដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដជាដើម។ លោកបន្តថា អាជ្ញាធរមិនគួររងចាំទាល់តែកើតមានបញ្ហាទើបរកដំណោះស្រាយនោះទេ ព្រោះទង្វើបែបនេះនាំឲ្យមានការរិះគន់ថា ជាការធ្វេសប្រហែស ព្រមទាំងមិនអនុវត្តតាមគោលការណ៍ច្បាប់ជាតិនិងអន្តរជាតិស្តីពីការគ្រប់គ្រងពន្ធនាគារ៖ «បច្ចុប្បន្ន យើងការពារល្អ យើងថា មិនឆ្លង ចុះបើឆ្លងដូច នៅពន្ធនាគារខេត្តព្រះសីហនុ តើវាទៅជាយ៉ាងណាទៀត ដូច្នេះគួរតែគិតរឿងនេះជាមុន កុំឲ្យមានហានិភ័យមកដល់ហើយបានយើងរកដំណោះស្រាយ គឺអាហ្នឹងវាអាចយឺតពេល ហើយជាសំណាងដែលនៅកំពង់សោមអត់មានអ្នកស្លាប់ ចុះបើវាមានអ្នកស្លាប់វិញ វាប៉ះពាល់។ យើងដឹងហើយថា ពន្ធនាគារគឺជាកន្លែងអប់រំកែប្រែ យោងតាមច្បាប់ពន្ធនាគារ និងជាកន្លែងមួយដែលត្រូវផ្តល់នូវការថែរក្សា សន្តិសុខ សុវត្ថិភាព សុខភាពនិងមនុស្សធម៌ផ្សេងៗស្របតាមច្បាប់អន្តរជាតិ»។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារបង្ហាញថា ចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារនៅកម្ពុជាមានចំនួនជិត ៤ ម៉ឺន (៣៩.០០០)នាក់។ នេះជាចំនួនដ៏ច្រើនលើសលប់ព្រោះអង្គការជាតិ និងអន្តរជាតិ ប៉ាន់ប្រមាណថា ពន្ធនាគារគួរតែអាចផ្ទុកមនុស្សបានត្រឹមចំនួនជាង ២ម៉ឺន ៦ពាន់ (២៦.៥៩៣) នាក់ប៉ុណ្ណោះ។
ចាប់តាំងពីដើមឆ្នាំ២០២០មក ក្រុមអង្គការជាតិ និងអន្តរជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាល ពិចារណាជាបន្ទាន់លើការដោះលែងអ្នកជាប់ឃុំដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីដ១៩ រួមមានអ្នកជាប់ឃុំបណ្ដោះអាសន្នទាក់ទងនឹងបទល្មើសស្រាលៗ និងអ្នកទោសនយោបាយ។ ជាមួយគ្នានេះ អាជ្ញាធរគួរតែពិចារណាលើជម្រើសផ្សេងទៀតទាក់ទងនឹងការឃុំខ្លួនអ្នកទោសដោយឈរលើមូលដ្ឋានលក្ខខណ្ឌសុខភាព អ្នកជាប់ឃុំវ័យចំណាស់ ស្ត្រីមានផ្ទៃពោះ និងស្ត្រីជាប់ឃុំដែលមានកូនតូចនៅជាមួយ និងអ្នកជាប់ឃុំអាយុក្រោម ១៨ ឆ្នាំ ជាដើម។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍វ៉ច្ឆ (Human Rights Watch) កាលពីថ្ងៃទី១១ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍សោកស្ដាយ ដែលសំឡេងអំពាវនាវរបស់អង្គការសង្គមស៊ីវិល ត្រូវបានរដ្ឋាភិបាល ធ្វើមិនដឹងមិនឮ រហូតទាល់តែផ្ទុះជំងឺកូវីដក្នុងពន្ធនាគារខេត្តព្រះសីហនុ ជាយថាហេតុ។ អង្គការអន្តរជាតិមួយនេះ រម្លឹកមេដឹកនាំកម្ពុជា ឲ្យព្រមទទួលស្គាល់ការពិតថា ពន្ធនាគារដែលចង្អៀតណែន គឺជាកត្តាដែលនាំទៅរកគ្រោះមហន្តរាយក្នុងការចម្លងជំងឺកូវីដ-១៩ ប្រសិនបើរដ្ឋាភិបាលមិនចាត់ការឲ្យបានត្រឹមត្រូវពីពេលឥឡូវនេះទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។